ការអារាធនា និងពុទ្ធប្រវត្តិសង្ខេប - Monk Cambodia

ការអារាធនា និងពុទ្ធប្រវត្តិសង្ខេប

Share This

 រតនចង្កមនក័ណ្ឌ

[១] ការអារាធនា និងពុទ្ធប្រវត្តិសង្ខេប

គ្រានោះ សហម្បតីព្រហ្ម ជាអធិបតីនៃលោក ធ្វើអញ្ជលីអារាធនាព្រះសម្ពុទ្ធថា ពួកសត្វក្នុងលោកនេះ មានធូលី គឺរាគាទិក្កិលេសក្នុងភ្នែកស្រាលស្តើងហើយ សូមព្រះអង្គសម្តែងធម៌ សូមព្រះអង្គអនុគ្រោះពួកសត្វនេះ។ ពួកព្រហ្មធ្វើអញ្ជលីអារាធនាព្រះមានព្រះភាគ ជាអធិបតីនៃលោក ខ្ពង់ខ្ពស់ជាងនរជនថា ពួកសត្វក្នុងលោកនេះ មានប្រាជ្ញា មានធូលី គឺរាគាទិក្កិលេសក្នុងភ្នែកស្រាលស្តើងហើយ សូមព្រះអង្គសម្តែងធម៌ សូមព្រះអង្គអនុគ្រោះពួកសត្វនេះ។ 

សូមព្រះសុគតសម្តែងធម៌ សូមសម្តែងព្រះនិព្វានឈ្មោះអមតៈ បពិត្រព្រះនាយក សូមព្រះមានព្រះភាគ សម្តែងធម៌ដើម្បីអនុគ្រោះដល់សត្វលោកទាំងឡាយ។ ព្រះតថាគត ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាតាទិបុគ្គល ទ្រទ្រង់នូវពន្លឺ ទ្រទ្រង់នូវរាងកាយ ជាទីបំផុត ព្រះអង្គឥតមានបុគ្គលផ្ទឹមបាន ទ្រង់មានសេចក្តីករុណាកើតឡើង ក្នុងសត្វទាំងពួង។ 

ព្រះមានព្រះភាគ ជាសាស្តា ទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ ក៏ទ្រង់ពោលនូវពាក្យនេះថា៖ ទ្វារនៃព្រះនិព្វាននោះ របើកហើយ សត្វទាំងឡាយណា មានសោតប្បសាទ សត្វទាំងនោះ ចូរបញ្ចញនូវសទ្ធាចុះ ម្នាលព្រហ្ម តថាគត សម្គាល់នូវសេចក្តីនឿយលំបាក បានជាមិនសម្តែងធម៌ដ៏ឧត្តម ដែលតថាគតស្ទាត់ហើយ ចំពោះមនុស្សទាំងឡាយ។ 

សម័យនោះ ព្រះមានព្រះភាគ ទ្រង់អនុគ្រោះដល់ពួកវេនេយ្យសត្វ ព្រះអង្គទ្រង់ជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់ពុទ្ធដំណើរទៅអំពីដើមអជបាលនិគ្រោធ។ ព្រះអង្គស្តេចចូលទៅកាន់ក្រុងពារាណសី ដោយព្រះពុទ្ធដំណើរ តាមលំដាប់ គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់លើបល្ល័ង្កដ៏ប្រសើរនោះឯង។ ព្រះមានព្រះភាគ ទ្រង់ញ៉ាំងធម្មចក្រ គឺទុក្ខសច្ច ១ ទុក្ខសមុប្បាទសច្ច ១ និរោធសច្ច ១ មគ្គសច្ចដ៏ឧត្តម ១ ឱ្យប្រព្រឹត្តទៅដល់ពួកបញ្ចវគ្គិយភិក្ខុ។ 

លុះព្រះមានព្រះភាគ ទ្រង់ញ៉ាំងធម្មចក្រនោះ ឱ្យប្រព្រឹត្តទៅហើយ គ្រានោះ ពួកឥសីគឺបញ្ចវគ្គិយភិក្ខុទាំងនេះ គឺកោណ្ឌញ្ញៈ ភទ្ទយៈ វប្បៈ មហានាម អស្សជិ ព្រមទាំងពួកព្រហ្ម និងទេវតា ១៨ កោដិ ក៏បានត្រាស់ដឹងនូវធម៌ ក្នុងបឋមសន្និបាត។ គ្រានោះឯង ពួកបញ្ចវគ្គិយភិក្ខុទាំងអស់ ព្រមទាំងពួកព្រហ្ម និងទេវតា ១៨ កោដិ ដែលព្រះមានព្រះភាគ ទ្រង់ណែនាំពន្យល់ដោយធម្មចក្រនោះ និងដោយធម៌ដទៃទៀត ក៏បានលុះសោតាបត្តិផល ក្នុងបឋមសន្និបាតនោះ តាមលំដាប់។ 

ព្រះសាស្តា ស្តេចទៅកាន់ក្រុងរាជគ្រឹះ ដោយពុទ្ធដំណើរ តាមលំដាប់។ ព្រះពុទ្ធជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់គង់នៅក្នុងវេឡុវនមហាវិហារ ព្រះបាទពិម្ពិសារ ទ្រង់ឮដំណឹងនោះហើយ ក៏ស្តេចចូលទៅគាល់ព្រះមានព្រះភាគ។ ព្រះរាជាមានពួកបរិវារច្រើន ចំនួន ១១ ម៉ឺនរូប កាន់ប្រទីប គ្រឿងក្រអូប ធូប និងផ្កាកម្រងជាដើម បូជាព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់សម្តែងទោសនៃកាម ក្នុងទីប្រជុំនោះឯង លុះចប់ទេសនា ព្រះរាជាកើតសេចក្តីរីករាយ ក្នុងកាលនោះ។ 

ពួកសត្វ ៨ ម៉ឺន ៤ ពាន់រូប បានត្រាស់ដឹងធម៌ ព្រះរាជាជាពុទ្ធបិតា លុះឮដំណឹងនោះហើយ ទើបបញ្ជូនទូត ៩ រូបទៅ។ ទូតទាំងឡាយ ព្រមទាំងបរិវារ ៩ ពាន់ ក៏សូមផ្នួសនឹងព្រះមុនី ពួកទូតទាំងនោះ មានបរិវារ ៩ ពាន់ ក៏បានលុះព្រះអរហត្ត។ ក្នុងកាលជាខាងក្រោយបំផុត កាឡុទាយិ មានបរិវារមួយពាន់ កាន់យកភេទជាភិក្ខុ ហើយលោកក៏និមន្តព្រះមានព្រះភាគមក។ ព្រះពុទ្ធជាសក្យដ៏ប្រសើរ ទ្រង់ទទួលនិមន្តហើយ ក៏ស្តេចទៅកាន់ផ្លូវធំ ស្តេចទៅជាមួយនឹងភិក្ខុពីរម៉ឺនរូប។ ព្រះអង្គស្តេចទៅកាន់ក្រុងកបិលវត្ថុ ដោយព្រះដំណើរ តាមលំដាប់ ទ្រង់ធ្វើបដិហារិយ៍ត្រង់ឆ្នេរស្ទឹងរោហិណី។ ព្រះមានព្រះភាគ ជាសក្យៈដ៏ប្រសើរ ទ្រង់គង់ត្រង់កណ្តាលនៃបល្ល័ង្កនោះ សម្តែងមហាវេស្សន្តរជាតក ថ្វាយព្រះវរបិតា ពួកសត្វ ៨ ម៉ឺន ៤ ពាន់រូប ក៏បានត្រាស់ដឹងនូវធម៌។ 

ពួកមនុស្សព្រមទាំងទេវតានុ៎ះ មិនបានដឹងដូច្នេះ ថា ព្រះពុទ្ធអង្គនោះ ទ្រង់ឧត្តមជាងនរជនដូចម្តេច ឥទ្ធិពល និងបញ្ញាពល តើដូចម្តេច ពុទ្ធពលរបស់ព្រះសាស្តា ជាប្រយោជន៍ដល់សត្វលោក ដូចម្តេច។ ពួកមនុស្សព្រមទាំងទេវតានុ៎ះ មិនបានដឹងដូច្នេះ ថា ព្រះពុទ្ធអង្គនេះ ទ្រង់ឧត្តមជាងនរជនបែបនេះ ឥទ្ធិពល និងបញ្ញាពលបែបនេះ ពុទ្ធពលរបស់ព្រះសាស្តា ជាប្រយោជន៍ដល់សត្វលោកបែបនេះ។ 

(ព្រះសាស្តា ទ្រង់ជ្រាបអធ្យាស្រ័យនៃមនុស្ស និងទេវតាទាំងនោះ ដូច្នោះហើយ) ទើបទ្រង់ព្រះចិន្តាថា បើដូច្នោះ តថាគតនឹងសម្តែងនូវពុទ្ធពលដ៏ប្រសើរ និម្មិតទីចង្ក្រម ប្រដាប់ដោយកែវ ឰដ៏អាកាស។

ទេវតាទាំងឡាយណា គឺភុម្មទេវតាក្តី មហារាជិកទេវតាក្តី តាវត្តឹសទេវតាក្តី យាមទេវតាក្តី តុសិតទេវតាក្តី និម្មានរតីទេវតាក្តី បរនិម្មិតវសវត្តីទេវតាក្តី ព្រហ្មទាំងឡាយណាក្តី ពួកទេវតា និងព្រហ្មទាំងនោះ រីករាយហើយ បានធ្វើនូវសំឡេងឱ្យកងរំពងខ្ទរខ្ទារ។ ផែនដីព្រមទាំងទេវលោក ក៏ភ្លឺព្រោងព្រាត ទាំងពួកសត្វនរកនៅក្នុងលោកន្តរដ៏ច្រើន ក៏ឥតមានអ្វីបិទបាំង ទាំងងងឹតដ៏ខ្លាំងក្លាទៀតសោត ក៏ខ្ចាត់ខ្ចាយចេញ ក្នុងកាលនោះ គេអាចមើលឃើញនូវបដិហារ្យជាអស្ចារ្យបាន។ ពន្លឺដ៏ធំទូលាយលើសលប់ កើតឡើងដល់ពួកទេវតា គន្ធព្វ មនុស្ស និងអារក្ស។ ព្រះសាស្តាព្រះអង្គឧត្តមជាងសត្វ មិនមានអ្នកណាមួយប្រសើរលើស តែងដឹកនាំសត្វ ដែលទេវតា និងមនុស្សតែងបូជា មានអានុភាពច្រើនមានបុញ្ញលក្ខណៈច្រើន ទ្រង់សម្តែងបដិហារិយ៍ ជាអស្ចារ្យ ផ្សាយទៅក្នុងលោកទាំងពីរ គឺលោកនេះ និងលោកដទៃផង ក្នុងទិសខាងក្រោម ទិសខាងលើ និងទិសទទឹងផង។

ព្រះជិនស្រី ជាសាស្តាចារ្យ ទ្រង់ហោះទៅឰដ៏ផ្ទៃអាកាស ទ្រង់និម្មិតភ្នំសិនេរុ ជាទីរីករាយ ឱ្យជាទីចង្ក្រមក្នុងទីប្រជុំនោះ។ ទេវតាទាំងមួយម៉ឺនលោកធាតុនោះ ក៏បានក្រាបថ្វាយបង្គំព្រះតថាគត ក្នុងសម្នាក់នៃព្រះជិនស្រី ហើយធ្វើពុទ្ធបូជា។

គ្រានោះ ព្រះពុទ្ធមានចក្ខុអង្គនោះ ទ្រង់ឧត្តមជាងនរៈ ដែលទេវតាដ៏ប្រសើរអារាធនាហើយ ក៏ទ្រង់ពិចារណា នូវអត្ថ ព្រះលោកនាយក ទ្រង់និម្មិតទីចង្ក្រម តាក់តែងដោយរតនៈទាំងអស់ សម្រេចដោយល្អហើយ។ ព្រះមានព្រះភាគ ទ្រង់ស្ទាត់ក្នុងបដិហារ្យ ៣ យ៉ាង គឺ ឥទ្ធិបដិហារ្យ ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបដិហារ្យ ១ ព្រះលោកនាយក ទ្រង់និម្មិតទីចង្ក្រម តាក់តែងដោយរតនៈទាំងអស់ សម្រេចល្អហើយ។

ព្រះអង្គទ្រង់សម្តែង (នូវបដិហារ្យ) លើទីចង្ក្រមសម្រេចដោយកែវ លើភ្នំសិនេរុ ដ៏ឧត្តម ដោយលំដាប់ ដូចជាសសរនៃលោកធាតុទាំងមួយម៉ឺន។ ព្រះជិនស្រី ទ្រង់និម្មិតទីចង្ក្រម ជាវិការៈនៃមាសសុទ្ធ - ត្រង់ខាងនៃទីចង្ក្រម ដ៏សម្រេចដោយកែវ កន្លងលោកធាតុមួយម៉ឺន។ ទ្រង់និម្មិតនូវថែវទាំងឡាយ ជាវិការៈនៃមាសសុទ្ធ មានមេដម្បូល និងផ្ទោងប្រព្រឹត្តទៅ ក្រាលដោយក្តារមាស ត្រង់ចំហៀងទាំងសងខាង (នៃរតនចង្ក្រម និងសុវណ្ណចង្ក្រមនោះ)។ ព្រះសម្ពុទ្ធ ទ្រង់និម្មិតរតនចង្ក្រមដ៏ពោរពាសដោយខ្សាច់ ជាវិការៈនៃកែវមណី និងកែវមុក្តា ញ៉ាំងទិសទាំងពួងឱ្យភ្លឺព្រោងព្រាត - ហាក់ដូចជាព្រះអាទិត្យរះឡើង។ ព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ ទ្រង់រុងរឿងក្នុងទីចង្ក្រមនោះ ព្រះជិនស្រីទ្រង់ចង្ក្រមលើទីចង្ក្រម។ ពួកទេវតាទាំងអស់ មកប្រជុំគ្នាហើយ រោយរាយនូវផ្កាមន្ទារវៈ ផ្កាឈូក និងផ្កាបរិច្ឆត្តកព្រឹក្សជាទិព្វ ក្នុងទីចង្ក្រម។ ពួកទេវតាមួយម៉ឺនលោកធាតុ ដែលមកប្រជុំគ្នា បានឃើញព្រះមានព្រះភាគអង្គនោះ ក៏មានចិត្តត្រេកអររីករាយ ហើយក្រាបថ្វាយបង្គំ។ ទេវតាទាំងឡាយណា ជាន់តាវត្តឹង្សផង ជាន់យាមៈផង ជាន់តុសិតផង ទេវតាជាន់និម្មានរតីផង ទេវតាជាន់វសវត្តីផង ទេវតាទាំងនោះ មានចិត្តអណ្តែតខ្ពស់ឡើង មានចិត្តរីករាយ រមិលមើលព្រះលោកនាយក។ 

ពួកទេវតា ពួកគន្ធព្វ ពួកមនុស្ស និងពួកអារក្ស ពួកនាគ ពួកគ្រុឌ ទាំងពួកកិន្នរ ក៏ឃើញព្រះសម្ពុទ្ធម្ចាស់ ទ្រង់មានព្រះទ័យអនុគ្រោះ ដោយប្រយោជន៍ដល់សត្វលោកនោះ ហាក់ដូចជាមណ្ឌលព្រះចន្ទខ្ពស់ត្រដែត ឰដ៏អាកាស។ 

ពួកព្រហ្មជាន់អាភស្សរៈផង ជាន់សុភកិណ្ហៈផង ជាន់វេហប្ផលៈផង ជាន់អកនិដ្ឋៈ ស្លៀកសំពត់សសុទ្ធ ឈរផ្គងអញ្ជលី។ (ពួកព្រហ្មទាំងនោះ) បញ្ចេញនូវផ្កាមន្ទារវៈ មានពណ៌ ៥ ដ៏លាយដោយលំអិតខ្លឹមចន្ទន៍ផង បង្វិលគ្រវីសំពត់ទាំងឡាយផង ឰដ៏អាកាស ក្នុងកាលនោះ (ហើយពោលថា) អើហ្ន៎ ព្រះជិនស្រី ទ្រង់អនុគ្រោះដោយប្រយោជន៍ដល់សត្វលោក។ 

ព្រះអង្គជាសាស្តាចារ្យផង ជាទង់ផង ជាទង់ជ័យផង ជាប្រាសាទផង ជាទីពឹង ប្រព្រឹត្តទៅខាងមុខផង ជាប្រទីបរបស់ពួកសត្វផង ទ្រង់ឧត្តមជាងសត្វជើង ២ ផង។ ពួកទេវតាក្នុងមួយម៉ឺនលោកធាតុ ដែលមានឫទ្ធិច្រើន មានចិត្តត្រេកអរ ស្រស់ស្រាយ រីករាយ មកចោមរោម ហើយថ្វាយបង្គំ។ ពួកទេវតា និងពួកទេពកញ្ញា មានចិត្តជ្រះថ្លា មានចិត្តត្រេកអរ បូជាព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងនរៈ ដោយផ្កាមានពណ៌ ៥។ ពួកទេវតាទាំងឡាយ មានចិត្តជ្រះថ្លា មានចិត្តត្រេកអរ ឃើញព្រះអង្គ ក៏នាំគ្នាបូជា ព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងនរៈ ដោយផ្កាមានពណ៌ ៥ (ហើយពោលថា) ឱហ្ន៎ ! អស្ចារ្យ ចម្លែកណាស់ គួរឱ្យព្រឺរោម ក្នុងលោក ឯសេចក្តីអស្ចារ្យគួរឱ្យព្រឺរោមបែបនេះ មិនដែលកើតឡើងសោះឡើយ។ ពួកទេវតាទាំងនោះ អង្គុយក្នុងភពរបស់ខ្លួនៗ រីករាយខ្លាំង ព្រោះឃើញនូវសេចក្តីអស្ចារ្យ ឰដ៏អាកាស។ ពួកអាកាសដ្ឋកទេវតា ពួកភុម្មដ្ឋកទេវតា និងពួកទេវតាដែលនៅអាស្រ័យឰដ៏ស្មៅ និងឈើជាថ្នាំ ត្រេកអរ ស្រស់ស្រាយ រីករាយខ្លាំង នាំគ្នាផ្គងអញ្ជលីនមស្ការ។ ទាំងពួកនាគដែលមានអាយុវែង មានបុណ្យច្រើន មានឫទ្ធិច្រើន ក៏រីករាយ ថ្វាយបង្គំ បូជាព្រះពុទ្ធ ដ៏ខ្ពង់ខ្ពស់ជាងនរៈដែរ។ ចម្រៀងទាំងឡាយប្រព្រឹត្តទៅ ឰដ៏អាកាស ជាផ្លូវនៃខ្យល់ ពួកទេវតា ក៏វាយស្គរ ព្រោះឃើញនូវសេចក្តីអស្ចារ្យ ឰដ៏អាកាស ស័ង្ខ ស្រឡៃ សំភោរដ៏ច្រើន ក៏ប្រគំលាន់ឮឡើង ក្នុងកណ្តាលអាកាស ព្រោះឃើញនូវសេចក្តីអស្ចារ្យ ឰដ៏អាកាស។ ការព្រឺរោម កើតឡើងដល់ពួកយើង ក្នុងថ្ងៃនេះ ចម្លែកពេកណាស់ហ្ន៎ ពួកយើងបាននូវការសម្រេចប្រយោជន៍ដ៏ទៀងទាត់ ខណៈឈ្មោះថា ពួកយើងបានទាន់ហើយ។ បីតិក៏កើតឡើងដល់ទេវតាទាំងនោះ ក្នុងខណៈនោះឯង ព្រោះពាក្យឮថាព្រះពុទ្ធ ទេវតាទាំងនោះ ឈរផ្គងអញ្ជលី ពោលសរសើរថា ព្រះពុទ្ធៗ។ ពួកសត្វផ្សេងៗ ផ្គងអញ្ជលី ញ៉ាំងសំឡេងទ្រហឹងអឺងកង សំឡេងសាធុការ សំឡេងហ៊ោឱ្យប្រព្រឹត្តទៅ ក្នុងកណ្តាលអាកាស។ 

ទេវតាទាំងឡាយច្រៀង ហួច ប្រគំ ទះដៃ រាំ ជម្រុះនូវផ្កាមន្ទារវៈ មានពណ៌ ៥ ដែលលាយច្រឡំ ដោយលំអិតនៃខ្លឹមចន្ទន៍។ (ហើយពោលថា) បពិត្រព្រះអង្គមានព្យាយាមធំ លក្ខណៈនៃចក្រ ទង់ជ័យ កែវវជីរ ទង់ជ្រុង តាក់តែងដោយកង្វេរ កំពុងចម្រើនត្រង់ព្រះបាទទាំងគូ របស់ព្រះអង្គ។ ព្រះមានព្រះភាគ ឥតមានបុគ្គលស្មើ ចំពោះព្រះរូបផង សីលផង សមាធិផង ប្រាជ្ញាផង ព្រះអង្គស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ ចំពោះវិមុត្តិ និងការញ៉ាំងធម្មចក្រ ឱ្យប្រព្រឹត្តទៅ។ កម្លាំងក្នុងព្រះកាយនៃព្រះអង្គ ជាកម្លាំងប្រក្រតី ស្មើនឹងកម្លាំងដំរី ១០ ព្រះអង្គឥតមានបុគ្គលប្រៀបផ្ទឹមស្មើ ដោយកម្លាំងនៃឫទ្ធិ ក្នុងការញ៉ាំងធម្មចក្រឱ្យប្រព្រឹត្តទៅ។ អ្នកទាំងឡាយ ចូរនាំគ្នាក្រាបថ្វាយបង្គំនូវព្រះមហាមុនី ព្រះអង្គបរិបូណ៌ ដោយគុណទាំងពួង ប្រកបដោយអវយវៈទាំងពួង ទ្រង់មានករុណាជាទីពឹងនៃលោក។ ព្រះអង្គជាបុគ្គលគួរទទួលនូវកិច្ចទាំងពួង របស់ពួកជន គឺការក្រាបសំពះ ការស្ងើច ការថ្វាយបង្គំ ការសរសើរ ការនមស្ការ និងការបូជា។ ជនទាំងឡាយណាមួយ ក្នុងលោក ដែលគួរគេថ្វាយបង្គំ ឬជនទាំងឡាយណា គួរដល់ការថ្វាយបង្គំ បពិត្រព្រះអង្គ មានព្យាយាមធំ ព្រះអង្គជាបុគ្គលប្រសើរបំផុត ជាងជនទាំងអស់នោះ បុគ្គលស្មើនឹងព្រះអង្គមិនមានឡើយ។ 

ព្រះសារីបុត្ត មានប្រាជ្ញាច្រើន ជាអ្នកឈ្លាសក្នុងសមាធិ និងឈាន ឋិតនៅលើភ្នំគិជ្ឈកូដ ឃើញព្រះលោកនាយក។ សំឡឹងមើលព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងនរៈ ហាក់ដូចជាដើមរាំងភ្នំ ដែលមានផ្ការីកស្គុះស្គាយ ដូចព្រះចន្ទ កណ្តាលអាកាស ឬដូចជាព្រះអាទិត្យត្រង់ជាក់។ ឃើញព្រះលោកនាយក មានរស្មី ផ្សាយចេញ ១ ព្យាម រុងរឿងដូចឈើប្រចាំទ្វីប ឬដូចព្រះអាទិត្យស្រទន់ ដែលទើបនឹងរះឡើង។ ខណៈនោះ ព្រះសារីបុត្ត បានប្រជុំពួកភិក្ខុចំនួន ៥០០ រូប ជាអ្នកមានសោឡសកិច្ចធ្វើហើយ ជាតាទិបុគ្គល ជាព្រះខីណាស្រព ប្រាសចាកមន្ទិល ហើយសម្តែងនូវបដិហារិយៈឈ្មោះលោកប្បសាទនៈថា ពួកយើងនឹងទៅក្នុងទីនោះ ហើយថ្វាយបង្គំព្រះជិនស្រី។ លោកទាំងឡាយចូរមក យើងទាំងអស់គ្នា នឹងទៅសាកសួរ ព្រះជិនស្រី បានជួបព្រះលោកនាយកហើយ នឹងបន្ទោបង់នូវសេចក្តីសង្ស័យ។ ឯពួកភិក្ខុទាំងនោះ ជាអ្នកមានប្រាជ្ញាចាស់ក្លា សង្រួមឥន្ទ្រិយ ក៏ទទួលព្រមថា សាធុ ហើយ ប្រដាប់បាត្រ និងចីវរ ដើរទៅជាប្រញាប់។

ព្រះសារីបុត្តមានប្រាជ្ញាច្រើន (ឋិតនៅ) ក្នុងការទូន្មានដ៏ឧត្តម ក៏ចូលទៅរក (ព្រះមានព្រះភាគ) ដោយឫទ្ធិ ជាមួយនឹងព្រះខីណាស្រពទាំងឡាយ ដែលជាអ្នកប្រាសចាកមន្ទិល មានឥន្ទ្រិយទូន្មាន។ ព្រះសារីបុត្ត ដែលមានពួកភិក្ខុទាំងនោះហែហម ជាអ្នកមានពួកដ៏ធំ ចូលទៅដោយឫទ្ធិ ដូចទេវតា កាលលេងសប្បាយ ឰដ៏អាកាស។ ពួកភិក្ខុទាំងនោះ ជាអ្នកមានវត្តល្អ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង អត់ទ្រាំនូវការក្អក និងកណ្តាស់ ចូលគាល់ព្រះសម្ពុទ្ធ។ លុះចូលទៅគាល់ហើយ ក៏បានឃើញព្រះសយម្ភូ ជាលោកនាយក មានព្យាយាម ទ្រង់ហោះទៅឰដ៏អាកាស ហាក់ដូចជាព្រះចន្ទ នាកណ្តាលអាកាស។ ឃើញព្រះលោកនាយក រុងរឿងដូចឈើប្រចាំទ្វីប ដូចផ្លេកបន្ទោរ ឰដ៏អាកាស ឬដូចព្រះអាទិត្យត្រង់ជាក់។ ភិក្ខុទាំង ៥០០ រូប ឃើញព្រះលោកនាយក ទ្រង់ថ្លាស្អាត ដូចអន្លង់ទឹក ឬដូចផ្កាឈូកដែលរីកស្គុះស្គាយ ក៏ត្រេកអរ ស្រស់ស្រាយ រីករាយ ហើយផ្គងអញ្ជលី ក្រាបថ្វាយបង្គំព្រះបាទា - ដ៏ប្រដាប់ដោយលក្ខណៈនៃចក្រ របស់ព្រះសាស្តា។ 

ព្រះសារីបុត្ត មានប្រាជ្ញាច្រើន ប្រាកដស្មើដោយផ្កាស្មៅកន្ទុយដំរី ជាអ្នកឈ្លាសក្នុងសមាធិ និងឈាន ក្រាបថ្វាយបង្គំនូវព្រះលោកនាយក។ ព្រះមោគ្គល្លាន មានឫទ្ធិច្រើន ឥតមានបុគ្គលស្មើដោយកម្លាំងនៃឫទ្ធិ ប្រាកដស្មើដោយផ្កាឧប្បលខៀវ ប្រៀបដូចជាកាលមេឃគំទរ។ ព្រះមហាកស្សបត្ថេរ រុងរឿងដូចជាមាស ដែលព្រះសាស្តាសរសើរ លើកតម្កើងតំកល់ក្នុងឋានៈដ៏ប្រសើរ ខាងធុតង្គគុណ។ ឯព្រះអនុរុទ្ធ ជាអ្នកប្រសើរជាងពួកបុគ្គលមានចក្ខុទិព្វ មានពួកច្រើន ជាអ្នកប្រសើរ ក្នុងញាតិ ឋិតនៅក្នុងទីជិតព្រះមានព្រះភាគ។ ព្រះឧបលិ អ្នកឈ្លាសក្នុងអាបត្តិ និងអនាបត្តិ ទាំងអាបត្តិនៅកែបាន ដែលព្រះសាស្តាសរសើរតាំងទុកថា ជាអ្នកប្រសើរខាងវិន័យ។ ភិក្ខុជាកូននៃនាងមន្តានី ប្រាកដនាមថា បុណ្ណៈ អ្នកចាក់ធ្លុះនូវអត្ថដ៏ល្អិតល្អន់ ប្រសើរជាងពួកធម្មកថិក ជាអ្នកមានពួក។

ព្រះមុនីទ្រង់ឈ្លាសក្នុងពាក្យឧបមា ទ្រង់ជ្រាបនូវចិត្តនៃពួកភិក្ខុទាំងឡាយនុ៎ះ ទ្រង់មានព្យាយាមធំ កាត់នូវសេចក្តីសង្ស័យ ទ្រង់សម្តែងនូវគុណរបស់ព្រះអង្គ។ ទីបំផុតនៃអសង្ខេយ្យទាំងឡាយណា ដែលបុគ្គលដឹងមិនបាន អសង្ខេយ្យទាំងនោះ មាន ៤ ប្រការ អសង្ខេយ្យទាំងនុ៎ះ គឺពួកសត្វ ១ អាកាស ១ ចក្កវាឡមិនមានទីបំផុត ១ ពុទ្ធញ្ញាណដែលប្រមាណមិនបាន ១ បុគ្គលមិនអាចដឹងបានឡើយ។ 

(ព្រះសាស្តាទ្រង់ត្រាស់ថា) ការដែលតថាគត ធ្វើឫទ្ធិប្លែកៗ ណា ការធ្វើឫទ្ធិប្លែកៗ នុ៎ះ នឹងទុកជាហេតុអស្ចារ្យក្នុងលោក ដូចម្តេចបាន ព្រោះហេតុជាអស្ចារ្យ ចម្លែក គួរព្រឺរោមដទៃទៀត នៅមានច្រើន។ កាលដែលតថាគត នៅជាទេវបុត្រឈ្មោះ សន្តុសិតៈ ក្នុងពួកទេវបុត្រជាន់តុសិត កាលនោះ ទេវតាមួយម៉ឺនលោកធាតុ មកប្រជុំគ្នា ធ្វើអញ្ជលីអារាធនាតថាគតថា បពិត្រព្រះអង្គមានព្យាយាមធំ កាលនេះគួរដល់ព្រះអង្គ ហើយ សូមព្រះអង្គទ្រង់កើតក្នុងផ្ទៃនៃព្រះមាតា ចម្លងមនុស្សលោក ព្រមទាំងទេវលោក សូមទ្រង់ត្រាស់ដឹងនូវព្រះនិព្វានឈ្មោះអមតៈ។ កាលណា តថាគតច្យុតចាកពួកទេវបុត្រជាន់តុសិត មកចាប់បដិសន្ធិក្នុងផ្ទៃ (នៃព្រះមាតា) កាលនោះ លោកធាតុមួយម៉ឺន និងព្រះធរណី ញាប់ញ័រ។ កាលដែលតថាគតប្រសូតចាកផ្ទៃមាតា ក៏ដឹងខ្លួនច្បាស់លាស់ ពួកទេវតាញ៉ាំងសាធុការឱ្យប្រព្រឹត្តទៅ លោកធាតុមួយម៉ឺន ញាប់ញ័រ។ តថាគតមិនមានបុគ្គលស្មើ ក្នុងការចុះកាន់គភ៌ព្រះមាតានៃតថាគត ជាបុគ្គលប្រសើរបំផុត ក្នុងការប្រសូតិចាកផ្ទៃមាតា ក្នុងការត្រាស់ដឹង និងការញ៉ាំងធម្មចក្រឱ្យប្រព្រឹត្តទៅ។ 

ឱ ! ព្រះពុទ្ធទាំងឡាយ មានគុណដ៏ធំជាអស្ចារ្យក្នុងលោកពេកណាស់ លោកធាតុមួយម៉ឺន ញាប់ញ័រ អស់វារៈ ៦ លើក។ ពន្លឺដ៏ធំ ក៏កើតមាន ទាំងសេចក្តីអស្ចារ្យ គួរព្រឺរោម ក៏កើតឡើង។ សម័យនោះ ព្រះជិនស្រីមានព្រះភាគ ជាចម្បងក្នុងលោក ប្រសើរជាងនរៈ ទ្រង់ចង្ក្រមបង្ហាញឱ្យមនុស្សលោកព្រមទាំងទេវលោក មើលឃើញដោយឫទ្ធិ។ ព្រះលោកនាយក ចង្ក្រមក្នុងទីចង្ក្រម ទ្រង់មានព្រះបន្ទូល ទ្រង់មិនត្រឡប់វិញ ត្រង់ពាក់កណ្តាល ហាក់ដូចជាចង្ក្រមក្នុងទីចង្ក្រមប្រវែង ៤ ហត្ថ។ 

ព្រះសារីបុត្តមានប្រាជ្ញាច្រើន ឆ្លៀវឆ្លាសក្នុងសមាធិ និងឈាន ជាអ្នកដល់នូវបារមីនៃប្រាជ្ញា បានក្រាបបង្គំទូលសួរព្រះលោកនាយកដូច្នេះថា បពិត្រព្រះអង្គមានព្យាយាមធំ ទ្រង់ប្រសើរជាងនរៈ អភិនីហាររបស់ព្រះអង្គតើដូចម្តេច បពិត្រព្រះអង្គមានព្យាយាម ពោធិញ្ញាណដ៏ខ្ពង់ខ្ពស់ ព្រះអង្គប្រាថ្នាតាំងពីកាលណា។ ទាន សីល នេក្ខម្មៈ បញ្ញា និងវីរិយៈ តើដូចម្តេច ខន្តិ សច្ចៈ និងអធិដ្ឋាន មេត្តា និងឧបេក្ខា តើដូចម្តេច។ បពិត្រព្រះអង្គមានព្យាយាមធំ ជាលោកនាយក បារមី ១០ តើដូចម្តេច ឧបបារមី ១០ ដែលបរិបូណ៌ តើដូចម្តេច បរមត្ថបារមី ១០ ដែលបរិបូណ៌ តើដូចម្តេច។ អធិបតីធម៌ទាំងឡាយ អធិដ្ឋាននូវកតិកម្ម ដូចម្តេច បារមីទាំងឡាយ ដូចម្តេច អ្នកប្រាជ្ញទាំងឡាយក្នុងលោក តើដូចម្តេច។ មេត្តា ករុណា មុទិតា និងឧបេក្ខា តើដូចម្តេច ព្រះពុទ្ធទ្រង់បំពេញនូវពុទ្ធធម៌ដ៏ពេញលេញ ដូចម្តេច។ ព្រះពុទ្ធទ្រង់មានព្រះសូរសៀងពីរោះ ដូចសត្វករវិក ទ្រង់ញ៉ាំងហឫទ័យ (នៃពួកសត្វ) ឱ្យរលត់ ញ៉ាំងមនុស្សលោកព្រមទាំងទេវលោក ឱ្យស្រស់ស្រាយ ដែលព្រះសារីបុត្តសាកសួរហើយ ទ្រង់ដោះស្រាយដល់ព្រះសារីបុត្តនោះវិញ។ 

ព្រះសម្ពុទ្ធ ទ្រង់ប្រកាសនូវរឿង ១ ដែលព្រះជិនស្រី ជាអតីតពុទ្ធទាំងឡាយ ទ្រង់សម្តែងចងទុកហើយ ដែលជាប់តមកតាំងពីព្រះពុទ្ធទីបង្ករ ជាប្រយោជន៍ក្នុងលោក ព្រមទាំងទេវលោក ដោយប្រាជ្ញា ដែលប្រព្រឹត្តទៅតាមបុព្វេនិវាស។ 

អ្នកទាំងឡាយ ចូរតាំងចិត្តប្រុងស្តាប់ (នូវពុទ្ធវង្សទេសនា) របស់តថាគត ជាគ្រឿងញ៉ាំងបីតិ និងបមោជ្ជៈឱ្យកើត បន្ទោបង់នូវស គឺសេចក្តីសោកបាន ជាហេតុបាននូវសម្បត្តិទាំងពួង។ អ្នកទាំងឡាយ ចូរប្រតិបត្តិនូវមគ្គ ជាគ្រឿងញាំញីនូវសេចក្តីស្រវឹង បន្ទោបង់នូវសេចក្តីសោក អាចដោះខ្លួនឱ្យរួចចាកសង្សារ ជាគ្រឿងអស់ទៅនៃទុក្ខទាំងពួងបាន ដោយគោរពចុះ។ 

ចប់ រតនចង្កមនក័ណ្ឌ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter