ដើមហេតុនៃការក្រាលកឋិន និងអានិសង្ស ៥ យ៉ាង - Monk Cambodia

ដើមហេតុនៃការក្រាលកឋិន និងអានិសង្ស ៥ យ៉ាង

Share This

 #កឋិនក្ខន្ធកៈ

១. ដើមហេតុនៃការក្រាលកឋិន និងអានិសង្ស ៥ យ៉ាង

[១] ដំណើររឿងរបស់ភិក្ខុនៅដែនបាឋា

សម័យ​នោះ​ ព្រះ​ពុទ្ធ​មាន​ព្រះភាគ​គង់​ក្នុង​ជេ​ត​វនា​រាម របស់​អនាថបិណ្ឌិក​សេដ្ឋី​ ទៀប​ក្រុង​សាវត្ថី​​​​​​។ ​សម័យ​នោះ​ឯង​ ពួក​ភិក្ខុ​នៅ​ក្នុង​ដែនបាឋា[1]ប្រមាណ ៣០ រូប សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​នៅ​ក្នុង​ព្រៃ​ ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ ជា​អ្នក​ប្រព្រឹត្ត​ប្រើ​សំពត់​បង្សុកូល ជា​អ្នក​ប្រព្រឹត្ត​ប្រើតែ​ចីវរ​ ៣ គ្រប់រូប​ទាំង​អស់ នាំ​គ្នា​ទៅ​កាន់​ក្រុង​សាវត្ថី ដើម្បី​គាល់​ព្រះ​មាន​ព្រះភាគ​ កាលបើ​តិថី​ដែល​ចូល​វស្សា​ជិត​ណា​ស់​មក​ហើយ​ ក៏​មិន​អាច​នឹង​ទៅ​ឱ្យ​ទាន់​ចូល​វស្សា​ ក្នុង​ក្រុង​សាវត្ថី​បាន​ឡើយ​ ហើយ​នាំ​គ្នា​ចូល​ទៅ​ចាំ​វស្សា​ក្នុង​ក្រុង​សាកេ​តនា​ពាក់​កណ្ដាល​ផ្លូវ​​​​​​​។ ​ភិក្ខុ​ទាំង​នោះ​នៅចាំ​វស្សា​ ទាំង​មាន​សេច​ក្ដី​អផ្សុក ព្រោះ​គិតថា​ ព្រះ​មាន​ព្រះភាគ​ព្រះអង្គ​គង់នៅ​ក្នុង​ទី​ជិត​យើង​ទាំង​ឡាយ​ ចំងាយ ៦ យោជន៍អំពី​ទី​នេះ​ទៅ​ យើង​ទាំង​ឡាយ​មិន​សមបើ​មិន​បាន​ទៅ​គាល់​ព្រះអង្គ​សោះ​​​​​​។ ​គ្រា​នោះ​ ​ពួក​ភិក្ខុ​ទាំង​នោះ​នៅចាំ​វស្សា​អស់​ត្រៃមាស[2]រួច​ហើយ​ក៏​នាំ​គ្នា​ធ្វើ​បវារ​ណា​ (រដូវ​នោះ​) នៅមាន​ទឹកភ្លៀង​ធ្លាក់​ជោកជាំ មាន​ទឹក​ភក់​រអិល​នៅ​ឡើយ​ (ភិក្ខុ​ទាំង​នោះ​) ក៏​មាន​ចីវរ​ទាំង​ឡាយ​ ទទឹកជោក បាន​សេច​ក្ដី​លំបាក​កាយ នាំគ្នា​ដើរ​សំដៅទៅ​កាន់​ក្រុង​សាវត្ថី​ ហើយ​ចូល​ទៅ​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី​ដែល​ព្រះ​ដ៏​មាន​ព្រះភាគ​គង់នៅ លុះ​ចូល​ទៅ​ដល់​ហើយ​ក៏​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះភាគ​ រួច​អង្គុយ​ក្នុង​ទី​សម​គួរ​​​​​​​។ ការ​ស្រុស​ស្រួល​​ទទួល​ជា​មួយ​នឹង​ពួក​ភិក្ខុ​អាគន្តុកៈ​នេះ​ ជា​ទំនៀម​របស់​ព្រះ​ពុទ្ធ​ដ៏​មាន​ព្រះភាគ​គ្រប់​អង្គ​​​​​​។ លំដាប់​​នោះ​ ព្រះ​ដ៏​មាន​ព្រះភាគ​ទ្រង់​មាន​ព្រះ​បន្ទូល​នេះ​នឹង​ភិក្ខុ​ទាំង​នោះ​ថា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អ្នក​រាល់​គ្នា​ល្មម​អត់ទ្រាំ​បាន​ទេ​ឬ អ្នក​រាល់​គ្នា​ល្មម​ប្រព្រឹត្ត​ទៅ​បាន​ស្រួល​ទេ​ឬ អ្នក​ទាំង​ឡាយ​មាន​សេច​ក្ដី​សាមគ្គី​ស្មោះ​សរ​​មិន​វិវាទ​ទា​ស់ទែង​គ្នា​ នៅចាំ​វស្សា​ស្រួលបួល​មិន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ទេ​ឬ​​​​​​។ ​ភិក្ខុ​ទាំង​នោះ​ក្រាប​បង្គំ​ទូល​ថា​ បពិត្រ​ព្រះ​ដ៏​មាន​ព្រះភាគ​ ខ្ញុំ​ព្រះអង្គ​ទាំង​អស់​គ្នា​ល្មម​អត់ទ្រាំ​បាន​ បពិត្រ​ព្រះ​ដ៏​មាន​ព្រះភាគ​ ខ្ញុំ​ព្រះអង្គ​ទាំង​អស់​គ្នា​ល្មម​ប្រព្រឹត្ត​ទៅ​បាន​ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ខ្ញុំ​ព្រះអង្គ​ទាំង​អស់​គ្នា​សាមគ្គី​ស្មោះសរ​ឥត​មាន​វិវាទ​ទាស់ទែង​គ្នា​ទេ នៅចាំ​វស្សា​ក៏​ស្រួលបួល​មិន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ទេ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ខ្ញុំ​ព្រះអង្គ​ទាំង​ឡាយ​នៅ​ក្នុង​ដែន​បា​ឋាប្រមាណ ៣០ រូប​មកកាន់​ក្រុង​សាវត្ថី​នេះ​ ដើម្បី​គាល់​ព្រះអង្គ កាលបើ​តិថី​ចូល​វស្សា​ជិត​ណា​ស់​ហើយ​ ក៏​មិន​អាច​នឹង​មក​ទាន់ពេល​ចូល​វស្សា​ក្នុង​ក្រុង​សាវត្ថី​បាន​ឡើយ​ ក៏​នៅចាំ​វស្សា​ក្នុង​ក្រុង​សាកេ​តនា​ពាក់​កណ្ដាល​ផ្លូវ​ (នោះ​ទៅ​) បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ខ្ញុំ​ព្រះអង្គ​ទាំង​នោះ​នៅចាំ​វស្សា​ទាំង​មាន​សេច​ក្ដី​អផ្សុក ព្រោះ​គិតថា​ ព្រះ​ដ៏​មាន​ព្រះភាគ​ព្រះអង្គ​គង់នៅ​ក្នុង​ទី​ជិត​យើង​ទាំង​ឡាយ​ ចម្ងាយ ៦ យោជន៍អំពី​ទី​នេះ​ទៅ​ យើង​ទាំង​ឡាយ​មិន​សមបើ​មិន​បាន​ទៅ​គាល់​ព្រះអង្គ​សោះ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ លុះ​ខ្ញុំ​ព្រះអង្គ​ទាំង​អស់​គ្នា ​នៅចាំ​វស្សា​អស់​ត្រៃមាស​ហើយ​ក៏​នាំ​គ្នា​ធ្វើ​បវារ​ណា​ (ព្រោះ​រដូវ​នេះ​) នៅ​មាន​ទឹកភ្លៀង​ធ្លាក់​ជោកជាំ មាន​ទឹក​ភក់​រអិល​នៅ​ឡើយ​ ទើប​ខ្ញុំ​ព្រះអង្គ​ទាំង​អស់​គ្នា​មាន​ចីវរ​ទាំង​ឡាយ​ទទឹកជោក បាន​សេច​ក្ដី​លំបាក​កាយ​មក​តាម​ផ្លូវ​ឆ្ងាយ​​​​​​​។


[1] . យោជនាថា នៅក្នុងដែនបាវាដូច្នេះក៏មាន៖ គឺជាការបញ្ជាក់ ឬកំណត់សម្គាល់ពីគម្ពីរដីកា ឬអត្ថកថា (យោជនា) ដែលបង្ហាញថា នៅក្នុងគម្ពីរ ឬសេចក្ដីខ្លះ ឈ្មោះរបស់ដែននោះ គេហៅថា «ដែនបាវា» ជំនួសឱ្យពាក្យ «ដែនបាឋា»​​​​។

[2] . បីខែ៖ គឺជាការពន្យល់ពាក្យបាលី ឬសំដីបុរាណថា «ត្រៃមាស» គឺមានន័យថា រយៈពេល បីខែ (ដែលជាកាលកំណត់នៃការគាំទ្រការចាំវស្សារបស់ភិក្ខុ)​​​​។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter