#សិក្សាបិដក ៤២
[៤០] ឧជ្ជយព្រាហ្មណ៍សួរពីការបូជា
គ្រានោះ ឧជ្ជយព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះចប់ពាក្យដែលគួររីករាយ នឹងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧជ្ជយព្រាហ្មណ៍អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា ព្រះគោតមដ៏ចម្រើន សរសើរការបូជារបស់យើងដែរឬទេ។
ម្នាលព្រាហ្មណ៍ តថាគតមិនសរសើរការបូជាទាំងអស់ទេ ម្នាលព្រាហ្មណ៍ តែតថាគតមិនមែនជាមិនសរសើរការបូជាទាំងអស់ទេ។ ម្នាលព្រាហ្មណ៍ គេសម្លាប់គោទាំងឡាយ សម្លាប់ពពែ និងចៀមទាំងឡាយ សម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេងៗ ក៏ដល់នូវសេចក្តីស្លាប់ ព្រោះការបូជាមានសភាពយ៉ាងណា ម្នាលព្រាហ្មណ៍ តថាគតមិនសរសើរការបូជាប្រកបដោយសេចក្តីអន្តរាយយ៉ាងនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយអ្នកដល់នូវអរហត្តមគ្គក្តី មិនដើរទៅជិតការបូជាប្រកបដោយសេចក្តីអន្តរាយមានសភាពយ៉ាងនេះឡើយ។
ម្នាលព្រាហ្មណ៍ គេមិនសម្លាប់គោទាំងឡាយ សម្លាប់ពពែ និងចៀមទាំងឡាយ សម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេងៗ ក៏មិនស្លាប់ព្រោះការបូជាមានសភាពយ៉ាងណា ម្នាលព្រាហ្មណ៍ តថាគតតែងសរសើរការបូជាដែលមិនប្រកបដោយសេចក្តីអន្តរាយមានសភាពយ៉ាងនេះ គឺនិច្ចទាន និងការបូជាតាមលំអានត្រកូល។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយអ្នកដល់នូវអរហត្តមគ្គក្តី តែងពេញចិត្តការបូជា ដែលមិនប្រកបដោយសេចក្តីអន្តរាយមានសភាពយ៉ាងនេះ។
‘‘អស្សមេធំ បុរិសមេធំ, សម្មាបាសំ វាជបេយ្យំ និរគ្គឡំ;
មហាយញ្ញា មហារម្ភា, ន តេ ហោន្តិ មហប្ផលា។
ការបូជាធំ មានកិច្ចដែលត្រូវធ្វើច្រើន គឺការសម្លាប់សេះ សម្លាប់បុរស ការទុកដាក់មនុស្សដោយប្រពៃ ការពោលពាក្យជាទីស្រឡាញ់ ផ្ទះមិនបាច់មានគន្លឹះទ្វារ ការបូជាធំទាំងនោះ មិនមានផលឡើយ។
‘‘អជេឡកា ច គាវោ ច, វិវិធា យត្ថ ហញ្ញរេ;
ន តំ សម្មគ្គតា យញ្ញំ, ឧបយន្តិ មហេសិនោ។
គេសម្លាប់ពពែនឹងចៀមក្តី គោទាំងឡាយក្តី ពួកសត្វផ្សេងៗក្តី ព្រោះការបូជាណា ពួកបុគ្គលដល់នូវអរហត្តមគ្គ និងបុគ្គលអ្នកស្វែងរកនូវគុណដ៏ធំ (ព្រះអរហន្ត) តែងមិននិយមនូវការបូជានោះទេ។
‘‘យញ្ច យញ្ញំ និរារម្ភំ, យជន្ត្យនុកុលំ សទា;
អជេឡកា ច គាវោ ច, វិវិធា យត្ថ ហញ្ញរេ;
តញ្ច សម្មគ្គតា យញ្ញំ, ឧបយន្តិ មហេសិនោ។
ពួកជនបូជាសព្វកាល នូវយញ្ញណាដែលមិនប្រកបដោយសេចក្តីអន្តរាយ តាមលំអាននៃត្រកូលក្តី គេមិនសម្លាប់ពួកពពែ និងចៀម ឬពួកគោ ឬក៏ពួកសត្វផ្សេងៗ ព្រោះការបូជានាក្តី ពួកបុគ្គលអ្នកដល់នូវអរហត្តមគ្គ និងបុគ្គលអ្នកស្វែងរកនូវគុណដ៏ធំ (ព្រះអរហន្ត) ទើបពេញចិត្តការបូជានោះៗ។
‘‘ឯតំ យជេថ មេធាវី, ឯសោ យញ្ញោ មហប្ផលោ;
ឯតំ ហិ យជមានស្ស, សេយ្យោ ហោតិ ន បាបិយោ;
យញ្ញោ ច វិបុលោ ហោតិ, បសីទន្តិ ច ទេវតា’’តិ។
អ្នកប្រាជ្ញ ត្រូវបូជាយ៉ាងនេះ ការបូជានុ៎ះមានផលច្រើន។ ក៏កាលបុគ្គលបូជាយ៉ាងនេះ ទើបប្រសើរមិនមានបាប ការបូជាឈ្មោះថា មានផលច្រើនផង ទេវតាទាំងឡាយ តែងជ្រះថ្លាផង។



























No comments:
Post a Comment