🙏🌸សំនួរទាំង១០របស់ព្រះអភិធម្ម.!
[ព្រះសម្ពុទ្ធទ្រង់ប្រេាសពុទ្ធមាតានៅឋានត្រៃត្រឹង្ស]
០១-តើពាក្យថាអភិធម្មៗនោះអធិប្បាយបានដូចម្តេចខ្លះ?
០២-តើព្រះអភិធម្មនោះ អ្នកណា គឺសាមណ:ឬព្រាហ្មណ៍ មនុស្សឬទេវតា យក្ស ឬព្រហ្ម សំដែងតែងតាំងទុកមក?
០៣-ព្រះអង្គសំដែងអភិធម្មប្រារព្ធចំពោះព្រះពុទ្ធមាតា សិរីមហាមាយា តើសំដែងនៅវស្សាទីប៉ុន្មាន? នៅកន្លែងណាខ្លះដែរ?
០៤-តើព្រះអង្គ ទ្រង់សំដែងបរមត្ថព្រះអភិធម្មប្រារព្ធចំពោះ ព្រះសិរីមហាមាយាទេវបុត្រ នោះ តើនិម្មិតវត្ថុអ្វី? ទ្រង់រំពឹងពិចារណាយល់ឃើញដូចម្តេច?
០៥-តើ ព្រះសិរីមហាមាយាទេវបុត្រ ជាពុទ្ធ មាតាទ្រង់គង់នៅទីណា?
០៦-ហេតុអីបានជាព្រះពុទ្ធទៅប្រោសពុទ្ធមាតានៅឯឋានតាវត្តឹង្សពិភព មិនទៅប្រោសនៅឋានតុសិត?
០៧-តើព្រះអង្គទ្រង់ត្រាស់នូវសម្មតិសច្ចៈប៉ុន្មានយ៉ាង អ្វីខ្លះ?
០៨-តើព្រះអភិធម្មមានប៉ុន្មានព្រះធម្មក្ខន្ធ? មានប៉ុន្មានក្បាល?
០៩-ក្នុងគម្ពីរព្រះអភិធម្មនីមួយៗសំដែងពីអ្វីខ្លះ?
១០-តើក្នុងគម្ពីរនីមួយៗមានប៉ុន្មាន ព្រះធម្មក្ខន្ធ ចែកជាភាណាវរ: គណ្ធ: អក្ខរ: ប៉ុន្មាន ហើយសំដែងប៉ុន្មានថ្ងៃ មានអ្នកសំរេចធម៌ទេ ហើយប៉ុន្មាននាក់?
🙏🌸ចម្លើយទាំង១០របស់ព្រះអភិធម្ម
០១-តើពាក្យថាអភិធម្មៗនោះអធិប្បាយបានដូចម្តេចខ្លះ?
១- អភិធម្ម ជាបរមត្ថធម៌ មានអត្ថសេចក្តីដ៏ប្រសើរខ្ពង់ខ្ពស់មិនវិបរិត ។ ( អភិ=ប្រសើរ ; ធម្ម=ធម៌ )
១-ធម៌ដែលមានសេចក្តីចម្រើន
២-ធម៌ដែលគួរកំណត់ដឹង
៣-ធម៌ដែលគួរបូជា
៤-ធម៌ដែលគួរញែកទុក
៥-ធម៌ដែលល្អិតក្រៃលែង
……………………………….……………………….
០២-តើព្រះអភិធម្មនោះ អ្នកណា គឺសាមណ:ឬព្រាហ្មណ៍ + មនុស្សឬទេវតា យក្ស ឬព្រហ្ម សំដែងតែងតាំងទុកមក?
ព្រះអភិធម្មនោះគឺមនុស្សដែលបានត្រាស់នូវ ញេយ្យធម៌ ទាំងពួងដោយប្រពៃ គឺមហាបុរស ជាបុគ្គល ឯកក្នុងលោក ព្រះពុទ្ធព្រះសាមណ:គោតម បានសម្តែងទុកមក
……………………………….……………………….
០៣-ព្រះអង្គសំដែងអភិធម្មប្រារព្ធចំពោះព្រះពុទ្ធមាតា សិរីមហាមាយា តើសំដែងនៅវស្សាទីប៉ុន្មាន? នៅកន្លែងណាខ្លះដែរ?
ព្រះសព្វញ្ញូសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់កន្លងទៅ៦វស្សាហើយ ដល់វស្សាជាគំរប់៧ ព្រះអង្គសំដែង យមកបាដិហារ្យផ្ទាញ់ពួកតិរ្ថិយទាំងឡាយមានពួកនិគ្រន្ថ ជាដើម អោយបាក់ខ្លបខ្លាចអំណាចបុណ្យព្រះបារមីព្រះអង្គហើយ ទ្រង់យាងទៅគង់ចេញវស្សានៅនាបណ្ឌុកម្ពលសិលាសន: ក្រោមដើមបារិច្ឆត្តកព្រឹក្សក្នុងឋានតាវត្តឹសពិភពដែលជាទី ប្រជុំនៃទេវតាទាំងមួយមុឺនលោកធាតុចូលមកប្រជុំក្នុងទីនោះ ទើបព្រះអង្គទ្រង់សំដែងបរមត្ថព្រះអភិធម្មប្រារព្ធចំពោះព្រះសិរីមហាមាយាទេវបុត្រជាពុទ្ធមាតាព្រះអង្គ ក្នុងទីប្រជុំនៃទេវតាទាំងមួយមុឺនលោកធាតុនោះឯង ។
-ឧត្តរកុរុទ្វីប សម្តែង ដល់ព្រះសារីបុត្រ
……………………………….……………………….
០៤-តើព្រះអង្គ ទ្រង់សំដែងបរមត្ថព្រះអភិធម្មប្រារព្ធចំពោះ ព្រះសិរីមហាមាយាទេវបុត្រ នោះ តើនិម្មិតវត្ថុអ្វី? ទ្រង់រំពឹងពិចារណាយល់ឃើញដូចម្តេច?
៤-ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងបរមត្ថព្រះអភិធម្មប្រារព្ធចំពោះ ព្រះសិរីមហាមាយាទេវបុត្រ ជាពុទ្ធមាតា នោះ និម្មិត មាតុគុណវត្ថុ គឺ ព្រះអង្គទ្រង់សម្តែង តបស្នងគុណទឹកក្សីរសម្តេចព្រះមេរបស់ព្រះអង្គ ដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលតែងទទួលសោយរសទឹកក្សីរនៃព្រះមាតារបស់ព្រះអង្គមកច្រើនជាតិណាស់ហើយ ព្រោះព្រះអង្គបានត្រាស់កន្លងទៅ ៦វស្សាហើយទ្រង់រំពឹងពិចារណាឈ្វេងយល់ឃើញថា ព្រះសម្មាសម្ពុទ្ធ ទាំងឡាយគ្រប់អង្គក្នុងវស្សាជាគំរប់៧ តែងយាងទៅគង់ចាំវស្សានៅនាផែនថ្មបណ្ឌុកម្ពលសិលាសន:ក្រោមដើមបារិច្ឆត្តកព្រឹក្សក្នុងឋានតាវត្តឹសទេវលោក ។
……………………………….……………………….
០៥-តើ ព្រះសិរីមហាមាយាទេវបុត្រ ជាពុទ្ធ មាតាទ្រង់គង់នៅទីណា?
ព្រះសិរីមហាមាយាទេវបុត្រ គង់នៅឋាន តុសិត ដែលជាឋានមនោរម្យជាទីតម្រេកអរនៃលោកអ្នកមានបុណ្យវាសនាធំ ៗ មានសព្វញ្ញុពោធិសត្វជាដើម តែងទៅកើតសោយសុខជាទិព្វក្នុងឋានតុសិត នោះឯង ។
……………………………….……………………….
០៦-ហេតុអីបានជាព្រះពុទ្ធទៅប្រោសពុទ្ធមាតានៅឯឋានតាវត្តឹង្សពិភព មិនទៅប្រោសនៅឋានតុសិត ?
៦-ព្រោះមានហេតុ៤យ៉ាង
១-ព្រះអង្គទ្រង់ពិចារណា គុណព្រះមាតាព្រះអង្គនិងគុណព្រះត្រៃបិដក គឺយកគុណយកព្រះវិន័យ បិដក២១០០០ព្រះធម្មក្ខន្ធ ថ្លឹងប្រៀបផ្ទឹមនិងគុណព្រះមាតាព្រះអង្គ ឃើញថាពុំស្មើនិងគុណព្រះមាតាព្រះអង្គឡើយ ទើបព្រះអង្គ យកគុណព្រះសុត្តន្តបិដក២១០០០ ព្រះធម្មក្ខន្ធ មក ថ្លឹងប្រៀបផ្ទឹមនិងគុណព្រះមាតាព្រះអង្គ ក៏ ឃើញថាពុំស្មើនិងគុណព្រះមាតាព្រះអង្គទៀត ហើយព្រះអង្គ ទ្រង់ យកគុណព្រះ អភិធម្ម ៤២០០០ ព្រះធម្មក្ខន្ធ មក ថ្លឹងប្រៀបផ្ទឹមនិងគុណព្រះមាតាព្រះអង្គ ឃើញថាមានគុណធំទូលាយស្នើៗគ្នាទើបព្រះអង្គយាងទៅគង់នៅលើផែនថ្មបណ្ឌុកម្ពលសិលាសន:ក្រោមដើមបារិច្ឆត្តកព្រឹក្សនាឋានតាវត្តឹង្សទេវនគរ នៅពាក់កណ្តាល ឲ្យព្រះពុទ្ធមាតាយាងចុះមកកាន់ពាក់កណ្តាល សម្តែងសេចក្តីឲ្យច្បាស់លាស់ថាគុណវិសេសព្រះអភិធម្មបិដក និងគុណព្រះមាតារបស់ព្រះអង្គស្មើៗគ្នាដោយពិត ។
២-មកពីឋានតាវត្តឹង្សមានទេព្តាមួយម៉ឺនលោកធាតុត្រូវមកប្រជុំគ្នាស្តាប់ព្រះអភិធម្ម កន្លែងទូលាយ ព្រមទាំងគ្មានទីដ៏សមរម្យដល់ពុទ្ធាសន: ល្មម ព្រះសម្មាសម្ពុទ្ធ គង់ចាំវស្សានិងសម្តែងបរមត្ថព្រះអភិធម្មនោះបានឡើយ ។
៣-ក្នុងឋានតាវត្តឹង្សមានដើមឈើមួយឈ្មោះថា បារិច្ឆត្តព្រឹក្ស មានសណ្ឋានដូចឆត្ររួត ៥រូបទៀត ដែល សំណុំដើមមូលជុំវិញ១៥គិតថា វាបែកមែកចេញពីទៅជាប្រាំ លូតទៅកាន់ទិសប្រាំ គឺទិស ខាងលើ ទិសខាងកើត ខាងលិច ខាងត្បូងនិងខាងជើង ៥០យោជន៍ដូចគ្នា កំពស់គល់ទៅដល់ចុងខាងលើ១០០យោន៍ បែកចេញទៅកាន់ទិសបួនម្ខាងៗ ៥០យោជន៍ ត្រូវជា១០០យោជន៍ បើរាប់បរិមណ្ឌលសាខាមូលដោយជុំវិញប្រមាណ៣០០យោជន៍គត់ រំយោផ្កាសំយុងចុះមកដ៏រុងរឿងបញ្ចេញពណ៌ពន្លឺរស្មផ្សាយទៅកាន់បទិសទាំងបួន ៥០០យោជន៍ ដោយជុំវិញ ផ្កាមានក្លិនក្រអូបផ្សាយទៅបណ្តោយខ្យល់ ១០០យោជន៍ ឯខាងក្រោមដើមមានសិលាសន: ផែនថ្មដ៏ទន់ដូចសំពត់កម្ពល មានពណ៌ ក្រហម លឿង ដូចផ្កាជយព្រឹក្ស បណ្តោយ ៦០យោជន៍ ទទឹង៥០យោជន៍ យោជន៍កម្រាស់១៥យោជន៍ មានការទ្រុឌចុះនឹងប៉ោងឡើងជាប្រក្រត្រី ក្នុងពេលដែលអង្គុយចុះនឹងក្រោកឡើងជាធម្មតា សមគួរដល់ពុទ្ធាសន: ។
៤-ព្រះអង្គទ្រង់ពិចារណាជ្រាបច្បាស់ថា បើតថាគតទៅគង់ចាំវស្សាឯឋានតុសិត នឹងកាត់សេចក្តីសង្ស័យនៃទេវតាទាំងមួយម៉ឺនលោកធាតុពុំបាន ព្រះពុទ្ធមាតាតថាគតស្តាប់ព្រះអភិធម្មថាទៀតក៏មានផល្លានិសង្សតិចពុំពេញបរិបូរណ៌ឡើយ បើតថាគតទៅគង់លើផែនថ្មបណ្ឌុកម្ពលសិលាសន:ក្នុងឋានតាវត្តឹង្សពិភព ទេវតាទាំងមួយម៉ឺនលោកធាតុនឹងចូលមកប្រជុំស្តាប់ព្រះធម្មទេសនាក្នុងទីនោះ នឹងកើតមានសេចក្តីសង្ស័យក្នុងចិត្តផ្សេងៗគ្នា ទេវតាពួកខ្លះទៀតចូលចិត្តថាព្រះតថាគត ដែលព្រះអង្គទ្រង់យាងមកនេះ ដើម្បីនឹងសម្តែងព្រះធម៌ទេសនាប្រារព្ធចំពោះយើងទាំងឡាយដោយពិត ទេវតាពួកខ្លះទៀតចូលចិត្តថា ព្រះតថាគត ដែលព្រះអង្គទ្រង់យាងមកនេះ ព្រះអង្គពុំបានប្រារព្ធចំពោះយើងទាំងឡាយដោយពិត ទេវតាពួកខ្លះទៀត ចូលចិត្តថាព្រះតថាគតដែលព្រះអង្គទ្រង់យាងមកនេះ ព្រះអង្គពុំបានប្រារព្ធចំពោះយើងទាំងឡាយទេ មុខជាព្រះអង្គទ្រង់បារព្ធចំពោះបុគ្គលណាមួយដទៃដោយពិត ទេវតាទាំងឡាយគិតខុសៗគ្នាដូច្នេះហើយ ក៏កើតសេចក្តីសង្ស័យគ្រប់ៗគ្នាពុំដាច់ស្រេច កាលបើទេវតាទាំងមួយម៉ឺនលោកធាតុមាន សេចក្តីសង្ស័យ ដូច្នេះហើយ តថាគត ក៏នឹងប្រារព្ធសួររកព្រះពុទ្ធមាតារបស់តថាគតចំពោះសម្តេចសក្កទេវរាជ ថា បពិត្រមហារា ព្រះមាតាតថាគតនៅឋានណា? សម្តេចសក្កទេវរាជនឹងក្រាបទូលតថាគតថា ព្រះពុទ្ធមាតារបស់ព្រះអង្គ គង់នៅឋានតុសិត តថាគត នឹងបង្គាប់ សម្តេចទេវរាជថា បើដូច្នោះចូរ សម្តេចទេវរាជទៅអញ្ជើញ ព្រះពុទ្ធមាតាតថាគត ឲ្យយាងចុះមកកាន់ឋានតាវត្តឹង្ស ពិភពនេះដោយពិត កាលបើទេវតាទាំងមួយម៉ឺនលោកធាតុ បានស្តាប់ពាក្យ តថាគត ពោល ដូច្នោះហើយ ក៏អាចកាត់ សេចក្តីសង្ស័យ របស់ខ្លួន ៗដាច់ស្រេចមួយរំពេចឥតមានសង្ស័យឡើយ ចូលចិត្តជាក់ច្បាស់ថា ឱហ្ន៎! ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ប្រារព្ធចំពោះព្រះមាតាទេតើ! ឯ ព្រះពុទ្ធមាតារបស់តថាគត ដែលមានប្រាថ្នានឹងស្តាប់ព្រះអភិធម្មទេសនា ហើយយាងចុះមកដោយផ្លូវឆ្ងាយមានសេចក្តីនឿយព្រួយលំបាកនោះសោត នឹងបានសោយនូវផល្លានិសង្សដ៏ច្រើនក្រៃលែង រាប់តាមជំហាន ក្នុងមួយជំហានបានបុណ្យមួយអនន្តៗ រាល់ៗជំហានដោយពិត ។
ព្រះសម្មាសម្ពុទ្ធ ជាម្ចាស់នៃយើងទាំងឡាយព្រះអង្គពិចារណាជ្រាបហេតុ ៤ ប្រការនេះហើយ បានជាព្រះអង្គទ្រង់យាងទៅគង់ចាំវស្សាក្នុងឋានតាវត្តឹង្សពិភពនោះឯង ។
……………………………….……………………….
០៧-តើព្រះអង្គទ្រង់ត្រាស់នូវសម្មតិសច្ច:ប៉ុន្មានយ៉ាង អ្វីខ្លះ?
+ហេតុដែលព្រះអង្គទ្រង់ត្រាស់នូវសម្មតិសច្ច :
១-ដើម្បីទ្រង់សំដែង ហិរិ និង ឱត្តប្បៈ
២-ដើម្បីទ្រង់សំដែង កម្មស្សកតា
៣-ដើម្បីទ្រង់សំដែង ដល់អ្នកប្រព្រឹត្តចំពោះខ្លួន
៤-ដើម្បីទ្រង់សំដែង ដល់អន្តរិយកម្ម
៥-ដើម្បីទ្រង់សំដែង ដល់ព្រហ្មវិហារធម៌
៦-ដើម្បីទ្រង់សំដែង បុព្វេនិវាសញ្ញាណ
៧-ដើម្បីទ្រង់សំដែង ដល់លក្ខិណាវិសុទ្ធ
៨-ដើម្បីទ្រង់មិនលះ បញ្ញាត្តិនៃលោក
……………………………….……………………….
០៨-តើព្រះអភិធម្មមានប៉ុន្មានព្រះធម្មក្ខន្ធ? មានប៉ុន្មានក្បាល?
ព្រះអភិធម្មមាន ៤២០០០ ព្រះធម្មក្ខន្ធ
ព្រះអភិធម្មចែកជាមាន ៧ គម្ពីរ៖
១-គម្ពីរធម្មសង្គណី
២-គម្ពីរវិភង្គ
៣-គម្ពីរធាតុកថា
៤-គម្ពីរបុគ្គលប្បញ្ញត្តិ
៥-គម្ពីរកថាវត្ថុ
៦-គម្ពីរយមក:
៧-គម្ពីរមហាបដ្ឋាន
++ព្រះអភិធម្ម មាន ៣៣ ក្បាល ចាប់ពី ក្បាលទី៧៨ដល់ក្បាលទី១១០
……………………………….……………………….
០៩-ក្នុងគម្ពីរព្រះអភិធម្មនីមួយៗសំដែងពីអ្វីខ្លះ?
ព្រះអភិធម្មមាន ៤២០០០ ព្រះធម្មក្ខន្ធ
ព្រះអភិធម្មចែកជាមាន ៧ គម្ពីរ៖
១-គម្ពីរសង្គណី (បិដក៧៨-៧៩) អត្ថាធិប្បាយពីបរមត្ថធម៌
២-គម្ពីរវិភង្គ (៨០-៨២ )ចែកបំណែកនៃបរមត្ថ
៣-គម្ពីរ ធាតុកថា ( ៨៣) ធាតុរបស់បរមត្ថ
៤-គម្ពីរបុគ្គលប្បញ្ញត្តិ (៨៤-៨៦) បុគ្គលបញ្ញត្តិ
៥-គម្ពីរកថាវត្ថុ (៨៧-៩៣) សំនួរក្នុងបរមត្ថ
៦-គម្ពីរយមកៈ (៩៤-១១០) សម្តែងលំអិតបរមត្ថ
៧-គម្ពីរមហាបដ្ឋាន សំដែងពីហេតុបច្ច័យ
……………………………….……………………….
១០-តើក្នុងគម្ពីរនីមួយៗមានប៉ុន្មាន ព្រះធម្មក្ខន្ធ ចែកជាភាណាវរ: គណ្ធ: អក្ខរ: ប៉ុន្មាន ហើយសំដែងប៉ុន្មានថ្ងៃ មានអ្នកសំរេចធម៌ទេ ហើយប៉ុន្មាននាក់?
នៅក្នុងគម្ពីរ ៖
១-ធម្មសង្គណី ព្រះអង្គទ្រង់សម្តែង ១៣០០ ព្រះធម្មក្ខន្ធ ;២២ ភាណវារ : ; ៥៥០០ គណ្ធ: ;១ សែន ៧ មុឺន ៦ ពាន់ អក្ខរ : សំដែង ១២ ថ្ងៃទើបចប់ ទេវតាបានសំរេច ៧ កោដិ ។
២-គម្ពីរវិភង្គ ព្រះអង្គទ្រង់សម្តែង ៦៥០០ ព្រះធម្មក្ខន្ធ ; ៣៤ ភាណវារ: ; ៨៤០០ គណ្ធ : ; ២ សែន ៧ មុឺន ២ ពាន់ អក្ខរ: ទ្រង់សម្តែង ១២ ថ្ងៃ ទើបចប់ ; ទេវតាបានសំរេច ៧ កោដិ ។
៣-គម្ពីរធាតុកថា ព្រះអង្គទ្រង់សម្តែង ៧០០០ ព្រះធម្មក្ខន្ធ ; ១១ ភាណវារ : ; ២៧៥០ គណ្ធ: ; ៨ មុឺន ៤ពាន់ អក្ខរ: ; ទ្រង់សម្តែង ៦ ថ្ងៃទើបចប់ ; ទេវតាបានសំរេច ៦ កោដិ ។
៤-គម្ពីរ បុគ្គលប្បញ្ញត្តិ ព្រះអង្គទ្រង់សម្តែង ៥៦០០ ព្រះធម្មក្ខន្ធ ; ៨ មុឺន ៨ ពាន់ អក្ខរ: ; ទ្រង់សម្តែង ៧ថ្ងៃ ទើប ; ទេវតាបានសំរេច ៦ កោដិ ។
៥-គម្ពីរកថាវត្ថុ ព្រះអង្គទ្រង់សម្តែង ៧១០០ ព្រះធម្មក្ខន្ធ ៣៤ ភាណវារ : ; ២ សែន ៧ មុឺន ២ពាន់អក្ខរ: ; ទ្រង់សម្តែង ១២ ថ្ងៃទើបចប់ ; ទេវតាបានសំរេច ៧ កោដិ ។
៦-គម្ពីរយមក: ព្រះអង្គទ្រង់សម្តែង ៥១០០ព្រះធម្មក្ខន្ធ ; ១២០ ភាណវារ : ; ៣០០០០ គណ្ធ : ; ៩ សែន ៦ មុឺន អក្ខរ : ; ទ្រង់សម្តែង ១៨ ថ្ងៃទើបចប់ ; ទេវតាបានសំរេច ៧ កោដិ ។
៧-គម្ពីរមហាបដ្ឋាន ព្រះអង្គទ្រង់សម្តែង ៩៤០០ព្រះធម្មក្ខន្ធ ; ១៨២ ភាណវារ :; ៤៥៥០០ គណ្ធ : ; ១ លាន ៩ សែន ៦ ពាន់ អក្ខរ: ; ទ្រង់សម្តែង ២៣ ថ្ងៃ ទើបចប់ ; ទេវតាបានសំរេច ៤០ កោដិ ។
ដេាយឧបាសក_Pirun Sok
……………………………….……………………….
🍃ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ




























No comments:
Post a Comment