សិក្សាបិដក៤២ [៣៩] បតិលីនសុត្តំ (ព្រះសូត្រស្តីពីភិក្ខុអ្នកពួនសម្ងំ) - Monk Cambodia

សិក្សាបិដក៤២ [៣៩] បតិលីនសុត្តំ (ព្រះសូត្រស្តីពីភិក្ខុអ្នកពួនសម្ងំ)

Share This

 #សិក្សាបិដក៤២

[៣៩] បតិលីនសុត្តំ (ព្រះសូត្រស្តីពីភិក្ខុអ្នកពួនសម្ងំ)

ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតថាគតហៅថា អ្នកមានបច្ចេកសច្ចៈ​បន្ទោបង់ហើយ ១ មានការស្វែងរកលះបង់ហើយដោយ​បរិបូណ៌ ១ មានកាយសង្ខារស្ងប់រម្ងាប់ ជាអ្នកពួនសម្ងំ ១​​​​​​​។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានបច្ចេកសច្ចៈបន្ទោបង់ហើយ តើដូចម្តេច​​​​​​​។

១. ម្នាលភិក្ខុទាំងឡាយ ពួកបច្ចេកសច្ចៈដ៏ច្រើនណា របស់ពួកសមណៈ និងព្រាហ្មណ៍ដ៏ច្រើន ដោយយល់ថា លោកទៀងដូច្នេះក៏មាន លោកមិនទៀងដូច្នេះក៏មាន លោកមានទីបំផុតដូច្នេះក៏មាន លោកមិនមានទីបំផុតដូច្នេះក៏មាន ជីវិតនោះគឺសរីរៈនោះដូច្នេះក៏មាន ជីវិតដទៃសរីរៈដទៃដូច្នេះក៏មាន សត្វស្លាប់ទៅកើតទៀតដូច្នេះក៏មាន សត្វស្លាប់ទៅមិនកើតទៀតដូច្នេះក៏មាន សត្វស្លាប់ទៅកើតទៀតខ្លះ មិនកើតទៀតខ្លះដូច្នេះក៏មាន សត្វស្លាប់ទៅកើតទៀតក៏មិនមែនដូច្នេះក៏មាន ពួកបច្ចេកសច្ចៈទាំងអស់នោះ ភិក្ខុក្នុងសាសនានេះ បន្ទោបង់ហើយ កម្ចាត់បង់ហើយ លះបង់ហើយ ខ្ជាក់ចោលហើយ ច្បូតចេញហើយ បណ្តេញបង់ហើយ បំបាត់បង់ហើយ​​​​​​​។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានបច្ចេកសច្ចៈបន្ទោបង់ហើយ យ៉ាងនេះឯង​​​​​​​។

២. ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមានការស្វែងរកលះបង់ហើយ ដោយបរិបូណ៌ តើដូចម្តេច​​​​​​​។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកកាម ភិក្ខុក្នុងសាសនានេះ លះបង់ហើយ ការស្វែងរកភព ភិក្ខុលះបង់ហើយ ការស្វែងរកព្រហ្មចារ្យ ភិក្ខុបានរម្ងាប់ហើយ​​​​​​​។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានការស្វែងរកលះបង់ហើយ ដោយបរិបូណ៌ យ៉ាងនេះឯង​​​​​​​។

៣. ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមានកាយសង្ខារស្ងប់រម្ងាប់ តើដូចម្តេច​​​​​​​។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង ព្រោះរលត់សោមនស្សទោមនស្សក្នុងកាលមុនផង ដល់នូវចតុត្ថជ្ឈាន មិនទុក្ខ មិនសុខ មានឧបេក្ខា នឹងសតិដ៏បរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានកាយសង្ខារស្ងប់រម្ងាប់ហើយ យ៉ាងនេះឯង​​​​​​​។

៤. ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកពួនសម្ងំ តើដូចម្តេច​​​​​​​។ ម្នាលភិក្ខុទាំងឡាយ អស្មិមានះ ភិក្ខុក្នុងសាសនានេះ លះបង់ហើយ គាស់រំលើងឫសចោលហើយ ធ្វើឱ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឱ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត​​​​​​​។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពួនសម្ងំ យ៉ាងនេះឯង​​​​​​​។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតថាគតហៅថា មានបច្ចេកសច្ចៈបន្ទោបង់ហើយ មានការស្វែងរកលះបង់ហើយ ដោយបរិបូណ៌ មានកាយសង្ខារស្ងប់រម្ងាប់ ជាអ្នកពួនសម្ងំ យ៉ាងនេះឯង​​​​​​​។

‘‘កាមេសនា ភវេសនា, ព្រហ្មចរិយេសនា សហ;

ឥតិ សច្ចបរាមាសោ,     ទិដ្ឋិដ្ឋានា សមុស្សយា​​​​​។’’

ការស្វែងរកកាម ស្វែងរកភព ព្រមទាំងការស្វែងរកព្រហ្មចារ្យ និងទីតាំងនៃទិដ្ឋិ ការប្រកាន់ថាពិតដូច្នេះៗ នឹងជាទីតាំងនៃទិដ្ឋិ ភិក្ខុដកចោលហើយ។

‘‘សព្វរាគវិរត្តស្ស,        តណ្ហក្ខយវិមុត្តិនោ;

ឯសនា បដិនិស្សដ្ឋា,     ទិដ្ឋិដ្ឋានា សមូហតា​​​​​។’’

ភិក្ខុអ្នកប្រាសចាកតម្រេកក្នុងរាគៈទាំងពួង អ្នករួចផុតស្រឡះ ព្រោះអស់ទៅនៃតណ្ហា បានលះបង់ការស្វែងរកហើយ បានដកចោលនូវទីតាំងនៃទិដ្ឋិហើយ។

‘‘ស វេ សន្តោ សតោ ភិក្ខុ,       បស្សទ្ធោ អបរាជិតោ;

មានាភិសមយា ពុទ្ធោ,            បតិលីនោតិ វុច្ចតិ”​​​​​។’’

ភិក្ខុនោះឯង ជាអ្នកស្ងប់រម្ងាប់ មានស្មារតី មានកាយនិងចិត្តស្ងប់រម្ងាប់ មិនចាញ់កិលេស ជាអ្នកដឹងនូវសច្ចៈ ព្រោះស្គាល់ច្បាស់នូវមានះ តថាគតហៅថា ជាអ្នកពួនសម្ងំ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter