[៣៧] ទោណព្រាហ្មណ៍សាកសួរព្រះសម្មាសម្ពុទ្ធ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះឧក្កដ្ឋនគរ និងសេតព្យនគរ។ ចំណែក ទោណព្រាហ្មណ៍ ក៏ដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះឧក្កដ្ឋនគរ និងសេតព្យនគរដែរ។ ទោណព្រាហ្មណ៍ ក៏បានឃើញកងចក្រទាំងឡាយមួយពាន់ក្នុងស្នាមព្រះបាទទាំងគូ របស់ព្រះដ៏មានព្រះភាគ ដែលប្រកបដោយខ្នងកង់នឹងដុំបរិបូណ៌ដោយអាការគ្រប់យ៉ាង លុះឃើញហើយ មានសេចក្តីត្រិះរិះដូច្នេះថា យីអើអស្ចារ្យណាស់ហ្ន៎ យីអើមិនដែលមានទេ ស្នាមជើងទាំងពីរនេះមិនដែលមានដល់មនុស្សធម្មតាទេ។
គ្រានោះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់យាងបែរចេញពីផ្លូវ ហើយទ្រង់គង់ផ្គត់ព្រះភ្នែន តម្កល់ព្រះកាយឱ្យត្រង់តម្រង់ព្រះស្មារតីឱ្យនឹង ក្រោមម្លប់ឈើមួយ។ ឯទោណព្រាហ្មណ៍ដើរទៅតាមស្នាមព្រះបាទព្រះដ៏មានព្រះភាគ ក៏បានឃើញព្រះដ៏មានព្រះភាគ គួរជាទីជ្រះថ្លា ជាទីរីករាយ មានព្រះឥន្រ្ទិយស្ងប់រម្ងាប់ មានព្រះហឫទ័យស្ងប់ស្ងាត់ បានដល់នូវអរហត្តមគ្គ និងអរហត្តមគ្គសមាធិដ៏ឧត្តម ស្រគត់ស្រគំ រម្យទម មានឥន្រ្ទិយរក្សាហើយ ជាបុគ្គលដ៏ប្រសើរ គង់ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ បានក្រាបបង្គំទួលព្រះដ៏មានព្រះភាគដូច្នេះថា លោកដ៏ចម្រើននឹងកើតជាទេវតា។
ព្រះអង្គតបថា ម្នាលព្រាហ្មណ៍ តថាគត នឹងមិនកើតជាទេវតាទេ។
លោកដ៏ចម្រើននឹងកើតជាគន្ធព្វ។ ម្នាលព្រាហ្មណ៍ តថាគតនឹងមិនកើតជាគន្ធព្វទេ។
លោកដ៏ចម្រើននឹងកើតជាយក្ខ។ ម្នាលព្រាហ្មណ៍ តថាគតនឹងមិនកើតជាយក្ខទេ។
លោកដ៏ចម្រើននឹងកើតជាមនុស្សឬ។ ម្នាលព្រាហ្មណ៍ តថាគតនឹងមិនកើតជាមនុស្សទេ។
ទោណព្រាហ្មណ៍ពោលថា កាលខ្ញុំសួរថា លោកដ៏ចម្រើននឹងកើតជាទេវតាឬ លោកពោលថា ម្នាលព្រាហ្មណ៍ តថាគតនឹងមិនកើតជាទេវតាទេ កាលខ្ញុំសួរថា លោកដ៏ចម្រើននឹងកើតជាគន្ធព្វឬ លោកពោលថា ម្នាលព្រាហ្មណ៍ តថាគតនឹងមិនកើតជាគន្ធព្វទេ កាលខ្ញុំសួរថា លោកដ៏ចម្រើននឹងកើតជាយក្ខឬ លោកពោលថា ម្នាលព្រាហ្មណ៍ តថាគតនឹងមិនកើតជាយក្ខទេ កាលខ្ញុំសួរថា លោកដ៏ចម្រើននឹងកើតជាមនុស្សឬ លោកពោលថា ម្នាលព្រាហ្មណ៍ តថាគតនឹងមិនកើតជាមនុស្សទេ កាលបើដូច្នេះ តើលោកដ៏ចម្រើន នឹងទៅកើតជាអ្វីទៅ?
ម្នាលព្រាហ្មណ៍ បើតថាគតកើតជាទេវតា ព្រោះថា តថាគតមិនបានលះបង់អាសវៈទាំងឡាយណា អាសវៈទាំងឡាយនោះ តថាគតបានលះបង់ស្រឡះហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឱ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឱ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត ម្នាលព្រាហ្មណ៍ បើតថាគតកើតជាគន្ធព្វ ព្រោះតថាគតមិនទាន់បានលះបង់នូវអាសវៈទាំងឡាយណា … បើកើតជាយក្ខ … បើកើតជាមនុស្ស អាសវៈទាំងឡាយនោះ តថាគតបានលះបង់ស្រឡះហើយ បានគាស់រំលើងឫសគល់អស់ហើយ ធ្វើឱ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឱ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។
ម្នាលព្រាហ្មណ៍ ផ្កាព្រលឹតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី កើតឡើងក្នុងទឹក ចម្រើនឡើងក្នុងទឹក ដុះផុតពីទឹក មិនជាប់ដោយទឹកវិញទេ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ តថាគតដែលកើតឡើងក្នុងលោក ចម្រើនឡើងក្នុងលោក រមែងគ្របសង្កត់នូវលោក មិនបានជាប់ជំពាក់ដោយលោកវិញ ក៏យ៉ាងនោះដែរ ម្នាលព្រាហ្មណ៍ អ្នកចូរចំណាំតថាគតថា ព្រះពុទ្ធដូច្នេះចុះ។
‘‘យេន ទេវុបបត្យស្ស, គន្ធព្វោ វា វិហង្គមោ;
យក្ខត្តំ យេន គច្ឆេយ្យំ, មនុស្សត្តញ្ច អព្ភជេ;
តេ មយ្ហំ, អាសវា ខីណា, វិទ្ធស្តា វិនឡីកតា។
‘‘បុណ្ឌរីកំ យថា ឧគ្គំ, តោយេន នុបលិប្បតិ;
នុបលិប្បាមិ លោកេន, តស្មា ពុទ្ធោស្មិ ព្រាហ្មណា’’តិ។
តថាគតគប្បីកើតជាទេវតា ឬកើតជាគន្ធព្វត្រាច់ទៅតាមអាកាស ព្រោះអាសវៈក្តី គប្បីដល់នូវភាពនៃខ្លួនជាយក្ខ នឹងជួបប្រទះនូវភាពនៃខ្លួនជាមនុស្ស ព្រោះអាសវៈណាក្តី អាសវៈទាំងអស់នោះរបស់តថាគតអស់ហើយ បានកម្ចាត់បង់ហើយ ធ្វើឱ្យរបូតចំណងហើយ។
ផ្កាឈូកស ដុះឡើងផុត (ពីទឹក) មិនជាប់ដោយទឹកយ៉ាងណា តថាគតមិនជាប់ដោយលោកយ៉ាងនោះ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ តថាគតជាព្រះពុទ្ធ។



























No comments:
Post a Comment