រឿងព្រះបិលោតិកតិស្សត្ថេរ - Monk Cambodia

រឿងព្រះបិលោតិកតិស្សត្ថេរ

Share This

 ១០. រឿងព្រះបិលោតិកតិស្សត្ថេរ

ហិរីនិសេធោ ជាដើម ព្រះសាស្តាកាលគង់ប្រថាប់នៅក្នុងជេតវនវិហារ ទ្រង់ប្រារព្ធនូវព្រះបិលោតិកត្ថេរ ហើយត្រាស់សម្ដែងនូវព្រះធម្មទេសនានេះ។

ឮថា ក្នុងសម័យមួយ ព្រះអានន្ទត្ថេរបានឃើញក្មេងម្នាក់ស្លៀកកំណាត់សំពត់ចាស់ដាច់ដោច (បិលោតិកខណ្ឌ) កាន់អំបែងដើរសុំទាន ក៏សួរថា នែទារក ការបួសមិនប្រសើរជាងការត្រេចដើររស់នៅបែបនេះទេឬ? កាលដែលក្មេងនោះតបថា បពិត្រលោកម្ចាស់ តើនរណានឹងបំបួសខ្ញុំព្រះករុណា? ព្រះថេរៈក៏ប្រាប់ថា អញនឹងបំបួសឯង រួចក៏នាំក្មេងនោះទៅ ងូតទឹកឱ្យដោយដៃខ្លួនឯង ប្រទានកម្មដ្ឋានហើយក៏បំបួសឱ្យ។ ព្រះថេរៈបានយកកំណាត់សំពត់ចាស់ដែលក្មេងនោះស្លៀកមកពិនិត្យមើល កាលបើមិនឃើញកន្លែងណាដែលអាចយកមកធ្វើជាចម្រោះទឹកបានឡើយ ក៏យកកំណាត់សំពត់នោះជាមួយ និងអំបែង ទៅដាក់ផ្ដុំទុកលើមែកឈើមួយដើម។

កាលដែលកុមារនោះបួសហើយ បានសម្រេចឧបសម្បទា (ជាភិក្ខុ) ក៏បានបរិភោគនូវលាភសក្ការៈដែលកើតឡើងដល់ព្រះពុទ្ធទាំងឡាយ បានប្រើប្រាស់ចីវរមានតម្លៃ រហូតដល់មានរាងកាយធាត់ធំ។ ក្រោយមក លោកកើតសេចក្ដីអផ្សុក (ចង់សឹក) ក៏គិតថា តើអញនឹងត្រេចទៅដោយការប្រើប្រាស់ របស់ដែលគេឱ្យដោយសទ្ធាបែបនេះធ្វើអ្វី អញនឹងទៅស្លៀកកំណាត់សំពត់ចាស់របស់អញវិញល្អជាង រួចលោកក៏ដើរទៅកាន់ទីនោះ យកកំណាត់សំពត់ចាស់មកកាន់ រួចទូន្មានខ្លួនឯងថា៖

នែអាមនុស្សមិនដឹងខុសត្រូវ អាមនុស្សឥតខ្មាស ឯងបោះបង់ទីកន្លែងដែលគេស្លៀកដណ្ដប់សំពត់ (ល្អៗ) បែបនេះ រួចបែរជាចង់មកស្លៀកកំណាត់សំពត់ចាស់ កាន់អំបែងដើរសុំទានវិញឬ?

លោកយកកំណាត់សំពត់នោះជាអារម្មណ៍ រួចដាស់តឿនខ្លួនឯង កាលដែលកំពុងដាស់តឿនខ្លួនឯងបែបនេះ ចិត្តរបស់លោកក៏ស្ងប់រម្ងាប់ទៅ។

លោកក៏ទុកកំណាត់សំពត់នោះនៅទីដដែល រួចត្រឡប់ទៅកាន់វិហារវិញ។ កន្លងមកបានពីរបីថ្ងៃ លោកក៏កើតសេចក្ដីអផ្សុកទៀត ហើយក៏ទៅធ្វើបែបដដែលនោះ រួចក៏ត្រឡប់មកវិញ។ ពួកភិក្ខុឃើញលោកដើរទៅដើរមកចុះឡើងបែបនេះ ក៏សួរថា ម្នាលអាវុសោ លោកទៅណា? លោកតបថា ម្នាលអាវុសោ ខ្ញុំទៅកាន់សំណាក់គ្រូអាចារ្យ។ លោកបានយកកំណាត់សំពត់ចាស់នោះជាអារម្មណ៍ ដើម្បីឃាត់ឃាំង (និសេធ) ខ្លួនឯងតាមរបៀបនេះ រហូតសម្រេចអរហត្តផលក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ពួកភិក្ខុបានសួរលោកថា ម្នាលអាវុសោ ឥឡូវនេះលោកមិនទៅកាន់សំណាក់គ្រូអាចារ្យទៀតទេឬ? ចុះផ្លូវដែលលោកធ្លាប់ដើរនោះយ៉ាងម៉េចទៅហើយ? លោកតបថា ម្នាលអាវុសោ កាលដែលខ្ញុំនៅមានសេចក្ដីស៊ាំញ៉ាំ (កិលេស) ខ្ញុំតែងតែទៅ ប៉ុន្តែឥឡូវនេះសេចក្ដីស៊ាំញ៉ាំរបស់ខ្ញុំត្រូវបានផ្ដាច់អស់ហើយ ហេតុនេះខ្ញុំមិនទៅកាន់សំណាក់គ្រូអាចារ្យ (កំណាត់សំពត់) នោះទៀតទេ។ ពួកភិក្ខុបាននាំរឿងនេះទៅក្រាបទូលព្រះតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបិលោតិកត្ថេរពោលអួតនូវគុណវិសេស (អរហត្តផល)។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ តើភិក្ខុនោះនិយាយអ្វី? ភិក្ខុទាំងឡាយក៏ក្រាបទូលតាមដំណើររឿង។ ព្រះសាស្តាឮដូច្នោះហើយ ក៏ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពិតមែនហើយ កាលដែលបុត្ររបស់តថាគតនៅមានសេចក្ដីស៊ាំញ៉ាំ គេតែងតែទៅកាន់សំណាក់គ្រូអាចារ្យ ប៉ុន្តែឥឡូវនេះសេចក្ដីស៊ាំញ៉ាំរបស់គេត្រូវបានផ្ដាច់អស់ហើយ គេបានឃាត់ឃាំងខ្លួនឯងដោយខ្លួនឯង រហូតដល់សម្រេចអរហត្តផល។ ត្រាស់ដូច្នោះហើយ ព្រះអង្គក៏ត្រាស់នូវព្រះគាថាទាំងឡាយនេះថា៖

១៤៣. ហិរីនិសេធោ បុរិសោ,  កោចិ លោកស្មិ វិជ្ជតិ;

យោ និទ្ទំ អបពោធេតិ,  អស្សោ ភទ្រោ កសាមិវ។

បុរសអ្នក កំចាត់បង់នូវអកុសលវិតក្កៈដោយសេចក្តីខ្មាសបាប មានតិចក្នុងលោក។ បុគ្គលណាបន្ទោបង់នូវការដេកលក់ ដូចសេះល្អខ្លាចព្រោះរំពាត់ បុរសនោះរកបានដោយក្រក្នុងលោក។

១៤៤. អស្សោ យថា ភទ្រោ កសានិវិដ្ឋោ, 

អាតាបិនោ សំវេគិនោ ភវាថ;

សទ្ធាយ សីលេន ច វីរិយេន ច, 

សមាធិនា ធម្មវិនិច្ឆយេន ច;

សម្បន្នវិជ្ជាចរណា បតិស្សតា, 

ជហិស្សថ ទុក្ខមិទំ អនប្បកំ។

សេះល្អ ដែលនាយសារថីទូន្មានដោយរំពាត់ តក់ស្លុតយ៉ាងណា អ្នកទាំងឡាយចូរជាបុគ្គលមានព្យាយាម មានសេចក្តីតក់ស្លុតយ៉ាងនោះឯង។ បើអ្នកទាំងឡាយប្រកបព្រមដោយ សទ្ធា ផង, សីល ផង, ព្យាយាម ផង, សមាធិ ផង, ធម្មវិនិច្ឆ័យ ផង, ជាអ្នកមាន វិជ្ជា និងចរណៈដ៏បរិបូណ៌, មាន ស្មារតីតំកល់មាំ រមែង លះបង់ទុក្ខមានប្រមាណច្រើននេះមិនខាន។

សេចក្ដីអធិប្បាយព្រះគាថា

ក្នុងព្រះគាថានោះ ពាក្យថា ហិរីនិសេធោ សេចក្ដីថា បុគ្គលដែលឃាត់ឃាំងនូវអកុសលវិតក្កៈដែលកើតឡើងក្នុងខាងក្នុងចិត្ត ដោយហិរិ (សេចក្ដីខ្មាសបាប)។ ពាក្យថា កោចិ លោកស្មិំ សេចក្ដីថា បុគ្គលដែលមានសភាពបែបនេះ គឺរកបានដោយកម្រណាស់ មានតិចតួចណាស់ដែលមានក្នុងលោក។ ពាក្យថា យោ និទ្ទំ សេចក្ដីថា បុគ្គលណាជាអ្នកមិនប្រហែសធ្វេស កាលដែលធ្វើសមណធម៌ ក៏ដកចេញនូវសេចក្ដីដេកលក់ (សេចក្ដីខ្ជិលច្រអូស) ដែលកើតឡើងដល់ខ្លួន ឱ្យភ្ញាក់រឭកឡើង ទើបហៅថា អបពោធេតិ (ដាស់ឱ្យភ្ញាក់)។ ពាក្យថា កសាមិវា សេចក្ដីថា ប្រៀបដូចជាសេះដ៏ល្អ រមែងដកចេញនូវរំពាត់ដែលជិតនឹងធ្លាក់មកលើខ្លួន គឺមិនបណ្ដោយឱ្យរំពាត់នោះធ្លាក់មកត្រូវខ្លួនឡើយ។ អត្ថសេចក្ដីថា បុគ្គលណាដែលដាស់ខ្លួនឱ្យភ្ញាក់ចាកសេចក្ដីដេកលក់ (សេចក្ដីប្រហែសធ្វេស) បែបនេះ បុគ្គលនោះគឺរកបានដោយកម្រណាស់។

ក្នុងព្រះគាថាទី ២ មានសេចក្ដីសង្ខេបថា៖ ម្នាលភិក្ខុទាំងឡាយ ដូចជាសេះដ៏ល្អ កាលដែលដល់នូវសេចក្ដីប្រហែសធ្វេស រួចត្រូវរំពាត់ធ្លាក់មកត្រូវ ក៏តាំងចិត្តថា ‘អញឈ្មោះថាត្រូវគេវាយដោយរំពាត់ហើយ’ រួចក៏ធ្វើនូវសេចក្ដីព្យាយាមក្នុងកាលជាខាងក្រោយ យ៉ាងណាមិញ អ្នករាល់គ្នាក៏ចូរជាអ្នកមានសេចក្ដីព្យាយាមដុតកិលេស ជាអ្នកមានសេចក្ដីសង្វេគយ៉ាងនោះដែរ។ កាលដែលអ្នករាល់គ្នាជាអ្នកមានសភាពបែបនេះហើយ រមែងជាអ្នកប្រកបដោយសទ្ធា ២ យ៉ាង គឺលោកិយសទ្ធានិងលោកុត្តរសទ្ធាផង ប្រកបដោយចតុបារិសុទ្ធិសីលផង ប្រកបដោយវីរិយៈផ្លូវកាយនិងផ្លូវចិត្តផង ប្រកបដោយសមាធិគឺសមាបត្តិ ៨ ផង និងប្រកបដោយការវិនិច្ឆ័យធម៌ដែលមានលក្ខណៈដឹងនូវហេតុនិងមិនមែនហេតុផង។ អ្នករាល់គ្នាឈ្មោះថាជាអ្នកបរិបូរណ៍ដោយវិជ្ជា និងចរណៈ (សម្បន្នវិជ្ជាចរណា) ព្រោះការដល់នូវសម្រេចនូវវិជ្ជា ៣ ឬវិជ្ជា ៨ និងចរណធម៌ ១៥។ កាលដែលអ្នករាល់គ្នាជាអ្នកមានស្មារតីខ្ជាប់ខ្ជួន (បតិស្សតា) ព្រោះការតម្កល់សតិទុកបានល្អហើយ នឹងលះបង់នូវវដ្ដទុក្ខដ៏ច្រើននេះបានជាមិនខាន។

ទេសនាវសានេ ក្នុងពេលបញ្ចប់ព្រះធម្មទេសនា ជនជាច្រើនបានសម្រេចនូវសោតាបត្តិផលជាដើម។

រឿងព្រះបិលោតិកតិស្សត្ថេរ ទី ១០ ចប់។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter