យើងគប្បីតែងតែរលឹកដាស់តឿនខ្លួនឯងជានិច្ចថា យើងកំពុងរស់នៅក្នុងពិភពលោកដែលមិនទៀងទាត់ អនិច្ចំ។ - Monk Cambodia

យើងគប្បីតែងតែរលឹកដាស់តឿនខ្លួនឯងជានិច្ចថា យើងកំពុងរស់នៅក្នុងពិភពលោកដែលមិនទៀងទាត់ អនិច្ចំ។

Share This

 យើងគប្បីតែងតែរលឹកដាស់តឿនខ្លួនឯងជានិច្ចថា យើងកំពុងរស់នៅក្នុងពិភពលោកដែលមិនទៀងទាត់ អនិច្ចំ។

ចិត្តរបស់យើង  ជាធម្មជាតិដែលដឹង ចងចាំ និងគិត — កំពុងអាស្រ័យលើរបស់ដែលមិនទៀងទាត់ដូចគ្នា។ ចិត្តអាស្រ័យលើរបស់ដែលតែងតែប្រែប្រួល របស់ដែលជាប់ពាក់ព័ន្ធនឹងសេចក្តីទុក្ខ  របស់ដែលយើងគ្រាន់តែខ្ចីប្រើបណ្តោះអាសន្ន មិនមែនជារបស់យើងពិតប្រាកដឡើយ។ របស់ទាំងនោះមិនមែនជារបស់យើង ហើយក៏មិនមែនជាអនត្តាតួខ្លួន ​ដែរ។

ថ្ងៃណាមួយ របស់ទាំងនោះនឹងត្រឡប់មកយករបស់ដែលជារបស់វាទៅវិញ។ ប្រៀបបីដូចជាវាជាម្ចាស់កម្មសិទ្ធិផ្តាច់មុខ ដែលមានសិទ្ធិពេញលេញក្នុងការដកហូតយកទៅវិញនៅពេលណាក៏បានតាមដែលវាចង់។ ពេលថ្ងៃនោះមកដល់ យើងគ្មានជម្រើសអ្វីក្រៅពីប្រគល់គ្រប់យ៉ាងត្រឡប់ទៅវិញនោះឡើយ។

យើងគប្បីពិចារណាយ៉ាងដូច្នេះឯង។ តាមរយៈការពិចារណាបែបនេះជាញឹកញាប់ គឺជាការរៀបចំខ្លួនឯងទុកជាមុន សម្រាប់អ្វីដែលនឹងកើតឡើងក្នុងពេលអនាគត។ យើងកំពុងសន្សំស្បៀងសម្រាប់ខ្លួនយើង និងសាងសង់ផ្ទះថ្មីមួយ។ ការសាងសង់ផ្ទះថ្មី គឺការអភិវឌ្ឍកុសលធម៌ និងការសន្សំបុណ្យកុសល។

មានការបដិបត្តិ ៣ យ៉ាង ដែលយើងត្រូវអប់រំ គឺ៖ ការធ្វើទាន រក្សាសីល និងការអប់រំចិត្តតាមរយៈការចម្រើនភាវនា។ យើងគួរតែបដិបត្តិរឿងទាំងនេះឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន។

ការបដិបត្តិទាំង ៣ នេះ អាចធ្វើទៅបានទន្ទឹមគ្នានឹងការងារប្រចាំថ្ងៃរបស់យើង។ យើងមិនចាំបាច់ត្រូវតែរស់នៅក្នុងវត្ត ឬចេញសាងផ្នួស ទើបអាចបដិបត្តិធម៌បាននោះទេ។ យើងអាចធ្វើទានក្នុងពេលប្រកបរបរចិញ្ចឹមជីវិត រក្សាសីលក្នុងពេលបំពេញការងារ និងថែរក្សាអប់រំចិត្តសូម្បីតែក្នុងពេលរស់នៅប្រចាំថ្ងៃធម្មតា។

ដូច្នេះហើយ យើងមិនអាចយកលេសថា គ្មានពេលវេលា មកដោះសារសម្រាប់ការមិនបដិបត្តិធម៌បានឡើយ។ យើងនៅតែមានពេលសម្រាប់ បង្កើតអកុសល ទោសៈ លោភៈ តើហេតុអ្វីបានជាមិនអាចឆ្លៀតពេលដើម្បីធ្វើឱ្យចិត្តខ្លួនឯងចម្រើនកុសល ស្ងប់រម្ងាប់បាន?

ពេលចិត្តរៀបនឹងមានកំហឹង  ឬកើតសេចក្តី  លោភៈ  ហេតុអ្វីបានជាយើងមិនប្រាប់ខ្លួនឯងថា៖ "ខ្ញុំកំពុងរវល់នឹងការងារណាស់ ខ្ញុំគ្មានពេលសម្រាប់រឿងទាំងនេះទេ"? បើនិយាយបែបនេះ តើវាមិនសមហេតុផលទេឬអី? ប៉ុន្តែ នៅពេលនិយាយដល់ការស្វែងរកសេចក្តីស្ងប់ចាកអកុសល  និងភាពស្រាលស្រឡះសម្រាប់ចិត្តខ្លួនឯង យើងបែរជានិយាយថាខ្លួនគ្មានពេលទៅវិញ។ នេះពិតជារឿងដែលមិនសមហេតុផលទាល់តែសោះ។

ប្រសិនបើយើងនៅតែបន្តមានលេសបែននេះ​ លេសបែបនោះ  ថាខ្លួនរវល់ពេក កាលៈទេសៈលំបាក ឬខ្លួនឯងមិនទាន់ត្រៀមខ្លួនរួចរាល់  នោះចូរចងចាំថា ពេលរោគាព្យាធិមកដល់ យើងនឹងលែងមានឱកាស មានលេសទាំងនោះបានទៀតហើយ។

ពេលនៅមានសុខភាពល្អ យើងមិនគួរយកការងារធ្វើជាលេសដើម្បីធ្វេសប្រហែសក្នុងការបដិបត្តិឡើយ។ រឿងនេះក៏ដូចគ្នាដែរ នៅពេលដែលសេចក្តីស្លាប់ខិតជិតមកដល់។

ពេលសេចក្តីស្លាប់មកដល់ពិតប្រាកដ យើងប្រហែលជានឹងស្រែកថា៖ "ឱ ទេ! ខ្ញុំមិនទាន់រៀបចំការងាររកស៊ីរួចរាល់នៅឡើយទេ។ ខ្ញុំមិនទាន់ត្រៀមខ្លួនស្លាប់ទេ!" ប៉ុន្តែដល់ពេលនោះ វាហួសពេលបាត់ទៅហើយ។

យើងមិនអាចយកលេសថាខ្វះពេលវេលាមកដោះសារបានទេ ពីព្រោះនៅពេលដែលផលនៃកម្ម ហុចផលឱ្យ យើងមិនអាចបដិសេធ រត់គេច ឬតថ្លៃដើម្បីឱ្យរួចខ្លួនបានឡើយ។ សូម្បីតែការសូកប៉ាន់ លួចហុចលុយក្រោមតុឱ្យនរណាម្នាក់ ដើម្បីដោះខ្លួន ក៏មិនអាចធ្វើទៅរួចដែរ។

នេះហើយជាមូលហេតុដែលយើងត្រូវតែត្រៀមខ្លួនទុកជាមុន។ នេះឯងគឺជាអ្វីដែលព្រះសម្មាសម្ពុទ្ធទ្រង់បានប្រៀនប្រដៅ៖ ចូររស់នៅដោយមានសតិដឹង និង​ សម្បជញ្ញៈ  ដោយមិនប្រមាទ ទ្វេសប្រហែស និងរៀបចំខ្លួនឯងឱ្យបានរួចរាល់ មុនពេលអ្វីៗហួសពេល។

កុសលធម៌ណាក៏ដោយដែលយើងមានសមត្ថភាពអាចធ្វើបាន ចូរយើងធ្វើវាចុះ។ ពេលណាដែលមានឱកាសធ្វើអំពើល្អ ចូរកុំបណ្តោយឱ្យឱកាសនោះកន្លងផុតទៅឱ្យសោះ។

យើងគប្បីធ្វើទាន សន្សំបុណ្យកុសល និងរក្សាសីល។ ជាពិសេស យើងត្រូវខិតខំសមាទាន និងរក្សានូវ បញ្ចសីល (សីល ៥)។

ក្នុងនាមជាមនុស្ស ការរក្សាសីល៥ គឺស្ថិតក្នុងសមត្ថភាពរបស់យើង។ យើងគប្បីវៀរចាកការសម្លាប់សត្វ (បាណាតិបាត) ការលួចទ្រព្យគេ (អទិន្នាទាន) ការប្រព្រឹត្តខុសក្នុងកាម (កាមេសុមិច្ឆាចារ) ការនិយាយកុហកបោកប្រាស់អ្នកដទៃ (មុសាវាទ)។ យើងមិនគួរកេងប្រវ័ញ្ចយករបស់ដែលមិនមែនជារបស់យើងឡើយ។ តាមរយៈការធ្វើបែបនេះ យើងកំពុងបណ្តុះនូវភាពស្មោះត្រង់ សុចរិតភាព និងភាពបរិសុទ្ធនៅក្នុងអាកប្បកិរិយារបស់យើង។

យើងក៏គប្បីវៀរចាកការផឹកសុរា និងការប្រើប្រាស់សារធាតុញៀន (សុរាមេរយ) ឬរបស់ដែលបង្កគ្រោះថ្នាក់ ដែលធ្វើឱ្យចិត្តវង្វេងវង្វាន់ និងឈានទៅរកសេចក្តីប្រមាទ។

ទាំងនេះសុទ្ធតែជារឿងដែលយើងអាចបដិបត្តិបាន។ វាមិនលើសពីសមត្ថភាពរបស់យើងនោះទេ។ ពីព្រោះថា យើងមិនមែនកើតមកមាននូវអាកប្បកិរិយាជាអកុសលទាំងនោះជាប់ពីកំណើតឡើយ ហើយឪពុកម្តាយក៏មិនដែលបង្រៀនយើងឱ្យប្រព្រឹត្តបែបនោះដែរ។

ហេតុនេះ ចូរយើងទាញយកប្រយោជន៍ឱ្យបានច្រើនបំផុត ពីឱកាសដែលធម៌កំពុងមានវត្តមានក្នុងបច្ចុប្បន្ននេះ។ ពេលនៅមានសុខភាពល្អ ពេលនៅមានពេលវេលា និងនៅមានកម្លាំងអាចធ្វើបាន ចូរយើងសន្សំនូវកុសលធម៌ អប់រំចិត្ត និងត្រៀមខ្លួនសម្រាប់ភាពមិនប្រាកដប្រជានៃជីវិត។

កុំរង់ចាំរហូតដល់អស់ពេលវេលា ពេលដែលយើងលែងមានសមត្ថភាពអាចធ្វើរឿងទាំងនោះបានទៀត។

—  ព្រះភិក្ខុ/ Ajahn Golf) —

នមោ ពុទ្ធស្ស

នមោ ធម្មស្ស

នមោ សង្ឃស្ស

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter