រឿងភិក្ខុអ្នកមានរបស់ប្រើប្រាស់ច្រើន - Monk Cambodia

រឿងភិក្ខុអ្នកមានរបស់ប្រើប្រាស់ច្រើន

Share This

 #សិក្សាគាថាធម្មបទ

៨. រឿងភិក្ខុអ្នកមានរបស់ប្រើប្រាស់ច្រើន

ន នគ្គចរិយា ជាដើម ព្រះសាស្តាកាលគង់ប្រថាប់នៅក្នុងជេតវនវិហារ

ទ្រង់ប្រារព្ធនូវភិក្ខុអ្នកមានរបស់ប្រើប្រាស់ច្រើន ហើយត្រាស់សម្ដែងនូវព្រះធម្មទេសនានេះ​​​​។

ឮថា កុដុម្ពិកៈម្នាក់រស់នៅក្នុងក្រុងសាវត្ថី កាលដែលភរិយាស្លាប់ទៅ

ក៏បានចូលទៅបួស​​​​។ កាលដែលលោកនឹងបួសនោះ បានឱ្យគេសាងសង់បរិវេណផ្ទាល់ខ្លួន មានរោងភ្លើង

និងឃ្លាំងដាក់របស់របរ ហើយបានដាក់បំពេញក្នុងឃ្លាំងនោះដោយទឹកដោះថ្លា ទឹកឃ្មុំ

និងប្រេង​ជាដើម ទើបបួស​​​​។ លុះបួសហើយ

លោកតែងហៅពួកទាសៈរបស់ខ្លួនមកឱ្យដាំស្លអាហារតាមដែលខ្លួនចង់ឆាន់​​​​។

លោកក៏ក្លាយជាអ្នកមានរបស់របរ និងបរិក្ខារច្រើនណាស់​​​​។ ក្នុងពេលយប់លោកប្រើប្រាស់ស្បង់ចីវរផ្សេង

ពេលថ្ងៃប្រើប្រាស់ផ្សេង ហើយពេលថ្ងៃលោកតែងទៅសម្រាកនៅឯជាយវិហារ​​​​។

ថ្ងៃមួយ កាលដែលលោកកំពុងហាលចីវរ និងកម្រាលទាំង ឡាយ

ពួកភិក្ខុដែលដើរត្រួតពិនិត្យសេនាសនៈបានឃើញ ក៏សួរថា “ម្នាលអាវុសោ របស់ទាំងនេះជារបស់នរណា?” កាលបើលោកតបថាជារបស់ខ្ញុំ ពួកភិក្ខុក៏ពោលថា ម្នាលអាវុសោ

ព្រះភគវាទ្រង់អនុញ្ញាតឱ្យមានត្រឹមតែត្រៃចីវរប៉ុណ្ណោះ

ចុះហេតុអ្វីបានជាលោកមកបួសក្នុងសាសនារបស់ព្រះពុទ្ធដែលទ្រង់ប្រដៅឱ្យមានសេចក្ដីប្រាថ្នាតិច

បែរជា​​មកមានបរិក្ខារច្រើនបែបនេះ? រួចក៏នាំភិក្ខុនោះទៅកាន់សំណាក់ព្រះសាស្តា

ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុរូបនេះមានរបស់របរច្រើនណាស់​​​​។

ព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុ ឮថាអ្នកឯងមានរបស់ច្រើនពិតមែនឬ?លោកក្រាបទូលថា ពិតមែនហើយ ព្រះអង្គ​​​​។

ព្រះអង្គត្រាស់សួរទៀតថា ម្នាលភិក្ខុ ហេតុអ្វីបានជាអ្នកមានរបស់ច្រើនយ៉ាងនេះ

ក្នុងកាលដែលតថាគតសម្ដែងធម៌ដើម្បីសេចក្ដីប្រាថ្នាតិច?

ភិក្ខុនោះគ្រាន់តែឮប៉ុណ្ណោះ ក៏កើតសេចក្ដីខឹងសម្បារ រួចពោលថា បើដូច្នោះ

ខ្ញុំនឹងដើរទៅបែបនេះវិញ ហើយក៏គ្រវាត់ស្បង់ចីវរដណ្ដប់ចេញ

ឈរនៅកណ្ដាលជំនុំភិក្ខុដោយមានតែសំពត់ស្លៀកមួយជាប់កាយ​​​​។ គ្រានោះ

ព្រះសាស្តាទ្រង់ចង់ជួយសង្គ្រោះលោក ទើបត្រាស់ថា ម្នាលភិក្ខុ

កាលពីមុនអ្នកជាអ្នកស្វែងរកហិរិ និងឱត្តប្បៈ

សូម្បីតែក្នុងកាលដែលអ្នកកើតជាអារក្ខទឹក (ទករក្ខស) អ្នកក៏នៅតែស្វែងរកហិរិ និងឱត្តប្បៈអស់រយៈពេល

១២ ឆ្នាំដែរ ចុះហេតុអ្វីបានជាឥឡូវនេះ

អ្នកមកបួសក្នុងព្រះពុទ្ធសាសនាដ៏ខ្ពង់ខ្ពស់បែបនេះហើយ បែរជាមកបោះបង់ស្បង់ចីវរដណ្ដប់ចោល

លះបង់ហិរិ និងឱត្តប្បៈ ឈរនៅកណ្ដាលបរិស័ទទាំងបួនបែបនេះទៅវិញ? លោកឮព្រះពុទ្ធដីកាហើយ ក៏កើតហិរិ និងឱត្តប្បៈឡើងវិញ

រួចក៏ទាញចីវរមកដណ្ដប់វិញ ថ្វាយបង្គំព្រះសាស្តា ហើយអង្គុយក្នុងទីដ៏សមគួរ​​​​។

ភិក្ខុទាំងឡាយ ក៏អារាធនាព្រះភគវាឱ្យទ្រង់សម្ដែងរឿងនោះឱ្យច្បាស់​​​​។ ព្រះភគវាក៏នាំយកនូវរឿងអតីតមកត្រាស់សម្ដែងថា៖

រឿងអតីតជាតិ៖

ទេវធម៌

ក្នុងអតីតកាល ព្រះពោធិសត្វបានចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះអគ្គមហេសីរបស់ព្រះបាទពារាណសី​​​​។

ក្នុងថ្ងៃដាក់ឈ្មោះ គេបានដាក់ឈ្មោះលោកថា មហឹសកុមារ​​​​។

លោកមានប្អូនប្រុសម្នាក់ឈ្មោះ ចន្ទកុមារ​​​​។ លុះមាតារបស់លោកស្លាប់ទៅ

ព្រះរាជាក៏តាំងស្ត្រីម្នាក់ទៀតជាអគ្គមហេសី​​​​។ នាងក៏ប្រសូតបានបុត្រម្នាក់ឈ្មោះ សូរិយកុមារ​​​​។

ព្រះរាជាទតឃើញបុត្រតូច ក៏មានព្រះទ័យត្រេកអរ ហើយប្រទានពរដល់នាងថា អញនឹងប្រទានពរដល់បុត្ររបស់អ្នក​​​​។

នាងក៏ក្រាបទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់នឹងទទួលយកពរនេះក្នុងកាលដែលខ្ញុំម្ចាស់ចង់បាន​​​​។

លុះដល់ពេលសូរិយកុមារចម្រើនវ័យឡើង នាងក៏ក្រាបទូលសុំពរពីព្រះរាជាថា បពិត្រព្រះសម្មតិទេព

កាលបុត្រខ្ញុំម្ចាស់ប្រសូត ព្រះអង្គបានប្រទានពរទុក ឥឡូវនេះសូមព្រះអង្គប្រទានរាជសម្បត្តិដល់បុត្រខ្ញុំម្ចាស់ផង​​​​។

ព្រះរាជាបដិសេធថា បុត្រច្បងទាំងពីររបស់អញ

ប្រៀបដូចជាភ្នក់ភ្លើងដែលកំពុងឆេះសន្ធោសន្ធៅ

អញមិនអាចឱ្យរាជសម្បត្តិដល់សូរិយកុមារបានទេ​​​​។

ប៉ុន្តែព្រះរាជាទតឃើញនាងនៅតែទទូចសុំ ក៏ខ្លាចក្រែងនាងនឹងធ្វើអន្តរាយដល់បុត្រទាំងពីរ

ទើបហៅបុត្រទាំងពីរមកប្រាប់ថា កូនអើយ

ពុកបានឱ្យពរដល់មាតារបស់សូរិយ​កុមារ តាំងពីគេប្រសូតមកម៉្លេះ

ឥឡូវនេះមាតារបស់គេមកសុំរាជសម្បត្តិឱ្យគេ ពុកមិនចង់ឱ្យទេ

ប៉ុន្តែមាតារបស់គេអាចនឹងធ្វើអន្តរាយដល់កូនទាំងពីរ បើដូច្នោះ

ចូរកូនទាំងពីរចូលទៅនៅក្នុងព្រៃសិនចុះ លុះដល់ពុកអស់បុណ្យទៅ សឹមត្រឡប់មកទទួលរាជសម្បត្តិវិញ​​​​។

បុត្រទាំងពីរថ្វាយបង្គំបិតា រួចចុះពីប្រាសាទទៅ​​​​។

សូរិយកុមារដែលកំពុងលេងនៅទីលានហ្លួងបានឃើញ ក៏ជ្រាបពីដំណើររឿង រួចក៏សុំទៅជាមួយបងៗដែរ​​​​។

កាលដែលចូលទៅដល់ព្រៃហិមពាន្ត ព្រះពោធិសត្វបានចូលទៅសម្រាកនៅក្រោមដើមឈើមួយ

រួចប្រាប់សូរិយកុមារថា នែប្អូន ចូរប្អូនទៅកាន់ស្រះនោះ ងូតទឹក ផឹកទឹក

ហើយដួសទឹកដោយស្លឹកឈូកយកមកឱ្យបងផង​​​​។

ក៏ប៉ុន្តែ ស្រះនោះជាស្រះដែលទករក្ខស (មារទឹក) ម្នាក់

ទទួលបានពរពីសំណាក់ព្រះវេស្សវណ្ណ​​​​។ ព្រះវេស្សវណ្ណបានប្រាប់វាថា លើកលែងតែអ្នកដែលដឹងនូវទេវធម៌ចេញ

អ្នកឯងអាចស៊ីអស់អ្នកដែលចុះទៅក្នុងស្រះនេះបានតាមចិត្ត​​​​។ ចាប់តាំងពីពេលនោះមក ទករក្ខសតែងតែសួរនូវទេវធម៌ដល់អ្នកដែលចុះទៅក្នុងស្រះ

បើអ្នកណាខ្វះការពិចារណា ចុះទៅដោយមិនដឹង ក៏ត្រូវវាចាប់ស៊ី​​​​។ សូរិយកុមារចុះទៅក្នុងស្រះនោះដោយមិនបានពិចារណា

ក៏ត្រូវទករក្ខសសួរថា តើអ្នកដឹងនូវទេវធម៌ដែរឬទេ? សូរិយកុមារតបថា ទេវធម៌ គឺព្រះចន្ទ និងព្រះអាទិត្យ​​​​។

ទករក្ខសពោលថា អ្នកមិនដឹងនូវទេវធម៌ទេ រួចក៏ចាប់សូរិយកុមារទៅទុកក្នុងលំនៅរបស់វា​​​​។

ព្រះពោធិសត្វឃើញប្អូនបាត់យូរពេក ក៏បញ្ជូនចន្ទកុមារឱ្យទៅតាម​​​​។

ចន្ទកុមារក៏ត្រូវវាសួរដូចគ្នា លោកតបថា ទេវធម៌

គឺទិសទាំងបួន​​​​។ ទករក្ខសក៏ចាប់លោកទៅទុកជាមួយសូរិយ​កុមារដែរ​​​​។

ការសម្ដែងទេវធម៌

និងការបង្ក្រាបទករក្ខស

ព្រះពោធិសត្វឃើញប្អូនទាំងពីរនាក់បាត់យូរពេក ក៏គិតថា ប្រហែលជាមានអន្តរាយអ្វីមួយមិនខាន

ទើបយាងទៅដោយខ្លួនឯង កាលបើឃើញតែស្នាមជើងចុះទៅក្នុងស្រះ តែមិនមានស្នាមជើងឡើងមកវិញ

ក៏ជ្រាបច្បាស់ថា ស្រះនេះត្រូវទករក្ខសគ្រប់គ្រងហើយ

ទើបលោកក្រវាត់ដាវ កាន់ធ្នូ ហើយឈររង់ចាំ​​​​។ ទករក្ខសឃើញលោកមិនចុះទៅក្នុងទឹក

ក៏ក្លែងខ្លួនជាបុរសអ្នកធ្វើការក្នុងព្រៃ ដើរមកប្រាប់ថា នែបុរស

អ្នកឯងដើរផ្លូវមកហត់នឿយណាស់ ហេតុអ្វីក៏មិនចុះទៅក្នុងស្រះនេះ ដើម្បីងូតទឹក ផឹកទឹក

ស៊ីមើមឈូក និងបេះផ្កាឈូកមកស៊កសៀត រួចសឹមទៅមុខទៀត?

ព្រះពោធិសត្វឃើញភ្លាមក៏ដឹងថា នេះគឺជាទករក្ខស ទើបពោលថា អ្នកឯងចាប់ប្អូនៗរបស់អញមែនទេ? ទករក្ខសតបថា អើ

អញចាប់មែន​​​​។ លោកសួរថា តើដោយសារហេតុអ្វី? ទករក្ខសតបថា អញមានសិទ្ធិចាប់អស់អ្នកដែលចុះទៅក្នុងស្រះនេះ​​​​។

លោកសួរទៀតថា តើអ្នកចាប់ទាំងអស់ឬយ៉ាងណា? ទករក្ខសតបថា លើកលែងតែអ្នកដែលដឹងនូវទេវធម៌ចេញ

ក្រៅពីនោះអញចាប់ស៊ីទាំងអស់​​​​។ លោកក៏សួរថា តើអ្នកចង់ដឹងនូវទេវធម៌ដែរឬទេ?ទករក្ខសតបថា អើអញចង់ដឹង។ លោកពោលថា បើដូច្នោះ អញនឹងសម្ដែងប្រាប់​​​​។ ទករក្ខសក៏តបថា សូមអ្នកសម្ដែងមកចុះ​​​​។

លោកប្រាប់ថា ខ្ញុំមិនអាចសម្ដែងធម៌ ក្នុងកាលដែលរាងកាយនៅប្រឡាក់បែបនេះបានឡើយ​​​​។

អារក្ខទឹកក៏បានឱ្យព្រះពោធិសត្វងូតទឹក ឱ្យផឹកទឹក ឱ្យតុបតែងកាយ

រួចរៀបចំអាសនៈក្នុងមណ្ឌបដ៏ស្រស់ស្អាតឱ្យលោកអង្គុយ ចំណែកឯខ្លួនឯងវិញ

ក៏អង្គុយនៅទៀបជើងរបស់លោក​​​​។ គ្រានោះ ព្រះពោធិសត្វប្រាប់ថា អ្នកចូរស្ដាប់ដោយគោរពចុះ

រួចក៏សម្ដែងនូវព្រះគាថានេះថា៖

‘‘ហិរិឱត្តប្បសម្បន្នា,               សុក្កធម្មសមាហិតា;

សន្តោ សប្បុរិសា លោកេ,                   ទេវធម្មាតិ វុច្ចរេ’’តិ​​​​។

សប្បុរសទាំងឡាយក្នុងលោក ជាអ្នកស្ងប់រម្ងាប់ ប្រកបដោយហិរិ និងឱត្តប្បៈ

តាំងនៅក្នុងសុក្កធម៌ (ធម៌ស) លោកហៅសប្បុរសទាំងនោះថា ជាអ្នកមានទេវធម៌​​​​។

អារក្ខទឹកកាលដែលបានស្ដាប់ធម៌នេះហើយ ក៏មានចិត្តជ្រះថ្លា

ពោលទៅកាន់ព្រះពោធិសត្វថា បពិត្របណ្ឌិត ខ្ញុំមានចិត្តជ្រះថ្លានឹងអ្នកណាស់ ខ្ញុំនឹងប្រគល់ប្អូនម្នាក់ឱ្យអ្នកវិញ

តើអ្នកចង់ឱ្យខ្ញុំទៅនាំយកម្នាក់ណា? លោកតបថា ចូរអ្នកនាំយកប្អូនពៅ

(សូរិយកុមារ) មកឱ្យអញ​​​​។ អារក្ខទឹកពោលថា បពិត្របណ្ឌិត

អ្នកឯងគ្រាន់តែដឹងនូវទេវធម៌ប៉ុណ្ណោះ តែហាក់ដូចជាមិនបានប្រតិបត្តិតាមទេវធម៌នោះសោះ​​​​។

លោកសួរថា តើដោយសារហេតុអ្វី? អារក្ខទឹកតបថា ពីព្រោះអ្នកទុកប្អូនច្បងចោល

បែរជាឱ្យនាំយកប្អូនពៅមកវិញ ឈ្មោះថាមិនគោរពដល់អ្នកដែលរៀមច្បង​​​​។

ព្រះពោធិសត្វតបថា នែអារក្ខទឹក ខ្ញុំដឹងនូវទេវធម៌ ហើយខ្ញុំក៏ប្រតិបត្តិតាមទេវធម៌នោះដែរ​​​​។

ពួកខ្ញុំចូលមកក្នុងព្រៃនេះ ក៏ដោយសារតែអាស្រ័យនឹងប្អូនពៅនេះឯង​​​​។

ព្រោះថាមាតារបស់គេបានសុំរាជសម្បត្តិពីព្រះបិតាឱ្យគេ ចំណែកព្រះបិតាមិនព្រមឱ្យ

ក៏បញ្ជូនពួកយើងមកនៅក្នុងព្រៃដើម្បីការពារសុវត្ថិភាព ហើយកុមារនេះក៏មិនព្រមនៅ គឺសុំតាមពួកយើងមកដែរ​​​​។ ប្រសិន​បើ​ខ្ញុំត្រឡប់ទៅវិញហើយប្រាប់គេថា‘មានយក្ខម្នាក់ស៊ីប្អូនពៅក្នុងព្រៃបាត់ហើយ’ នោះ ច្បាស់ជាគ្មាននរណាជឿខ្ញុំឡើយ

គេមុខជាពោលបង្កាច់ខ្ញុំមិនខាន ព្រោះតែខ្ញុំខ្លាចនូវពាក្យតិះ​ដៀល​​បែបនេះឯង ទើបខ្ញុំឱ្យអ្នកនាំយកគេមកមុន។

យក្ខមានចិត្តជ្រះថ្លាយ៉ាងខ្លាំង ក៏ពោលសរសើរថា សាធុ បណ្ឌិត

អ្នកឯងពិតជាដឹងនូវទេវធម៌ និងប្រតិបត្តិតាមទេវធម៌ពិតមែន រួចក៏ទៅនាំយកប្អូនទាំងពីរនាក់មកប្រគល់ឱ្យលោកទាំងអស់​​​​។

បន្ទាប់មក ព្រះពោធិសត្វបានសម្ដែងនូវទោសនៃភាពជាអារក្ខទឹកដល់គេ រួចឱ្យគេតាំងនៅក្នុងសីល

៥​​​​។ លោកបានជ្រោមជ្រែងអារក្ខទឹកនោះឱ្យរស់នៅក្នុងព្រៃនោះដោយសុវត្ថិភាព

លុះព្រះបិតាសុគតទៅ លោកក៏នាំអារក្ខទឹកនោះទៅជាមួយក្នុងក្រុងពារាណសី រួចទទួលរាជសម្បត្តិ

ហើយតាំងចន្ទកុមារជាឧបរាជ តាំងសូរិយកុមារជាសេនាបតី ចំណែកឯអារក្ខទឹកវិញ

លោកឱ្យគេសាងសង់អាស្រមក្នុងទីដ៏រមណីយ

ហើយទំនុកបម្រុងឱ្យបានទទួលនូវលាភសក្ការៈយ៉ាងបរិបូរណ៍​​​​។

ការប្រជុំជាតិក

និងការទូន្មានភិក្ខុ

ព្រះសាស្តា កាលដែលនាំយកនូវព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតិកថា ក្នុងកាលនោះ

យក្ខបានមកជាភិក្ខុអ្នកមានរបស់ប្រើប្រាស់ច្រើននេះឯង សូរិយកុមារបានមកជាអានន្ទ

ចន្ទកុមារបានមកជាសារីបុត្ត ចំណែកឯមហឹសកុមារ

គឺតថាគតនេះឯង។ ព្រះសាស្តាកាលដែលត្រាស់សម្ដែងនូវជាតិកយ៉ាងនេះហើយ

ទើបទូន្មានភិក្ខុនោះថា ម្នាលភិក្ខុ កាលពីមុនអ្នកជាអ្នកស្វែងរកនូវទេវធម៌

ត្រេចទៅដោយសេចក្ដីប្រកបដោយហិរិ និងឱត្តប្បៈ

ឥឡូវនេះអ្នកបែរជាមកឈរនៅកណ្ដាលបរិស័ទទាំងបួន ក្នុងសភាពបែបនេះនៅចំពោះមុខតថាគត

រួចពោលថា ‘ខ្ញុំជាអ្នកមានសេចក្ដីប្រាថ្នាតិច’ ដូច្នេះ

ឈ្មោះថាអ្នកធ្វើនូវអំពើមិនសមគួរឡើយ​​​​។ ពិតណាស់ បុគ្គលមិនមែនឈ្មោះថាជាសមណៈ

គ្រាន់តែដោយសារការបដិសេធមិនស្លៀកសំពត់ជាដើមនោះឡើយ។ ត្រាស់ដូច្នោះហើយ

ព្រះអង្គក៏ភ្ជាប់សេចក្ដីដើម្បីសម្ដែងធម៌ រួចត្រាស់នូវព្រះគាថានេះថា៖

១៤១. ន នគ្គចរិយា ន ជដា ន បង្កា, នានាសកា ថណ្ឌិលសាយិកា វា;

រជោជល្លំ ឧក្កុដិកប្បធានំ,          សោធេន្តិ

មច្ចំ អវិតិណ្ណកង្ខំ​​​។

ការប្រព្រឹត្តអាក្រាតកាយ ទុកសក់ ដេកលើភក់ មិនបរិភោគបាយ ដេកលើផែនដី

ប្រឡាក់ខ្លួនដោយធូលី ព្យាយាមអង្គុយច្រហោង មិន ជម្រះសត្វ ដែលមិនទាន់ ឆ្លងផុតសេចក្តីសង្ស័យ

បានទេ​​​​​។​​​

សេចក្ដីអធិប្បាយព្រះគាថា

ក្នុងព្រះគាថានោះ ពាក្យថា នានាសកា គឺមកពីពាក្យថា ន អនសកា សេចក្ដីថា

ការបដិសេធមិនបរិភោគភត្ត (ការអត់អាហារ)​​​​។ ពាក្យថា ថណ្ឌិលសាយិកា សេចក្ដីថា

ការដេកលើផ្ទៃដី​​​​។ ពាក្យថា រជោជល្លំ សេចក្ដីថា ធូលីដែលជាប់នៅនឹងរាងកាយដែលមានសភាពដូចជាការលាបដោយភក់​​​​។

ពាក្យថា ឧក្កុដិកប្បធានំ សេចក្ដីថា

សេចក្ដីព្យាយាមដែលប្រារព្ធឡើងដោយការអង្គុយច្រហោង​​​​។

សេចក្ដីដែលបានពោលមកនេះ មានន័យថា៖ សត្វលោកណាមួយដែលគិតថា អញនឹងដល់នូវសេចក្ដីស្អាតបរិសុទ្ធ

ពោលគឺការរំដោះខ្លួនចាកលោកបានដោយវិធីបែបនេះ រួចក៏សមាទាននូវវត្តមានការដើរអាក្រាតកាយជាដើមណាមួយ

ក្នុងចំណោមវត្តទាំងឡាយនេះមកប្រតិបត្តិ

បុគ្គលនោះមានតែការចម្រើននូវមិច្ឆាទិដ្ឋិឱ្យកាន់តែខ្លាំងឡើង និងមានសេចក្ដីនឿយហត់ជាចំណែកប៉ុណ្ណោះ​​​​។

ពិតណាស់ វត្តទាំងឡាយនេះ ទោះបីជាសមាទានប្រតិបត្តិដោយហ្មត់ចត់យ៉ាងណាក៏ដោយ

ក៏មិនអាចជម្រះសត្វលោកដែលមិនទាន់កន្លងផុតនូវសេចក្ដីសង្ស័យ

គឺនៅមិនទាន់កន្លងផុតនូវសេចក្ដីសង្ស័យក្នុងវត្ថុទាំង ៨ យ៉ាង ឱ្យស្អាតបរិសុទ្ធបានឡើយ​​​​។

ទេសនាវសានេ ក្នុងពេលបញ្ចប់ព្រះធម្មទេសនា

ជនជាច្រើនបានសម្រេចនូវសោតាបត្តិផលជាដើម​​​​។

រឿងភិក្ខុអ្នកមានរបស់ប្រើប្រាស់ច្រើន

ទី ៨ ចប់​។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter