៩. រឿងសន្តតិមហាមាត្យ
អលង្កតោ ចេបិ ជាដើម ព្រះសាស្តាកាលគង់ប្រថាប់នៅក្នុងជេតវនវិហារ ទ្រង់ប្រារព្ធនូវសន្តតិមហាមាត្យ ហើយត្រាស់សម្ដែងនូវព្រះធម្មទេសនានេះ។
ឮថា ក្នុងសម័យមួយ សន្តតិមហាមាត្យនោះបានបង្ក្រាបពួកចោរដែលបះបោរនៅតាមជាយដែន របស់ព្រះបាទបសេនទិកោសលឱ្យស្ងប់រម្ងាប់ហើយត្រឡប់មកវិញ។ គ្រានោះ ព្រះរាជាទ្រង់មានព្រះទ័យត្រេកអរណាស់ ក៏ប្រទានរាជសម្បត្តិឱ្យសោយរាជ្យអស់រយៈពេល ៧ ថ្ងៃ និងបានប្រទានស្ត្រីម្នាក់ ដែលឈ្លាសវៃក្នុងការរាំច្រៀងដល់មហាមាត្យនោះ។ លោកក៏បានសោយសុខក្នុងសុរាមេរ័យអស់រយៈពេល ៧ ថ្ងៃ លុះដល់ថ្ងៃទី ៧ ក៏បានតុបតែងកាយដោយគ្រឿងអលង្ការគ្រប់យ៉ាង ឡើងជិះលើក្បាលដំរីដ៏ប្រសើរដើម្បីទៅកាន់កំពង់ទឹកសម្រាប់ងូត ក៏បានឃើញព្រះសាស្តា កំពុងយាងចូលទៅបិណ្ឌបាតនៅចន្លោះទ្វារក្រុង លោកក៏បានងក់ក្បាលថ្វាយបង្គំព្រះសាស្តា ទាំងកំពុងអង្គុយលើក្បាលដំរីនោះឯង រួចក៏យាងទៅបាត់ទៅ។
ព្រះសាស្តាទ្រង់ធ្វើការញញឹម (សិតបាតុកម្ម)។ កាលដែលព្រះអានន្ទត្ថេរក្រាបទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន តើអ្វីទៅជាហេតុនៃសេចក្ដីញញឹមនេះ? ព្រះអង្គកាលដែលប្រាប់ពីហេតុនៃសេចក្ដីញញឹម ក៏ត្រាស់ថា ម្នាលអានន្ទ ចូរអ្នកមើលសន្តតិមហាមាត្យចុះ ថ្ងៃនេះ គេនឹងតុបតែងកាយដោយគ្រឿងអភរណៈគ្រប់យ៉ាងបែបនេះឯង រួចចូលមកកាន់សំណាក់តថាគត ហើយក្នុងពេលបញ្ចប់គាថាមានបាទ ៤ គេនឹងសម្រេចអរហត្តផល រួចហោះឡើងទៅអង្គុយលើអាកាសកម្ពស់ ៧ ជួរដើមត្នោត ហើយបរិនិព្វានទៅ។
មហាជន បានឮពាក្យដែលព្រះសាស្តាមានបន្ទូលជាមួយព្រះថេរៈដូច្នោះ។ ក្នុងចំណោមមហាជននោះ ពួកមិច្ឆាទិដ្ឋិគិតថា អ្នករាល់គ្នាជួយមើលអំពើរបស់សមណគោតមចុះ នឹកចង់និយាយអ្វីក៏និយាយតាមតែចិត្ត ឮថាថ្ងៃនេះមហាមាត្យដែលកំពុងស្រវឹងស្រា ហើយតុបតែងកាយបែបនេះ នឹងស្ដាប់ធម៌របស់លោក រួចបរិនិព្វានទៅ ចាំមើល ថ្ងៃនេះ យើងនឹងចាប់កំហុសលោកក្នុងរឿងនិយាយកុហកនេះឱ្យបាន។ ចំណែកឯពួកសម្មាទិដ្ឋិវិញគិតថា ឱ! ព្រះពុទ្ធទាំងឡាយមានមហានុភាពខ្លាំងក្លាណាស់ ថ្ងៃនេះយើងនឹងបានមើលទាំងពុទ្ធលីលា និងលីលារបស់សន្តតិមហាមាត្យមិនខាន។
មរណភាពនៃស្ត្រីអ្នករាំ និងសេចក្ដីសោក
ចំណែកសន្តតិមហាមាត្យ ក៏បានលេងកម្សាន្តក្នុងទឹកនៅកំពង់ទឹកអស់មួយចំណែកនៃថ្ងៃ រួចក៏យាងទៅកាន់ឧទ្យាន ហើយអង្គុយនៅក្នុងទីលានសម្រាប់ផឹកស្រា។ ឯស្ត្រីម្នាក់នោះ ក៏បានចុះទៅកណ្ដាលរោងរាំ ដើម្បីសម្ដែងការរាំ និងច្រៀង។ នាងបានតមអាហារអស់រយៈពេល ៧ ថ្ងៃ ដើម្បីឱ្យរូបរាងកាយមានសភាពសមសួនសម្រាប់ការរាំបង្ហាញ ប៉ុន្តែក្នុងខណៈដែលនាងកំពុងរាំច្រៀងក្នុងថ្ងៃនោះ ខ្យល់ដែលមានមុខស្រួចដូចកាំបិតបានកើតឡើងក្នុងផ្ទៃ រួចក៏កាត់ផ្ដាច់នូវសាច់បេះដូងរបស់នាង។ នាងក៏បានស្លាប់បាត់បង់ជីវិតភ្លាមៗក្នុងខណៈនោះឯង ទាំងមាត់ និងភ្នែកនៅបើកនៅឡើយ។
សន្តតិមហាមាត្យមានបន្ទូលថា ចូរអ្នករាល់គ្នាពិនិត្យមើលនាងមើល៍! កាលបើពួកមនុស្សជម្រាបថា បពិត្រលោកម្ចាស់ នាងស្លាប់បាត់ហើយ គ្រានោះឯង លោកក៏ត្រូវសេចក្ដីសោកយ៉ាងខ្លាំងក្លាគ្របសង្កត់ភ្លាមៗ ប្រៀបដូចជាដំណក់ទឹកដែលស្រក់លើអំបែងក្ដៅ រួចក៏រលាយបាត់ទៅ (សេចក្ដីស្រវឹងស្រាដែលផឹកអស់ ៧ ថ្ងៃ ក៏បាត់អស់ភ្លាមក្នុងខណៈនោះ)។ លោកគិតថា ក្រៅពីព្រះតថាគតចេញ គ្មាននរណាម្នាក់អាចរំលត់សេចក្ដីសោកនេះរបស់អញបានឡើយ លុះដល់កាលវេលា (ពេលល្ងាច) លោកក៏មានពលកាយហែហម ចូលទៅគាល់ព្រះសាស្តា ថ្វាយបង្គំហើយក្រាបទូលយ៉ាងនេះថា៖
បពិត្រព្រះអង្គដ៏ចម្រើន សេចក្ដីសោកមានសភាពបែបនេះបានកើតឡើងដល់ខ្ញុំព្រះអង្គហើយ ខ្ញុំព្រះអង្គមកទីនេះដោយសង្ឃឹមថា ព្រះអង្គនឹងអាចរំលត់សេចក្ដីសោកនោះបាន សូមព្រះអង្គមេត្តាធ្វើជាទីពឹងដល់ខ្ញុំព្រះអង្គផងចុះ។
គ្រានោះ ព្រះសាស្តាត្រាស់នឹងលោកថា អ្នកពិតជាបានមកកាន់សំណាក់នៃបុគ្គល ដែលអាចរំលត់សេចក្ដីសោកបានពិតមែនហើយ។ ព្រោះថា ទឹកភ្នែករបស់អ្នកដែលហូរចេញមកកាលដែលស្ត្រីម្នាក់នេះស្លាប់ទៅក្នុងអាការៈបែបនេះ (រាប់មិនអស់ជាតិ) គឺមានច្រើនជាងទឹកក្នុងមហាសមុទ្រទាំងបួនទៅទៀត។ ត្រាស់ដូច្នោះហើយ ព្រះអង្គក៏ត្រាស់សម្ដែងនូវព្រះគាថានេះថា៖
‘‘យំ បុព្វេ តំ វិសោសេហិ, បច្ឆា តេ មាហុ កិញ្ចនំ;
មជ្ឈេ ចេ នោ គហេស្សសិ, ឧបសន្តោ ចរិស្សសី’’តិ។
កិលេសឯណាកើតមានក្នុងកាលមុន អ្នកចូរធ្វើកិលេសនោះឱ្យរីងស្ងួតទៅ កិលេសគ្រឿងកង្វល់ កុំបីមានដល់អ្នកក្នុងកាលជាខាងក្រោយឡើយ បើអ្នកមិនប្រកាន់មាំក្នុងកិលេសកណ្ដាល (គឺបច្ចុប្បន្ន) ទេ អ្នកនឹងជាអ្នកស្ងប់រម្ងាប់ ត្រេចទៅក្នុងលោកបាន។
ការសម្រេចធម៌ និងការទូលសុំបរិនិព្វាន
ក្នុងពេលបញ្ចប់ព្រះគាថា សន្តតិមហាមាត្យបានសម្រេចនូវអរហត្តផល កាលដែលលោកពិនិត្យមើលនូវអាយុសង្ខាររបស់ខ្លួន ក៏ជ្រាបថា អាយុសង្ខារនោះមិនអាចប្រព្រឹត្តទៅបានតទៅទៀតឡើយ (ជិតអស់អាយុ) ទើបក្រាបទូលព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គមេត្តាអនុញ្ញាតឱ្យខ្ញុំព្រះអង្គបរិនិព្វានផងចុះ។
ព្រះសាស្តា ទោះបីទ្រង់ជ្រាបនូវកម្មដែលលោកបានធ្វើមកហើយក្ដី ប៉ុន្តែទ្រង់មានព្រះតម្រិះថា ពួកមិច្ឆាទិដ្ឋិដែលមកជួបជុំគ្នាដើម្បីចាំចាប់កំហុសក្នុងរឿងមុសាវាទ នឹងមិនបានឱកាសឡើយ ចំណែកពួកសម្មាទិដ្ឋិដែលមកជុំគ្នាដើម្បីមើលពុទ្ធលីលា និងលីលារបស់សន្តតិមហាមាត្យ កាលដែលបានស្ដាប់កម្មដែលមហាមាត្យនេះបានធ្វើហើយ នឹងមានសេចក្ដីសាទរក្នុងបុណ្យទាំងឡាយជាមិនខាន។ ទើបព្រះអង្គត្រាស់ថា ម្នាលសន្តតិ បើដូច្នោះ អ្នកចូរប្រាប់នូវកម្មដែលអ្នកបានធ្វើហើយដល់តថាគតចុះ កាលដែលនឹងប្រាប់នោះ កុំឈរប្រាប់លើដីឡើយ ចូរហោះឡើងទៅឈរលើអាកាសកម្ពស់ ៧ ដើមត្នោត រួចសឹមប្រាប់ចុះ។
សន្តតិមហាមាត្យទទួលព្រះពុទ្ធដីកាថា សាធុ ព្រះអង្គ រួចក៏ថ្វាយបង្គំព្រះសាស្តា ហោះឡើងទៅកម្ពស់ ១ ដើមត្នោត រួចចុះមកថ្វាយបង្គំព្រះសាស្តាវិញ រួចក៏ហោះឡើងទៅតាមលំដាប់រហូតដល់កម្ពស់ ៧ ដើមត្នោត លើអាកាស អង្គុយពត់បល្ល័ង្កហើយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គមេត្តាស្ដាប់នូវបុព្វកម្មរបស់ខ្ញុំព្រះអង្គចុះ រួចក៏សម្ដែងថា៖
បុព្វកម្មជាអ្នកឃោសនាធម៌
ក្នុងកប្បទី ៩១ ក្នុងកាលនៃព្រះវិបស្សីសម្មាសម្ពុទ្ធ ខ្ញុំព្រះអង្គបានកើតក្នុងត្រកូលមួយក្នុងក្រុងពន្ធុមតី រួចគិតថា តើអំពើអ្វីទៅហ្ន៎ ដែលមិនបៀតបៀន ឬមិនធ្វើឱ្យអ្នកដទៃក្ដៅក្រហាយ? កាលដែលពិចារណាទៅ ក៏ឃើញនូវការងារជាអ្នកឃោសនាធម៌ (ធម្មឃោសក) ចាប់តាំងពីពេលនោះមក ខ្ញុំព្រះអង្គក៏បានធ្វើការងារនោះ ដោយបញ្ចុះបញ្ចូលមហាជនថា អ្នករាល់គ្នាចូលធ្វើបុណ្យទាំងឡាយចុះ ចូរសមាទានឧបោសថសីលក្នុងថ្ងៃឧបោសថចុះ ចូរឱ្យទាន ចូរស្តាប់ធម៌ របស់អ្វីផ្សេងដែលស្មើនឹងព្រះពុទ្ធរតនាទីជាដើមនោះ គឺមិនមានឡើយ អ្នករាល់គ្នាចូលធ្វើសក្ការៈចំពោះរតនៈទាំងបីចុះ។
ព្រះបាទពន្ធុមតី ដែលជាព្រះពុទ្ធបិតា បានឮសម្លេងរបស់ខ្ញុំព្រះអង្គ ក៏ឱ្យគេហៅខ្ញុំព្រះអង្គទៅសួរថា នែប្អូន អ្នកឯងដើរធ្វើអ្វីហ្នឹង? ខ្ញុំព្រះអង្គក្រាបទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គដើរបកស្រាយនូវគុណនៃព្រះរតនត្រ័យ ដើម្បីឱ្យមហាជនតាំងនៅក្នុងបុណ្យទាំងឡាយ។ ស្ដេចសួរថា អ្នកឯងអង្គុយលើអ្វីដើរឃោសនា? ខ្ញុំព្រះអង្គតបថា ដើរដោយជើងទេ ព្រះអង្គ។ ស្ដេចត្រាស់ថា នែប្អូន អ្នកមិនសមនឹងដើរឃោសនាបែបនេះទេ ចូរអ្នកពាក់កម្រងផ្កានេះ ហើយជិះលើខ្នងសេះដើរឃោសនាចុះ រួចទ្រង់ក៏ប្រទានកម្រងផ្កាដែលមានសភាពដូចកម្រងកែវមុក្តា និងប្រទានសេះដែលបង្ហាត់បានយ៉ាងល្អដល់ខ្ញុំព្រះអង្គ។
លុះខ្ញុំព្រះអង្គ ជិះសេះដើរឃោសនាធម៌តាមព្រះរាជានុញ្ញាតបែបនោះ ព្រះរាជាក៏ឱ្យហៅទៅសួរជាថ្មី កាលដែលទ្រង់ជ្រាបថាខ្ញុំព្រះអង្គនៅតែបន្តធ្វើការងារដដែលនោះ ទ្រង់ក៏ត្រាស់ថា នែប្អូន សេះក៏មិនទាន់សមនឹងអ្នកដែរ ចូរអ្នកអង្គុយលើរទេះនេះដើរឃោសនាចុះ រួចទ្រង់ក៏ប្រទានរទេះដែលទឹមដោយសេះសិន្ធវៈ ៤។ ដល់វារៈទី ៣ ព្រះរាជាបានឮសម្លេងខ្ញុំព្រះអង្គទៀត ក៏ឱ្យគេហៅទៅសួរ កាលដែលជ្រាបថាខ្ញុំព្រះអង្គនៅតែធ្វើការងារដដែលនោះ ទ្រង់ក៏ត្រាស់ថា នែប្អូន រទេះក៏មិនទាន់សមនឹងអ្នកដែរ រួចទ្រង់ក៏ប្រទាននូវភោគសម្បត្តិដ៏ច្រើន គ្រឿងប្រដាប់តាក់តែងកាយដ៏ខ្ពង់ខ្ពស់ និងប្រទានដំរី ១ ដល់ខ្ញុំព្រះអង្គ។
ខ្ញុំព្រះអង្គ ដែលតុបតែងកាយដោយគ្រឿងអលង្ការគ្រប់យ៉ាង អង្គុយលើក្បាលដំរី បានធ្វើការងារជាអ្នកឃោសនាធម៌អស់រយៈពេល ៨ ម៉ឺនឆ្នាំ ដោយអំណាចនៃបុណ្យនោះ ក្លិនខ្លឹមចន្ទន៍រមែងជះចេញពីកាយរបស់ខ្ញុំព្រះអង្គ ក្លិនផ្កាឧប្បលរមែងជះចេញពីមាត់របស់ខ្ញុំព្រះអង្គគ្រប់កាលវេលា។ នេះគឺជាកម្មដែលខ្ញុំព្រះអង្គបានធ្វើមកហើយ។
ការបរិនិព្វានលើអាកាស និងការតម្កល់ព្រះធាតុ
សន្តតិមហាមាត្យ កាលដែលបានប្រាប់នូវបុព្វកម្មរបស់ខ្លួនយ៉ាងនេះហើយ ក៏ចូលកាន់តេជោធាតុសមាបត្តិ ទាំងកំពុងអង្គុយលើអាកាសនោះឯង រួចក៏បរិនិព្វានទៅ។ គ្រានោះ អណ្តាតភ្លើងបានកើតឡើងពីក្នុងរាងកាយ រួចក៏ឆេះរំលាយសាច់ និងឈាមអស់ទៅ នៅសល់តែព្រះធាតុទាំងឡាយដែលមានសណ្ឋានដូចជាផ្កាម្លិះ។ ព្រះសាស្តាទ្រង់បានលាតសន្ធឹងនូវសំពត់ស្អាតមួយផ្ទាំង ព្រះធាតុទាំងឡាយក៏ធ្លាក់ចុះមកលើសំពត់នោះ។ ព្រះអង្គឱ្យគេនាំយកព្រះធាតុទាំងនោះដាក់ក្នុងបាត្រ រួចឱ្យសាងសង់ចេតិយទុកនៅឯផ្លូវបំបែកជាបួន ដោយទ្រង់មានព្រះតម្រិះថា មហាជនថ្វាយបង្គំហើយ នឹងបានជាអ្នកមានចំណែកនៃបុណ្យ។
ការពិភាក្សារបស់ភិក្ខុទាំងឡាយ
ភិក្ខុទាំងឡាយ បានលើកយកប្រធានបទមកជជែកគ្នាក្នុងធម្មសភាថា ម្នាលអាវុសោ សន្តតិមហាមាត្យសម្រេចអរហត្តផលក្នុងពេលបញ្ចប់គាថា រួចក៏បរិនិព្វានទាំងកំពុងអង្គុយលើអាកាស ទាំងដែលនៅតែតុបតែងកាយដោយគ្រឿងអលង្ការបែបនេះ តើគួរហៅលោកថាជា ‘សមណៈ’ ឬក៏គួរហៅថាជា ‘ព្រាហ្មណ៍’? ព្រះសាស្តាយាងមកដល់ហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពេលនេះអ្នករាល់គ្នាអង្គុយជជែកគ្នាពីរឿងអ្វី? កាលបើភិក្ខុទាំងឡាយក្រាបទូលតាមដំណើររឿងហើយ ព្រះអង្គក៏ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុត្ររបស់តថាគតនេះ នឹងហៅថា ‘សមណៈ’ ក៏បាន ឬនឹងហៅថា ‘ព្រាហ្មណ៍’ ក៏បានដែរ។ ត្រាស់ដូច្នោះហើយ ព្រះអង្គក៏ភ្ជាប់សេចក្ដីដើម្បីសម្ដែងធម៌ រួចត្រាស់នូវព្រះគាថានេះថា៖
១៤២. អលង្កតោ ចេបិ សមំ ចរេយ្យ,
សន្តោ ទន្តោ និយតោ ព្រហ្មចារី;
សព្វេសុ ភូតេសុ និធាយ ទណ្ឌំ,
សោ ព្រាហ្មណោ សោ សមណោ ស ភិក្ខុ។
បើបុគ្គលណា មានខ្លួនប្រដាប់ស្អិតស្អាងហើយ (ដោយគ្រឿងលម្អរ) តែគប្បីប្រព្រឹត្តស្មើ អ្នកស្ងប់រម្ងាប់ ទូន្មាន (ឥន្ទ្រិយ) ជាបុគ្គលទៀង (ចំពោះមគ្គផល) អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ទម្លាក់ចោលនូវអាជ្ញាក្នុងសត្វទាំងពួងចេញហើយ បុគ្គលនោះហៅថា ព្រាហ្មណ៍ក៏បាន ថាសមណៈក៏បាន ថាភិក្ខុក៏បាន។
សេចក្ដីអធិប្បាយព្រះគាថា
ក្នុងព្រះគាថានោះ ពាក្យថា អលង្កតោ សេចក្ដីថា អ្នកដែលតុបតែងរាងកាយដោយសំពត់ និងគ្រឿងអភរណៈទាំងឡាយ។ អត្ថសេចក្ដីនៃពាក្យនោះថា ទោះបីជាបុគ្គលតុបតែងកាយដោយគ្រឿងអលង្ការមានសំពត់ជាដើមក៏ដោយ ប៉ុន្តែបើបុគ្គលនោះជាអ្នកប្រព្រឹត្តស្មើដោយកាយជាដើម ជាអ្នកស្ងប់រម្ងាប់ (សន្តោ) ព្រោះការរម្ងាប់នូវរាគៈជាដើម ជាអ្នកទូន្មានខ្លួន (ទន្តោ) ដោយការទូន្មាននូវឥន្ទ្រីយ៍ទាំងឡាយ ជាអ្នកមានសីលមាំទាំ (និយតោ) ដោយការកំណត់នូវមគ្គទាំងបួន ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ (ព្រហ្មចារី) ដោយការប្រព្រឹត្តដ៏ឧត្ដម និងជាអ្នកដាក់ចុះនូវអាជ្ញា (និធាយ ទណ្ឌំ) ក្នុងសត្វទាំងឡាយព្រោះតែការលះបង់ចោលនូវកាយទណ្ឌជាដើម។ បុគ្គលដែលមានសភាពបែបនេះឯង គួរហៅថាជា ព្រាហ្មណ៍ ក៏បាន ព្រោះជាអ្នកកម្ចាត់បង់នូវបាបហើយ គួរហៅថាជា សមណៈ ក៏បាន ព្រោះជាអ្នកធ្វើបាបឱ្យស្ងប់ហើយ គួរហៅថាជា ភិក្ខុ ក៏បាន ព្រោះជាអ្នកទម្លាយនូវកិលេសទាំងឡាយហើយ។
ទេសនាវសានេ ក្នុងពេលបញ្ចប់ព្រះធម្មទេសនា ជនជាច្រើនបានសម្រេចនូវសោតាបត្តិផលជាដើម។
រឿងសន្តតិមហាមាត្យ ទី ៩ ចប់។




























No comments:
Post a Comment