] សូត្រទី ៩ (ព្រះអានន្ទទៅកាន់សំណាក់ភិក្ខុនីអាពាធ) - Monk Cambodia

] សូត្រទី ៩ (ព្រះអានន្ទទៅកាន់សំណាក់ភិក្ខុនីអាពាធ)

Share This

 #សិក្សបិដក_៤៣

[៩] សូត្រទី ៩ (ព្រះអានន្ទទៅកាន់សំណាក់ភិក្ខុនីអាពាធ)

ព្រះត្រៃបិដកខ្មែរ (ភាគទី ៤៣, ទំព័រទី ០៧-១៣)

សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី​​​​​។ គ្រានោះ ភិក្ខុនី ១ រូបបានហៅបុរសម្នាក់មកបង្គាប់ថា នែបុរសអើយ ចូរអ្នកមកទីនេះ ចូរអ្នកចូលរកព្រះអានន្ទជាម្ចាស់ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះបាទាព្រះអានន្ទជាម្ចាស់ដោយត្បូងតាមពាក្យរបស់យើងថា បពិត្រព្រះករុណាដ៏ចម្រើន ភិក្ខុនីឈ្មោះនេះ មានអាពាធ ទទួលទុក្ខវេទនា ឈឺធ្ងន់ នាងក្រាបថ្វាយបង្គុំព្រះបាទាព្រះអានន្ទជាម្ចាស់ដោយត្បូងដូច្នេះ ហើយចូលទូលយ៉ាងនេះថា សូមព្រះអានន្ទជាម្ចាស់ ករុណាចូលទៅសួរភិក្ខុនីនោះ ក្នុងសំណាក់ភិក្ខុនី ដោយអាស្រ័យសេចក្ដីអនុគ្រោះផងចុះ​​​​​។ បុរសនោះ ក៏ទទួលពាក្យនាងភិក្ខុនីនោះថា ព្រះករុណានាងម្ចាស់ ហើយក៏ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ទើបថ្វាយបង្គុំព្រះអានន្ទដ៏មានអាយុ រួចអង្គុយក្នុងទីសមគួរ​​​​​។ លុះបុរសនោះអង្គុយក្នុងទីសមគួរហើយ ទើបទូលព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះករុណាដ៏ចម្រើន ភិក្ខុនីឈ្មោះនេះមានអាពាធ ទទួលទុក្ខវេទនា ឈឺធ្ងន់ នាងក្រាបថ្វាយបង្គុំព្រះបាទាព្រះអានន្ទជាម្ចាស់ដោយត្បូង រួចនាងពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមព្រះអានន្ទជាម្ចាស់ ករុណាចូលទៅសួរភិក្ខុនីនោះ ក្នុងសំណាក់ដោយអនុគ្រោះផងចុះ​​​​​។

ព្រះអានន្ទដ៏មានអាយុ ទទួលនិមន្តដោយតុណ្ហីភាព​​​​​។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅនាងភិក្ខុនី​​​​​។ ឯភិក្ខុនីនោះ បានឃើញព្រះអានន្ទដ៏មានអាយុនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏សិងលើគ្រែដណ្តប់ទទូរទាំងក្បាល​​​​​។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុចូលទៅត្រង់ទីដែលនាងភិក្ខុនីនោះនៅ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលទុក​​​​​។

លុះព្រះអានន្ទដ៏មានអាយុគង់ហើយ ទើបនិយាយទៅនឹងនាងភិក្ខុនីនោះដូច្នេះថា៖

១. អាហារសម្ភូតោ អយំ, ភគិនិ, កាយោ អាហារំ និស្សាយ អាហារោ បហាតព្វោ៖ ម្នាលនាង (ភិក្ខុនី) កាយនេះកើតមកដោយអាហារ បុគ្គលអាស្រ័យនូវអាហារហើយ គប្បីលះអាហារចេញ​​​​​។ ក៏ពាក្យដែលយើងពោលហើយថា “ម្នាលនាង កាយនេះកើតមកដោយអាហារ បុគ្គលអាស្រ័យអាហារហើយ គប្បីលះអាហារចេញ” ដូច្នេះនេះ ពាក្យនុ៎ះយើងបានពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលនាង ភិក្ខុក្នុងសាសនានេះ បរិភោគនូវអាហារ ពិចារណាដោយឧបាយ មិនបរិភោគដើម្បីលេងទេ មិនបរិភោគដើម្បីស្រវឹងទេ មិនបរិភោគដើម្បីប្រដាប់ទេ មិនបរិភោគដើម្បីស្អិតស្អាងទេ បរិភោគគ្រាន់តែដើម្បីតាំងនៅនៃកាយនេះ ដើម្បីញុំាងជីវិតិន្ទ្រីយឱ្យប្រព្រឹត្តទៅ ដើម្បីកម្ចាត់បង់សេចក្តីលំបាក ដើម្បីអនុគ្រោះព្រហ្មចរិយធម៌ គឺបរិភោគដោយគិតថា អាត្មាអញនឹងកម្ចាត់បង់នូវវេទនាចាស់ផង ទាំងមិនឱ្យវេទនាថ្មីកើតឡើងផង ការប្រព្រឹត្តទៅនៃឥរិយាបថ ៤ ក្តី ការមិនមានទោសគឺមិនប្រអូសកាយ មិនប្រអូសចិត្តក្តី ការនៅជាសុខក្តី នឹងមានដល់អាត្មាអញ។ លុះសម័យខាងក្រោយមក ភិក្ខុនោះក៏អាស្រ័យអាហារហើយ លះបង់អាហារចេញ​។ ពាក្យណាដែលយើងពោលហើយថា ម្នាលនាង កាយនេះកើតមកដោយអាហារ បុគ្គលអាស្រ័យនូវអាហារហើយ គប្បីលះអាហារចេញ ដូច្នេះ ពាក្យនុ៎ះដែលយើងពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។

២. តណ្ហាសម្ភូតោ អយំ, ភគិនិ, កាយោ តណ្ហំ និស្សាយ តណ្ហា បហាតព្វា ៖ ម្នាលនាង កាយនេះកើតមកដោយតណ្ហា បុគ្គលអាស្រ័យនូវតណ្ហាហើយ គប្បីលះតណ្ហាចេញ​​​​​។ ម្នាលនាង ភិក្ខុក្នុងសាសនានេះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឱ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ។ ភិក្ខុនោះក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញនឹងធ្វើឱ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ។ លុះសម័យខាងក្រោយមក ភិក្ខុនោះក៏អាស្រ័យនូវតណ្ហាហើយ លះបង់តណ្ហាបាន។ ពាក្យណាដែលយើងពោលហើយថា ម្នាលនាង កាយនេះកើតមកដោយតណ្ហា បុគ្គលអាស្រ័យនូវតណ្ហាហើយ គប្បីលះតណ្ហាចេញ ដូច្នេះ ពាក្យនុ៎ះយើងបានពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។

៣. មានសម្ភូតោ អយំ, ភគិនិ, កាយោ មានំ និស្សាយ មានោ បហាតព្វោ៖ ម្នាលនាង កាយនេះកើតមកដោយមានះ បុគ្គលអាស្រ័យនូវមានះហើយ គប្បីលះមានះចេញ​​​​​។ ម្នាលនាង ភិក្ខុក្នុងសាសនានេះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឱ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ។ ភិក្ខុនោះក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អម្បាលយ៉ាងលោកដ៏មានអាយុនោះ បានធ្វើឱ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ចំណែកអាត្មាអញចាំបាច់និយាយធ្វើអ្វី។ លុះសម័យខាងក្រោយមក ភិក្ខុនោះអាស្រ័យមានះហើយ លះបង់មានះបាន។ ពាក្យណាដែលយើងពោលហើយថា ម្នាលនាង កាយនេះកើតមកដោយមានះ បុគ្គលអាស្រ័យនូវមានះហើយ គប្បីលះមានះចេញ ដូច្នេះ ពាក្យនុ៎ះយើងបានពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។

៤. មេថុនសម្ភូតោ អយំ, ភគិនិ, កាយោ មេថុនេ ច សេតុឃាតោ វុត្តោ ភគវតា៖ ម្នាលនាង កាយនេះកើតមកដោយមេថុន បុគ្គលត្រូវលះបង់នូវមេថុនចេញ ព្រោះមេថុននោះ ព្រះដ៏មានព្រះភាគត្រាស់ថាជាទោស តែងសម្លាប់នូវហេតុ។

លំដាប់នោះ នាងភិក្ខុនីនោះក្រោកអំពីគ្រែហើយ ធ្វើឧត្តរាសង្គៈឆៀងស្មាម្ខាង ក្រាបចុះទៀបព្រះបាទានៃព្រះអានន្ទដ៏មានអាយុដោយសិរសា ហើយពោលខមាទោសនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថា បពិត្រ​លោកម្ចាស់ដ៏ចម្រើន ទោសកំហុសត្រូវនូវខ្ញុំម្ចាស់ហើយ ដោយខ្ញុំម្ចាស់ជាស្រ្តីល្ងង់ ជាស្រ្តីវង្វេង ជាស្រ្តីមិនឈ្លាសវៃយ៉ាងណា ខ្ញុំម្ចាស់ឯណាបានធ្វើអំពើយ៉ាងនេះ បពិត្រលោកម្ចាស់ដ៏ចម្រើន សូមព្រះអានន្ទជាម្ចាស់អត់នូវទោសកំហុសតាមទោសកំហុសដល់ខ្ញុំម្ចាស់នោះ ដើម្បីនឹងសង្រួមតទៅ។

ព្រះអានន្ទតបថា អើនាង ទោសកំហុសត្រូវនាងហើយ ដោយសារនាងជាស្រ្តីល្ងង់ ជាស្រ្តីវង្វេង ជាស្រ្តីមិនឈ្លាសវៃយ៉ាងណា នាងបានធ្វើអំពើយ៉ាងនេះ។ ម្នាលនាង កាលណាបើនាងឃើញទោសកំហុសតាមទោសកំហុស ហើយសំដែងឱ្យសមគួរតាមធម៌ យើងនឹងទទួលទោសកំហុសនោះរបស់នាង។ ម្នាលនាង ស្រ្តីឯណាបានឃើញទោសកំហុសតាមទោសកំហុស ហើយសំដែងឱ្យសមគួរតាមធម៌ ដល់នូវសេចក្តីសង្រួមតទៅ នោះជាសេចក្តីចម្រើនរបស់ស្រ្តីនោះ ក្នុងវិន័យរបស់ព្រះអរិយៈ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter