៧. #រឿងព្រះមហាមោគ្គល្លានត្ថេរ
យោ ទណ្ឌេន ជាដើម ព្រះសាស្តាកាលគង់ប្រថាប់នៅក្នុងវេឡុវនវិហារ ទ្រង់ប្រារព្ធនូវព្រះមហាមោគ្គល្លានត្ថេរ ហើយត្រាស់សម្ដែងនូវព្រះធម្មទេសនានេះ។
ឮថា ក្នុងសម័យមួយ ពួកនិគ្រន្ថ (តិត្ថិយា) បានប្រជុំគ្នាហើយពិភាក្សាថា ម្នាលអាវុសោ អ្នករាល់គ្នាដឹងទេថា តើដោយសារហេតុអ្វី បានជាលាភសក្ការៈដ៏ធំកើតមានដល់សមណគោតម? ពួកតិត្ថិយខ្លះតបថា ពួកយើងមិនដឹងទេ ចុះអ្នករាល់គ្នាដឹងដែរឬទេ? ពួកតិត្ថិយដែលដឹងតបថា អើ ពួកយើងដឹង គឺអាស្រ័យនឹងភិក្ខុម្នាក់ឈ្មោះ មហាមោគ្គល្លាន ហ្នឹងឯង ទើបលាភសក្ការៈកើតឡើង។ ព្រោះថាលោកតែងតែទៅកាន់ទេវលោក សួរពួកទេវតាប្រាប់អំពីកម្មដែលពួកគេបានធ្វើ រួចត្រឡប់មកប្រាប់មនុស្សទាំងឡាយថា ‘ធ្វើបុណ្យឈ្មោះនេះ រមែងបានសម្បត្តិបែបនេះ’។ សូម្បីតែពួកដែលកើតក្នុងនរក លោកក៏ទៅសួរកម្មរបស់ពួកគេ រួចត្រឡប់មកប្រាប់មនុស្សទាំងឡាយថា ‘ធ្វើបាបឈ្មោះនេះ រមែងទទួលទុក្ខវេទនាបែបនេះ’។ មនុស្សទាំងឡាយកាលដែលបានឮសម្ដីរបស់លោកហើយ ក៏នាំគ្នាពាំនាំនូវលាភសក្ការៈដ៏ច្រើនមកប្រគេន បើពួកយើងអាចសម្លាប់លោកនោះបាន លាភសក្ការៈនោះនឹងធ្លាក់មកលើពួកយើងមិនខាន។
ពួកតិត្ថិយទាំងនោះមានចិត្តស្របគ្នាថា មានឧបាយម្យ៉ាង រួចក៏សម្រេចចិត្តថា មិនថាត្រូវធ្វើវិធីណាក៏ដោយ ពួកយើងនឹងឱ្យគេសម្លាប់ភិក្ខុនោះឱ្យខាងតែបាន ទើបនាំគ្នាទៅបញ្ចុះបញ្ចូលពួកឧបដ្ឋាករបស់ខ្លួនឱ្យជួយឧបត្ថម្ភ រហូតបានប្រាក់មួយពាន់កហាបណៈ រួចក៏ទៅហៅពួកចោរដែលស៊ីឈ្នួលសម្លាប់មនុស្សមកប្រាប់ថា ព្រះមហាមោគ្គល្លានត្ថេរគង់នៅនា កាឡសិលា អ្នករាល់គ្នាចូលទៅសម្លាប់លោកនៅទីនោះទៅ រួចក៏ប្រគល់ប្រាក់ឱ្យពួកចោរទាំងនោះ។ ពួកចោរព្រោះតែលោភចង់បានទ្រព្យ ក៏ទទួលពាក្យថា ពួកយើងនឹងសម្លាប់ព្រះថេរៈ រួចក៏នាំគ្នាទៅឡោមព័ទ្ធកន្លែងដែលលោកគង់នៅ។ ព្រះថេរៈជ្រាបថាខ្លួនត្រូវគេឡោមព័ទ្ធ ក៏បានចេញតាមរន្ធសោ រួចគេចខ្លួនបាត់ទៅ។ ពួកចោររកលោកមិនឃើញក្នុងថ្ងៃនោះ លុះដល់ថ្ងៃបន្ទាប់ក៏មកឡោមព័ទ្ធម្ដងទៀត។ ព្រះថេរៈជ្រាបហើយ ក៏ទម្លុះដំបូលវិហារ (កណ្ណិកាមណ្ឌល) ហោះឡើងទៅលើអាកាសគេចខ្លួនបាត់ទៅទៀត។ ពួកចោរព្យាយាមធ្វើបែបនេះអស់រយៈពេលមួយខែពេញ ក៏នៅតែមិនអាចចាប់ព្រះថេរៈបានឡើយ។
លុះដល់ខែចុងក្រោយ ព្រះថេរៈបានជ្រាបច្បាស់នូវអំណាចនៃបាបកម្ម (អតីតជាតិ) របស់ខ្លួនដែលតាមមកទាន់ ក៏មិនគេចខ្លួនទៀតឡើយ។ ពួកចោរក៏ចូលទៅចាប់ព្រះថេរៈបាន រួចវាយបំបែកឆ្អឹងរបស់លោកឱ្យម៉ដ្ឋដូចជាអង្កាម។ បន្ទាប់មក កាលដែលពួកចោរយល់ថា លោកស្លាប់ហើយ ក៏គ្រវាត់លោកចោលទៅលើគុម្ពោតព្រៃមួយ រួចក៏នាំគ្នាដើរចេញទៅ។
#ការសុំលាបរិនិព្វាន_និងការសម្តែងឥទ្ធិឫទ្ធិ
ព្រះថេរៈគិតថា អញនឹងសុំលាបរិនិព្វានចំពោះព្រះសាស្តាសិន ទើបបរិនិព្វាន រួចក៏ផ្ដុំរូបកាយដែលខ្ទេចខ្ទីនោះដោយកម្លាំងឈានឱ្យរឹងមាំ រួចហោះតាមអាកាសទៅកាន់សំណាក់ព្រះសាស្តា ថ្វាយបង្គំហើយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងបរិនិព្វានហើយ។ ព្រះអង្គត្រាស់សួរថា ម្នាលមោគ្គល្លាន អ្នកនឹងបរិនិព្វានពិតមែនឬ? លោកក្រាបទូលថា ពិតមែនហើយ ព្រះអង្គ។ ព្រះអង្គត្រាស់សួរទៀតថា តើអ្នកនឹងទៅបរិនិព្វាននៅទីណា? លោកក្រាបទូលថា នៅនាបញ្ចភាគនៃកាឡសិលា ព្រះអង្គ។ ព្រះសាស្តាត្រាស់ថា ម្នាលមោគ្គល្លាន បើដូច្នោះ ចូរអ្នកសម្តែងធម៌ដល់តថាគតសិនសឹមទៅ ព្រោះថាការបានឃើញសាវ័កបែបអ្នកក្នុងពេលនេះ នឹងមិនមានទៀតឡើយ។ ព្រះថេរៈទទួលព្រះពុទ្ធដីកាថា ខ្ញុំព្រះអង្គនឹងធ្វើដូច្នោះ ព្រះអង្គ រួចក៏ថ្វាយបង្គំព្រះសាស្តា ហោះឡើងទៅលើអាកាស បង្ហាញឥទ្ធិឫទ្ធិជាច្រើនប្រការ និងសម្ដែងធម៌ដូចកាលព្រះសារីបុត្តត្ថេរធ្វើក្នុងថ្ងៃបរិនិព្វានដែរ បន្ទាប់មកក៏ថ្វាយបង្គំព្រះសាស្តា រួចនិមន្តទៅកាន់ព្រៃកាឡសិលា ហើយបរិនិព្វាននៅទីនោះ។
#ការស្វែងរក_និងការដាក់ទោសពួកចោរ
ដំណឹងដែលថា ពួកចោរសម្លាប់ព្រះថេរៈ បានល្បីសុះសាយពេញសកលជម្ពូទ្វីប។ ព្រះបាទអជាតសត្រូវ បានចាត់ពួកបុរសចារកម្មឱ្យតាមរកចាប់ពួកចោរទាំងនោះ។ ក្នុងខណៈដែលពួកចោរទាំងនោះកំពុងផឹកស្រាស្រវឹងខ្លាំង មានចោរម្នាក់បានទះខ្នងចោរម្នាក់ទៀតឱ្យដួល។ ចោរដែលដួលនោះខឹងសម្បារហើយពោលថា នែអាមនុស្សអន់ចរិត ហេតុអ្វីបានជាឯងទះខ្នងអញឱ្យដួល? ចោរម្នាក់ទៀតតបថា នែអាចោរចង្រៃ ចុះឯងមិនដឹងទេឬថា គឺអញហ្នឹងហើយដែលជាអ្នកវាយព្រះមហាមោគ្គល្លានត្ថេរមុនគេនោះ? ចោរម្នាក់ទៀតក៏តបវិញថា ចុះឯងមិនដឹងទេឬថា អញក៏ជាអ្នកវាយដែរ? ពួកបុរសចារកម្មឮពួកចោរជជែកគ្នាថា អញជាអ្នកវាយ អញជាអ្នកវាយ ដូច្នោះ ក៏នាំគ្នាដេញចាប់ពួកចោរទាំងអស់នោះទៅថ្វាយព្រះរាជា។ ព្រះរាជាឱ្យហៅពួកចោរមកសួរថា តើអ្នករាល់គ្នាពិតជាបានសម្លាប់ព្រះថេរៈមែនឬ? ពួកចោរក្រាបទូលថា ពិតមែនហើយ ព្រះអង្គ។ ព្រះរាជាសួរទៀតថា តើនរណាជាអ្នកប្រើអ្នករាល់គ្នា? ពួកចោរក្រាបទូលថា គឺពួកអ្នកបួសអាក្រាត (តិត្ថិយ) ព្រះអង្គ។
ព្រះរាជាឱ្យគេទៅចាប់ពួកតិត្ថិយ ៥០០ នាក់ មកជាមួយពួកចោរ ៥០០ នាក់ រួចឱ្យគេជីករណ្ដៅត្រឹមផ្ចិតនៅទីលានហ្លួង កប់ពួកគេក្នុងរណ្ដៅនោះ រួចយកចំបើងគ្របពីលើហើយដុតភ្លើង។ លុះដឹងថាពួកគេឆេះខ្លោចហើយ ទើបឱ្យគេយកនង្គ័លដែកមកភ្ជួររាស់ពីលើ រហូតដល់រាងកាយពួកគេដាច់ជាកង់ៗទាំងអស់។
#ការជជែកដេញដោលរបស់ភិក្ខុទាំងឡាយ
ភិក្ខុទាំងឡាយ បានលើកយកប្រធានបទមកជជែកគ្នាក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះមហាមោគ្គល្លានត្ថេរដល់នូវមរណភាពបែបនេះ ហាក់ដូចជាមិនសមរម្យនឹងលោកសោះ។ ព្រះសាស្តាយាងមកដល់ហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពេលនេះអ្នករាល់គ្នាអង្គុយជជែកគ្នាពីរឿងអ្វី? កាលបើភិក្ខុទាំងឡាយក្រាបទូលតាមដំណើររឿងហើយ ព្រះអង្គក៏ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មរណភាពរបស់មោគ្គល្លាននេះ បើពោលចំពោះជាតិបច្ចុប្បន្ន គឺពិតជាមិនសមរម្យមែន ប៉ុន្តែបើពោលចំពោះបាបកម្មដែលលោកបានធ្វើទុកក្នុងជាតិមុន គឺពិតជាសមរម្យនឹងកម្មនោះណាស់។ កាលដែលភិក្ខុទាំងឡាយក្រាបទូលសួរពីបុព្វកម្មនោះ ព្រះអង្គក៏ត្រាស់សម្ដែងសេចក្ដីពិស្តារថា៖
#បុព្វកម្មសម្លាប់មាតាបិតា
ក្នុងអតីតកាល មានកុលបុត្តម្នាក់រស់នៅក្នុងក្រុងពារាណសី ជាអ្នកមើលថែទាំមាតាបិតាដោយខ្លួនឯង ទាំងការបុកអង្ករ និងការដាំស្លជាដើម។ គ្រានោះ មាតាបិតាបានប្រាប់កូនថា កូនអើយ កូនឯងធ្វើការទាំងក្នុងផ្ទះទាំងក្នុងព្រៃតែម្នាក់ឯងបែបនេះ ពិតជាលំបាកណាស់ ចាំម៉ែពុកទៅដណ្ដឹងកូនក្រមុំម្នាក់មកឱ្យកូនឯង។ កូនតបថា ម៉ែពុក កូនមិនចង់បានទេ ដរាបណាដែលម៉ែពុកនៅរស់ កូននឹងបម្រើម៉ែពុកដោយដៃរបស់កូនឯងបែបនេះរហូតទៅ។ ទោះបីកូនបដិសេធយ៉ាងណាក៏ដោយ ក៏មាតាបិតានៅតែទទូចសុំ រហូតដណ្ដឹងកូនក្រមុំម្នាក់មកឱ្យកូនបានសម្រេច។
នាងកូនប្រសានោះ បម្រើមាតាបិតាក្មេកបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏ចាប់ផ្ដើមមិនចង់ឃើញមុខពួកគាត់ទៀតឡើយ រួចក៏ពោលទោសថា ខ្ញុំមិនអាចរស់នៅទីកន្លែងតែមួយជាមួយមាតាបិតារបស់អ្នកបានទេ។ កាលដែលឃើញស្វាមីមិនព្រមស្ដាប់តាមសម្ដីខ្លួន នាងក៏ឆ្លៀតពេលដែលស្វាមីចេញទៅខាងក្រៅ យកកម្ទេចឈើ និងពពុះយ៉ាគូមកពង្រាយពេញទីកន្លែងនោះ។ លុះស្វាមីត្រឡប់មកវិញសួរថា តើនេះជារឿងអ្វី? នាងក៏ប្រាប់ថា គឺអំពើរបស់ពួកមនុស្សចាស់ភ្នែកខ្វាក់ទាំងនេះឯង ពួកគាត់ដើរធ្វើឱ្យប្រឡាក់ពេញផ្ទះបែបនេះរហូត អូនមិនអាចរស់នៅជាមួយពួកគាត់បានទៀតទេ។
កាលដែលនាង ព្យាយាមពោលពាក្យដដែលៗបែបនេះញឹកញាប់ពេក សូម្បីតែសត្វលោកដែលបានបំពេញបារមីមកហើយ (សម្ដៅលើព្រះមហាមោគ្គល្លានក្នុងជាតិនោះ) ក៏កើតសេចក្ដីបែកបាក់ជាមួយមាតាបិតាដែរ។ លោកក៏គិតថា អើ ចាំមើលចុះ អញនឹងដឹងថាត្រូវធ្វើអ្វីដាក់ពួកគាត់ រួចក៏រៀបចំអាហារឱ្យពួកគាត់បរិភោគ ហើយប្រាប់ថា ម៉ែពុក ពួកញាតិនៅឯកន្លែងនោះ កំពុងរង់ចាំផ្លូវម៉ែពុកទៅលេង បើដូច្នោះយើងនាំគ្នាទៅទីនោះចុះ រួចក៏ឱ្យពួកគាត់ឡើងលើរទេះនាំចេញទៅ។
កាលដែលទៅដល់កណ្ដាលព្រៃ លោកក៏ប្រាប់ពុកថា ពុក កាន់ខ្សែរបរឱ្យជាប់ចុះ គោទាំងនេះគ្រាន់តែឱ្យសញ្ញាតាមរំពាត់វាក៏ដើរទៅមុខហើយ ក្នុងទីកន្លែងនេះមានពួកចោររស់នៅច្រើន ខ្ញុំត្រូវចុះទៅមើលផ្លូវសិន រួចក៏ប្រគល់ខ្សែរបរឱ្យទៅពុក ហើយលោកក៏ចុះពីលើរទេះ ដើរទៅធ្វើសម្លេងបន្លំឱ្យដូចជាសម្លេងពួកចោរដែលកំពុងស្ទាក់ប្លន់។ មាតាបិតាឮសម្លេងដូច្នោះ ក៏យល់ថា ពួកចោរមកប្លន់ហើយ ទើបស្រែកប្រាប់កូនថា កូនអើយ ពួកម៉ែពុកចាស់ហើយ កូនឯងចូររក្សាខ្លួនឯងឱ្យរួចចុះ (មិនបាច់បារម្ភពីម៉ែពុកទេ)។ បុរសជាកូន ទោះបីឮមាតាបិតាស្រែកជួយសង្រ្គោះបែបនោះ ក៏នៅតែបន្តធ្វើសម្លេងជាចោរ រួចក៏វាយដំមាតាបិតាសម្លាប់ចោល ហើយគ្រវាត់សាកសពចោលក្នុងព្រៃ រួចក៏ត្រឡប់មកផ្ទះវិញ។
#ផលនៃបាបកម្ម_និងសេចក្ដីវិនាស_១០_យ៉ាង
ព្រះសាស្តា កាលដែលទ្រង់ត្រាស់សម្ដែងនូវបុព្វកម្មរបស់ព្រះថេរៈយ៉ាងនេះហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានបានធ្វើកម្មប៉ុណ្ណេះហើយ ត្រូវទៅរងទុក្ខក្នុងនរកអស់រាប់សែនឆ្នាំ លុះដោយសារសេសសល់នៃផលកម្ម ទើបត្រូវគេវាយដំឱ្យខ្ទេចខ្ទីដល់នូវមរណភាពបែបនេះឯងអស់រាប់រយអត្តភាព។ យ៉ាងនេះឯង មោគ្គល្លាន ឈ្មោះថាបានទទួលនូវមរណភាពសមរម្យតាមកម្មរបស់ខ្លួន ចំណែកឯពួកចោរ ៥០០ នាក់ និងពួកតិត្ថិយ ៥០០ នាក់ ក៏បានទទួលនូវមរណភាពសមរម្យតាមកម្មរបស់ខ្លួនដែរ។ ព្រោះថា បុគ្គលណាបៀតបៀនក្នុងបុគ្គលទាំងឡាយដែលមិនបានប្រទូស្តតប បុគ្គលនោះរមែងដល់នូវសេចក្ដីវិនាសអន្តរាយដោយហេតុ ១០ យ៉ាងជាមិនខាន។ ត្រាស់ដូច្នោះហើយ ព្រះអង្គក៏ភ្ជាប់សេចក្ដីដើម្បីសម្ដែងធម៌ រួចត្រាស់នូវព្រះគាថាទាំងឡាយនេះថា៖
១៣៧. យោ ទណ្ឌេន អទណ្ឌេសុ, អប្បទុដ្ឋេសុ ទុស្សតិ;
ទសន្នមញ្ញតរំ ឋានំ, ខិប្បមេវ និគច្ឆតិ។
១៣៨. វេទនំ ផរុសំ ជានិំ, សរីរស្ស វ ភេទនំ;
គរុកំ វាបិ អាពាធំ, ចិត្តក្ខេបំ វ បាបុណេ។
១៣៩. រាជតោ វា ឧបសគ្គំ, អព្ភក្ខានំ វ ទារុណំ;
បរិក្ខយំ វ ញាតីនំ, ភោគានំ វ បភង្គុរំ។
១៤០. អថ វាស្ស អគារានិ, អគ្គិ ឌហតិ បាវកោ;
កាយស្ស ភេទា ទុប្បញ្ញោ, និរយំ សោបបជ្ជតីតិ។
បុគ្គលណាប្រហារបុគ្គលដែលមិនមានអាជ្ញា មិនមានសេចក្ដីប្រទូស្ត ដោយអាជ្ញា (គឺដំបងជាដើម) បុគ្គលនោះរមែងដល់នូវហេតុ ១០ យ៉ាង ណាមួយជាប្រាកដក្នុងពេលឆាប់ៗ គឺ៖
១. រមែងទទួលនូវទុក្ខវេទនាដ៏ខ្លាំងក្លា
២. រមែងសាបសូន្យចាកទ្រព្យសម្បត្តិ
៣. រមែងបែកធ្លាយនូវសរីរាង្គ (ដាច់ដៃដាច់ជើងជាដើម)
៤. រមែងកើតរោគាពាធដ៏ធ្ងន់ធ្ងរ
៥. រមែងដល់នូវសេចក្ដីឆ្កួតរាយមាយនៃចិត្ត
៦. រមែងទទួលនូវអន្តរាយពីសំណាក់ព្រះរាជា
៧. រមែងត្រូវគេពោលបង្កាច់បង្ខូចយ៉ាងសាហាវ
៨. រមែងដល់នូវការសាបសូន្យចាកញាតិទាំងឡាយ
៩. រមែងវិនាសអន្តរាយនូវភោគសម្បត្តិទាំងឡាយ
១០. ម្យ៉ាងទៀត ភ្លើងរមែងឆេះផ្ទះសម្បែងរបស់បុគ្គលនោះ លុះបុគ្គលដែលមានប្រាជ្ញាទន់ខ្សោយនោះរលាយកាយទៅ (ស្លាប់ទៅ) ក៏រមែងទៅកើតក្នុងនរក)។
#សេចក្ដីអធិប្បាយព្រះគាថា
ក្នុងព្រះគាថានោះ ពាក្យថា អទណ្ឌេសូតិ សេចក្ដីថា ក្នុងព្រះខីណាសពទាំងឡាយដែលមិនមានអាជ្ញា មានកាយទណ្ឌជាដើម។ ពាក្យថា អប្បទុដ្ឋេសូតិ សេចក្ដីថា ក្នុងបុគ្គលទាំងឡាយដែលមិនមានកំហុស ចំពោះអ្នកដទៃក្ដី ឬចំពោះខ្លួនឯងក្ដី។ ពាក្យថា ទសន្នមញ្ញតរំ ឋានន្តិ សេចក្ដីថា ហេតុណាមួយក្នុងចំណោមហេតុនៃសេចក្ដីទុក្ខទាំង ១០ យ៉ាង។ ពាក្យថា វេទនន្តិ សេចក្ដីថា ទុក្ខវេទនាដ៏ខ្លាំងក្លា មានរោគឈឺក្បាលជាដើម។ ពាក្យថា ជានិន្តិ សេចក្ដីថា ការសាបសូន្យចាកទ្រព្យសម្បត្តិដែលរកបានមកដោយលំបាក។ ពាក្យថា ភេទនន្តិ សេចក្ដីថា ការបែកធ្លាយនៃសរីរាង្គ មានការដាច់ដៃជាដើម។ ពាក្យថា គរុកន្តិ សេចក្ដីថា ឬក៏រោគាពាធដ៏ធ្ងន់ធ្ងរ មានរោគស្លាប់មួយចំហៀងខ្លួន ភ្នែកខ្វាក់ម្ខាង រោគខ្វិន រោគគម ឬរោគឃ្លង់ជាដើម។ ពាក្យថា ចិត្តក្ខេបន្តិ សេចក្ដីថា សេចក្ដីឆ្កួតរាយមាយ។ ពាក្យថា ឧបសគ្គន្តិ សេចក្ដីថា ឬក៏អន្តរាយពីសំណាក់ព្រះរាជា មានការសាបសូន្យចាកយសសក្ដិ ឬការត្រូវដកហូតតំណែងសេនាបតីជាដើម។ ពាក្យថា អព្ភក្ខានន្តិ សេចក្ដីថា ឬក៏ការត្រូវគេពោលបង្កាច់បង្ខូចយ៉ាងសាហាវ ក្នុងរឿងដែលមិនដែលឃើញ មិនដែលឮ មិនដែលគិតពីមុនមកថា អំពើមានការកាត់មេជញ្ជាំងជាដើមនេះ អ្នកឯងជាអ្នកធ្វើ ឬថា អំពើជាការប្រទូស្តចំពោះព្រះរាជានេះ អ្នកឯងជាអ្នកធ្វើ ដូច្នេះជាដើម។
ពាក្យថា បរិក្ខយំ វ ញាតីនន្តិ សេចក្ដីថា ឬក៏ការសាបសូន្យចាកញាតិទាំងឡាយដែលជាទីពឹងពាក់អាស្រ័យរបស់ខ្លួន។ ពាក្យថា បភង្គុរន្តិ សេចក្ដីថា សេចក្ដីវិនាសអន្តរាយ ឬសេចក្ដីរលួយអាក្រក់។ អត្ថសេចក្ដីថា ធញ្ញជាតិដែលមានក្នុងផ្ទះរបស់បុគ្គលនោះ ក៏ដល់នូវសេចក្ដីរលួយខូច មាសក៏ក្លាយទៅជាធ្យូង កែវមុត្តាក៏ក្លាយទៅជាគ្រាប់កប្បាស កហាបណៈក៏ក្លាយទៅជាអំបែងចាន សត្វជើងពីរនិងសត្វជើងបួនក៏ដល់នូវសេចក្ដីពិការភ្នែកឬពិការជើងជាដើម។ ពាក្យថា អគ្គិ ឌហតីតិ សេចក្ដីថា ក្នុងមួយឆ្នាំ ភ្លើងអាចនឹងឆេះផ្ទះបុគ្គលនោះពីរដងឬបីដង ទោះបីជាមិនមានអ្នកដុតក៏ដោយ ក៏រន្ទះបាញ់មកឆេះ ឬក៏ភ្លើងឆេះឡើងឯងៗតាមធម្មតានៃកម្មរបស់បុគ្គលនោះ។ ពាក្យថា និរយន្តិ សេចក្ដីថា ដើម្បីបង្ហាញឱ្យឃើញថា ក្រោយពីបានទទួលនូវហេតុណាមួយក្នុងចំណោមហេតុទាំង ១០ យ៉ាងនេះក្នុងបច្ចុប្បន្នជាតិហើយ ក្នុងបរលោក បុគ្គលនោះនឹងត្រូវទៅកើតក្នុងនរកជាដាច់ខាត ទើបត្រាស់ថា និរយំ សោបបជ្ជតី (បុគ្គលនោះរមែងទៅកើតក្នុងនរក)។
ទេសនាវសានេ ក្នុងពេលបញ្ចប់ព្រះធម្មទេសនា ជនជាច្រើនបានសម្រេចនូវសោតាបត្តិផលជាដើម។
រឿងព្រះមហាមោគ្គល្លានត្ថេរ ទី ៧ ចប់។




























No comments:
Post a Comment