ការជម្រះគម្ពីរមោគ្គល្លានវ្យាករណ៍ — មរតកប្រាជ្ញាបាលីដ៏ឧត្តម
គម្ពីរមោគ្គល្លាន ជាអ្វី?
មោគ្គល្លានវ្យាករណ៍ ជាគម្ពីរវេយ្យាករណ៍បាលីមួយក្នុងចំណោមបីសាលាធំ (កច្ចាយន · មោគ្គល្លាន · សទ្ទនីតិ) តែងដោយព្រះមោគ្គល្លានត្ថេរ នៅលង្កាទ្វីប ក្នុងរជ្ជកាលព្រះបាទបរក្កមពាហុទី ១ (ពុទ្ធសតវត្សទី ១៧)។ គម្ពីរនេះល្បីល្បាញដោយភាពម៉ត់ចត់ ខ្លីច្បាស់ និងចែកសូត្រល្អិតល្អន់ជាងគម្ពីរដទៃ រហូតក្លាយជាមូលដ្ឋាននៃគម្ពីរសិស្សជាច្រើន ដូចជា បយោគសិទ្ធិ បទសាធន និង និរុត្តិទីបនីរបស់លេឌីសយាដោ ។ សូម្បីពាក្យសំខាន់ៗក្នុងព្រះសាសនា — ភិក្ខុនី, សាមណេរ, មនុស្ស, ខត្តិយ, កាសាវៈ (ចីវរ), មេត្តា, មជ្ឈិមាបដិបទា — ក៏គម្ពីរនេះបង្ហាញឫសពាក្យនិងក្បួនកំណើតច្បាស់លាស់គ្រប់តួអក្សរ ។
ជម្រះគម្ពីរ គឺ ធ្វើអ្វី?
គម្ពីរបុរាណឆ្លងកាត់ការចម្លងច្រើនជំនាន់ ច្រើនអក្សរ (សិង្ហល ភូមា ខ្មែរ រ៉ូម័ន) រមែងមានអក្ខរាវិរុទ្ធភ្លាត់ ពាក្យជ្រុះ និង បាឋផ្សេងគ្នា ។ ការជម្រះបាឋ គឺការផ្ទៀងផ្ទាត់អត្ថបទគ្រប់ឃ្លាគ្រប់ម៉ាត់ ជាមួយភស្តុតាងជាច្រើនច្បាប់ ដើម្បីស្តារបាឋដើមឲ្យបរិសុទ្ធបំផុត ។
ក្នុងគម្រោងនេះ សូត្រនីមួយៗត្រូវបានផ្ទៀងជាមួយភស្តុតាងជាង ៨ ច្បាប់ — ច្បាប់ឆដ្ឋសង្គាយនា, ច្បាប់រ៉ូម័ន, បញ្ចិកាដីកា, និរុត្តិទីបនី ព្រមទាំងគម្ពីរគូធៀបទាំងប្រាំ៖ សទ្ទនីតិ (បទមាលា-ធាតុមាលា-សុត្តមាលា) · កច្ចាយន · បទរូបសិទ្ធិ · ចាន្ទ្រវ្យាករណ៍ (ច្បាប់ស្កេនដើម ១៩០២) · អស្ដាធ្យាយីបាណិនិ — រួចកត់លេខគម្ពីរយោងគ្រប់សូត្រ ដើម្បីឲ្យសិស្សរកប្រភពបានភ្លាម ។ រាល់ការកែ សុទ្ធតែមានភស្តុតាងពីរបីសាក្សីឡើងទៅ ហើយកត់ហេតុផលចំហជានិច្ច ។
ផលប្រយោជន៍
១. ចំពោះការសិក្សាព្រះបរិយត្តិ — បាឋបរិសុទ្ធ គឺជាគ្រឹះនៃការសិក្សាត្រឹមត្រូវ ។ អក្សរខុសមួយតួ អាចបំភ្លៃន័យសូត្រទាំងមូល ។ បាឋដែលជម្រះរួច ជួយសមណសិស្សរៀនបាលីជាន់ខ្ពស់ដោយទំនុកចិត្ត។
២. ចំពោះការយល់ព្រះបាលី — គម្ពីរនេះពន្យល់ថា ពាក្យក្នុងព្រះត្រៃបិដកកើតឡើងយ៉ាងណា មានឫសពាក្យមកពីណា — ជាកូនសោបើកទ្វារយល់ព្រះពុទ្ធវចនៈដល់ឫសគល់ មិនមែនទន្ទេញចាំតែសម្បកឡើយ ។
៣. ចំពោះព្រះពុទ្ធសាសនាខ្មែរ — គម្ពីរនេះមិនទាន់មានសេចក្តីអធិប្បាយពេញលេញជាភាសាខ្មែរនៅឡើយ ។ ការជម្រះនិងប្រែជាអក្សរខ្មែរ គឺជាការបំពេញចន្លោះមរតកបរិយត្តិសាសនាខ្មែរ ឲ្យស្មើមុខស្មើមាត់នឹងប្រទេសពុទ្ធសាសនាដទៃ។
៤. ចំពោះអក្សរសាស្ត្រខ្មែរ — ពាក្យខ្មែរជាច្រើន (បុរាណ, អាមាត្យ, មនុស្ស, បច្ឆិម...) មានកំណើតតាមក្បួនក្នុងគម្ពីរនេះផ្ទាល់ — ការសិក្សាវា គឺ ស្គាល់ឫសភាសាជាតិយើងឯង។
៥. ចំពោះអនាគត — លទ្ធផលនឹងក្លាយជាសៀវភៅសិក្សា មានបាឋស្ថាពរ សេចក្តីប្រែ ចំណារពន្យល់ និង តារាងគម្ពីរយោងពេញលេញ — ជាមូលដ្ឋានស្រាវជ្រាវសម្រាប់ជំនាន់ក្រោយតទៅ ។
ដំណើរការបច្ចុប្បន្ន
កណ្ឌទី ១ (សន្ធិ — ៥៨ សូត្រ), កណ្ឌទី ២ (ស្យាទិ — ២៤១ សូត្រ) និងកណ្ឌទី ៣ (សមាស — ១១០ សូត្រ) ជម្រះចប់បរិបូណ៌ហើយ ។ កណ្ឌទី ៤ (តទ្ធិត) កំពុងដំណើរការ ។ សូមអនុមោទនាបុញ្ញកិរិយានេះ ហើយចូលរួមតាមដាន ដើម្បីរួមចំណែកថែរក្សាព្រះបរិយត្តិសាសនាឲ្យស្ថិតស្ថេរអង្វែងតទៅ ។
មហាភិរម្យ ឧទ្ទេសាចារ្យ វត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៦
បរិយត្តិស្ថិតស្ថេរ សាសនាក៏ស្ថិតស្ថេរ 🙏



























No comments:
Post a Comment