រេវតីវិមាន ទី ២
[៥២] ពួកញាតិមិត្ត និងសំឡាញ់ តែងត្រេកអរសាទរចំពោះបុរសដែលព្រាត់គ្នាអស់កាលយូរ ហើយវិលមកអំពីទីឆ្ងាយដោយសួស្ដីថា៖ "មកហើយ!" ដូច្នេះយ៉ាងណា បុណ្យទាំងឡាយរមែងទទួលបុគ្គលដែលបានធ្វើបុណ្យហើយ ចេញចាកលោកនេះទៅកាន់លោកខាងមុខ ដូចពួកញាតិទទួលញាតិជាទីស្រឡាញ់មកដល់យ៉ាងនោះដែរ។
(យក្ខទាំងពីរនាក់និយាយថា) "នៃនាង រេវតី មានធម៌ដ៏លាមកពន់ពេក ជាស្រីឥតទាន ឥតសីល នាងចូរក្រោកឡើង។ ទ្វារនរកបើកហើយ។ ពួកសត្វនរក ជាសត្វទុគតិ ប្រកបដោយទុក្ខ យំថ្ងូរនៅក្នុងទីណា ពួកយើងនឹងនាំនាងទៅក្នុងទីនោះ។" លុះយក្ខមានភ្នែកក្រហម ធំសំបើមទាំងពីរ ជាទូតនៃយមរាជ បានពោលយ៉ាងនេះហើយ ក៏ចាប់នាងរេវតីត្រង់ដើមដៃម្ខាងម្នាក់ ហើយនាំមូលទៅក្នុងសំណាក់នៃពួកទេវតា។
(នាងរេវតីសួរថា) "វិមានដែលមានសម្បុរដូចព្រះអាទិត្យដ៏រុងរឿង ភ្លឺផ្លេក សំបើមល្អ បិទបាំងដោយបណ្ដាញមាស មានជនកុះករ ភ្លឺដូចរស្មីព្រះអាទិត្យនុ៎ះ តើជាវិមានអ្នកណា? ពួកនារីទាំងឡាយមានខ្លួនលាបដោយខ្លឹមចន្ទន៍ ហើយចូលទៅញ៉ាំងវិមាននោះឱ្យល្អរុងរឿងទាំងពីរខាង។ វិមាននោះមានសម្បុរប្រាកដស្មើដោយសម្បុរព្រះអាទិត្យ។ បុគ្គលណាហ្ន៎បានដល់នូវឋានសួគ៌ហើយរីករាយក្នុងវិមាន?"
(យក្ខទាំងពីរនោះប្រាប់ថា) "ក្នុងក្រុងពារាណសី មានឧបាសកម្នាក់ឈ្មោះ នន្ទិយៈ ជាអ្នកមិនកំណាញ់ ជាម្ចាស់ទាន អ្នកដឹងនូវពាក្យពេចន៍។ វិមានដែលមានជនកុះករ ដ៏រុងរឿងដូចរស្មីព្រះអាទិត្យនុ៎ះ ជាវិមានរបស់ឧបាសកឈ្មោះនន្ទិយៈនោះ។ ពួកនារីទាំងឡាយមានខ្លួនលាបហើយដោយលំអិតខ្លឹមចន្ទន៍ ហើយចូលទៅញ៉ាំងវិមាននោះឱ្យភ្លឺរុងរឿងទាំងពីរខាង។ វិមាននោះមានសម្បុរស្មើដោយសម្បុរព្រះអាទិត្យ។ នន្ទិយឧបាសកនោះ បានដល់នូវឋានសួគ៌ហើយរីករាយក្នុងវិមាន (នោះ)។"
(នាងរេវតីនិយាយថា) "ខ្លួនខ្ញុំជាប្រពន្ធរបស់នន្ទិយឧបាសក ជាម្ចាស់ផ្ទះ ជាធំរបស់ត្រកូលទាំងអស់។ ខ្ញុំនឹងត្រេកអរក្នុងវិមានរបស់ប្ដី។ ក្នុងកាលឥឡូវនេះ ខ្ញុំមិនចង់ឃើញនរកទេ។"
(យក្ខទាំងពីរនោះតបថា) "ម្នាលស្រីមានធម៌ដ៏លាមកពន់ពេក នរកនុ៎ះជានរកសម្រាប់នាងហើយ។ នាងឯងមិនបានធ្វើបុណ្យក្នុងមនុស្សលោកសោះ។ ដ្បិតថាបុគ្គលមានសេចក្ដីកំណាញ់ ជាអ្នកជេរប្រទេចគេ មានធម៌ដ៏លាមករមែងមិនបានកើតរួមជាមួយនឹងពួកអ្នកដែលទៅកើតក្នុងឋានសួគ៌ទេ។"
(នាងរេវតីសួរថា) "អ្វីនេះហ្ន៎ជាគូថ និងមូត្រមិនស្អាតជាក់ស្ដែងម៉្លេះ? អ្វីនេះហ្ន៎ជាលាមកមានក្លិនអាក្រក់ម៉្លេះ? អ្វីនេះហ្ន៎ផ្សាយក្លិនមក?"
(ពួកនិរយបាលពោលថា) "នុ៎ះនរកឈ្មោះ សំសវកៈ ដ៏ជ្រៅចំនួនមួយរយជួរបុរស។ ម្នាលនាងរេវតី នាងនឹងឆេះក្នុងនរកនោះរាប់ពាន់ឆ្នាំ។"
(នាងរេវតីតបថា) "អំពើអាក្រក់ដូចម្ដេចដែលខ្ញុំបានធ្វើដោយកាយ វាចា ចិត្ត? នរកឈ្មោះសំសវកៈ ដ៏ជ្រៅចំនួនមួយរយជួរបុរស ខ្ញុំបានដោយហេតុដូចម្ដេច?"
(ពួកនិរយបាលពោលថា) "នាងបាននិយាយបញ្ជោតពួកសមណៈ ពួកព្រាហ្មណ៍ និងពួកវណិព្វកៈដទៃៗ ដោយមុសាវាទ។ បាបនោះនាងបានធ្វើហើយយ៉ាងនេះ។ នរកឈ្មោះសំសវកៈ ដ៏ជ្រៅចំនួនមួយរយជួរបុរស នាងបានព្រោះបាបនោះឯង។ ម្នាលនាងរេវតី នាងនឹងឆេះក្នុងនរកនោះរាប់ពាន់ឆ្នាំ។ ពួកនិរយបាលកាត់ដៃក៏មាន កាត់ជើងក៏មាន កាត់ស្លឹកត្រចៀកក៏មាន កាត់ច្រមុះក៏មាន។ មួយទៀត ពួកសត្វក្អែកមកប្រជុំជញ្ជែងចឹកនូវសត្វនរកដែលកំពុងតែញាប់ញ័រ។"
(នាងរេវតីតបថា) "ខ្ញុំសូមអង្វរ សូមអ្នកទាំងឡាយនាំខ្ញុំត្រឡប់ទៅវិញ។ ពួកសត្វជាអ្នកបានសុខ ទាំងមិនក្ដៅក្រហាយក្នុងកាលខាងក្រោយ ព្រោះបានធ្វើកុសលណា ខ្ញុំនឹងធ្វើកុសលនោះឱ្យច្រើនដោយការឱ្យទាន ការប្រព្រឹត្តស្មើ ការសង្រួម និងការទូន្មានឥន្ទ្រិយ។"
(ពួកនិរយបាលពោលថា) "ក្នុងកាលមុន នាងប្រមាទហើយ ឥឡូវនេះទួញយំ។ នាងនឹងទទួលផលនៃកម្មទាំងឡាយដែលបានធ្វើដោយខ្លួនឯង។"
(នាងរេវតីតបថា) "បុគ្គលណា ចេញអំពីទេវលោក ទៅកាន់មនុស្សលោកហើយ ខ្ញុំសួរ គប្បីប្រាប់ខ្ញុំយ៉ាងនេះថា៖ “អ្នកទាំងឡាយចូរឱ្យសំពត់សម្រាប់ស្លៀកដណ្ដប់ ទីដេក (ទីអង្គុយ) និងបាយ ទឹក ជាទានចំពោះពួកជនដែលមានអាជ្ញាដាក់ចុះហើយ។” បើពិតថា បុគ្គលមានសេចក្ដីកំណាញ់ ជាអ្នកជេរប្រទេចគេ មានធម៌ដ៏លាមក រមែងមិនបានទៅកើតជាមួយនឹងពួកដែលទៅកើតក្នុងឋានសួគ៌មែន។ ខ្ញុំនោះប្រសិនបើរួចទៅអំពីនេះ ហើយបាននូវកំណើតជារបស់មនុស្ស នឹងជាអ្នកដឹងក្ដី បរិបូណ៌ដោយសីល ធ្វើនូវកុសលឱ្យច្រើនដោយការឱ្យទាន ការប្រព្រឹត្តស្មើ ការសង្រួម នឹងការទូន្មាននូវឥន្ទ្រិយ។ មួយទៀត ខ្ញុំនឹងដាំឈើសួន សង់ស្ពានសម្រាប់ឆ្លងទៅមកក្នុងទីដែលលំបាក ជីកអណ្ដូង ជីកស្រះដោយចិត្តជ្រះថ្លា។ ខ្ញុំនឹងរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤, ទី ១៥ និងថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង។ ខ្ញុំនឹងជាបុគ្គលសង្រួមក្នុងសីលទាំងឡាយគ្រប់កាល។ ខ្ញុំនឹងមិនប្រមាទក្នុងទាន ព្រោះខ្ញុំបានឃើញអំពើនេះ (ជាក់ច្បាស់) ដោយខ្លួនឯងហើយ។"
(ពួកនិរយបាល) បោះនាងរេវតីដែលកំពុងយំ បម្រះននៀលយ៉ាងនេះ ទៅក្នុងនរកដ៏ពន្លឹក ឱ្យមានជើងឡើងលើ មានក្បាលចុះក្រោម។
(នាងរេវតីនិយាយថា) "ក្នុងកាលមុន ខ្ញុំជាអ្នកមានសេចក្ដីកំណាញ់ ជាអ្នកជេរប្រទេចនូវពួកសមណៈ និងព្រាហ្មណ៍ បោកប្រាសនូវស្វាមីដោយពាក្យមិនពិត ទើបខ្ញុំឆេះក្នុងនរកមានសភាពដ៏ពន្លឹក។"
ចប់ រេវតីវិមាន ទី ២។



























No comments:
Post a Comment