#សិក្សាបិដក៤២
[៦៤] ព្រហ្មសូត្រ
ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកបុត្រណា បូជាហើយក្នុងផ្ទះ ត្រកូលទាំងនោះឈ្មោះថា ប្រកបដោយឋានៈជាព្រហ្ម ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកបុត្រណាបូជាហើយក្នុងផ្ទះ ត្រកូលទាំងនោះឈ្មោះថា ប្រកបដោយឋានៈជាបុញ្វចារ្យ ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកបុត្រណាបូជាហើយក្នុងផ្ទះ ត្រកូលទាំងនោះឈ្មោះថា ប្រកបដោយឋានៈជាបុព្វទេព ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកបុត្រណាបូជាហើយក្នុងផ្ទះ ត្រកូលទាំងនោះឈ្មោះថា ប្រកបដោយឋានៈជាអាហុនេយ្យបុគ្គល។
ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្មនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុញ្វចារ្យនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុព្វទេពនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អាហុនេយ្យបុគ្គលនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ។ ដំណើរនោះព្រោះហេតុអ្វី។
ម្នាលភិក្ខុទាំងឡាយ ព្រោះថា មាតាបិតាទាំងឡាយ មានឧបការៈច្រើន ជាអ្នករក្សា ជាអ្នកចិញ្ចឹម ជាអ្នកបង្ហាញនូវលោកនេះដល់បុត្រទាំងឡាយ។
‘‘ព្រហ្មាតិ មាតាបិតរោ, បុព្វាចរិយាតិ វុច្ចរេ;
អាហុនេយ្យា ច បុត្តានំ, បជាយ អនុកម្បកា។
មាតាបិតាទាំងឡាយ ជាអ្នកអនុគ្រោះដល់ពួកបុត្រហៅថាជាព្រហ្មផង ហៅថាជាបុញ្វចារ្យផង ជាអាហុនេយ្យបុគ្គលផង របស់បុត្រទាំងឡាយ។
‘‘តស្មា ហិ នេ នមស្សេយ្យ, សក្ករេយ្យ ច បណ្ឌិតោ;
អន្នេន អថ បានេន, វត្ថេន សយនេន ច;
ឧច្ឆាទនេន ន្ហាបនេន, បាទានំ ធោវនេន ច។
ព្រោះហេតុដូច្នោះ បណ្ឌិតគប្បីនមស្ការ ធ្វើសក្ការៈ ចំពោះមាតាបិតាទាំងនោះដោយបាយ ទឹក សំពត់ ទីដេក ការដុសជម្រះ ការផ្ងូតទឹក ការលាងជើង។
‘‘តាយ នំ បារិចរិយាយ, មាតាបិតូសុ បណ្ឌិតា;
ឥធេវ នំ បសំសន្តិ, បេច្ច សគ្គេ បមោទតី’’តិ។
និងការបំរើ ចំពោះមាតាបិតាទាំងឡាយនោះ បណ្ឌិតទាំងឡាយ តែងសរសើរបុគ្គលនោះក្នុងលោកនេះដោយពិត លុះលះលោកនេះទៅ រមែងរីករាយក្នុងឋានសួគ៌។




























No comments:
Post a Comment