#សង្គាយនាលើកទី៦☸️(#សម្តេចព្រះសង្ឃរាជជួនណាត)
នៅឆ្នាំ ១៩៥៤ ប្រទេសភូមា ដែលមាននាយករដ្ឋមន្ត្រី អ៊ូ នូ (U Nu) ជាប្រមុខ បានដឹកនាំសង្គាយនាលើកទី ៦ នៅវិហារ កឹបា អេ (Kaba Aye Pagoda) នៅក្រុងយ៉ង់គោន (Yangon) ឬរ៉ង់ហ្គោន (Rangoon) នៃប្រទេសភូមា ឬសព្វថ្ងៃហៅថាមីយ៉ាន់ម៉ារ (Myanmar) ។ រដ្ឋាភិបាលភូមាបានសង់អាគារមួយកន្លែងសម្រាប់សង្គាយនានេះ ដោយដាក់ឈ្មោះថា បាសានគុហា (Pasana Guha) ដែលអាចផ្ទុកមនុស្ស ៨០០០ នាក់ ។ គុហារនេះមានសណ្ឋានស្រដៀងនឹងគុហា សត្តបណ្ណិ (The Sattapanni Cave) នៅឯភ្នំ រាជគ្រឹហៈ (Rājagaha, Rajagriha, Rajgir) នៅស្រុក ណាឡីនដា (Nālandā) នៃរដ្ឋ ប៊ីហារ ប្រទេសឥណ្ឌា ដែលជាកន្លែងសង្គាយនាលើកទី ១ ។
សង្គាយនាបានចាប់ផ្តើមនៅថ្ងៃទី ១៧ ឧសភា គ.ស. ១៩៥៤ ដែលមានភិក្ខុសង្ឃនិកាយថេរវាទចំនួន ២៥០០ អង្គ និង គ្រហស្ថច្រើនរូបបានមកចូលរួម ។ គួរកត់សំគាល់ថា មានតំណាងប្រទេសចំនួន ៨ គឺ ភូមា, ថៃ, កម្ពុជា, លាវ, ឥណ្ឌា, ស្រីលង្កា, នេប៉ាល់ និង ប៉ាគីស្ថាន (បង់ក្លាដែស)បានមកចូលរួមនៅក្នុងសង្គាយនានៅគ្រានេះ ។ ប្រទេសអាឡឺម៉ង់ មានភិក្ខុ ២ អង្គ បានចូលរួមដែរ ដែលរាប់ថាជាភិក្ខុសង្ឃនៃបស្ចឹមប្រទេស ពោលគឺ ព្រះមហាថេរៈ ញាណតិលោកៈ (Nyānatiloka Mahāthera) នាមដើម អាន់តុន ហ្គឺត (Anton Gueth) និង ព្រះថេរៈ ញាណបុនិកៈ (Nyanaponika Thera) នាមដើម ស៉ិគមុន ហ្វេនីហ្គ័រ (Siegmund Feniger) ។ ព្រះថេរៈទាំង ២ ព្រះអង្គនេះ
ត្រូវបានគេនិមន្តមកពីប្រទេសស្រីលង្កា ។ ព្រះថេរៈមហាស៊ី សំយ៉ាដោ (Mahasi Sayadaw) ត្រូវបានតែងតាំងជាអ្នកសួរសំណួរអំពីព្រះធម៌ និង ជាអ្នកត្រួតពិនិត្យចុងក្រោយបំផុត នៃកំណែប្រែគម្ពីរព្រះត្រៃបិដក ។ ព្រះថេរភទន្តវិចិត្តសារាភិវង្ស (Bhadanta Vicittasarabhivamsa) ដែលជា បិដកធរធម្មភន្ទាគារិក (Tipitakadhara Dhammabhadagarika) បានឆ្លើយនឹងសំណួរទាំងអស់យ៉ាងត្រឹមត្រូវ និង ពេញចិត្តបំផុត ។ ក្នុងពេលសង្គាយនានោះ អ្នកចូលរួមគ្រប់ប្រទេស លើកលែងប្រទេសឥណ្ឌា បានប្រែ គម្ពីរព្រះត្រៃបិដកភាសាបាលីទៅជាអក្សរជាតិរៀងខ្លួន ។
ការសូត្រផ្ទៀងផ្ទាត់គម្ពីរព្រះត្រៃបិដក តាមប្រពៃណីបុរាណនេះ បានប្រើថិរវេលាអស់ ២ ឆ្នាំ ។ ក្នុងរយៈពេលនេះ ព្រះត្រៃបិដក និង ឯកសារជាប់ទាក់ទងទាំងអស់ ត្រូវបានយកមកពិនិត្យពិច័យយ៉ាងល្អិតល្អន់ ។ ភាពខុសគ្នាក៏ត្រូវបានកត់សំគាល់ និង កែតម្រូវ រួចអត្ថបទកំណែទាំងអស់ត្រូវបាន
យកមកប្រៀបផ្ទឹមគ្នា ។ លទ្ធផលបានបង្ហាញថា អត្ថបទទាំងនោះមិនខុសគ្នាច្រើនណាស់ណាទេ ។ បន្ទាប់ពីគណៈសង្គាយនាបានយល់ព្រមជាផ្លូវការ គម្ពីរព្រះត្រៃបិដក និង អដ្ឋកថា (សេចក្តីពន្យល់ធម៌) ទាំងអស់ត្រូវបានរៀបចំ បោះពុម្ពដោយប្រើអក្សរភូមាសម័យទំនើប ។ កិច្ចការបាន
ចប់សព្វគ្រប់នៅ ខែឧសភា ឆ្នាំ ១៩៥៦ ពោលគឺ ២៥០០ ឆ្នាំ ក្រោយព្រះពុទ្ធបរិនិព្វាន ។ កំណែថ្មីនៃព្រះត្រៃបិដក ត្រូវបានទទួលស្គាល់ថាត្រឹមត្រូវតាមសភាពដើម ។
កំណត់សម្គាល់ ៖ ព្រឹទ្ធាចារ្យ សោម ងន អាយុ ៨៤ ឆ្នាំ រស់នៅ ទីក្រុង អូស្ហីនសាយដ៍ (Oceanside) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក ក៏ជាតំណាងម្នាក់ដែលបានចូលរួមសង្គាយនាលើកទី ៦ នោះដែរ ។ លោកបានផ្តល់ព័ត៌មានថាប្រទេសកម្ពុជាបានដឹកនាំគណៈប្រតិភូទៅចូលរួមសង្គាយនានៅប្រទេសភូមា ចំនួន ២ លើក ។ លើកទី ១ មាន ភិក្ខុ អ៊ុង មាន, ភិក្ខុ អាង សារ៉េន, ភិក្ខុ កែន ក្រុច និង ភិក្ខុ ឡៅ ឈុំ ។ លើកទី ២ មាន សម្តេចសង្ឃរាជ ជួន ណាត, សម្តេចពោធិវ័ង្ស ហួត តាត, ភិក្ខុ សោម ឈុន, ភិក្ខុ សោម ងន, ភិក្ខុ ប៉ា ផល់, ភិក្ខុ ស៊ុយ ហ៊ី និង ភិក្ខុច្រើនអង្គទៀត ដែលគាត់មិនចាំប្រាកដ ។ ព្រឹទ្ធាចារ្យ សោម ងន បន្តថា រដ្ឋាភិបាលភូមា បានជ្រើសតាំង លោក អ៊ូ បាឃិន (U Ba Khin) ធ្វើជាហេរញ្ញិក ។ គួរកត់សំគាល់ថា លោក អ៊ូ បាឃិន គឺជាអគ្គលេខាធិការនៃធនាគារជាតិរបស់ រដ្ឋាភិបាលភូមា និង ជាវិបស្សនាចារ្យ ។ លោក អ៊ូ បា ឃិន (Sayagyi U Ba Khin) គឺជាគ្រូបង្រៀនវិបស្សនាដ៏ល្បីល្បាញជាងគេ នៅសម័យនោះ និង មកដល់បច្ចុប្បន្ន ។ លោក អ៊ូ បាឃិន មានសិស្សជំនិតម្នាក់ឈ្មោះ សត្យណារាយ័ន ហ្គោឥនកា (Goenka) ដែលបានបដិបត្តិវិបស្សនាអស់រយៈ ១៤ ឆ្នាំ បន្តវេនជំនួសលោក
អ៊ូ បាឃិន ។ មុនពេលចែកស្ថាន លោក អ៊ូ បាឃិន បានផ្ដាំលោក ហ្គោឥនកា ឲ្យនាំយកព្រះធម៌បរិសុទ្ធ (វិបស្សនា) ទៅ ផ្សព្វផ្សាយពេញពិភពលោក ជាពិសេសនៅប្រទេសឥណ្ឌា ។
លោកគ្រូ ហ្គោឥនកា កើតក្នុងគ្រួសារជនជាតិឥណ្ឌា ដែលប្រតិបត្តិ តាមសាសនាហិណ្ឌូអភិរក្សនិយមដ៏តឹងតែងបំផុត ។ លោកធ្លាប់បានអានគម្ពីរសាសនាហិណ្ឌូ សាសនាជេន និង សាសនាដទៃទៀតដែលមានប្រភពចេញពីឥណ្ឌា ។ លោកបានទាញការសន្និដ្ឋានមួយថា សាសនាទាំងនោះ មានទស្សនៈរួមមួយគឺ “ចូរកុំធ្វើបាប, ចូរខំធ្វើបុណ្យ និង ចូរខំជម្រះចិត្តឲ្យ ស្អាតផូរផង់” ។ ប៉ុន្តែព្រះពុទ្ធទ្រង់មានបច្ចេកទេសមួយប្រសើរជាងគេ ពោលគឺ វិបស្សនា ដែលជួយឲ្យអ្នកប្រតិបត្តិទាំងឡាយអាចជីករំលើងឫសគល់កិលេស ។ បច្ចេកទេសវិបស្សនារបស់ព្រះពុទ្ធ ត្រូវបានប្រទេសភូមាថែរក្សាទុកយ៉ាងត្រឹមត្រូវ និង ត្រូវបានបង្ហាត់បង្រៀនដោយលោកគ្រូ អ៊ូ បាឃិន ។
លោក ហ្គោឥនកា បានទទួលយកលោក អ៊ូ បា ឃិន ជាឪពុកធម៌ ព្រោះលោក អ៊ូ បា ឃិន បាននាំរូបគាត់ឲ្យជួបព្រះធម៌ពិត ។ លោក ហ្គោឥនកា បានបដិបត្តិតាម និង
ទទួលបានលទ្ធផលជាវិជ្ជមាន ធ្វើឲ្យជីវិត របស់គាត់ភ្លឺថ្លា ។ ប្រសិនបើគាត់មិនបានជួបលោក អ៊ូ បា ឃិន ទេ ពេល នោះគាត់ច្បាស់ជានៅតែបន្តបូជាអាទិទេពច្រើនសន្ធឹក របស់សាសនាហិណ្ឌូ, បន្តប្រតិបត្តិតាមពិធីផ្សេងៗខាងសាសនា, បន្តបួងសួង និង មុជទឹកទន្លេគង្គា ដើម្បីលាងបាប ដែលជាអំពើអសារឥតការ ។
---------------
ស្រង់ចេញពីសៀវភៅធម៌ពោធិបក្ខិយធម៌
(បញ្ញានៃការត្រាស់ដឹង) រៀបរៀងដោយលោក
ឈុត គឹមអៀត ស្រង់អត្ថបទនេះចែករំលែកដោយ
ខ្ញុំបាទ ចាន់ តួ ។
រូបភាពប្រភពពីផេច វត្តសុមង្គល ក្រុងសេរីសោភ័ណ
ខេត្ត បន្ទាយមានជ័យ ។



































No comments:
Post a Comment