កឋិនទានមានលក្ខណៈប្លែក ៥ យ៉ាងគឺ៖ - Monk Cambodia

កឋិនទានមានលក្ខណៈប្លែក ៥ យ៉ាងគឺ៖

Share This

 📌កឋិនទានមានលក្ខណៈប្លែក ៥ យ៉ាងគឺ៖


១- ប្លែកដោយកាលៈ គឺមានតែ ២៩ ថ្ងៃ ខែអស្សុជ មាន ១៤ថ្ងៃ (១រោច ដល់ ១៥រោច) ខែកត្តិក មាន ១៥ថ្ងៃ (១កើត ដល់ ១៥កើត)។ រយៈកាលនេះពាក្យសាមញ្ញហៅថា រដូវកឋិន ក្នុងរដូវនេះ ទាយកចង់ធ្វើថ្ងៃណាមួយក៏បាន ក្រៅពី ថ្ងៃទាំង ២៩ នេះពុំបាន ហើយវត្តមួយធ្វើបានតែម្តងក្នុងមួយរដួវកឋិន​ភិក្ខុទទួលកឋិនបានម្តង។


២- ប្លែកដោយវត្ថុៈ គឺសំពត់ដែលយកមកធ្វើកឋិននោះ បានតែស្បង់ ឬចីវរ ឬក៏សង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិ សំពត់ក្រៅពីនេះពុំបាន ភិក្ខុអ្នកទទួលក្រាលកឋិនក្នុងចំណោម ត្រៃចីវរ (ស្បង់ ១ ចីពរ ១ សង្ឃាដី ១) គឺលោកក្រាលបានតែ ១មុខប៉ុណ្ណោះ។


៣- ប្លែកដោយអំពើៈ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឲ្យត្រូវរបៀបតាមវិន័យបញ្ញត្តិ ហើយសង្ឃក៏គប្បី ក្រាលគ្រង និងអនុមោទនាឲ្យត្រឹមត្រូវតាមវិន័យបញ្ញត្តិដែរ ទើបកើតជាកឋិនពេញលក្ខណៈបាន។


៤- ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិនបាន លុះតែបាននៅចាំវស្សាគ្រប់៣ខែក្នុងវត្តណាមួយ ទើបទទួលក្រាលគ្រងនិងអនុមោទនាក្នុងវត្តនោះបាន ភិក្ខុដែលមិននៅបានចាំវស្សា ឬបាននៅចាំវស្សាដែរ តែឲ្យដាច់ក៏ទទួលពុំបាន។


៥- ប្លែកដោយអានិសង្សៈ គឺទាយកអ្នកធ្វើក៏បានអានិសង្ស ភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុមោទនាក៏បាន       អានិសង្សកឋិន ពុទ្ធបរិស័ទ ឬទាយកទាយិកាដែលជាអ្នកធ្វើបុណ្យកឋិនទាន ដោយមានចិត្តសទ្ធាជ្រះថ្លា មានចេតនាបរិសុទ្ធិ និងប្រកបដោយធម៌ ប្រគេនចំពោះសង្ឃរួចហើយ រមែងទទួលបានផលានិសង្សច្រើន ទាំងក្នុងបច្ចុប្បន្នជាតិ និងទាំងក្នុងអនាគតជាតិ មានការទទួលនូវសម្បត្តិ ក្នុងឋានសួគ៌ទេវលោកជាដើម ។ ចំណែកបដិគ្គាហកៈភិក្ខុដែលជាអ្នកទទួលក្រាលគ្រង និងអនុមោទនាកឋិនបានត្រឹមត្រូវ តាមព្រះវិន័យហើយ រមែងបានសម្រេចនូវអានិសង្ស ៥ យ៉ាងពេញលេញ ដរាបដល់រយៈកាលនៃកឋិនខេត្ត ។ @ អានិសង្ឃ ៥ ប្រការដែលបានសម្រេចដល់ភិក្ខុ អ្នកបានក្រាល បានអនុមោទនាកឋិន មានរយៈកាល ៥ខែ គឺតាំងពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែផគ្គុណ ប៉ុន្តែរយៈកាល ៥ខែនេះ ចំពោះតែបានក្រាល-អនុមោទនាកឋិនពីថ្ងៃ ១រោចខែអស្សុជ ។ ក្នុងរយៈកាល ២៩ថ្ងៃ គឺពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្ដិក ដែលជាកាលនៃកឋិនទាន បើភិក្ខុបានក្រាល អនុមោទនាកឋិន ក្នុងថ្ងៃណា អានិសង្ស ៥ ក៏កើតមាន គិតតាំងពីថ្ងៃនោះ រហូតដល់ថ្ងៃ ១៥កើត ខែផគ្គុណ ។ ជាងនេះទៅទៀត អានិសង្សរបស់ការថ្វាយសំពត់កឋិនក្នុងបច្ចុប្បន្ន មានប្រាកដក្នុងគម្ពីរ និងតម្រាជាច្រើន ក្នុងបណ្តានោះមានដូចជា៖

ទី១/ ឈ្មោះថា បានជួយគ្នាទ្រទ្រង់ព្រះពុទ្ធសាសនា ឱ្យបានចម្រើនរុងរឿងគង់វង្សស្ថេរភាពនៅយូរអង្វែង ។

ទី២/ ឈ្មោះថា បានផ្តល់កម្លាំងកាយ កម្លាំងចិត្តឱ្យដល់ព្រះភិក្ខុសង្ឃជាសាសនទាយាទ បន្តអាយុព្រះពុទ្ធសាសនាតទៅ ។

ទី៣/ ឈ្មោះថា បានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរវិសេស ។

ទី៤/ ឈ្មោះថា ជាអ្នកមិនប្រមាទចំពោះមហាកុសលរបស់ខ្លួន ។ ល ។


                           ពាក្យថា « បុណ្យ » 

បុណ្យមកពីពាក្យថា បុញ្ញ     បុណ្យគឺការលះអកុសល

បុណ្យប្រែថាជម្រៈមន្ទិល     បុណ្យជាកុសលចិត្តជ្រះថ្លា។

បុណ្យនាំឱ្យយល់ព្រះនិព្វាន  បុណ្យគឺជាស្ពានឆ្លងតណ្ហា

បុណ្យនាំសត្វលោកឱ្យភ្លឺថ្លា  បុណ្យដាស់សត្វណាមាននិស្ស័យ។ 

បុណ្យជាជម្និះជិះឆ្លងភព       បុណ្យជាម្លប់សែនសុខក្រៃ

បុណ្យនាំសត្វលោកផុតលោកិយ៍  បុណ្យគឺអាស្រ័យចិត្តសទ្ធា។

បុណ្យអាចកែប្រែចិត្តសត្វលោក បុណ្យដាស់ឱ្យក្រោកពីតណ្ហា

បុណ្យរំលត់ភ័យនិងទុក្ខា       បុណ្យជាមាគាផុតខន្ធប្រាំ។

បុណ្យនាំសត្វលោកឱ្យសោយសុខ  បុណ្យជាជង្រុកទុកពូជផ្សំ

បុណ្យនាំសត្វលោកឱ្យផុតកម្ម  បុណ្យផ្សំកំណើតឱ្យបវរ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter