មហាវេស្សន្តរជាតក(អមដេាយរូបភាព) - Monk Cambodia

មហាវេស្សន្តរជាតក(អមដេាយរូបភាព)

Share This

 ✍️.មហាវេស្សន្តរជាតក✨ (អមដេាយរូបភាព)

[សូមអធ្យាស្រ័យ ដេាយអត្ថបទនេះវែងពេក សូមលេីកមកដេាយសង្ខេប (អត់អត្ថបទវគ្គដេីមដំបូង)]🙏🌸🍃

……………………………….

(ព្រះវេស្សន្តរ…) ហៃបាជាលី អ្នកចូរក្រោកឈរឡើង (ដំណើរមករបស់ស្មូម) ប្រាកដដូចជាដំណើរមកអំពីមុន ៗ បិតាមើលទៅឃើញដូចជាព្រាហ្មណ៍ សេចក្តីរីករាយក៏មកស្រោចស្រពលើបិតា។ (ជាលីកុមារ…) បពិត្រព្រះវរបិតា ខ្ញុំរមិលមើលទៅឃើញប្រាកដដូចជាព្រាហ្មណ៍ ដូចជាមានអ្នកដំណើរមក និងជាភ្ញៀវរបស់យើង។


[៣២៧] (ជូជក…) ព្រះអង្គបានសេចក្តីសុខសប្បាយទេឬ ព្រះអង្គមិនមានរោគាពាធទេឬ ព្រះអង្គចិញ្ចឹមជីវិតដោយការស្វែងរក (ស្រួល) ទេឬ មើមឈើ និងផ្លែឈើមានច្រើនឬ ។ ពួករបោម មូស ពស់ មានតិចទេឬ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនព្រះអង្គទេឬ ។


[៣២៨] (ព្រះពោធិសត្វ…) ម្នាលព្រាហ្មណ៍ យើងបានសេចក្តីសុខសប្បាយទេ ម្នាលព្រាហ្មណ៍ មួយទៀត យើងមិនមានរោគាពាធទេ យើងចិញ្ចឹមជីវិតដោយការស្វែងរកស្រួលទេ ទាំងមើមឈើ និងផ្លែឈើ ក៏មានច្រើនដែរ ។ មួយវិញទៀត ពួករបោម មូស ពស់ ក៏មានតិចទេ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនយើងទេ ។ យើងនៅក្នុងព្រៃអស់ ៧ ខែហើយ រស់នៅទាំងទុក្ខសោក ទើបតែនឹងបានឃើញព្រាហ្មណ៍ឯងជាដំបូងមានភេទដ៏ប្រសើរ កាន់ឈើច្រត់មានសម្បុរដូចផ្លែភ្នៅទុំ មានវែកសម្រាប់បូជាភ្លើង និងកុណ្ឌី ។ ហៃមហាព្រាហ្មណ៍ អ្នកមកល្អហើយ មួយទៀត អ្នកមិនមែនមកអាក្រក់ទេ អ្នកចូរចូលមកខាងក្នុង សេចក្តីចម្រើន (ចូរមាន) ដល់អ្នក អ្នកចូរលាងជើងរបស់អ្នក ។ ម្នាលព្រាហ្មណ៍ អ្នកចូរបរិភោគផ្លែឈើដ៏ឆ្ងាញ់ពិសាដូចទឹកឃ្មុំ គឺផ្លែទន្លាប់ ផ្លែទ្រយឹង ផ្លែមាក់ប្រាង ផ្លែមាក់ដោក ។ ទឹកដ៏ត្រជាក់នេះឯង ដែលដងមកអំពីជ្រោះភ្នំ ម្នាលមហាព្រាហ្មណ៍ បើអ្នកប្រាថ្នាចង់ផឹក ចូរដងយកអំពីរោងទឹកនោះ ហើយផឹកចុះ ។ អ្នកមកដល់ព្រៃធំដោយហេតុដូចម្តេច ដោយបច្ច័យដូចម្តេច យើងសួរហើយ អ្នកចូរប្រាប់ហេតុនោះ ។


[៣២៩] (ជូជក…) ផ្លូវទឹក (មានទន្លេ និងស្ទឹងជាដើម) ដ៏ពេញប្រៀបមិនចេះអស់ទៅសព្វកាល យ៉ាងណាមិញ ទូលព្រះបង្គំជាខ្ញុំមកដើម្បីសូមទានព្រះអង្គ ទូលព្រះបង្គំជាខ្ញុំសូមហើយ សូមប្រទានព្រះរាជបុត្រទាំងពីរ ក៏យ៉ាងនោះដែរ ។


[៣៣០] (ព្រះមហាសត្វ…) ម្នាលព្រាហ្មណ៍ យើងឲ្យ យើងមិនរួញរាទេ អ្នកជាម្ចាស់ (នៃពួកបុត្ររបស់យើង) ចូរនាំយកទៅចុះ រាជបុត្រី (ជាមាតានៃបុត្រទាំងពីរនុ៎ះ) បានចេញទៅរកផលានុផលអំពីព្រឹក នាងនឹងត្រឡប់មកអំពីការស្វែងរក ក្នុងវេលាល្ងាច ម្នាលព្រាហ្មណ៍ អ្នកចូរឈប់សម្រាកបានមួយយប់សិន លុះព្រឹកឡើង សឹមទៅចុះ ។ ម្នាលព្រាហ្មណ៍ អ្នកឈប់សម្រាកបានមួយយប់ លុះព្រឹកឡើង (សឹមនាំយក) កុមារទាំងពីរនោះ ដែលមាតានោះដុសក្បាលហើយ ប្រដាប់ដោយផ្កាកម្រង ហើយទៅចុះ ។ ម្នាលព្រាហ្មណ៍ អ្នកចូរនាំយក (កុមារទាំងពីរនោះ) ដែលពាក់ដោយផ្កាផ្សេង ៗ ស្អិតស្អាងដោយគ្រឿងក្រអូបផ្សេង ៗ សម្បូរដោយមើមឈើ និងផ្លែឈើផ្សេង ៗ ហើយទៅចុះ ។


[៣៣១] (ជូជក…) បពិត្រព្រះអង្គប្រសើរក្នុងរថ ទូលព្រះបង្គំមិនគាប់ចិត្តនឹងការនៅទេ គាប់ចិត្តតែនឹងការទៅ ក្រែងអន្តរាយមានដល់ទូលព្រះបង្គំ ឯទូលព្រះបង្គំ នឹងទៅខានពុំបាន ។ ធម្មតាពួកស្រីនោះ មិនមែនជាអ្នកគួរដល់ស្មូមទេ តែងធ្វើសេចក្តីអន្តរាយ ពួកស្រីរមែងចេះកិច្ចកលមាយា តែងកាន់យកកិច្ចការទាំងពួងដោយខាងឆ្វេង ។ បពិត្រព្រះអង្គប្រសើរក្នុងរថ កាលបើព្រះអង្គប្រទានដោយសទ្ធា សូមកុំឲ្យទូលព្រះបង្គំជាខ្ញុំ ជួបនឹងព្រះមាតា (របស់កុមារទាំងនោះឡើយ) ក្រែងព្រះនាងនោះធ្វើសេចក្តីអន្តរាយ ទូលព្រះបង្គំនឹងទៅខានពុំបាន ។ សូមព្រះអង្គត្រាស់ហៅបុត្រទាំងគូរបស់ព្រះអង្គមក កុំឲ្យបុត្រទាំងនោះបានឃើញព្រះមាតាឡើយ កាលបើព្រះអង្គប្រទានដោយសទ្ធា បុណ្យតែងចម្រើនលូតលាស់យ៉ាងនេះ សូមព្រះអង្គត្រាស់ហៅបុត្រទាំងគូរបស់ព្រះអង្គមក កុំឲ្យបុត្រទាំងនោះបានឃើញព្រះមាតាឡើយ បពិត្រព្រះរាជា លុះព្រះអង្គប្រទានព្រះរាជទ្រព្យ ដល់បុគ្គលបា្រកដដូចជាខ្ញុំហើយ ព្រះអង្គនឹងយាងទៅកាន់ឋានសួគ៌ ។


[៣៣២] (ព្រះវេស្សន្តរ…) បើអ្នកមិនបា្រថ្នាចង់ជួបនឹងភរិយារបស់យើងដែលជាស្រ្តីមានវ័តក្នុងស្វាមីទេ អ្នកចូរឲ្យកុមារទាំងពីរ គឺជាលី និងកណ្ហាជិនានេះ ដល់ព្រះអយ្យកោចុះ ។ ព្រះអយ្យកោនោះ ទ្រង់ទតឃើញកុមារទាំងនេះដែលមានសំដីពីរោះ និយាយពាក្យជាទីស្រឡាញ់ ហើយទ្រង់សប្បាយរីករាយត្រេកអរ នឹងប្រទានទ្រព្យច្រើនដល់អ្នក ។


[៣៣៣] (ជូជក…) បពិត្រព្រះរាជបុត្រ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ (ពាក្យ) របស់ទូលព្រះបង្គំ ទូលព្រះបង្គំខ្លាចក្រែងព្រះអយ្យកោដណ្តើមយក (ព្រះរាជកុមារ) ព្រះអយ្យកោនឹងប្រទានទូលព្រះបង្គំ (ដល់ពួកអាមាត្យ) ដើម្បីព្រះរាជទណ្ឌ ឬលក់ពិន័យ ពុំនោះសោត នឹងសំឡាប់ពុំខាន ទូលព្រះបង្គំមុខជានឹងដាច់ចាកទ្រព្យផង ចាកពួកទាសៈផង ត្រូវនាងព្រាហ្មណីតិះដៀលផង ។


[៣៣៤] (ព្រះវេស្សន្តរ…) ព្រះមហារាជទ្រង់ឋិតនៅក្នុងធម៌ ញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ទ្រង់ទតឃើញកុមារទាំងនេះដែលមានសំដីពីរោះ និយាយពាក្យជាទីស្រឡាញ់ ទ្រង់បានបីតិ និងសោមនស្ស នឹងព្រះរាជទានព្រះរាជទ្រព្យជាច្រើនដល់អ្នក ។


[៣៣៥] (ជូជក…) ទូលព្រះបង្គំមិនធ្វើតាមព្រះបន្ទូលដែលទ្រង់បង្គាប់នោះទេ ទូលព្រះបង្គំសូមនាំយកទារកទាំងពីរទៅឲ្យបំរើនាងព្រាហ្មណី ។


[៣៣៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះរាជកុមារទាំងពីរ គឺជាលី និងកណ្ហាជិនា លុះឮសំដីព្រាហ្មណ៍ឈ្លានពានហើយ ក៏តក់ស្លុត នាំគ្នាស្ទុះរត់ទៅតាមទីនោះៗ ។


[៣៣៧] (ព្រះមហាសត្វ…) ហៃបា ជាកូនស្ងួនសម្លាញ់ កូនចូរមកអាយ ចូរបំពេញបារមីរបស់បិតា កូនចូរស្រោចស្រពហ្ឫទ័យរបស់បិតា កូនចូរធ្វើតាមពាក្យរបស់បិតា ។ កូនចូរដូចជាយាននាវារបស់បិតាឲ្យនឹងថ្កល់ក្នុងសាគរ គឺភព បិតានឹងឆ្លងចាកត្រើយ គឺជាតិ និងចម្លងមនុស្ស ព្រមទាំងទេវតា (ទៅកាន់ត្រើយ គឺព្រះនិព្វាន) ។ ហៃធីតាស្ងួនសម្លាញ់ (ឪពុក) នាងចូរមក ព្រោះទានបារមី ជាសម្លាញ់របស់បិតា នាងចូរស្រោចស្រពហ្ឫទ័យរបស់បិតា ចូរធ្វើតាមពាក្យរបស់បិតា ។ នាងចូរដូចជាយាននាវារបស់បិតាឲ្យនឹងថ្កល់ក្នុងសាគរ គឺភព បិតានឹងឆ្លងចាកត្រើយ គឺជាតិ និងចម្លងពួកមនុស្ស ព្រមទាំងទេវតា ។


[៣៣៨] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះបរមពោធិសត្វ ញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ទ្រង់នាំយកកុមារទាំងពីរ គឺជាលី និងកណ្ហាជិនាហើយ ទ្រង់ប្រទានដល់ព្រាហ្មណ៍ ។ ក្នុងលំដាប់នោះ ព្រះរាជាទ្រង់មានព្រះហ្ឫទ័យរីករាយ នាំយកកុមារទាំងពីរ គឺជាលី និងកណ្ហាជិនា ជាបុត្រឲ្យជាទានដ៏ឧត្តមដល់ព្រាហ្មណ៍ ។ ហេតុដែលគួរឲ្យស្ញប់ស្ញែង ក៏កើតមានក្នុងកាលនោះ សេចក្តីព្រឺព្រួចរោម ក៏កើតមានក្នុងកាលនោះ កាលដែលព្រះរាជាបានប្រទានកុមារទាំងពីរហើយ ផែនដីក៏កំរើកញាប់ញ័រ ។ ហេតុដែលគួរឲ្យស្ញប់ស្ញែង ក៏កើតមានក្នុងកាលនោះ សេចក្តីព្រឺព្រួចរោម ក៏កើតមានក្នុងកាលនោះ ព្រោះព្រះរាជា ញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ទ្រង់ផ្គងអពា្ជលី បានប្រទានកុមារទាំងពីរដ៏ចម្រើនដោយសេចក្តីសុខ ឲ្យជាទានដល់ព្រាហ្មណ៍ ។


[៣៣៩] លំដាប់នោះ ព្រាហ្មណ៍ជាអ្នកល្មោភនោះ បានខាំកាត់វល្លិដោយធ្មេញទាំងឡាយ ហើយចងដៃទាំងឡាយដោយវល្លិ ហើយយកវល្លិវាយបណ្តីរ ។ លំដាប់តពីនោះមក ព្រាហ្មណ៍នោះកាន់ខ្សែផង កាន់ឈើច្រត់ផង វាយកុមារទាំងពីរនោះ នាំបណ្តើរទៅ (ក្នុងទី) ចំពោះព្រះភក្រ្តនៃព្រះបាទសិវិ (វេស្សន្តរ) ។


[៣៤០] ក្នុងកាលដែលព្រាហ្មណ៍នាំទៅនោះ កុមារទាំងពីរបានរបូតរួច (អំពីចំណង) នៃព្រាហ្មណ៍ ហើយរត់ចៀសចេញទៅ កុមារនោះមាននេត្រាទាំងពីរដ៏ពោរពេញដោយទឹកភ្នែក ងើបមើលព្រះបិតា ។ កុមារក៏ញាប់ញ័រចំប្រប់ ដូចជាស្លឹកពោធិ៍ ថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះបិតា លុះថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះបិតាហើយ បានពោលពាក្យនេះថា បពិត្រព្រះបិតា ព្រះមាតាចេញទៅព្រៃហើយ បពិត្រព្រះបិតា ឯព្រះអង្គប្រទានយើងខ្ញុំ បពិត្រព្រះបិតា ចាំយើងខ្ញុំជួបនឹងព្រះមាតាសិន សឹមព្រះអង្គប្រទានយើងខ្ញុំ ។ បពិត្រព្រះបិតា ព្រះមាតាចេញទៅព្រៃហើយ បពិត្រព្រះបិតា ឯព្រះអង្គប្រទានយើងខ្ញុំ បពិត្រព្រះបិតា ព្រះអង្គកុំអាលប្រទានយើងខ្ញុំឡើយ រង់ចាំព្រះមាតារបស់យើងខ្ញុំត្រឡប់មកសិន ។ ក្នុងពេលនោះ ព្រាហ្មណ៍នេះចង់លក់ ឬចង់សំឡាប់ ក៏តាមប្រាថ្នាចុះ (ជូជកព្រាហ្មណ៍នេះ) មានជើងត្រប៉ាត ក្រចកស្អុយ មួយទៀត មានដុំសាច់យូរយារ បបូរមាត់ខាងលើវែង មានទឹកមាត់ហៀរ ចេញធ្មេញស្ញេញ (ដូចខ្នាយជ្រូក) ច្រមុះបាក់ ។ មានពោះធំកំប៉ោង ខ្នងកោង ភ្នែកស្រលៀង ពុកមាត់ ពុកចង្កាក្រហម សក់លឿង ស្បែកជ្រួញជ្រីវ រទុះដោយអាចម៍រុយ ។ មានភ្នែកលៀនខ្លោត (ដូចភ្នែកឆ្មា) ចង្កេះ ខ្នង ក វៀច សន្លាក់ឆ្អឹងលាន់ឮប្រស ៗ ធំដំបង ឈ្លានពាន ទុកជាស្លៀកដណ្តប់ស្បែកខ្លា ក៏ដូចជាអមនុស្សគួរស្បើម ។ បពិត្រព្រះបិតា (ព្រាហ្មណ៍នេះ) ជាមនុស្ស ឬជាយក្ស ជាអ្នកស៊ីសាច់ និងឈាម ចេញអំពីស្រុកមកកាន់ព្រៃ សូមទ្រព្យ គឺកូននឹងព្រះបិតាទេដឹង ។ បពិត្រព្រះបិតា យើងខ្ញុំត្រូវបិសាចកំពុងនាំទៅ ព្រះបិតាទ្រង់ទតឃើញឬទេ ព្រះហ្ឫទ័យរបស់ព្រះបិតា (ធ្ងន់ដូចថ្ម) ឬដូចជាចំណងដែកដ៏មាំ ព្រះអង្គមិនជ្រាបយើងខ្ញុំដែលព្រាហ្មណ៍ជាអ្នកស្វែងរកទ្រព្យ ល្មោភហួសប្រមាណ ចាប់ចងហើយវាយយើងខ្ញុំដូចជាគេវាយគោ ។ នាងកណ្ហាជិនា ចូរនៅក្នុងទីនេះចុះ ដ្បិតនាងមិនទាន់ដឹងក្តីនៅឡើយ រមែងកន្ទក់កន្ទញ ដូចជាកូនម្រឹគនៅបៅដោះ ហើយព្រាត់ប្រាសចាកហ្វូង ។


[៣៤១] ទុក្ខដូច្នោះនេះ មិនមែនជាទុក្ខដល់អញទេ  ព្រោះទុក្ខនេះ  បុរស (ដែលរង្គាត់ទៅក្នុងភព) ត្រូវបាន អញមិនឃើញព្រះមាតាណា  ការមិនឃើញព្រះមាតានោះ ជាសេចក្តីទុក្ខក្រៃលែងរបស់អញជាងសេចក្តីទុក្ខ ដែលព្រាហ្មណ៍វាយដំនេះទៅទៀត ។ ទុក្ខដូច្នោះនេះ  មិនមែនជាទុក្ខដល់អញទេ ព្រោះទុក្ខនេះ បុរសត្រូវបាន អញមិនឃើញព្រះមាតាណា ការមិនឃើញព្រះមាតានោះ ជាសេចក្តីទុក្ខក្រៃលែងរបស់អញជាងសេចក្តីទុក្ខដែលព្រាហ្មណ៍វាយដំនេះទៅទៀត ។ ព្រះមាតានោះ មនុស្សកំព្រាពិត កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងអស់កាលយូរ ។ ព្រះបិតានោះ ជាមនុស្សកំព្រាដោយពិត  កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា  ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងអស់កាលយូរ ។ ព្រះមាតានោះ ជាមនុស្សកំព្រាពិត  កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងក្នុងអាស្រមអស់កាលយូរ ។ ព្រះបិតានោះ ជាមនុស្សកំព្រាពិត  កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា  ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងក្នុងអាស្រមអស់កាលយូរ ។ ព្រះមាតានោះ ជាមនុស្សកំព្រាពិត (រឭកពួកយើង) ក្នុងពាក់កណ្តាលអធ្រាត្រ ឬក្នុងរាត្រីទាំងមូល នឹងទ្រង់ព្រះកន្សែងអស់កាលយូរ នឹងរីងស្ងួតដូចស្ទឹង ។ ព្រះបិតានោះ ជាមនុស្សកំព្រាដោយពិត (រឭកពួកយើង) ក្នុងកណ្តាលអធ្រាត្រ ឬក្នុងរាត្រីទាំងមូល នឹងទ្រង់ព្រះកន្សែងអស់កាលយូរ នឹងរីងស្ងួតដូចជាស្ទឹង ។ រុក្ខជាតិផ្សេងៗ ទាំងនេះ គឺដើមព្រីង ឈើទាលខ្សាច់ មានមែកត្រសុំត្រសាយ ថ្ងៃនេះ យើងនឹងបោះបង់ពួករុក្ខជាតិទាំងនោះចោលហើយ ។ ពួកផលជាតិផ្សេងៗទាំងនេះ គឺពោធិ ខ្នុរ ជ្រៃ ក្រសាំង ថ្ងៃនេះយើងនឹងបោះបង់ផលជាតិទាំងនោះចោលហើយ ។ នេះសួនច្បារ  នេះស្ទឹងមានទឹកត្រជាក់  ពីដើម យើងលេងក្នុងទីណា  ថ្ងៃនេះ យើងនឹងបោះបង់ទីទាំងនោះ ។ ពីដើម ពួកយើងទ្រទ្រង់ផ្កាណា ច្រើនយ៉ាង លើភ្នំនេះ ថ្ងៃនេះ យើងនឹងបោះបង់ផ្កាទាំងនោះ ។ ពីដើមពួកយើងបរិភោគផ្លែឈើណាច្រើនយ៉ាង លើភ្នំនេះ ថ្ងៃនេះ យើងនឹងបោះបង់ផ្លែឈើទាំងនោះ ។ នេះរូបដំរី  រូបសេះរបស់យើង  នេះរូបគោរបស់យើង  ពីដើមយើងលេងដោយរូបណា  ថ្ងៃនេះយើងនឹងបោះបង់រូបទាំងនោះ ។


[៣៤២] កុមារទាំងនោះ  កាលជូជកព្រាហ្មណ៍កំពុងនាំទៅ បានពោលនឹងព្រះបិតាដូច្នេះថា បពិត្រព្រះបិតា  សូមព្រះអង្គបា្រប់នូវភាព (របស់យើងខ្ញុំ) ជាបុគ្គលមិនមានរោគ ដល់ព្រះមាតាផង ទាំងព្រះអង្គសោត ក៏សូមឲ្យបានសេចក្តីសុខ ។ នេះរូបដំរី រូបសេះរបស់យើងខ្ញុំ  នេះរូបគោរបស់យើងខ្ញុំ  សូមព្រះអង្គប្រទានរូបទាំងនោះ ដល់ព្រះមាតាៗ នឹងបន្ទោបង់សំណោកព្រោះរូបទាំងនោះ ។ នេះរូបដំរី រូបសេះរបស់យើងខ្ញុំ  នេះរូបគោរបស់យើងខ្ញុំ  ព្រះមាតាកាលបើក្រឡេកឃើញរូបទាំងនោះហើយ នឹងបន្ទោបង់សំណោកចេញបាន ។


[៣៤៣] លំដាប់នោះ ព្រះបាទវេស្សន្តរជាក្សត្រិយ៍ ទ្រង់ដាក់ទានរួចហើយ ក៏យាងចូលទៅកាន់បណ្ណសាលា ហើយខ្សឹកខ្សួលគួរឲ្យអាណោចអាធ័ម ។ (ព្រះមហាសត្វទ្រង់ព្រះពិលាបថា) ក្នុងថ្ងៃនេះ ទារកទាំងពីរមានសេចក្តីស្រេកឃ្លានហើយ យំទារនរណា អ្នកណាហ្ន៎ នឹងឲ្យភោជនដល់ទារកទាំងពីរនោះ ក្នុងកាលជាទីអង្គាស (អាហារ) ក្នុងវេលាល្ងាច ។ ក្នុងថ្ងៃនេះ ទារកទាំងពីរមានសេចក្ដីស្រេកឃ្លាន ហើយយំទារនរណា បពិត្រព្រះមាតា យើងខ្ញុំមានសេចក្តីស្រេកឃ្លានហើយ សូមព្រះមាតាប្រទានភោជនដល់យើងខ្ញុំក្នុងកាលជាទីអង្គាស (អាហារ) ក្នុងវេលាល្ងាច ។ ទារកទាំងពីរដើរទៅដោយជើងទទេ មិនមានស្បែកជើង នឿយហត់ មានជើងទាំងពីរដ៏ពុរពង ទៅកាន់ផ្លូវដូចម្តេចបាន អ្នកណានឹងដឹកដៃទារកទាំងនោះទៅ ។ កោតតែព្រាហ្មណ៍នោះ ហ៊ានវាយកូនទាំងពីររបស់អញជាអ្នកមិនមានកំហុស ក្នុងទីចំពោះមុខ មិនអៀនខ្មាស ព្រាហ្មណ៍នេះ ហៅពេញជាមនុស្សឥតអៀនខ្មាស ។ អ្នកណាមានសេចក្តីអៀនខ្មាស នឹងវាយពួកជនសូម្បីជាខ្ញុំស្រី ខ្ញុំប្រុស ឬថាអ្នកបម្រើដទៃរបស់អញ ដែលលះឲ្យហើយនោះ ។ ព្រាហ្មណ៍ហ៊ានជេរ ហ៊ានវាយដំកូនសម្លាញ់របស់អញដែលកំពុងមើលឃើញ ដូចជាត្រីដែលជាប់នៅក្នុងមាត់លប ។


[៣៤៤] អញនឹងកាន់យកធ្នូ ស្ពាយព្រះខាន់លើស្មាខាងឆ្វេង ហើយនាំយកកូនទាំងពីររបស់ខ្លួនមកវិញឬ ព្រោះថា ការដែលគេវាយដំកូនទាំងពីរ នាំមកនូវសេចក្ដីទុក្ខ ។ កុមារទាំងពីរគប្បីលំបាកដោយហេតុណា ហេតុនុ៎ះមិនមែនជាទីតាំងមានសភាពជាទុក្ខទេ នរណាយល់ធម៌របស់ពួកសប្បុរស ហើយឲ្យទាន រមែងក្តៅក្រហាយរឿយៗ ។


[៣៤៥] (ជាលិកុមារ…) បានឮថា ជនពួកខ្លះក្នុងលោកនេះ បានពោលពាក្យពិតយ៉ាងនេះថា បុគ្គលណាមិនមានមាតាបង្កើត បុគ្គលនោះឈ្មោះថា មិនមានបិតាដូចគ្នាដែរ ។ នែនាងកណ្ហាប្អូន នាងចូរមក យើងមុខជានឹងស្លាប់ យើងមិនមានសេចក្តីត្រូវការដោយជីវិតទេ ដោយយើងត្រូវព្រះជនិន្ទប្រទានដល់ព្រាហ្មណ៍ អ្នកស្វែងរកទ្រព្យ ជាមនុស្សកំណាចលើសលន់ វាយដំយើង ដូចជាគេវាយហ្វូងគោ ។ នែនាងកណ្ហា ពួករុក្ខជាតិផ្សេងៗនេះ គឺដើមព្រីង ឈើទាលខ្សាច់ មានមែកត្រសុំត្រសាយ យើងនឹងបោះបង់រុក្ខជាតិទាំងនោះ នែនាងកណ្ហា ពួកផលជាតិផ្សេង ៗ នេះ គឺពោធិ៍ ខ្នុរ ជ្រៃ ក្រសាំង យើងនឹងបោះបង់ផលជាតិទាំងនោះ ។ ហៃនាងកណ្ហា នេះសួនច្បារ នេះស្ទឹងមានទឹកត្រជាក់ ពីដើម យើងលេងក្នុងទីណា យើងនឹងបោះបង់ទីទាំងនោះ ហៃនាងកណ្ហា ពីដើម យើងទ្រទ្រង់ផ្កាទាំងឡាយណាផ្សេងៗ លើភ្នំនេះ យើងនឹងបោះបង់ផ្កាទាំងនោះ ។ ហៃនាងកណ្ហា ពីដើម យើងបរិភោគផ្លែឈើផ្សេង ៗ ទាំងឡាយណា យើងនឹងបោះបង់ផ្លែឈើទាំងនោះ ។ ហៃនាងកណ្ហា នេះរូបដំរី រូបសេះរបស់យើង នេះរូបគោរបស់យើង ជារូបដែលយើងធ្លាប់លេង យើងនឹងបោះបង់រូបនោះ ។


[៣៤៦] (អភិសម្ពុទ្ធគាថា) កុមារទាំងពីរនោះ គឺជាលី និងកណ្ហាជិនា កាលដែលព្រាហ្មណ៍កំពុងនាំទៅ ក៏របូតចេញ (អំពីចំណង) ហើយនាំគ្នាស្ទុះចូលទៅក្នុងទីនោះ ក្នុងខណៈនោះ ។


[៣៤៧] លំដាប់នោះ ជូជកព្រាហ្មណ៍នោះ កាន់យកខ្សែ និងឈើច្រត់វាយដំកុមារទាំងពីរនោះ ហើយនាំទៅក្នុងទីចំពោះព្រះភក្រ្តនៃព្រះបាទសិវិ (វេស្សន្តរ) ។


[៣៤៨] នាងកណ្ហាជិនាបានពោលនឹងព្រះបិតានោះថា បពិត្រព្រះបិតា ព្រាហ្មណ៍នេះ វាយដំខ្ញុំម្ចាស់ដោយឈើច្រត់ដូចជាទាសីដែលកើតក្នុងផ្ទះ ។ បពិត្រព្រះបិតា នេះមិនមែនជាព្រាហ្មណ៍ទេ ដ្បិតពួកព្រាហ្មណ៍ ជាអ្នកប្រកបដោយធម៌ បពិត្រព្រះបិតា យក្សក្លែងភេទជាព្រាហ្មណ៍ នាំយើងខ្ញុំយកទៅស៊ីទេដឹង បពិត្រព្រះបិតា យើងខ្ញុំត្រូវបិសាចកំពុងនាំទៅ ហេតុអ្វីក៏ព្រះអង្គទ្រង់ទតព្រងើយ ។


[៣៤៩] ជើងទាំងឡាយរបស់យើងខ្ញុំនេះ ក៏សែនលំបាក ផ្លូវសោត ក៏ឆ្ងាយដាច់ស្រយាល លំបាកនឹងដើរទៅណាស់ ព្រះសុរិយាក៏កាន់តែទន់ទាប ជិតអស្តង្គតណាស់ហើយ ព្រាហ្មណ៍ក៏នាំយើងខ្ញុំទៅប្រញាប់ប្រញាល់ ។ យើងខ្ញុំសូមថ្វាយបង្គំនូវពួកភូតដែលនៅអាស្រ័យលើភ្នំ និងព្រៃ សូមថ្វាយបង្គំដោយសិរសានូវពួកទេវតាដែលរក្សាស្រះ និងទេវតាដែលនៅអាស្រ័យក្នុងស្ទឹង មានកំពង់ដ៏ល្អ ។ (យើងខ្ញុំសូមថ្វាយបង្គំ) នូវពួកទេវតាដែលនៅអាស្រ័យលើស្មៅ និងវល្លិ និងឈើឱសធ និងភ្នំ និងព្រៃ សូមទេវតាទាំងឡាយ ទូលព្រះមាតានូវភាពរបស់យើងខ្ញុំជាអ្នកមិនមានរោគ ដ្បិតព្រាហ្មណ៍នេះ កំពុងនាំយកយើងខ្ញុំទៅ ។ សូមពួកលោកដ៏ចម្រើន ទូលដល់ព្រះមទ្រីជាព្រះមាតារបស់យើងខ្ញុំថា បើលោកចង់អញ្ជើញមកតាមយើងខ្ញុំ គប្បីអញ្ជើញមកឲ្យឆាប់ ។ ផ្លូវនេះ ដើរចុះតែជើងមួយ ត្រង់ទៅកាន់អាស្រម ព្រះមាតាគប្បីស្តេចអញ្ជើញមកតាមផ្លូវនោះឯង មុខជានឹងឃើញយើងខ្ញុំភ្លាម ។ បពិត្រព្រះមាតាដ៏មានជដាអើយ ទុក្ខនោះនឹងមានដល់លោក ដែលនាំមើមឈើ និងផ្លែឈើអំពីព្រៃមក ព្រោះឃើញអាស្រមស្ងាត់ជ្រងំ ។ ព្រះមាតាបាន (មើមឈើ និងផ្លែឈើអំពីព្រៃ និងចំណី) ច្រើនដោយការស្វែងរកហួសវេលា មិនជ្រាបយើងខ្ញុំដែលព្រាហ្មណ៍អ្នកស្វែងរកទ្រព្យកំណាចលើសលន់ ចងវាយដំយើងខ្ញុំដូចជាគេវាយហ្វូងគោ ថ្ងៃនេះ យើងខ្ញុំសូមចួបនឹងព្រះមាតា ដែលអញ្ជើញមកអំពីការស្វែងរកផ្លែឈើក្នុងវេលាល្ងាច ។ ព្រះមាតាគប្បីប្រទានផ្លែឈើលាយដោយទឹកឃ្មុំដល់ព្រាហ្មណ៍ៗនេះបានបរិភោគផ្លែឈើនោះឆ្អែតហើយ មុខជាមិនបង្ខំនាំយើងខ្ញុំទៅ ។ កុមារទាំងពីរ មានសេចក្តីជាប់ចិត្តក្នុងព្រះមាតា ពិលាបក្នុងកាលនោះថា ឱហ្ន៎ បាតជើងទាំងឡាយរបស់យើងពុរពងអស់ហើយ ព្រាហ្មណ៍ដឹកនាំយើងទៅប្រញាប់ប្រញាល់ខ្លាំងណាស់ ។


ចប់ ទារកបព្វៈ ។


[៣៥០] (អភិសម្ពុទ្ធគាថា) ពួកទេវតាបានឮពិលាបនៃកុមារទាំងពីរនោះហើយ បានពោលពាក្យនេះថា អ្នកទាំងឡាយ ចូរធ្វើជាម្រឹគសាហាវបីក្នុងព្រៃ គឺសីហៈ ១ ខ្លាធំ ១ ខ្លាដំបង ១ ។ កុំឲ្យព្រះរាជបុត្រីមកអំពីការស្វែងរកផ្លែឈើក្នុងវេលារសៀលឡើយ កុំឲ្យពួកម្រឹគក្នុងព្រៃជាដែនរបស់យើងបៀតបៀនឡើយ ។ ប្រសិនបើសីហៈក្តី ខ្លាធំក្តី ខ្លាដំបងក្តី បៀតបៀននាងមទ្រី ដែលប្រកបដោយលក្ខណានោះហើយ ជាលិកុមារ និងនាងកណ្ហាជិនា នឹងរស់នៅដូចម្តេចបាន នាងមទ្រីដែលប្រកបដោយលក្ខណា នឹងព្រាត់ប្រាសចាកចំណែកទាំងពីរ គឺភស្ដា និងបុត្រទាំងពីរ ។


[៣៥១] (ព្រះនាងមទ្រី…) ជ្រនីកធ្លាក់ចុះ (អំពីដៃ) របស់អញ ភ្នែកស្តាំក៏កម្រើក ទាំងដើមឈើមានផ្លែ ក៏ប្រែជាមិនមានផ្លែ អញវង្វេងទិសទាំងអស់ ។ កាលដែលអញនោះមកកាន់អាស្រមក្នុងវេលាល្ងាច ក្នុងពេលដែលព្រះអាទិត្យអស្តង្គតហើយ ក៏មានពួកម្រឹគសាហាវមកឈររាំងក្នុងផ្លូវ កាលបើព្រះអាទិត្យទៀបអស្តង្គតហើយ អាស្រមក៏នៅឆ្ងាយណាស់ អញនឹងនាំយកមើមឈើ និងផ្លែឈើណាអំពីទីនេះ ដើម្បីជនទាំងនោះ ជនទាំងនោះ គប្បីនាំគ្នាបរិភោគមើមឈើ និងផ្លែឈើនោះជាភោជន ។ ក្សត្រិយ៍នោះ គង់នៅតែមួយអង្គឯង ក្នុងបណ្ណសាលាពិត ម្ល៉េះសមឃើញអាត្មាអញដែលមិនទាន់មកដល់ ក៏ខំលួងលោមទារកទាំងពីរ ដែលមានសេចក្តីស្រេកឃ្លាន ។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កម្សត់ដោយពិត នៅអង្គុយ (ចាំមើលផ្លូវ) ដូចកូនម្រឹគនៅបៅទឹកដោះ ក្នុងវេលាល្ងាច ឬក្នុងវេលាដែលបរិភោគ ។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កម្សត់ដោយពិត នៅអង្គុយ (ចាំមើលផ្លូវ) ដូចកូនម្រឹគបា្រថ្នារកទឹកផឹក ក្នុងវេលាល្ងាច ឬក្នុងវេលាដែលបរិភោគ ។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កម្សត់ដោយពិតនាំគ្នាឈរចាំទទួលអញ ដូចជាពួកកូនគោតូច ឈរចាំទទួលមេ ។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កម្សត់ដោយពិត នាំគ្នាឈរចាំទទួលអញ ដូចជាពួកហង្សឈរនៅលើភក់ ។ កូនតូចទាំងនោះរបស់អញជាស្រ្តីកំព្រា កម្សត់ដោយពិត នាំគ្នាឈរចាំទទួលអញ ក្នុងទីមិនឆ្ងាយអំពីអាស្រម ។ ផ្លូវតែមួយ ចុះបានតែជើងនៃបុគ្គលម្នាក់ ក្បែរខាងផ្លូវ មានស្រះ មានជ្រោះ អញមិនឃើញផ្លូវដទៃសម្រាប់ទៅកាន់អាស្រមបានទេ ។ បពិត្រម្រឹគទាំងឡាយ ខ្ញុំសូមថ្វាយបង្គំលោកទាំងឡាយ ជាស្តេចមានកម្លាំងច្រើនក្នុងព្រៃធំ សូមលោកជាបងប្អូននឹងគ្នាដោយធម៌ លោកទាំងឡាយ កាលបើខ្ញុំអង្វរហើយ ក៏សូមឲ្យផ្លូវដល់ខ្ញុំ ។ ខ្ញុំជាភរិយារបស់ព្រះរាជបុត្រដ៏មានសិរី ដែលគេនិរទេស ខ្ញុំមិនហ៊ានមើលងាយព្រះរាជស្វាមីនោះ ដូចនាងសិតាជាស្រ្តីមានវ័ត មិនហ៊ានមើលងាយព្រះរាម ។ លោកទាំងឡាយ ចូរឃើញបុត្រទាំងឡាយចុះ ចំណែកខ្ញុំ សូមឃើញស្វាមី និងបុត្រទាំងពីរ គឺជាលី និងកណ្ហាជិនា ក្នុងពេលល្ងាច គឺកាលជាទីទទួលចំណី ។ មើមឈើ និងផ្លែឈើនេះសោតក៏ច្រើន ចំណីនេះ មិនមែនតិចទេ ខ្ញុំនឹងបែងចំណីនោះពាក់កណ្តាលជូនលោកទាំងឡាយ កាលបើខ្ញុំអង្វរហើយ សូមឲ្យផ្លូវខ្ញុំ ។ ព្រះមាតារបស់យើង ជាព្រះរាជបុត្រី ព្រះបិតារបស់យើង ជាព្រះរាជបុត្រា លោកទាំងឡាយចូរជាបងប្អូនដោយធម៌ លោកទាំងឡាយ កាលបើខ្ញុំអង្វរហើយ សូមឲ្យផ្លូវខ្ញុំ ។


[៣៥២] (អភិសម្ពុទ្ធគាថា) ពួកម្រឹគសាហាវបានស្តាប់វាចាពីរោះពិសា ជាវាចាប្រកបដោយសេចក្តីករុណាច្រើន របស់នាងមទ្រីនោះ ដែលកំពុងលួងលោមហើយ ក៏នាំគ្នាថយចេញអំពីផ្លូវបាត់ទៅ ។


[៣៥៣] (ព្រះនាងមទ្រី) កូនតូចទាំងពីរប្រឡាក់ដោយអាចម៍ដី រមែងឈរចាំទទួលអញក្នុងប្រទេសនេះ ដូចជាពួកកូនគោឈរចាំទទួលមេ ។ កូនតូចទាំងពីរប្រឡាក់ដោយអាចម៍ដី រមែងឈរចាំទទួលអញក្នុងប្រទេសនេះ ដូចជាពួកហង្ស ឈរនៅលើភក់ ។ កូនតូចទាំងពីរប្រឡាក់ដោយអាចម៍ដី រមែងឈរចាំទទួលអញក្នុងប្រទេសនេះ ក្នុងទីជិតអាស្រម ។ កូនតូចទាំងនោះ ធ្លាប់តែស្ទុះមកព័ទ្ធជុំវិញ មានសេចក្តីត្រេកអររីករាយ នាំគ្នាលោតមក ហាក់ដូចជា (ញ៉ាំងហ្ឫទ័យរបស់មាតា) ឲ្យកំរើក ដូចកូនម្រឹគទាំងឡាយ (ឃើញមេ) ហើយដំឡើងស្លឹកត្រចៀក (អើត ក ចូលទៅជិតមេ រីករាយត្រេកអរ ស្ទុះទៅព័ទ្ធជុំវិញ) ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ។ អញលះបង់កូនទាំងពីរ ហើយចេញទៅ ដូចមេពពែ ឬមេម្រឹគ លះបង់កូន ដូចមេបក្សីចេញអំពី (សម្បុក) ឬដូចមេសីហៈ ប្រាថ្នាសាច់ (លះបង់កូនរបស់ខ្លួន ដើរចេញទៅរកចំណី) ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ។ នេះស្នាមជើងនៃកូនទាំងពីរនោះ ដូច (ស្នាមជើង) នៃហ្វូងដំរីក្បែរភ្នំ ពំនូកខ្សាច់ដែលកូនទាំងពីរនាំគ្នាពូន ក៏ខ្ចាត់ខ្ចាយក្នុងទីជិតនៃអាស្រម ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ។ កូនតូចទាំងពីររោយរាយដោយខ្សាច់ ប្រឡាក់ដោយអាចម៍ដី រមែងស្ទុះមកព័ទ្ធជុំវិញ អញមិនបានឃើញទារកទាំងនោះ ។ កាលពីដើម កូនទាំងពីរណា ទទួលអញដែលមកអំពីព្រៃឆ្ងាយ ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរនោះ គឺជាលី និងនាងកណ្ហាជិនា ។ ទារកទាំងពីរ តែងរមិលមើលផ្លូវអញក្នុងទីឆ្ងាយ ដូចកូនម្រឹគទទួលមេពពែ ឬម្រឹគជាមេ ។ ផ្លែព្នៅលឿងខ្ចី ដែលជ្រុះមកនេះឯង ជាល្បែងរបស់ទារកទាំងនោះ ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ។ ស្តនរបស់អញទាំងពីរនេះ ពេញ (ដោយទឹកដោះ) ទាំងទ្រូងសោត ក៏ស្ទើតែនឹងធ្លាយ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ។ កូនមួយរាវរកផ្លែឈើក្នុងថ្នក់របស់អញ កូនមួយតោងដោះទាំងគូរបស់អញ ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ។ វេលាថ្ងៃល្ងាច កូនតូចទាំងពីរ ប្រឡាក់ដោយអាចម៍ដី ននៀលលើភ្លៅរបស់អញ អញមិនបានឃើញទារកទាំងនោះ ។ កាលពីដើម អាស្រមនេះ ប្រាកដដល់អញ (ដូចជា) កន្លែងមហោស្រព ថ្ងៃនេះ អាស្រមហាក់ដូចវិលដល់អញ ដែលមិនបានឃើញកូនទាំងនោះ ។ ហេតុដូចម្តេច បានជាអាស្រមនេះ ហាក់ដូចជាស្ងាត់សូន្យឈឹងប្រាកដដល់អញ សូម្បីពួកក្អែកព្រៃ ក៏មិនកញ្រ្ជៀវ ទារកទាំងពីររបស់អញ ប្រាកដជាស្លាប់ហើយ ។ ហេតុដូចម្តេច បានជាអាស្រមនេះហាក់ដូចជាស្ងាត់សូន្យឈឹងប្រាកដដល់អញ សូម្បីពួកសត្វហើរ ក៏មិនកញ្រ្ជៀវ ទារកទាំងពីររបស់អញ ប្រាកដជាស្លាប់ហើយ ។


[៣៥៤] ហេតុនេះដូចម្តេច បានជាព្រះអង្គគង់ស្ងៀម ចិត្តរបស់ខ្ញុំម្ចាស់ហាក់ដូច (យល់សប្តិ) ក្នុងរាត្រី សូម្បីពួកក្អែកព្រៃ ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ ។ ហេតុដូចម្តេច បានជាព្រះអង្គគង់ស្ងៀម ចិត្តរបស់ខ្ញុំម្ចាស់ ហាក់ដូចជា (យល់សប្តិ) ក្នុងរាត្រី សូម្បីពួកសត្វហើរ ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ ។ បពិត្រព្រះអយ្យបុត្រ ពួកម្រឹគស៊ីទារកទាំងពីររបស់ខ្ញុំម្ចាស់ហើយទេដឹង ឬនរណានាំយកទារករបស់ខ្ញុំម្ចាស់ទៅក្នុងព្រៃដ៏ស្ងាត់ឥតជាតិជៅ ។ ព្រះអង្គធ្វើទារកទាំងនោះ ឲ្យជាទូត ហើយប្រើទៅឬ ឬក៏ទារកទាំងនោះ ជាអ្នកពោលពាក្យពីរោះ ដេកលក់អស់ហើយ ឬទារកទាំងនោះ ខ្វល់ខ្វាយក្នុងល្បែងទាំងឡាយ ហើយនាំគ្នាចេញទៅខាងក្រៅ ។ សក់ទាំងឡាយក្តី ដៃជើងទាំងឡាយក្តី ដ៏វិចិត្រដោយបណ្តាញរបស់ទារកទាំងនោះ ក៏មិនឃើញសោះ ក្រែងពួកបក្សីឆាបនាំយកទៅទេដឹង ឬនរណានាំយកទារករបស់ខ្ញុំម្ចាស់ទៅ ។


[៣៥៥] ការដែលព្រះអង្គមិនមានព្រះបន្ទូលនេះ ជាទុក្ខក្រៃលែងជាងទុក្ខរបស់ខ្ញុំម្ចាស់ ដែលមិនឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ដូចជាដំបៅដែលមុតដោយព្រួញ ។ នេះជាព្រួញទីពីរ គឺត្រង់ដែលខ្ញុំម្ចាស់មិនឃើញបុត្រទាំងពីរ ១ ដែលព្រះអង្គមិនត្រាស់ប្រាប់ខ្ញុំម្ចាស់ ១ នាំឲ្យកំរើកហ្ឫទ័យរបស់ខ្ញុំម្ចាស់ ។ បពិត្រព្រះរាជបុត្រ បើព្រះអង្គមិនត្រាស់ប្រាប់ដល់ខ្ញុំម្ចាស់ អស់រាត្រីនេះ ក្នុងថ្ងៃនេះទេ ព្រះអង្គមុខជានឹងឃើញខ្ញុំម្ចាស់អស់ជីវិត ស្លាប់ក្នុងពេលព្រឹកមិនខាន ។


[៣៥៦] (ព្រះមហាសត្វ…) ក្រែងនាងមទ្រីមានកំពស់ និងទំហំដ៏ប្រសើរ ជារាជបុត្រី មានយសឬ នាងទៅដើម្បីស្វែងរក (ផ្លែឈើតូចធំ) តាំងពីពេលព្រឹក ហេតុដូចម្ដេច បានជាដល់ពេលល្ងាចហើយទើបមក ។


[៣៥៧] (ព្រះនាងមទ្រី…) ក្រែងព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងទ្រហឹងអឺងកងនៃសីហៈ និងខ្លា ដែលស្រែកបន្លឺឡើង (ព្រមទាំងម្រឹគដទៃ មានដំរីជាដើម) ដែលមកកាន់ស្រះ (នេះ) ដើម្បីផឹកទឹកដែរឬទេ ។ បុព្វនិមិត្តបានកើតឡើងដល់ខ្ញុំម្ចាស់ ដែលដើររង្គាត់ក្នុងព្រៃធំ ជ្រនីក ក៏ធ្លាក់អំពីដៃរបស់ខ្ញុំម្ចាស់ ទាំងកញ្ច្រែងដែលលីលើចង្កួយស្មា ក៏ធ្លាក់អំពីស្មា ។ ក្នុងពេលនោះ ខ្ញុំម្ចាស់មានសេចក្តីភិតភ័យក្រៃពេក ក៏ប្រណម្យអញ្ជលី នមស្ការគ្រប់ទិសផ្សេងៗ សូមឲ្យសួស្តីគប្បីមានព្រោះការនមស្ការនេះ ។ សូមកុំឲ្យសីហៈ និងខ្លាដំបងបៀតបៀនព្រះរាជបុត្ររបស់យើងបាន មួយទៀត សូមកុំឲ្យខ្លាឃ្មុំ ឆ្កែព្រៃ និងខ្លារខិនចាប់ខាំស៊ីទារកទាំងពីរបាន ។ ពួកពាលម្រឹគទាំងបីក្នុងព្រៃ គឺសីហៈមួយ ខ្លាធំមួយ ខ្លាដំបងមួយ រាំងផ្លូវខ្ញុំម្ចាស់ ព្រោះហេតុនោះ បានជាខ្ញុំម្ចាស់មកក្នុងវេលាល្ងាច ។


[៣៥៨] ខ្ញុំម្ចាស់មានសក់កណ្តាញ់ ប្រព្រឹត្តធម៌ដ៏ប្រសើរ ស្រវាស្រទេញ (ផ្គត់ផ្គង់) ប្តីផង បុត្រទាំងពីរផង អស់ថ្ងៃ និងយប់ ដូចជាមាណព (ផ្គត់ផ្គង់) អាចារ្យ ។ ហៃបុត្រកម្សត់ទាំងពីរ មាតាស្លៀកដណ្តប់ស្បែកខ្លា ខំស្វែងរកមើមឈើ និងផ្លែឈើ ក្នុងព្រៃទាំងថ្ងៃ ទាំងយប់ ព្រោះតែសេចក្តីស្រឡាញ់កូនឯងទាំងពីរ ។ រមៀតមានពណ៌ដូចជាមាស និងផ្លែព្នៅនេះ មាតាបាននាំមកដល់ហើយ មាតាបាននាំទាំងផ្លែឈើទាំងឡាយ (ឯទៀតផង) ហៃបុត្រកម្សត់ទាំងពីរ ផ្លែឈើទាំងនេះ ជាល្បែងរបស់កូនឯងទាំងពីរ ។ មើមឈូក ក្រអៅ ឧប្បល ក្រចាប់នេះ បពិត្រក្សត្រិយ៍ សូមព្រះអង្គ ព្រមទាំងបុត្រទាំងពីរសោយ (វត្ថុទាំងនោះ) ដែលលាយដោយទឹកឃ្មុំចុះ ។ បពិត្រព្រះបាទសិវិ សូមព្រះអង្គប្រទានផ្កាឈូកដល់ជាលី សូមព្រះអង្គប្រទានផ្កាកុមុទដល់នាងកុមារី សូមទត (កុមារទាំងពីរ) ដែលប្រដាប់ដោយកម្រងផ្កា ហើយរាំ សូមព្រះអង្គត្រាស់ហៅបុត្រទាំងពីរមក ។ បពិត្រព្រះអង្គ ជាធំក្នុងរថ បណ្តាបុត្រទាំងពីរនោះ បុត្រីឈ្មោះកណ្ហាជិនា រមែងទៅ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ (សំឡេង) របស់វា ដែលពីរោះគួរចាប់ចិត្ត ពាក្យពីរោះ ចូលទៅកាន់អាស្រម ។ បពិត្រព្រះបាទសិវិ យើងទាំងពីរនាក់ ត្រូវគេនិរទេសចាកដែនហើយ ជាអ្នករួមសុខរួមទុក្ខជាមួយគ្នា ព្រះអង្គឃើញបុត្រទាំងពីរ គឺជាលី និងកណ្ហាជិនាដែរឬ ។ ខ្ញុំម្ចាស់បានជេរប្រទេចពួកស្រមណ៍ និងព្រាហ្មណ៍ក្នុងលោក មានព្រហ្មចរិយធម៌ប្រព្រឹត្តទៅខាងមុខ មានសីល ជាពហុស្សូតដោយពិត បានជាខ្ញុំម្ចាស់មិនឃើញបុត្រទាំងពីរ គឺជាលី និងកណ្ហាជិនានោះក្នុងថ្ងៃនេះ ។


[៣៥៩] នេះរុក្ខជាតិផ្សេងៗ គឺព្រីង ឈើទាលខ្សាច់ មានមែកត្រសុំត្រសាយ កុមារទាំងនោះ អញមិនបានឃើញ ។ នេះជលជាតិផ្សេងៗ គឺពោធិ៍ ខ្នុរ ជ្រៃ ក្រសាំង កុមារទាំងនោះ អញមិនបានឃើញ ។ នេះសួនច្បារទាំងឡាយ នេះស្ទឹង មានទឹកត្រជាក់ ជាទីដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ ។ ផ្កាឈើច្រើនយ៉ាង លើភ្នំនេះ ជាផ្កាដែលកុមារទាំងពីរធ្លាប់ទ្រទ្រង់ កុមារទាំងនោះ អញមិនបានឃើញ ។ ផ្លែឈើច្រើនយ៉ាង លើភ្នំនេះ ជាផ្លែដែលកុមារទាំងពីរធ្លាប់បរិភោគ កុមារទាំងនោះ អញមិនបានឃើញសោះ ។ រូបដំរី រូបសេះទាំងនេះក្តី រូបគោទាំងនេះក្តី ជារូបដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ ។


[៣៦០] រូបម្រឹគមានសម្បុរពព្រុស រូបទន្សាយ  រូបមៀម  រូបម្រឹគឈ្លូសជាច្រើនទាំងនេះ ជារូបដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ ។ រូបហង្ស រូបក្រៀល រូបក្ងោកមានស្លាបដ៏វិចិត្រ ជារូបដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ ។


[៣៦១] គុម្ពឈើទាំងនេះ មានផ្ការីកសព្វកាល ជាផ្កាដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ ។ ស្រះបោក្ខរណីទាំងនេះ គួរជាទីត្រេកអរ ទ្រហឹងអឺងកងដោយសត្វចាក្រពាក ដេរដាសដោយផ្កាមណ្ឌាលកៈផង ដោយផ្កាឈូក និងផ្កាឧប្បលផង ជាទីដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ ។


[៣៦២] ឧសទាំងឡាយ ព្រះអង្គមិនកាច់ ទឹក ព្រះអង្គមិនដង ភ្លើង ព្រះអង្គមិនបង្កាត់ ហេតុអ្វីបានជាព្រះអង្គសញ្ជប់សញ្ជឹង ដូចមនុស្សខ្លៅ ។ (ព្រះវេស្សន្តរ) ជាទីស្រឡាញ់ (របស់ខ្ញុំម្ចាស់) សេចក្តីព្រួយ តែងរសាយព្រោះបានជួបជុំដោយព្រះអង្គ ជាទីស្រឡាញ់ ក្នុងថ្ងៃនេះ ខ្ញុំម្ចាស់មិនឃើញបុត្រទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ។


[៣៦៣] បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញបុត្ររបស់យើងទាំងពីរសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកក្អែកព្រៃសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ប្រាកដជាស្លាប់ហើយ ។ បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញបុត្ររបស់យើងទាំងពីរសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកសត្វស្លាបសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ ។ ។


[៣៦៤] (អភិសម្ពុទ្ធគាថា) នាងមទ្រីនោះ (បានត្រាច់ទៅ) កាន់ភ្នំ និងព្រៃ ខ្សឹកខ្សួលក្នុងទីនោះ ហើយត្រឡប់មកអាស្រមវិញ ក៏ទ្រង់ព្រះកន្សែងក្នុងសំណាក់ព្រះរាជស្វាមីថា បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញ (បុត្រទាំងពីរ) របស់យើងសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកក្អែកព្រៃសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ ។ បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញ (បុត្រទាំងពីរ) របស់យើងសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកសត្វស្លាបសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ ។ បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញ (បុត្រទាំងពីរ) របស់យើងសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ម្នាលភិក្ខុទាំងឡាយ នាងមទ្រីត្រាច់ទៅក្រោមម្លប់ឈើ និងភ្នំ និងគុហា ។ នាងមទ្រីមានកំពស់ និងទំហំដ៏ប្រសើរ ជារាជបុត្រីមានយស ក៏ផ្គងដើមដៃទាំងពីរ កន្ទក់កន្ទេញយ៉ាងនេះហើយ ក៏ដួលទៅលើផែនដីក្នុងទីនោះ ។


[៣៦៥] ព្រះបាទវេស្សន្តរ ទ្រង់ស្រោចស្រពព្រះរាជបុត្រីនោះ ដែលបានមកដល់សំណាក់ព្រះអង្គ បន្ទាប់អំពីនោះមក ព្រះអង្គជ្រាបព្រះរាជបុត្រីនោះ ដែលស្រួលចិត្តហើយ ទើបបានត្រាស់នឹងព្រះរាជបុត្រីនោះ យ៉ាងនេះថា ហៃនាងមទ្រី អញមិនចង់ប្រាប់សេចក្តីទុក្ខ ដល់នាងអំពីដំបូងទេ មានព្រាហ្មណ៍ចាស់កម្សត់ជាស្មូម បានមកកាន់លំនៅ ។ ហៃនាងមទ្រី អញបានឲ្យបុត្រទាំងពីរ ដល់ព្រាហ្មណ៍នោះហើយ នាងកុំភិតភ័យអ្វី នាងចូរស្រួលចិត្តចុះ ហៃនាងមទ្រី នាងចូរមើលមកអញ កុំមើលបុត្រទាំងពីរ កុំខ្សឹកខ្សួលខ្លាំងឡើយ កាលបើយើងរស់នៅ បានសុខសប្បាយ ក៏គង់បាន (ចួបប្រទះ) នឹងបុត្រវិញ ។ សប្បុរសបានឃើញពួកស្មូមមកហើយ គប្បីឲ្យកូន សត្វចិញ្ចឹម ធញ្ញជាតិ និងទ្រព្យដទៃដែលមានក្នុងផ្ទះជាទាន ហៃនាងមទ្រី នាងចូររីករាយតាមនូវអំណោយបុត្រដ៏ឧត្តមរបស់អញ ។


[៣៦៦] (ព្រះនាងមទ្រី…) បពិត្រព្រះទេវៈ ខ្ញុំម្ចាស់សូមរីករាយតាមនូវអំណោយបុត្រដ៏ឧត្តមរបស់ព្រះអង្គ ព្រះអង្គប្រទានហើយ សូមធ្វើព្រះហ្ឫទ័យឲ្យជ្រះថ្លាចុះ សូមព្រះអង្គទ្រង់ឲ្យទានជាភិយ្យោភាពចុះ ។ បពិត្រព្រះជនាធិបៈ កាលដែលពួកមនុស្សកំពុងមានសេចក្តីកំណាញ់ ព្រះអង្គជាអ្នកញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ទ្រង់បានដាក់ទានដល់ព្រាហ្មណ៍ ។


[៣៦៧] ព្រះអង្គបានញ៉ាំងផែនដីឲ្យខ្ទរខ្ទារ កិត្តិសព្ទរបស់ព្រះអង្គទៅដល់ទេវលោក ផ្លេកបន្ទោរពុំជួកាល ដាលច្រវាត់ជុំវិញព្រៃហេមពាន្ត ដូចជាសំឡេងលាន់នៃភ្នំទាំងឡាយ ។


[៣៦៨] ពួកទេវតាទាំងពីរក្រុម គឺនារទៈ និងបព្វតៈ ព្រមទាំងព្រះឥន្រ្ទ ព្រះព្រហ្ម និងបជាបតិទេវបុត្រ សោមទេវបុត្រ ព្រះបាទយមៈ និងព្រះបាទវេស្សវ័ណ ក៏នាំគ្នារីករាយតាមព្រះអង្គនោះ ពួកទេវតាទាំងអស់ដែលកើតក្នុងឋានតាវត្តិង្ស ព្រមទាំងព្រះឥន្រ្ទ ក៏រីករាយតាម ។ (ព្រះសាស្តាបានត្រាស់គាថានេះថា) ព្រះនាងមទ្រី មានកំពស់ និងទំហំដ៏ប្រសើរ ជារាជបុត្រីមានយស បានរីករាយតាមនូវអំណោយបុត្រដ៏ឧត្តមរបស់ព្រះបាទវេស្សន្តរដោយប្រការដូច្នេះ ។


ចប់ មទ្ទីបព្វៈ ។ 


💐(អភិសម្ពុទ្ធគាថា) លំដាប់នោះ ក្នុងកាលដែលរាត្រីកន្លងទៅហើយ ព្រះអាទិត្យក៏រះឡើង សក្កទេវរាជមានភេទជាព្រាហ្មណ៍ ប្រាកដដល់ក្សត្រទាំងពីរនោះក្នុងពេលព្រឹក ។


[៣៧០] (សក្កទេវរាជ…) ព្រះអង្គសុខសប្បាយទេឬ ព្រះអង្គមិនមានរោគាពាធទេឬ ព្រះអង្គញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយការស្វែងរកស្រួលទេឬ មើមឈើ និងផ្លែឈើមានច្រើនដែរឬ ។ ពួករបោម មូស និងពស់ មានតិចទេឬ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនទេឬ ។


[៣៧១] (ព្រះមហាសត្វ…) ម្នាលព្រាហ្មណ៍ ពួកយើងសុខសប្បាយទេ ម្នាលព្រាហ្មណ៍ មិនមានរោគាពាធអ្វីទេ មួយទៀត យើងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយការស្វែងរកស្រួលទេ មើមឈើ និងផ្លែឈើទាំងឡាយដ៏បរិបូណ៌ដែរទេ ។ ទាំងពួករបោម មូស និងពស់ មានតិចទេ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនយើងទេ ។ យើងនៅក្នុងព្រៃអស់ ៧ ខែ រស់នៅទាំងសំណោក ទើបឃើញព្រាហ្មណ៍ជាគំរប់ពីរនេះ មានភេទដ៏ប្រសើរ កាន់ឈើច្រត់មានពណ៌ដូចជាផ្លែព្នៅទុំ ទ្រទ្រង់ស្បែកខ្លាទាំងក្រចក ។ នែមហាព្រាហ្មណ៍ អ្នកមកល្អហើយ មួយទៀត អ្នកមិនមែនមកអាក្រក់ទេ អញ្ជើញអ្នកចូលទៅខាងក្នុង សេចក្តីចម្រើន (ចូរមាន) ដល់អ្នក អ្នកចូរលាងជើងទាំងឡាយរបស់អ្នក ។ ម្នាលព្រាហ្មណ៍ អ្នកចូរបរិភោគផ្លែឈើយ៉ាងឆ្ងាញ់ៗដូចទឹកឃ្មុំ គឺផ្លែទន្លាប់ ទ្រយឹង មាក់ប្រាង មាក់ដោក ។ ទឹកត្រជាក់នេះ ដងមកអំពីជ្រោះភ្នំ ម្នាលមហាព្រាហ្មណ៍ អ្នកចូរផឹកទឹកនេះចុះ បើអ្នកប្រាថ្នាចង់ផឹក ។ យើងសូមសួរអ្នក អ្នកបានមកដល់ព្រៃធំដោយរឿងដូចម្តេច ឬដោយហេតុដូចម្តេច អ្នកកាលបើយើងសួរហើយ ចូរប្រាប់រឿងនោះ ។


[៣៧២] (សក្កទេវរាជ…) ផ្លូវទឹកដ៏ពេញប្រៀប មិនអស់ទៅសព្វកាលយ៉ាងណាមិញ ទូលបង្គំជាខ្ញុំ មកដើម្បីសូមទានព្រះអង្គ ទូលបង្គំជាខ្ញុំសូមហើយ សូមព្រះអង្គប្រទានភរិយា ក៏យ៉ាងនោះដែរ ។


[៣៧៣] (ព្រះមហាសត្វ…) ម្នាលព្រាហ្មណ៍ យើងឲ្យរបស់ដែលអ្នកសូមនឹងយើង យើងមិនរួញរាទេ យើងមិនលាក់លៀមវត្ថុដែលមាន ចិត្តរបស់យើងត្រេកអរក្នុងទាន ។


[៣៧៤] (អភិសម្ពុទ្ធគាថា) ព្រះបាទវេស្សន្តរ ជាអ្នកញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ចាប់ដៃនាងមទ្រី និងកុណ្ខីទឹក ហើយបានដាក់ទានដល់ព្រាហ្មណ៍ ។ កាលដែលព្រះវេស្សន្តរ ទ្រង់លះបង់ព្រះនាងមទ្រី ហេតុដែលគួរស្ញប់ស្ញែង ក៏កើតមានក្នុងកាលនោះ សេចក្តីព្រឺរោម ក៏កើតមានក្នុងកាលនោះ ផែនដីក៏ញាប់ញ័រ ។ ព្រះនាងមទ្រី មិនមានមុខក្រញូវ មិនអៀន មិនយំ ព្រះនាងស្ងៀម សំឡឹង (ព្រះភក្រ្ត) របស់ព្រះបាទវេស្សន្តរនោះ (ដោយគិតថា) ព្រះរាជានេះ ជ្រាបហេតុដ៏ប្រសើរ ។


[៣៧៥] តថាគត កាលដែលលះរាជបុត្រាឈ្មោះជាលី រាជធីតាឈ្មោះកណ្ហាជិនា និងនាងទេវីឈ្មោះមទ្រី ដែលមានវត័ដ៏ល្អក្នុងប្តី មិនគិត (ស្តាយ) ព្រោះហេតុតែពោធិញ្ញាណដោយពិត ។ បុត្រទាំងពីរ មិនមែនជាទីស្អប់របស់តថាគតទេ នាងទេវីឈ្មោះមទ្រី មិនមែនមិនជាទីស្រឡាញ់របស់តថាគតទេ សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យជនទាំង ៣ នាក់ ជាទីស្រឡាញ់ (ដល់ព្រាហ្មណ៍) ។


[៣៧៦] (ព្រះនាងមទ្រី…) ខ្ញុំម្ចាស់ជាភរិយារបស់ព្រះអង្គអំពីក្មេង ព្រះអង្គជាស្វាមី ជាឥស្សរៈរបស់ខ្ញុំម្ចាស់ស្រាប់ហើយ ចង់ឲ្យខ្ញុំម្ចាស់ដល់អ្នកណា គប្បីឲ្យដល់អ្នកនោះចុះ ចង់លក់ ឬចង់សំឡាប់ (ក៏បាន) ។


[៣៧៧] (អភិសម្ពុទ្ធគាថា) ព្រះឥន្រ្ទជាធំជាងទេវតា ជ្រាបសេចក្តីត្រិះរិះរបស់ជនទាំងនោះហើយ ក៏បានពោលដូច្នេះថា ពួកសត្រូវទាំងអស់ ដែលឃាត់នូវទិព្វសម្បត្តិ និងមនុស្សសម្បត្តិ ព្រះអង្គក៏បានឈ្នះហើយ ព្រះអង្គបានញ៉ាំងផែនដីឲ្យខ្ទរខ្ទារ កិត្តិសព្ទរបស់ព្រះអង្គផ្សាយទៅដល់ទេវលោក ផ្លេកបន្ទោរក៏ដាលច្រវាត់ជុំវិញ ដូចជាសំឡេងលាន់នៃភ្នំទាំងឡាយ ។ ពួកទេវតាទាំងពីរក្រុម គឺនារទៈ និងបុព្វតៈ ទាំងព្រះឥន្រ្ទ ព្រះព្រហ្ម និងបជាបតិទេវបុត្រ សោមទេវបុត្រ ព្រះបាទយមៈ និងព្រះបាទវេស្សវ័ណ រីករាយតាមព្រះអង្គនោះ ពួកទេវតាទាំងអស់ ក៏រីករាយតាម (យ៉ាងនេះថា) មែនពិត ព្រះបាទវេស្សន្តរនោះ ធ្វើអំពើដែលគេធ្វើបានដោយកម្រ ។ កាលដែលពួកជនកំពុងឲ្យវត្ថុដែលគេឲ្យបានដោយកម្រ កំពុងធ្វើអំពើដែលគេធ្វើបានដោយកម្រ ពួកអសប្បុរសរមែងមិនធ្វើតាម (អំពើនោះ) ឡើយ ធម៌របស់ពួកសប្បុរស គឺគេដឹងបានដោយក្រ ។ ព្រោះហេតុនោះ ដំណើរទៅអំពីលោកនេះ (ទៅកាន់បរលោក) នៃពួកសប្បុរស និងពួកអសប្បុរស ជាដំណើរផ្សេងគ្នា ពួកអសប្បុរស ទៅកាន់នរក ពួកសប្បុរស មានឋានសួគ៌ប្រព្រឹត្តទៅក្នុងខាងមុខ ។ ព្រះអង្គកាលដែលគង់នៅក្នុងព្រៃ បានប្រទានកុមារទាំងពីរ ទាំងបានប្រទានភរិយា ទានទាំងពីរនោះ ឈ្មោះថាជាយានដ៏ប្រសើរ មិននាំចុះទៅ (កាន់អបាយភូមិ) ទេ យានដ៏ប្រសើរនោះ សូមសម្រេចដល់ព្រះអង្គក្នុងឋានសួគ៌ ។


[៣៧៨] (សក្កទេវរាជ…) ឥឡូវ ខ្ញុំសូមថ្វាយនាងមទ្រី ជាស្ត្រីមានសព៌ាង្គដ៏ល្អ ជាភរិយារបស់ព្រះអង្គវិញ ព្រះអង្គសមគួរនឹងនាងមទ្រីដោយពិត នាងមទ្រីក៏សមគួរនឹងព្រះអង្គដែលជាភស្តាដែរ ។ វត្ថុទាំងពីរ គឺទឹកដោះស្រស់មួយ ស័ង្ខមួយ មានសម្បុរស្មើគ្នា យ៉ាងណាមិញ ព្រះអង្គ និងនាងមទ្រី មានព្រះហ្ឫទ័យស្មើគ្នា ក៏យ៉ាងនោះដែរ ។ ព្រះអង្គទាំងពីរ ជាក្សត្រិយ៍បរិបូណ៌ដោយគោត្រ មានព្រះជាតិល្អខាងមាតា និងបិតា ត្រូវគេនិរទេស មកគង់នៅក្នុងអាស្រម នាព្រៃនេះ ព្រះអង្គគប្បីធ្វើបុណ្យ ឲ្យទានតាមសមគួរតៗទៅ ។


[៣៧៩] ខ្ញុំជាទេវិន្ទ ឈ្មោះសក្កៈ បានមកក្នុងសំណាក់ព្រះអង្គ បពិត្រព្រះរាជា ជាឥសី សូមព្រះអង្គទទួលយកពរចុះ ខ្ញុំសូមថ្វាយពរ ៨ យ៉ាង ចំពោះព្រះអង្គ ។


[៣៨០] (ព្រះពោធិសត្វ…) បពិត្រសក្កៈជាធំជាងទេព្តាទាំងពួង បើព្រះអង្គនឹងប្រទានពរដល់ខ្ញុំ (ខ្ញុំ) សូមព្រះបិតាស្រុះស្រួលទទួលខ្ញុំដែលទៅអំពីព្រៃនេះ ដល់ដំណាក់របស់ខ្លួន សូមអញ្ជើញខ្ញុំដោយអាសនៈ (រាជសម្បត្តិ) ខ្ញុំសូមពរទី ១ នេះ ។ ខ្ញុំសូមមិនចូលចិត្តនឹងការសំឡាប់បុរស ខ្ញុំសូមដោះអំពីការសំឡាប់នូវមនុស្ស ដែលគេត្រូវសំឡាប់ សូម្បីមនុស្សនោះធ្វើអំពើមោះមៃ (មានកំហុសក្នុងព្រះរាជា) ក៏ដោយ ខ្ញុំសូមពរទី ២ នេះ ។ សូមឲ្យពួកបុរសទាំងចាស់ក្មេង ទាំងកណ្តាល រស់នៅអាស្រ័យនឹងខ្ញុំ ខ្ញុំសូមពរទី ៣ នេះ ។ ខ្ញុំសូមមិនគប់រកប្រពន្ធអ្នកដទៃ ខ្ញុំសូមជាអ្នកខ្វល់ខ្វាយចំពោះតែប្រពន្ធរបស់ខ្លួន ខ្ញុំសូមមិនលុះក្នុងអំណាចពួកស្ត្រី ខ្ញុំសូមពរទី ៤ នេះ ។ បពិត្រសក្កៈ បុត្ររបស់ខ្ញុំកើតហើយ សូមឲ្យបុត្រនោះមានអាយុវែង សូមឲ្យបានត្រួតត្រាផែនដីដោយធម៌ ខ្ញុំសូមពរទី ៥ នេះ ។ តអំពីនោះមក នាកាលរាត្រីកន្លងទៅ ព្រះអាទិត្យរះឡើង សូមចំណីជាទិព្វទាំងឡាយ មានប្រាកដ ខ្ញុំសូមពរទី ៦ នេះ ។ កាលបើខ្ញុំកំពុងឲ្យ សូម (ទេយ្យធម៌) កុំបីអស់ទៅ លុះខ្ញុំឲ្យហើយ សូមកុំឲ្យក្តៅក្រហាយស្តាយក្រោយ ខ្ញុំកំពុងឲ្យ សូមឲ្យចិត្តជ្រះថ្លា ខ្ញុំសូមពរទី ៧ នេះ ។ កាលបើខ្ញុំច្យុតចាកអត្តភាពនេះ សូមឲ្យបានទៅកាន់ឋានសួគ៌ ដល់នូវឋានដ៏វិសេស គឺកើតក្នុងតុសិតបុរី (កាលបើខ្ញុំច្យុតចាកតុសិតភពនោះមក) សូមកុំឲ្យកើត (ក្នុងភពថ្មីទៀត) ខ្ញុំសូមពរទី ៨ នេះ ។


[៣៨១] (អភិសម្ពុទ្ធគាថា) ព្រះឥន្រ្ទជាធំជាងទេវតា បានទ្រង់ព្រះសណ្តាប់ព្រះបន្ទូលព្រះបាទវេស្សន្តរនោះហើយ ក៏ពោលពាក្យយ៉ាងនេះថា ព្រះបិតាបង្កើតរបស់ព្រះអង្គ មិនយូរទេ នឹងមកចួបព្រះអង្គ ។ មឃទេវរាជ ជាប្តីនៃនាងសុជាតា លុះត្រាស់ព្រះតម្រាស់នេះហើយ ប្រទានពរដល់ព្រះបាទវេស្សន្តរហើយ ក៏ចៀសចេញទៅកាន់ពួកទេវតាក្នុងឋានសួគ៌ ។


ចប់ សក្កបព្វៈ ។


[៣៨២] (ព្រះបាទសញ្ជ័យ…) មុខអ្នកណានោះ ភ្លឺដូចមាសដែលគេរំលាយដោយភ្លើង ឬដូចមាសឆ្តោរភ្លឺចិញ្ចែងចិញ្ចាចក្នុងមាត់បាវ ។ កុមារទាំងពីរមានអវយវៈស្រដៀងគ្នា កុមារទាំងពីរមានលក្ខណៈស្រដៀងគ្នា កុមារម្នាក់ស្រដៀងនឹងជាលី កុមារីម្នាក់ដូចនាងកណ្ហាជិនា ។ កុមារទាំងពីរបរិបូណ៌ដោយរូបសម្បត្តិ ដូចជាពួកសីហៈដែលចេញអំពីរូង ទារកទាំងនេះប្រាកដដូចរូបជាវិការៈនៃមាស ។


[៣៨៣] ម្នាលភារទ្វាជៈ អ្នកនាំទារកទាំងពីរនេះមកអំពីទីណាហ្ន៎ ម្នាលព្រាហ្មណ៍ អ្នកមកដល់ដែនក្នុងថ្ងៃនេះ តើអ្នកមកអំពីទីណា ។


[៣៨៤] (ជូជក…) បពិត្រព្រះទេវៈ ទ្រង់ព្រះនាមសញ្ជ័យ ព្រះបាទវេស្សន្តរ ទ្រង់មានព្រះហ្ឫទ័យត្រេកអរ បានប្រទានទារកទាំងនោះ ដល់ទូលព្រះបង្គំជាខ្ញុំ តាំងពីថ្ងៃដែលទូលព្រះបង្គំជាខ្ញុំបានទារកមក ១៥ រាត្រី ក្នុងថ្ងៃនេះហើយ ។


[៣៨៥] (ព្រះបាទសញ្ជ័យ…) អ្នកឯងធ្វើយើងឲ្យជឿដោយពាក្យជាទីស្រឡាញ់ តាមហេតុត្រឹមត្រូវដូចម្តេចបាន នរណាហ៊ានលើកបុត្រទាំងពីរ ឲ្យជាទានដ៏ឧត្តម ហើយឲ្យដល់អ្នក ។


[៣៨៦] (ជូជក…) ព្រះបាទវេស្សន្តរណាជាទីពឹងរបស់ពួកស្មូម ដូចជាព្រះធរណី ជាទីពឹងរបស់ពួកសត្វ ព្រះបាទវេស្សន្តរនោះ ទ្រង់គង់នៅក្នុងព្រៃ បានប្រទានបុត្រទាំងពីរ ដល់ទូលព្រះបង្គំជាខ្ញុំ ។ ព្រះវេស្សន្តរណា ជាទីប្រព្រឹត្តទៅនៃពួកស្មូម ដូចជាសាគរ ជាទីប្រព្រឹត្តទៅនៃស្ទឹងទាំងឡាយ ព្រះបាទវេស្សន្តរនោះ ទ្រង់គង់នៅក្នុងព្រៃ បានប្រទានបុត្រទាំងពីរដល់ទូលព្រះបង្គំជាខ្ញុំ ។


[៣៨៧] (ពួកអាមាត្យ…) ម្នាលគ្នាយើង ព្រះរាជាកាលទ្រង់គង់នៅក្នុងព្រះរាជដំណាក់ ទ្រង់មានសទ្ធា ធ្វើអាក្រក់ណាស់ ព្រះបាទវេស្សន្តរ ត្រូវគេនិរទេស ទៅគង់នៅក្នុងព្រៃហើយ ម្តេចក៏នៅតែប្រទានបុត្រទាំងពីរទៀត ។ នែអ្នកដ៏ចម្រើនទាំងឡាយ អ្នកទាំងប៉ុន្មាននាក់ ដែលបានមកចួបជុំគ្នាក្នុងទីនេះ ចូរស្តាប់រឿងនេះចុះ ហេតុដូចម្តេចបានជាព្រះបាទវេស្សន្តរទៅគង់នៅក្នុងព្រៃហើយ ក៏ប្រទានបុត្រទាំងពីរ ។ ព្រះអង្គគួរប្រទានទាសា ទាសី សេះ រថ ដែលទឹមដោយសេះអស្សតរផង គួរប្រទានដំរីកុញ្ជរផង ហេតុដូចម្តេចបានជាដាក់ទានទារកទាំងពីរទៀត ។


[៣៨៨] (ជាលីកុមារ…) បពិត្រព្រះអយ្យកោ ទាសៈ សេះ ឬរថដែលទឹមដោយសេះអស្សតរ និងដំរីកុញ្ជរ មិនមានក្នុងផ្ទះនៃបុគ្គលណា បុគ្គលនោះនឹងឲ្យដូចម្តេចកើត ។


[៣៨៩] (ព្រះបាទសញ្ជ័យ…) នែចៅ យើងសរសើរទានបិតារបស់អ្នក យើងមិនមែនបន្តុះបង្អាប់ទេ ចុះហ្ឫទ័យ (នៃបិតារបស់បា) តើដូចម្តេច បានជាឲ្យបាទាំងពីរ ដល់ស្មូម ។


[៣៩០] (ជាលីកុមារ…) បពិត្រមហារាជ (ការណ៍ដែល) ព្រះបិតារបស់ទូលព្រះបង្គំជាខ្ញុំ ទ្រង់ប្រទានយើងខ្ញុំដល់ស្មូម (នោះ) សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវវាចាគួរឲ្យអាណោចអាធម័ដែលនាងកណ្ហាជិនាជាប្អូនពោលចុះ ។


[៣៩១] ហ្ឫទ័យនៃព្រះបិតារបស់ទូលព្រះបង្គំជាខ្ញុំនោះ ជាទុក្ខ ទាំងទ្រង់មានអស្សាសបស្សាសៈដ៏ក្តៅ ព្រះបិតាមានព្រះនេត្រក្រហម ដូចជាផ្កាយរោហិណី ទ្រង់សម្រក់ទឹកព្រះនេត្រ ។


[៣៩២] នាងកណ្ហាជិនា បានពោលនឹងព្រះបិតានោះថា បពិត្រព្រះបិតា ព្រាហ្មណ៍នេះ វាយខ្ញុំម្ចាស់ដោយឈើច្រត់ ដូច (ម្ចាស់) វាយទាសីដែលកើតក្នុងផ្ទះ ។ បពិត្រព្រះបិតា អ្នកនេះមិនមែនជាព្រាហ្មណ៍ទេ ព្រោះពួកព្រាហ្មណ៍ តែងជាអ្នកប្រព្រឹត្តធម៌ បពិត្រព្រះបិតា យក្សក្លែងភេទជាព្រាហ្មណ៍ នាំពួកយើងខ្ញុំយកទៅស៊ីទេដឹង ។ បពិត្រព្រះបិតា យើងខ្ញុំកាលបិសាចនាំយកទៅ ហេតុអ្វីក៏ព្រះអង្គទ្រង់ទតព្រងើយ ។


[៣៩៣] (ព្រះបាទសញ្ជ័យ…) មាតារបស់អ្នកជាព្រះរាជបុត្រី បិតារបស់អ្នកជាព្រះរាជបុត្រា ក្នុងកាលពីដើម បាទាំងពីរឡើងកាន់ភ្នែនរបស់អញ ចុះហេតុអ្វីបានជាបាទាំងពីរឋិតនៅក្នុងទីឆ្ងាយ ។


[៣៩៤] (ជាលីកុមារ…) ព្រះមាតារបស់ទូលព្រះបង្គំជាខ្ញុំ ជាព្រះរាជបុត្រី ព្រះបិតារបស់ទូលព្រះបង្គំជាខ្ញុំជាព្រះរាជបុត្រា ទូលព្រះបង្គំជាខ្ញុំទាំងពីរនាក់ ជាទាសារបស់ព្រាហ្មណ៍ ហេតុនោះបានជាទូលព្រះបង្គំជាខ្ញុំឋិតនៅក្នុងទីឆ្ងាយ ។


[៣៩៥] (ព្រះបាទសញ្ជ័យ…) នែចៅសម្លាញ់ទាំងពីរ បាទាំងពីរកុំពោលយ៉ាងនេះឡើយ នាំឲ្យក្តៅហ្ឫទ័យរបស់ជីតាណាស់ កាយរបស់ជីតាហាក់ដូចជា (គេលើកដាក់) លើជើងថ្ករ ជីតាមិនបានសុខលើអាសនៈទេ ។


[៣៩៦] នែចៅសម្លាញ់ទាំងពីរ បាទាំងពីរកុំពោលយ៉ាងនេះឡើយ បាឯងរឹងរឹតតែញ៉ាំងសំណោកឲ្យកើតដល់ជីតា ជីតានឹងលោះដោះសាបាដោយទ្រព្យ មិនឲ្យបានៅជាទាសាគេទេ ។ នែបា បិតារបស់បាបានកាត់ថ្លៃប៉ុន្មាន ហើយបានឲ្យបាទាំងពីរដល់ព្រាហ្មណ៍ បាចូរប្រាប់ដល់ជីតាឲ្យត្រង់ ពួកអាមាត្យ ចូរញ៉ាំងព្រាហ្មណ៍ឲ្យទទួលទ្រព្យ ។


[៣៩៧] (ជាលីកុមារ…) បពិត្រព្រះអយ្យកោ ព្រះបិតាបានប្រទានទូលព្រះបង្គំជាខ្ញុំដល់ព្រាហ្មណ៍ដោយកាត់ថ្លៃមួយពាន់និក្ខៈ ប្រទានកញ្ញាឈ្មោះកណ្ហាជិនាជាប្អូនស្រីដោយកាត់ថ្លៃមួយរយនៃវត្ថុគ្រប់មុខ មានដំរីជាដើម ។


[៣៩៨] (ព្រះបាទសញ្ជ័យ…) នែនាយអាមាត្យ អ្នកចូរក្រោកឲ្យឆាប់ ហើយចូរឲ្យទាសី ១០០ ទាសា ១០០ គោ ១០០ ដំរី ១០០ គោបា ១០០ (សេះ ១០០ និក្ខៈ ១០០) និងមាស ១០០០ ដំឡឹង ដល់ព្រាហ្មណ៍ឲ្យជាតម្លៃលោះយកចៅទាំងពីរ ។


[៣៩៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ពួកនាយអាមាត្យក៏ប្រញាប់ប្រញាល់ឲ្យទាសី ១០០ ទាសា ១០០ គោ ១០០ ដំរី ១០០ គោបា ១០០ (សេះ ១០០ និក្ខៈ ១០០) និងមាស ១០០០ ដំឡឹង ដល់ព្រាហ្មណ៍ឲ្យជាតម្លៃលោះយកព្រះរាជនត្តាទាំងពីរ ។


[៤០០] (នាយអាមាត្យបានឲ្យទ្រព្យទាំងអស់មួយរយ ៗ គឺទាសី ១០០ ទាសា ១០០ គោ ១០០ ដំរី ១០០ គោបា ១០០ រថទឹមដោយសេះ ១០០ និងមាស ១០០០ ដំឡឹង ដល់ព្រាហ្មណ៍ជាអ្នកស្វែងរកទ្រព្យ ជាមនុស្សឈ្លានពានលើសលន់ ឲ្យជាតម្លៃលោះយកព្រះរាជនត្តាទាំងពីរ ។


[៤០១] ក្សត្រទាំងពីរព្រះអង្គ បានលោះទារកទាំងពីរ ហើយផ្ងូតទឹក ឲ្យបរិភោគភោជន ប្រដាប់ដោយគ្រឿងប្រដាប់ទាំងឡាយ រួចឲ្យអង្គុយលើភ្នែន ។ ព្រះរាជាជាព្រះអយ្យកោ ដាក់ជាលីកុមារលើភ្នែន ហើយសាកសួរទារកទាំងពីរ ដែលកក់សីសៈហើយ មានសំពត់ដ៏ស្អាត ស្អិតស្អាងដោយអាភរណៈគ្រប់យ៉ាង ។ ព្រះរាជាបានដាក់លើភ្នែននូវកុមារទាំងពីរដែលមានកុណ្ឌលឮសូរគឹកកង មានផ្កាកម្រង ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ហើយត្រាស់ព្រះរាជតម្រាស់នេះថា នែជាលី មាតា និងបិតារបស់បាទាំងពីរនោះ សុខសប្បាយទេឬ ប្រព្រឹត្តចិញ្ចឹមជីវិតដោយការស្វែងរក (ផលាផល) ស្រួលទេឬ ទាំងមើមឈើ និងផ្លែឈើ មានច្រើនដែរឬ ពួករបោម មូស និងពស់ មានតិចតួចទេឬ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនទេឬ ។


[៤០២] (ជាលីកុមារ…) បពិត្រព្រះទេវៈ មាតា និងបិតារបស់ទូលព្រះបង្គំជាខ្ញុំទាំងពីរនោះ សុខសប្បាយជាទេ ប្រព្រឹត្តចិញ្ចឹមជីវិតដោយការស្វែងរក (ផលាផល) ស្រួលទេ មើមឈើ និងផ្លែឈើមានច្រើន ។ ឯពួករបោម មូស និងពស់ មានតិចទេ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនព្រះអង្គទេ ។ ព្រះមាតានោះ ជីកយកមើមដំឡូងស្យា ដំឡូងដូង ដំឡូងដៃខ្លា ដំឡូងទៀន ទាំងបាននាំយកផ្លែពទ្រា ផ្លែរាក់ខ្មៅ ផ្លែព្នៅ មកចិញ្ចឹមយើងខ្ញុំផង ។ បើព្រះមាតានោះ ជាអ្នកនាំយកមើមឈើ និងផ្លែឈើក្នុងព្រៃ នាំយកវត្ថុណាមក យើងខ្ញុំទាំងអស់គ្នា ក៏មកជុំគ្នាបរិភោគវត្ថុនោះ តែក្នុងវេលាយប់ មិនបានបរិភោគក្នុងវេលាថ្ងៃទេ ។ ព្រះមាតារបស់យើងខ្ញុំ ជាស្រីធ្លាប់សុខស្រួល ខំនាំយកផ្លែឈើមក ក៏ទៅជាមានកាយស្គម ស្លេកស្លាំង ដោយត្រូវខ្យល់ និងកំដៅថ្ងៃ ដូចជាផ្កាឈូកដែលគេឈ្លីដោយដៃ ។ ព្រះកេសាទាំងឡាយរបស់ព្រះមាតា ក៏ជ្រុះព្រោះត្រាច់ទៅក្នុងព្រៃធំ ជាព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង ជាទីដែលរមាស និងខ្លាដំបងអាស្រ័យហើយ ។ ព្រះបិតាបួងភ្នួងសក់ទាំងឡាយ ទ្រទ្រង់ញើសក្អែលឰដ៏ក្លៀក (ទ្រទ្រង់ភេទនៃបុព្វជិតដ៏ប្រសើរ ទ្រទ្រង់ទំពក់ ស្លាបព្រាសម្រាប់បូជាភ្លើង និងជដា) ស្លៀកពាក់ស្បែកខ្លា ផ្ទំលើផែនដី នមស្ការភ្លើង ។


[៤០៣] បុត្រជាទីស្រឡាញ់នៃមនុស្សក្នុងលោក ចំឡែកតែសេចក្តីស្នេហាក្នុងបុត្រ មិនកើតដល់ព្រះអយ្យកោរបស់យើងខ្ញុំដោយពិត ។


[៤០៤] (ព្រះបាទសញ្ជ័យ…) នែចៅ អំពើអាក្រក់ យើងបានធ្វើហើយ ទាំងអំពើដែលបង្ខូចសេចក្តីចម្រើន យើងក៏បានធ្វើហើយ ព្រោះជីតាបាននិរទេសបុត្រឥតកំហុស តាមពាក្យនៃពួកអ្នកសិវិរាស្ត្រ ។ វត្ថុណានីមួយរបស់យើង មានក្នុងទីនេះ ទាំងទ្រព្យ និងធញ្ញជាតិ (ជីតាក៏នឹងឲ្យវត្ថុនោះដល់បិតារបស់បា) សូមវេស្សន្តរ ចូលមក ចូរជាព្រះរាជាត្រួតត្រាក្នុងដែនសិវិចុះ ។


[៤០៥] (ជាលីកុមារ…) បពិត្រព្រះសម្មតិទេព ព្រះរាជាដ៏ឧត្តមរបស់អ្នកសិវិរាស្ត្រ នឹងមិនយាងមកតាមពាក្យរបស់ទូលព្រះបង្គំទេ សូមព្រះសម្មតិទេពទ្រង់ស្តេចយាងទៅដោយព្រះអង្គឯងវិញ ហើយស្រោចស្រពព្រះរាជបុត្របង្កើត ដោយភោគៈទាំងឡាយ ។


[៤០៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះរាជាព្រះនាមសញ្ជ័យ បានត្រាស់នឹងសេនាបតីថា ពួកសេនាដំរី សេនាសេះ សេនារថ សេនាថ្មើរជើង ចូរសៀត (អាវុធទាំងឡាយ) ពួកអ្នកនិគម ព្រាហ្មណ៍បុរោហិត អាមាត្យ ៦០.០០០ និងពួកទាហាន ដ៏ល្អមើលចងគ្រឿងក្រោះ ប្រដាប់ដោយគ្រឿងប្រដាប់ មានបែបផ្សេងៗ ចូរនាំគ្នាមកឲ្យឆាប់ ជូនអញទៅ ។ ពួកទាហានខ្លះ ស្លៀកពាក់សំពត់ខៀវ ពួកទាហានខ្លះ ស្លៀកពាក់សំពត់លឿង ពួកទាហានដទៃ ជួតឈ្នួតក្រហម ពួកទាហានខ្លះ ស្លៀកពាក់សំពត់ស ចងគ្រឿងក្រោះ ប្រដាប់ដោយគ្រឿងប្រដាប់ មានបែបផ្សេងៗ ចូរនាំគ្នាមកឲ្យឆាប់ ។ ភ្នំហិមពាន្ត និងភ្នំគន្ធមាទន៍ដ៏ទ្រទ្រង់ក្លិន ដ៏ដេរដាសដោយពួកឈើផ្សេងៗ ជាលំនៅនៃពួកភូតដ៏ច្រើន ញ៉ាំងទិសទាំងឡាយឲ្យភ្លឺ ផ្សាយទៅដោយឱសធទាំងឡាយជាទិព្វយ៉ាងណា ពួកទាហាន នាំគ្នាចងគ្រឿងក្រោះ ចូរមកឲ្យឆាប់ ចូរញ៉ាំងទិសទាំងឡាយ ឲ្យភ្លឺរុងរឿងផ្សាយទៅ យ៉ាងនោះដែរ ។ ពួកអ្នកជិះដំរី ចូររៀបចំដំរី ១៤ ពាន់ ជាសត្វមានសរីរៈធំ មានខ្សែដង្គន់ ជាវិការៈនៃមាស មានសរីរៈស្រោបដោយគ្រឿងតែងតួ ជាវិការៈនៃមាស ។ ពួកអ្នកបង្វឹកដំរី មានដៃកាន់ដែកចំពុះទុង និងកង្វេរ មានគ្រឿងស្អិតស្អាងប្រាកដហើយ ចងគ្រឿងក្រោះហើយ ចូរនាំគ្នាឡើងជិះ ក ដំរីទាំងឡាយ បរមកឲ្យឆាប់ ។ ពួកអ្នកជិះសេះ ចូររៀបចំសេះទាំង ១៤ ពាន់ ជាជាតិសេះសិន្ធពអាជានេយ្យ មានសន្ទុះដ៏លឿន ។ ពួកអ្នកបង្វឹកសេះ ទ្រទ្រង់ស៊ែ និងធ្នូ ចងគ្រឿងក្រោះ ប្រដាប់លើខ្នងសេះ ហើយចូរឡើងជិះបរមកឲ្យឆាប់ ។ លំដាប់ពីនោះមក ពួកអ្នកបររថ ចូររៀបចំរថទាំង ១៤ ពាន់ ជារថមានខ្នងកង់ពាសដោយដែកដ៏ល្អ មានផ្ទះរំលេចដោយមាស ។ ពួកខ្មាន់ធ្នូស្ទាត់ក្នុងការប្រហារ ពួកជាងរថ ចូរនាំគ្នាលើកទង់ជ័យ ខែល និងគ្រឿងក្រោះទាំងឡាយក្នុងរថទាំងនោះ ចូរដំឡើងធ្នូ ចងគ្រឿងក្រោះ ហើយចូរបររថទាំងឡាយមកឲ្យឆាប់ ។


[៤០៧] អ្នកទាំងឡាយ ចូរតាក់តែងផ្កាទាំងឡាយ (មានលាជជាគំរប់ ៥) និងផ្កាសម្រាប់រោយរាយ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាបស្រឡាប និងផ្កាដ៏មានតម្លៃទាំងឡាយ ចូរឋិតនៅត្រង់ផ្លូវដែលបុត្ររបស់អញមក ។ គ្រប់ទ្វារស្រុក ចូរតាក់តែងតាំងទុកឪទិនមេរ័យ និងសុរាច្រើន ត្រង់ផ្លូវដែលបុត្ររបស់អញមក ចូរតាក់តែងតាំងទុកសាច់ នំទ្រាបល្ង នំកុម្មាសដែលលាយសាច់ត្រី ត្រង់ផ្លូវដែលបុត្ររបស់អញមក ។ ចូរតាក់តែងតាំងទុកទឹកដោះរាវ ប្រេង ទឹកដោះជូរ ទឹកដោះស្រស់ និងសុរាដ៏ច្រើន ដែលធ្វើដោយម្សៅថ្ពៅ ត្រង់ផ្លូវដែលបុត្ររបស់អញមក ។ ពួកអ្នកធ្វើម្ហូប អ្នកធ្វើបាយ អ្នករាំ និងអ្នកច្រៀង អ្នកច្រៀងទះដៃ អ្នកវាយស្គរ អ្នកច្រៀងដោយសំឡេងដ៏ស្រទន់ និងពួកអ្នកចាក់ត្លុក ។ ពួកជនចូរដេញពិណគ្រប់បែប ចូរវាយស្គរ និងមហោរធឹកទាំងឡាយ ចូរផ្លុំស័ង្ខ និងទះស្គរទាំងឡាយ ។ ជនទាំងឡាយ ចូរទះសំម្ភោរ វាយស្គរធំ ផ្លុំស័ង្ខ ដេញតាក់ខេ ដេញពិណខ្សែ ៧ វាយមហោរធឹក វាយស្គរទង់ដែង វាយស្គរមង្គល ។


[៤០៨] សេនាដ៏ច្រើននោះ ជាកងទ័ពក្នុងដែនសិវិ លើកចេញទៅ មានជាលីកុមារជាមគ្គនាយក បានដើរសំដៅទៅកាន់វង្កតបព៌ត ។ ដំរីដ៏ប្រសើរ មានអាយុ ៦០ ខួប បន្លឺកោពា្ចនាទ ដំរីកាលបើមានខ្សែដង្គន់ជាប់នៅហើយ ក៏បន្លឺកោពា្ចនាទ ។ សេះអាជានីយទាំងឡាយស្រែកកងរំពង សំឡេងគឹកកងនៃខ្នងកង់ ក៏កើតមាន ក្នុងកាលនោះ ធូលីក៏ហុយបាំងដូចពពក កងទ័ពក្នុងដែនសិវិ បានលើកចេញទៅ ។ សេនាដ៏ច្រើននោះ អាចនាំយករបស់ដែលគួរនាំយកទៅបាន លើកចេញទៅ មានជាលីកុមារជាមគ្គនាយក បានដើរសំដៅទៅកាន់វង្គតបព៌ត ។ កងទ័ពទាំងនោះ បានចូលទៅកាន់ព្រៃធំ មានមែកឈើច្រើន មានទឹកច្រើន ដេរដាសដោយឈើមានផ្កា និងឈើមានផ្លែទាំងសងខាងផ្លូវ ។ ពួកសត្វស្លាបដ៏ច្រើនក្នុងព្រៃធំនោះ មានសំឡេងមូល មានសំឡេងពីរោះ មានត្រកូលផ្សេង ៗ ស្រែកហៅសត្វស្លាប ដែលកំពុងស្រែកលើដើមឈើដែលផ្កាតាមរដូវ ។ កងទ័ពទាំងនោះ ទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ក្នុងកាលអំណើះទៅនៃថ្ងៃ និងយប់ បានចូលទៅដល់ប្រទេស ដែលព្រះបាទវេស្សន្តរទ្រង់គង់នៅ ។


ចប់ មហារាជបព្វៈ ។


[៤០៩] (អភិសម្ពុទ្ធគាថា) ព្រះបាទវេស្សន្តរ ទ្រង់ឮសំឡេងគឹកកងនៃកងទ័ពទាំងនោះហើយ ក៏ភិតភ័យ ទ្រង់ឡើងទៅលើភ្នំ ហើយទ្រង់ទតមើលនូវពួកសេនាទាំងភិតភ័យ មានបន្ទូលថា នែនាងមទ្រី នាងចូរពិចារណាមើលសំឡេងគឹកកងក្នុងព្រៃយ៉ាងនេះ មានទាំងសេះអាជានីយស្រែកកងរំពង ទាំងចុងទង់ជ័យក៏ប្រាកដ ។ ជនទាំងនេះ ដូចជាព្រានចោមព័ទ្ធហ្វូងម្រឹគក្នុងព្រៃដោយបង្កាត់ទាំងឡាយ ដេញទំលាក់ក្នុងរណ្តៅ ហើយចាក់កាប់សំឡាប់ ពន្លះយកតែសាច់ល្អ ៗ នៃម្រឹគទាំងនោះ ដោយកាំបិតដ៏មុតដោយពិត ។ ពួកយើងមិនមានទោស ត្រូវគេនិរទេសមកនៅក្នុងព្រៃ ដល់នូវសេចក្តីវិនាសក្នុងកណ្តាប់ដៃសត្រូវ ក៏ដូចជាម្រឹគ យ៉ាងនោះដែរ នាងចូរមើលអ្នកសម្លាប់បុគ្គលខ្សោយ ។


[៤១០] (ព្រះនាងមទ្រី…) ពួកសត្រូវមិនអាចគ្របសង្កត់ (ព្រះអង្គ) បានទេ ដូចជាភ្លើងមិនអាចគ្របសង្កត់ទឹកសមុទ្របាន សូមព្រះអង្គទ្រង់ព្រះចិន្តាដល់ពាក្យដែលសក្កទេវរាជពោលហើយនោះឯង ទំនងជាសួស្តីនឹងមានដល់ព្រះអង្គ ព្រោះពួកពលនេះ ។


[៤១១] (អភិសម្ពុទ្ធគាថា…) លំដាប់នោះ ព្រះបាទវេស្សន្តរយាងចុះអំពីភ្នំ ទ្រង់ធ្វើព្រះហ្ឫទ័យឲ្យមាំ ហើយគង់នៅក្នុងបណ្ណសាលា ។


[៤១២] ព្រះបិតាទ្រង់ឲ្យបញ្ឈប់រថ ទ្រង់ឲ្យពួកសេនាត្រៀមចាំ ហើយទ្រង់ស្តេចចូលទៅចួបនឹងព្រះរាជបុត្រដែលគង់នៅក្នុងព្រៃតែម្នាក់ឯង ។ លុះព្រះបិតាយាងចុះអំពី ក ដំរីហើយ ទ្រង់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ផ្គងអញ្ជលី មានពួកអាមាត្យហែហម បានចូលទៅដើម្បីអភិសេកបុត្រ ។ ព្រះអង្គបានទតឃើញកុមារ មានរូបគួរឲ្យត្រេកអរសម្រឹងព្រះហ្ឫទ័យកំពុងត្រិះរិះ មិនមានភ័យអំពីទីណាមួយ ដែលគង់នៅក្នុងបណ្ណសាលានោះ ។


[៤១៣] ព្រះបាទវេស្សន្តរ និងព្រះនាងមទ្រី បានទតឃើញព្រះបិតានោះ មានសេចក្តីជាប់ព្រះហ្ឫទ័យក្នុងបុត្រ កំពុងយាងមក ក៏ក្រោកទៅទទួលថ្វាយបង្គំ ។ ចំណែកព្រះនាងមទ្រី ថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះសុស្សរៈដោយព្រះសីរ្ស៍ (ហើយក្រាបទូលថា) បពិត្រព្រះសម្មតិទេព ខ្ញុំឈ្មោះមទ្រី ជាសុណិសារបស់ព្រះអង្គ សូមថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះអង្គ ព្រះបិតាទ្រង់ឱបរឹតជនទាំងពីរនោះហើយ បបោសអង្អែលដោយព្រះហស្ត ។


[៤១៤] (ព្រះរាជា…) នែបុត្រ អ្នកទាំងពីរសុខសប្បាយទេឬ នែបុត្រ អ្នកទាំងពីរមិនមានជម្ងឺដម្កាត់ទេឬ អ្នកទាំងពីរចិញ្ចឹមជីវិតដោយការស្វែងរកស្រួលទេឬ មើមឈើ និងផ្លែឈើមានច្រើនឬទេ ។ ពួករបោម មូស ពស់ មានតិចទេឬ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនទេឬ ។


[៤១៥] (ព្រះមហាសត្វ…) បពិត្រព្រះសម្មតិទេព ការរស់នៅរបស់យើងខ្ញុំ ជាការរស់នៅផ្តេសផ្ដាសទេ យើងខ្ញុំជាអ្នករស់នៅត្រដាបត្រដួស ព្រោះការរស់នៅដោយការស្វែងរក (ផលាផល) ។ បពិត្រមហារាជ (សេចក្តីខ្វះខាត) រមែងទូន្មាន (បុរសកម្សត់) ដូចជានាយសារថីទូន្មានសេះ យើងខ្ញុំទាំងនោះ ជាបុគ្គលមានសេចក្តីខ្វះខាតទូន្មានហើយ សេចក្តីខ្វះខាត រមែងទូន្មានយើងខ្ញុំ ។ បពិត្រមហារាជ យើងខ្ញុំត្រូវគេនិរទេសហើយ មានសេចក្តីរស់នៅទាំងទុក្ខសោកក្នុងព្រៃ ទាំងសាច់ឈាមទៀតសោត ក៏ស្គាំងស្គម ព្រោះមិនបានឃើញព្រះមាតាបិតា ។


[៤១៦] កុមារទាំងពីរ គឺជាលី និងកណ្ហាជិនាណា ដែលជាទាយាទ (ព្រះរាជនត្តា) របស់ព្រះអង្គ ជាបុគ្គលប្រសើរបំផុត ក្នុងដែនសិវិ មានបំណងមិនទាន់បានសម្រេចនៅឡើយ លុះអំណាចព្រាហ្មណ៍ ជាបុគ្គលឈ្លានពានលើសលន់ វាយកុមារទាំងពីរនោះ ដូចជាគេវាយហ្វូងគោ ។ បើព្រះអង្គជ្រាបបុត្រទាំងនោះរបស់រាជបុត្រី សូមប្រាប់ដល់យើងខ្ញុំឲ្យឆាប់ ដូចជា (ពួកពេទ្យដែលព្យាបាល) នូវមាណពត្រូវពស់ចឹក ។


[៤១៧] (ព្រះរាជា…) កុមារទាំងពីរ គឺជាលី និងកណ្ហាជិនានុ៎ះ បិតាបានប្រគល់ទ្រព្យឲ្យដល់ព្រាហ្មណ៍លោះមកហើយ បាកុំភ័យឡើយ បាចូរស្រួលចិត្តចុះ ។


[៤១៨] (ព្រះមហាសត្វ…) បពិត្រព្រះបិតា ព្រះអង្គសុខសប្បាយទេឬ បពិត្រព្រះបិតា ព្រះអង្គមិនមានរោគាពាធទេឬ បពិត្រព្រះបិតា ព្រះនេត្ររបស់ព្រះមាតានៃខ្ញុំព្រះអង្គ មិនទាន់ងងឹតទេឬ ។


[៤១៩] (ព្រះរាជា…) នែបុត្រ យើងសុខសប្បាយទេ នែបុត្រ យើងមិនមានជម្ងឺដម្កាត់ទេ នែបុត្រ ចក្ខុមាតារបស់បាមិនទាន់ងងឹតទេ ។


[៤២០] (ព្រះមហាសត្វ) យានរបស់ព្រះអង្គ មិនទាន់ចាស់ទេឬ វាហនៈរមែងនាំទៅបានទេឬ ជនបទសម្បូរដែរឬ ភ្លៀងមិនដាច់ទេឬ ។


[៤២១] (ព្រះរាជា…) យានរបស់យើងមិនទាន់ចាស់ទេ ទាំងវាហនៈក៏នាំទៅបាន ជនបទក៏សម្បូរ ទាំងភ្លៀងក៏មិនដាច់ទេ ។


[៤២២] (អភិសម្ពុទ្ធគាថា) កាលដែលក្សត្រិយ៍ទាំងបីអង្គកំពុងចរចាគ្នាយ៉ាងនេះឯង ព្រះរាជបុត្រីជាព្រះមាតា ស្តេចមកដោយព្រះបាទា ឥតមានសុព័ណ៌បាទ ប្រាកដដល់ក្សត្រិយ៍ទាំងនោះទៀបទ្វារភ្នំ ។ ឯព្រះបាទវេស្សន្តរ និងព្រះនាងមទ្រី បានឃើញព្រះមាតានោះ ដែលមានព្រះហ្ឫទ័យជាប់ក្នុងបុត្រ កំពុងយាងមក ក៏ក្រោកទទួល ហើយថ្វាយបង្គំ ។ ចំណែកខាងព្រះនាងមទ្រី ថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះមាតាក្មេកដោយព្រះសិរ្ស៍ (ហើយក្រាបបង្គំទូលថា) បពិត្រព្រះមេម្ចាស់ ខ្ញុំម្ចាស់ឈ្មោះនាងមទ្រី ជាព្រះសុណិសារបស់ព្រះអង្គ សូមថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះមេ ។


[៤២៣] ចំណែកខាងព្រះរាជបុត្រទំាងពីរ ដែលមកអំពីទីឆ្ងាយដោយសួស្តី បានឃើញព្រះនាងមទ្រីហើយ ក៏ទ្រង់ព្រះកន្សែង អួលអាក់ នាំគ្នាស្ទុះចូលទៅរក ដូចកូនគោតូច ស្ទុះទៅរកមេ ។ ឯព្រះនាងមទ្រី បានឃើញបុត្រទាំងពីរដែលមកពីទីឆ្ងាយដោយសួស្តី ក៏ញាប់ញរ័ ដូចជាស្រីមេមត់ ទនៃទឹកក្សីរ ក៏ហូរចេញមក ។


[៤២៤] កាលពួកព្រះញាតិជួបជុំគ្នាហើយ សំឡេងគឹកកងខ្លាំង ក៏កើតឡើង ភ្នំទាំងឡាយ ក៏បន្លឺឡើង ទាំងផែនពសុធា ក៏រំភើបញាប់ញ័រ ។ ភ្លៀងក៏ញ៉ាំងធ្នារទឹក ឲ្យធ្លាក់ក្នុងខណៈនោះ ព្រះបាទវេស្សន្តរ ក៏បានជួបនឹងញាតិទាំងឡាយ ក្នុងខណៈនោះ ។ ព្រះនត្តាទាំងពីរ ព្រះសុណិសា ព្រះរាជបុត្រ ព្រះរាជា និងព្រះទេវី បានជួបក្នុងទីជាមួយគ្នាក្នុងកាលណា សេចក្តីព្រឺព្រួចរោម ក៏មានក្នុងកាលនោះ ពួកអ្នកនគរទាំងអស់ បានផ្គងអញ្ជលីចំពោះព្រះបាទវេស្សន្តរនោះ នាំគ្នាយំក្នុងព្រៃ មុខគួរឲ្យស្ញប់ស្ញែងទូលអារាធនា ។ ពួករាស្ត្រទាំងអស់ ចួបជុំគ្នា (បានពោល) នឹងព្រះបាទវេស្សន្តរផង និងព្រះនាងមទ្រីផងថា ព្រះអង្គជាព្រះរាជាឥស្សរៈរបស់ពួកយើង សូមព្រះអង្គទាំងពីរព្រះអង្គរបស់ពួកយើងសោយរាជសម្បត្តិ ។


ចប់ ឆក្ខត្តិយបព្វៈ ។


[៤២៥] (ព្រះមហាសត្វ…) ព្រះអង្គ និងពួកអ្នកជនបទ អ្នកនិគម បានព្រមព្រៀងគ្នានិរទេសខ្ញុំព្រះអង្គ ដែលកំពុងសោយរាជ្យតាមធម៌ ចាកដែនហើយ ។


[៤២៦] (ព្រះរាជា…) ម្នាលបុត្រ (នេះ) ពិតជាកំហុសរបស់យើង យើងបានធ្វើអំពើបំផ្លិចបំផ្លាញសេចក្តីចម្រើន បាននិរទេសបា ដែលមិនមានកំហុស ព្រោះតាមពាក្យពួកអ្នកសិវិរាស្ត្រ ។


[៤២៧] (កូន) គួរដោះទុក្ខរបស់បិតាមាតា ឬរបស់បងប្អូនស្រី ដោយហេតុណានីមួយ សូម្បីដោយជីវិតរបស់ខ្លួន ។ (ពួកអាមាត្យបានពោលថា បពិត្រមហារាជ កាលនេះ ជាកាលគួរស្រង់ទឹក សូមទ្រង់ដុសជម្រះព្រះរជោជលៈ) ។


[៤២៨] (អភិសម្ពុទ្ធគាថា) គ្រានោះ ព្រះបាទវេស្សន្តរ ក៏ដុសជម្រះក្អែល លុះដុសជម្រះក្អែលហើយ បានទ្រទ្រង់ព្រះពស្រ្តមានពណ៌ដូចស័ង្ខ ។


[៤២៩] ព្រះបាទវេស្សន្តរ ទ្រង់កក់ព្រះសិរ្ស៍ មានព្រះពស្រ្តដ៏ស្អាត ស្អិតស្អាងដោយអាភរណៈគ្រប់យ៉ាង ទ្រង់សៀតព្រះខាន់ដែលដុតកំដៅសត្រូវ ហើយទ្រង់ឡើងគង់លើដំរីដ៏ប្រសើរ ឈ្មោះបច្ច័យ ។ កាលនោះ ពួកទាហាន ៦០.០០០ នាក់ កើតក្នុងថ្ងៃជាមួយគ្នា គួររមិលមើល ញ៉ាំងព្រះរាជាជាធំក្នុងរថឲ្យរីករាយ ចោមរោម ។ កាលនោះ ពួកកញ្ញារបស់ព្រះបាទសិវិ បានចួបជុំគ្នាហើយ ញ៉ាំងព្រះនាងមទ្រីឲ្យស្រង់ទឹក (ហើយពោលថា) សូមព្រះបាទវេស្សន្តរ និងជាលី កណ្ហាជិនា ទាំងពីរ បីបាច់ថែរក្សាព្រះនាង ទាំងមហារាជព្រះនាមសញ្ជ័យ ក៏សូមឲ្យថែរក្សាព្រះនាងដែរ ។


[៤៣០] ព្រះបាទវេស្សន្តរ និងព្រះនាងមទ្រី បាននូវទីពឹងនេះ (បានដំកល់ក្នុងរាជសម្បត្តិ ហើយភ្នករឭក) នូវសេចក្តីសៅហ្មងរបស់ព្រះអង្គ (ដែលទ្រង់ធ្លាប់នៅក្នុងព្រៃពីដើម) ក៏ទ្រង់ឲ្យទួងអានន្ទីយភេរី ត្រាច់ទៅទៀបភ្នំវង្កត ដែលគួរជាទីរីករាយ ។ ព្រះនាងមទ្រី បរិបូណ៌ដោយលក្ខណៈ បានទីពឹងនេះហើយ (ក៏ភ្នករឭក) នូវសេចក្តីសៅហ្មងរបស់ព្រះនាង ដែលធ្លាប់នៅក្នុងព្រៃពីដើម បានចួបនឹងបុត្រទាំងពីរហើយ ក៏ត្រេកអររីករាយ ។ ព្រះនាងមទ្រី បរិបូណ៌ដោយលក្ខណៈ បានទីពឹងនេះហើយ ក៏មានព្រះហ្ឫទ័យភ្នករឭកសេចក្តីសៅហ្មងរបស់ព្រះនាង ដែលធ្លាប់នៅក្នុងព្រៃពីដើម មានចិត្តត្រេកអរ រីករាយជាមួយនឹងបុត្រទាំងពីរ ។


[៤៣១] (ព្រះនាងមទ្រី…) នែបុត្រទាំងពីរ កាលពីដើម មាតាជាអ្នកបរិភោគភត្តតែមួយពេល ដេកផ្ទាល់នឹងផែនដីជានិច្ច នេះជាវត្តរបស់មាតាដូច្នេះ ព្រោះសេចក្តីប្រាថ្នាចង់ (ចួប) នឹងបាទាំងពីរ ម្នាលបុត្រទាំងពីរ វត្តនោះ សម្រេចដល់មាតាក្នុងថ្ងៃនេះហើយ ព្រោះបានចួបនឹងបាទាំងពីរ ម្នាលបុត្រទាំងពីរ សូមឲ្យបុណ្យដែលកើតអំពីមាតា និងកើតអំពីបិតា រក្សាបា ទាំងមហារាជព្រះនាមសញ្ជ័យ ក៏សូមឲ្យរក្សាបា ។ បុណ្យណានីមួយ ដែលមាតាក្តី បិតាក្តី របស់បា បានធ្វើហើយ ដោយកុសលទាំងអស់នោះ សូមបាកុំចាស់ កុំស្លាប់ឡើយ ។


[៤៣២] (អភិសម្ពុទ្ធគាថា) ព្រះសស្សុបានបញ្ជូនកប្បាសិកពស្រ្ត កោសេយ្យពស្រ្ត ខោមពស្រ្ត និងកោទុម្ពរពស្ត្រ ទៅថ្វាយព្រះសុណ្ហា ដែលជាសំពត់សម្រាប់លំអព្រះនាងមទ្រី ។ លំដាប់តមក ព្រះសស្សុ បានបញ្ជូនគ្រឿងប្រដាប់ព្រះសុរង្គ ជាវិការៈនៃមាស និងគ្រឿងប្រដាប់ព្រះសុរង្គជាវិការៈនៃកែវ ទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់សម្រាប់លំអរបស់ព្រះនាងមទ្រី ។ លំដាប់តមកទៀត ព្រះសស្សុ បានបញ្ជូនគ្រឿងប្រដាប់ព្រះសុរង្គ ជាវិការៈនៃមាស និងកន្ទ្រុំ និងខ្សែក្រវាត់ជាវិការៈនៃកែវមុណីទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់លំអរបស់ព្រះនាងមទ្រី ។ ព្រះសស្សុ បានបញ្ជូនគ្រឿងប្រដាប់នលាដៈ ជាគ្រឿងប្រដាប់សម្រាប់ព្រះភក្រ្តមានពណ៌ផ្សេង ៗ ដែលជាវិការៈនៃកែវមណីទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់លំអរបស់ព្រះនាងមទ្រី ។ ព្រះសស្សុបានបញ្ជូននូវគ្រឿងប្រដាប់សម្រាប់ព្រះស្តន និងគ្រឿងប្រដាប់ស្មា និងខ្សែក្រវាត់ កងជើង ទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់លំអព្រះមទ្រី ។ ព្រះរាជបុត្រី ជាស្រ្តីប្រសើរ បានគយគន់មើលគ្រឿងប្រដាប់ល្បើកដោយអំបោះ និងគ្រឿងប្រដាប់វៀរចាកអំបោះដ៏ល្អក្រៃពេក ហាក់ដូចទេវកញ្ញាក្នុងនន្ទនឧទ្យាន ។ ព្រះរាជបុត្រី កក់ព្រះសិរ្ស មានព្រះពស្ត្រដ៏ស្អាត ស្អិតស្អាងដោយអាភរណៈគ្រប់យ៉ាងដ៏ល្អក្រៃពេក ហាក់ដូចស្រ្តីអប្សរក្នុងឋានត្រៃត្រិង្ស ។ ព្រះរាជបុត្រី បរិបូណ៌ដោយរបៀបនៃចិញ្ចាញធ្មេញល្អក្រៃពេក ហាក់ដូចដើមចេកដែលកើតក្នុងចិត្តលតាវន័ ត្រូវខ្យល់បក់បោកហើយ ។ ព្រះរាជបុត្រីមានបបូរមាត់ដូចផ្លែជ្រៃទុំ និងផ្លែបាសទុំ ល្អក្រៃពេក ហាក់ដូចបក្សីមានសរីរៈសព្វគ្រប់ ដូចជាសរីរៈនៃមនុស្ស មានស្លាបដ៏វិចិត្រ (ហើរឰដ៏អាកាស) ។


[៤៣៣] ពួកអាមាត្យនាំដំរីដ៏ប្រសើរ មិនចាស់ពេក អត់ទ្រាំលំពែងបាន អត់ទ្រាំកូនសរបាន មានភ្លុក ង ទន្ទាំ អាចគាស់រំលើងសត្រូវបាន មកថ្វាយព្រះនាងមទ្រីនោះ ។ព្រះនាងមទ្រីនោះ ឡើងកាន់ដំរីដ៏ប្រសើរ មិនចាស់ពេក អត់ទ្រាំលំពែងបាន អត់ទ្រាំកូនសរបាន មានភ្លុក ង ទន្ទាំ អាចគាស់រំលើងសត្រូវបាន ។


[៤៣៤] ពួកម្រឹគទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃទាំងអស់នោះ មិនបៀតបៀនគ្នានឹងគ្នា ដោយតេជះនៃព្រះបាទវេស្សន្តរ ។ ពួកបក្សីទាំងប៉ុន្មានដែលមាននៅក្នុងព្រៃទាំងអស់នោះ មិនបៀតបៀនគ្នានឹងគ្នា ដោយតេជះនៃព្រះបាទវេស្សន្តរ ។ កាលព្រះបាទវេស្សន្តរញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកម្រឹគទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃទាំងអស់នោះ បានមកប្រជុំក្នុងទីជាមួយគ្នា ។ កាលព្រះបាទវេស្សន្តរញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកបក្សីទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃទាំងអស់នោះ បានមកប្រជុំក្នុងទីជាមួយគ្នា ។ កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកម្រឹគទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃទាំងអស់នោះ លែងស្រែកសំឡេងពីរោះ ។ កាលព្រះបាទវេស្សន្តរញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកបក្សីទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃទាំងអស់នោះ លែងស្រែកសំឡេងពីរោះ ។


[៤៣៥] ពួកអាមាត្យបានរៀបចំរាជមាគ៌ា ឲ្យរំលេចឆ្លុះឆ្លាស់ ត្រៀបត្រាដោយផ្កា តាំងអំពីទីដែលព្រះបាទវេស្សន្តរ ទ្រង់គង់នៅ រហូតដល់ក្រុងជេតុត្តរ ។ លំដាប់នោះ កាលព្រះបាទវេស្សន្តរ ញ៉ាំងអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកយោធាទាំង ៦០.០០០ ល្អមើល បានហែហមជុំវិញ ។ កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកស្រីស្នំផង ពួករាជកុមារផង ពួកអ្នកជំនួញផង ពួកព្រាហ្មណ៍ផង ហែហមជុំវិញ ។ កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ហែហមជុំវិញ ។ កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកអ្នកជនបទ ក៏បានមកជួបជុំគ្នា និងអ្នកនិគម ក៏បានមកជួបជុំគ្នា ហែហមជុំវិញ ។ កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកទាហានពាក់មួក ទ្រទ្រង់ខែល កាន់ធ្នូ ចងគ្រឿងក្រោះដ៏ល្អ ដើរហែខាងមុខ ។


[៤៣៦] ក្សត្រិយ៍ទាំងនោះ បានយាងចូលទៅកាន់បុរី ជាក្រុងគួរឲ្យត្រេកអរ មានកំពែង និងទ្វារខាងក្រៅដ៏ច្រើន ប្រកបដោយគ្រឿងស៊ី និងគ្រឿងផឹក មានទាំងល្បែងពីរយ៉ាង គឺរាំ និងច្រៀង ។ កាលរាជកុមារញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ស្តេចមកដល់ ពួកអ្នកជនបទ និងពួកអ្នកនិគម បានមកជួបជុំគ្នាត្រេកអរ ។ កាលព្រះមហាក្សត្រិយ៍ ជាអ្នកប្រទានព្រះរាជទ្រព្យ ស្តេចមកដល់ហើយ ពួកមហាជន ក៏នាំគ្នាលើកទង់ជ័យ ទួងនន្ទិភេរី ហើយចូលទៅព្រះនគរ ព្រះបាទវេស្សន្តរ ក៏ទ្រង់ឲ្យឃោសនាដើម្បីឲ្យដោះលែងសព្វសត្វចាកចំណង ។


[៤៣៧] កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ស្តេចចូលមកដល់ សក្កទេវរាជដែលជាឧបបត្តិទេព បានបង្អុរភ្លៀង ជាវិការៈនៃមាស ។ លំដាប់នោះ ព្រះបាទវេស្សន្តរជាក្សត្រិយ៍ប្រកបដោយប្រាជ្ញា ទ្រង់ឲ្យទាន លុះបែកធ្លាយរាងកាយនោះទៅ ក៏បានស្តេចទៅកើតក្នុងឋានសួគ៌ទេវលោក ។


ចប់ នគរកណ្ឌ ។

ចប់ មហាវេស្សន្តរជាតក ទី១០ ។

ខុទ្ទកនិកាយ ជាតក ទ្វាទសមភាគ

មហានិបាតជាតក (ព្រះត្រៃបិដកលេខ ៦៣)


……………………………….……………………….

🍃ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter