[៣៨] អបរិយានិយសូត្រ (ធម៌ ៤ យ៉ាងនាំទៅជិតព្រះនិព្វាន)
ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ ៤ យ៉ាង មិនគួរសាបសូន្យ តែងនៅក្នុងទីជិតនៃព្រះនិព្វាន។ ប្រកបដោយធម៌ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ៖
១. សីលសម្បន្នោ ហោតិ ជាអ្នកមានសីលបរិបូណ៌១
២. ឥន្ទ្រិយេសុ គុត្តទ្វារោ ហោតិ ជាអ្នកមានទ្វារគ្រប់គ្រងហើយក្នុងឥន្ទ្រិយទាំងឡាយ១
៣. ភោជនេ មត្តញ្ញូ ហោតិ ជាអ្នកដឹងប្រមាណក្នុងភោជន៍១
៤. ជាគរិយំ អនុយុត្តោ ហោតិ ជាអ្នកប្រកបរឿយៗនូវការភ្ញាក់រលឹក១។
ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានសីលបរិបូណ៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ អ្នកឃើញនូវភ័យក្នុងទោសគ្រាន់តែបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសីលបរិបូណ៌ យ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយចក្ខុ ហើយមិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈានឹងទោមនស្សដែលជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវភិក្ខុដែលមិនបានសង្រួមចក្ខុន្រ្ទិយ ព្រោះហេតុមិនបានសង្រួមនូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ បានឮសំឡេងដោយត្រចៀក … បានហិតក្លិនច្រមុះ … បានទទួលរសដោយអណ្តាត … ពាល់ត្រូវផោដ្ឋព្វដោយកាយ…ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ជាអ្នកមិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈានឹងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវភិក្ខុដែលមិនបានសង្រួមមនិន្រ្ទិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រិ្ទយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្រិ្ទយទាំងឡាយយ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកដឹងប្រមាណក្នុងភោជន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយនៃបញ្ញានឹងបរិភោគនូវអាហារ ដើម្បីលេងក៏ទេ ដើម្បីស្រវឹងក៏ទេ ដើម្បីប្រដាប់តាក់តែងរាងកាយក៏ទេ ដើម្បីឱ្យផូរផង់សម្បុរក៏ទេ ដើម្បីនឹងឱ្យតាំងនៅនៃកាយនេះ ដើម្បីនឹងញុំាងជីវិតិន្រ្ទិយឱ្យប្រព្រឹត្តទៅ ដើម្បីនឹងបំបាត់បង់នូវសេចក្តីលំបាក ដើម្បីនឹងអនុគ្រោះដល់ព្រហ្មចារ្យប៉ុណ្ណោះឯង អាត្មាអញនឹងឃាត់បង់នូវវេទនាចាស់ផង មិនឱ្យវេទនាថ្មីកើតឡើងផង កិរិយាប្រព្រឹត្តទៅនៃឥរិយាបថទាំង ៤ ក្តី សេចក្តីមិនមានទោសក្តី កិរិយានៅសប្បាយក្តី នឹងមានដល់អាត្មាអញផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដឹងប្រមាណក្នុងភោជន យ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកប្រកបរឿយៗនូវការភ្ញាក់រលឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅចង្ក្រមក្នុងវេលាថ្ងៃ សំអាតចិត្តចាកអាវរណីយធម៌ទាំងឡាយ ចូលទៅចង្ក្រមអស់បឋមយាមនៃរាត្រី សំអាតចិត្តចាកអាវរណីយធម៌ទាំងឡាយ សម្រេចសីហសេយ្យាដោយចង្អៀងខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី តម្រួតជើងលើជើង មានស្មារតី ជាអ្នកដឹងខ្លួន ធ្វើទុកក្នុងចិត្តនូវឧដ្ឋានសញ្ញា ដល់បច្ឆិមយាមនៃរាត្រី ក្រោកឡើង ចូលទៅចង្រ្កម សំអាតចិត្តចាកអាវរណីយធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រកបរឿយៗ នូវការភ្ញាក់រលឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ទាំង ៤ នេះ មិនគួរសាបសូន្យ តែងនៅក្នុងទីជិតនៃព្រះនិព្វាន។
‘‘សីលេ បតិដ្ឋិតោ ភិក្ខុ, ឥន្ទ្រិយេសុ ច សំវុតោ;
ភោជនម្ហិ ច មត្តញ្ញូ, ជាគរិយំ អនុយុញ្ជតិ។
ភិក្ខុឋិតនៅក្នុងសីលផង សង្រួមក្នុងឥន្រិ្ទយទាំងឡាយផង ដឹងប្រមាណក្នុងភោជនផង ប្រកបរឿយៗក្នុងការភ្ញាក់រលឹកផង
‘‘ឯវំ វិហារមាតាបី, អហោរត្តមតន្ទិតោ;
ភាវយំ កុសលំ ធម្មំ, យោគក្ខេមស្ស បត្តិយា។
កាលភិក្ខុប្រកបដោយសេចក្តីព្យាយាម មិនខ្ជិលច្រអូសទាំងថ្ងៃទាំងយប់ ចម្រើននូវកុសលធម៌ ដើម្បីដល់នូវព្រះនិព្វាន ជាតីក្សេមចាកយោគៈ យ៉ាងនេះ
‘‘អប្បមាទរតោ ភិក្ខុ, បមាទេ ភយទស្សិ វា;
អភព្វោ បរិហានាយ, និព្វានស្សេវ សន្តិកេ’’។
ភិក្ខុដែលមានសេចក្តីត្រេកអរក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យក្នុងសេចក្តីប្រមាទ មិនគួរដើម្បីសាបសូន្យ តែងនៅក្នុងទីជិតនៃព្រះនិព្វាន។



























No comments:
Post a Comment