#រឿងព្រះវ៉ាក្កលិ (ឬ ព្រះវក្កលិតថេរ)។
លោក វ៉ាក្កលិ កើតក្នុងត្រកូលព្រាហ្មណ៍មួយនៅក្រុងសាវត្ថី។ នៅពេលធំដឹងក្តី ថ្ងៃមួយលោកបានឃើញព្រះសម្មាសម្ពុទ្ធ យាងបិណ្ឌបាតនៅក្នុងទីក្រុង។ នៅពេលបានឃើញ រូបសម្បត្តិព្រះពុទ្ធ (មហាបុរិសលក្ខណៈ ៣២ ប្រការ) និងព្រះឆព្វណ្ណរង្សីចេញព្រាកៗដ៏ស្រស់ស្អាតឥតខ្ចោះរបស់ព្រះអង្គ លោកក៏កើតសេចក្តីជ្រះថ្លា និងលង់ស្រឡាញ់រូបកាយព្រះអង្គទ្រាំមិនបាន។
លោកមានគំនិតថា «បើអញរស់នៅជាគ្រហស្ថ នឹងមិនអាចអង្គុយមើលព្រះរូបដ៏ល្អឥតខ្ចោះនេះបានរាល់ថ្ងៃឡើយ មានតែបួសទេ ទើបអាចមើលព្រះអង្គបានគ្រប់ពេលវេលា»។ ដោយហេតុនេះ លោកក៏បានសុំបួសជាភិក្ខុក្នុងសំណាក់ព្រះពុទ្ធ។
បន្ទាប់ពីបានបួសជាភិក្ខុហើយ ព្រះវ៉ាក្កលិ មិនបានយកចិត្តទុកដាក់លើការសិក្សារៀនធម៌ ឬការចម្រើនវិបស្សនាកម្មដ្ឋានឡើយ។ ជារៀងរាល់ថ្ងៃ លោកតែងតែឈរ ឬអង្គុយមើលព្រះពុទ្ធរហូត មិនថាយាងទៅណា ក៏តាមមើលមិនដាក់ភ្នែកដែរ។
ព្រះពុទ្ធទ្រង់ជ្រាប ប៉ុន្តែទ្រង់រង់ចាំរហូតដល់ របស់ព្រះវ៉ាក្កលិ ចាស់ទុំល្មមអាចទទួលការដាស់តឿនបាន។
ថ្ងៃមួយ ព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបថាដល់ពេលវេលាសមគួរហើយ ទ្រង់ក៏មានព្រះពុទ្ធដីកាដាស់តឿនថា៖
«ម្នាលវ៉ាក្កលិ! តើអ្នកមកអង្គុយសម្លឹងមើលរាងកាយដ៏ពុករលួយ (រូបកាយ) នេះមានប្រយោជន៍អ្វី? ម្នាលវ៉ាក្កលិ! អ្នកណាឃើញធម៌ អ្នកនោះឈ្មោះថាឃើញតថាគត, អ្នកណាឃើញតថាគត អ្នកនោះឈ្មោះថាឃើញធម៌»។
ទោះបីជាទទួលបានការដាស់តឿនយ៉ាងណាក៏ដោយ ព្រះវ៉ាក្កលិ នៅតែមិនអាចដកចិត្តចេញពីការមើលព្រះរូបកាយព្រះអង្គបាន។ នៅពេលជិតដល់រដូវវស្សា ព្រះពុទ្ធទ្រង់ជ្រាបថា ប្រសិនបើមិនធ្វើឱ្យព្រះវ៉ាក្កលិ មានការតក់ស្លុតក្នុងចិត្តទេ លោកនឹងមិនអាចត្រាស់ដឹងបានឡើយ។ ព្រះអង្គក៏សម្តែងអាការៈបដិសេធ និងដេញព្រះវ៉ាក្កលិថា៖ «វ៉ាក្កលិ ចេញទៅ កុំនៅតាមមើលដូច្នេះ!»
ដោយត្រូវព្រះពុទ្ធបណ្តេញចេញ និងមិនបានឃើញព្រះអង្គអស់រយៈពេល ៣ ខែ(កាន់ព្រះវស្សា)ព្រះវ៉ាក្កលិ កើតសេចក្តីតូចចិត្ត និងសោកសៅយ៉ាងខ្លាំង។ លោកបានគិតថា «ជីវិតអញបើមិនបានឃើញព្រះពុទ្ធទេ គ្មានន័យអ្វីទៀតឡើយ អញគួរតែស្លាប់ទៅប្រសើរជាង»។
លោកក៏បានឡើងទៅលើកំពូល ភ្នំគិជ្ឈកូដ ដើម្បីលោតទម្លាក់ខ្លួនសម្លាប់ខ្លួន។
នៅពេលព្រះវ៉ាក្កលិ រៀបនឹងលោតចុះ ព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបដោយញាណ។ ព្រះអង្គបានបញ្ចេញ និម្មិតរូប ប្រកបដោយពន្លឺដ៏ស្រស់ស្អាត ទៅបង្ហាញចំពោះមុខព្រះវ៉ាក្កលិ។ ពេលបានឃើញព្រះពុទ្ធភ្លាម សេចក្តីសោកសៅរបស់ព្រះវ៉ាក្កលិ ក៏បាត់អស់ ហើយកើតជា បីតិ (សេចក្តីសុខ និងរីករាយយ៉ាងខ្លាំង)។ ព្រះពុទ្ធទ្រង់បានសម្តែងព្រះគាថា និងលាតព្រះហស្តហៅថា៖ «វ៉ាក្កលិ ចូរកុំខ្លាច! ចូរចូលមកមើលតថាគតទៅ»
ដោយកម្លាំងនៃបីតិដ៏ខ្លាំងក្លា ព្រះវ៉ាក្កលិ បានស្ទុះផ្លោះទៅក្នុងអាកាសឆ្ពោះទៅរកព្រះពុទ្ធ। នៅចន្លោះពេលអណ្តែតលើអាកាសនោះ លោកបានសម្រួលអារម្មណ៍ ខំប្រឹងទប់បីតិ ហើយយកចិត្តមកចម្រើន វិបស្សនាកម្មដ្ឋាន ដោយពិចារណាលើភាពមិនទៀង (អនិច្ចំ) នៃសង្ខារ និងរូបកាយ។ ភ្លាមៗនោះ លោកក៏បានសម្រេចជា ព្រះអរហន្ត ព្រមទាំងបដិសម្ភិទាញាណ និងអភិញ្ញា ហើយចុះមកសំពះព្រះបាទព្រះពុទ្ធដោយសេចក្តីស្ងប់។
ក្រោយមក ព្រះសម្មាសម្ពុទ្ធទ្រង់បានតាំង ព្រះវ៉ាក្កលិតថេរ ក្នុងតំណែង «ឯតទគ្គៈ» (អ្នកឆ្នើមជាងគេ) ខាង «សទ្ធាធិមុត្តិ» គឺលោកជាភិក្ខុ ផ្នែកមានសទ្ធា (ជំនឿ និងសេចក្តីជ្រះថ្លា) យ៉ាងមុតមាំជាងគេបង្អសក្នុងចំណោមសាវ័កទាំងឡាយ។
ការដែលព្រះ វាក្កលិ បានត្រាស់ជាព្រះអរហន្ត ដោយគ្រាន់តែលង់មើលព្រះកាយព្រះពុទ្ធនោះ ដោយសារពីអតីតជាតិក្នុងសម័យព្រះសម្មាសម្ពុទ្ធព្រះនាម បទុមុត្តរៈ លោកបានឃើញព្រះពុទ្ធអង្គទ្រង់តែងតាំងភិក្ខុមួយរូបថាជា ឯតទគ្គ (អ្នកប្រសើរជាងគេ) ផ្នែកខាងអ្នកមានសទ្ធាផុតលេខតាមរយៈការចងចាំ និងការតាំងចិត្ត។ លោកក៏បានធ្វើទាន និងតាំងបួសប្រាថ្នាចង់បានតំណែងជាភិក្ខុអ្នកមានសទ្ធាខ្លាំងក្លាបែបនោះក្នុងសំណាក់ព្រះពុទ្ធសម័យអនាគត។ ដូច្នេះ ការបានត្រាស់ជាព្រះអរហន្តគឺជាឧបនិស្ស័យចាស់ របស់លោកដែលទុំរួចទៅហើយ។




























No comments:
Post a Comment