ភាពខុសគ្នារវាងមនុស្ស និងសត្វ ដោយផ្អែកលើចំណុចធំៗចំនួន៤ គឺ៖
១ -ការបរិភោគ (អាហារ) ការដេក ភាពភ័យខ្លាច និងការរួមសង្វាស (សេពមេថុន)។
បើគ្មានធម៌ទេ មនុស្សគឺមានលក្ខណៈអន់ជាងសត្វទៅទៀត ក្នុងទិដ្ឋភាពទាំងនេះ៖ ការបរិភោគ អាហារ៖ សត្វនៅពេលដែលវាស៊ីឆ្អែតហើយ វាឈប់ស៊ីទៀតហើយ ទោះបីជាមានចំណីនៅក្បែរវាក៏ដោយ។ ប៉ុន្តែមនុស្ស ទោះបីជាហូបឆ្អែតយ៉ាងណាក៏ដោយ ក៏នៅតែបន្តហូបទៀត ប្រសិនបើឃើញចំណីដែលមានរសជាតិឆ្ងាញ់ទាក់ទាញ។
២- ការដេក ៖ មនុស្សនៅពេលដេកលក់ គឺដេកលក់យ៉ាងជ្រៅរហូតដល់ស្រមុក ទោះបីជាមានចោរចូលមកលួចទ្រព្យសម្បត្តិក្នុងផ្ទះអស់ ក៏មិនដឹងខ្លួនដែរ។ ចំណែកសត្វវិញ វាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ គ្រាន់តែមានសំឡេងរំខានបន្តិច វានឹងភ្ញាក់ឡើងភ្លាមៗ។
៣ ភាពភ័យខ្លាច (ភ័យ)៖ សត្វមានការភ័យព្រួយបារម្ភចំពោះកូនរបស់វា ត្រឹមតែពេលដែលកូននៅតូចមិនទាន់អាចរស់នៅដោយខ្លួនឯងបានតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ មនុស្សមានការព្រួយបារម្ភច្រើនតាំងពីកូនរហូតដល់ចៅ ហើយតែងតែសន្សំទ្រព្យសម្បត្តិដោយក្តីភ័យខ្លាចសម្រាប់អនាគត។
ពេលមានគ្រោះទុរ្ភិក្ស មនុស្សសុខចិត្តស្លាប់ដោយសារអត់បាយ តែនៅតែរក្សាទុកលុយជាប់នឹងខ្លួនដោយសេចក្តីព្រួយបារម្ភ។
៤ រួមសង្វាស (សេពមេថុន) ៖ សត្វធ្វើការរួមសង្វាស តែក្នុងរដូវកាលកំណត់ ក្នុងគោលបំណងដើម្បីបន្តពូជប៉ុណ្ណោះ ដែលនេះជាការគោរពតាមច្បាប់ធម្មជាតិ។ ឯមនុស្សវិញ ភាគច្រើនធ្វើការរួមដំណេកដើម្បីតែបំពេញកាមតណ្ហា និងសេចក្តីសុខផ្លូវកាយ ដោយមិនកំណត់ពេលវេលាឡើយ។
សរុបសេចក្តីមក អ្វីដែលធ្វើឲ្យមនុស្សវិសេសវិសាល និងប្រសើរជាងសត្វ មិនមែននៅលើសភាវគតិទាំង៤នេះទេ ប៉ុន្តែគឺសមត្ថភាពបញា ការចេះបែងចែកកុសល និង អកុសល និងការយល់ដឹងនិង ធម៌ យ៉ាងជ្រាលជ្រៅ ។ មនុស្សអាចបដិបត្តិធម៌ ប្រើប្រាស់ធម៌ ដើម្បីសង្កេតមើលកិលេស កំចាត់នូវកិលេស ដែលជាគ្រឿងសៅហ្មង ចេញពីសន្តានចិត្ត និងកែប្រែជីវិតឲ្យរស់នៅស្របតាមច្បាប់ធម្មជាតិ ជាសច្ចៈធម៌ពិតប្រាកដ ដែលសត្វមិនអាចធ្វើបាន។




























No comments:
Post a Comment