[៥៤] កក្កដរសទាយកវិមាន ទី ៤
(បិ.៥៥/ទំ.១២២)
(ព្រះមោគ្គល្លានសួរថា) "វិមានដ៏ខ្ពស់នេះ មានសសរធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏លើសលប់ ដែលមានសសរជាវិការៈ នៃកែវពិទូរ្យ ក្រាលកម្រាលដ៏ល្អ (ក្តារមាស) ជាផ្ទះកំពូលដ៏ល្អ ខ្លួនអ្នកតែងនៅ ក្រេបផឹកទាំងទំពាស៊ី ក្នុងវិមាននោះ ពិណទិព្វ មានសំឡេងពីរោះ រមែងលាន់ឮ កាមគុណ ៥ មានរសជាទិព្វ ទាំងពួកនារី ស្អិតស្អាងកាយ ដោយគ្រឿងមាស តែងរាំនៅក្នុងវិមាននុ៎ះ សម្បុររបស់អ្នកប្រាកដដូច្នោះ តើដោយបុញ្ញកម្មដូចម្តេច ទិព្វសម្បត្តិសម្រេចដល់អ្នក ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ជាទីពេញចិត្ត ភោគៈទាំងនោះ ក៏កើតឡើង ដល់អ្នកផង តើដោយបុញ្ញកម្មដូចម្តេច ម្នាលទេវតា អ្នកមានអានុភាពច្រើន អាត្មាសូមសួរអ្នក អ្នកកាលដែលកើត ជាមនុស្ស តើបានធ្វើបុណ្យដូចម្តេច អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច"។
ទេវបុត្រនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរ ប្រស្នាហើយ ក៏ឆ្លើយប្រាប់នូវផលនៃបុញ្ញកម្មនេះថា៖
"រូបក្តាមមានជើង ១០ ស្ថិតនៅប្របទ្វារ សម្រាប់ដាស់ស្មារតី ដែលសម្រេចដោយមាស រុងរឿងល្អ វណ្ណៈរបស់ខ្ញុំ ដែលប្រាកដដូច្នោះ ដោយបុញ្ញកម្មនោះ ទិព្វសម្បត្តិសម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយណាមួយ ជាទីពេញចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង ដោយសារបុញ្ញកម្មនោះ ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់ សព្វទិស ដោយបុញ្ញកម្មនោះឯង"។
ចប់ កក្កដរសទាយកវិមាន ទី ៤។



























No comments:
Post a Comment