ព្រះអាទិទេពបង្កើតលោក - Monk Cambodia

ព្រះអាទិទេពបង្កើតលោក

Share This

 នៅក្នុងព្រះត្រៃបិដកបាលី ព្រះពុទ្ធសាសនាបានពន្យល់ និងសម្តែងយ៉ាងច្បាស់អំពីទស្សនៈនៃការជឿលើ «ព្រះអាទិទេពបង្កើតលោក» (ភាសាបាលីហៅថា ឥស្សរនិម្មិតហេតុ ឬ ឥស្សរកាលកៈ) និងការជឿលើគម្ពីរដែលចារិកថាមនុស្ស ឬលោកនេះត្រូវបានបង្កើតឡើងដោយព្រះអាទិទេព (ដូចជាគម្ពីរវេទរបស់ព្រាហ្មណ៍ជាដើម)។


ព្រះពុទ្ធសាសនាមិនបានទទួលស្គាល់ថាមានព្រះអាទិទេព ឬព្រះព្រហ្មណាមួយជាអ្នកបង្កើតលោក ឬជោគវាសនារបស់សត្វលោកឡើយ។ព្រហ្មជាលសូត្រ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ) នៅក្នុងសូត្រនេះ ព្រះពុទ្ធបានពន្យល់អំពី ប្រភពនៃការយល់ច្រឡំ ដែលនាំឲ្យមនុស្សជឿថាមាន «ព្រះព្រហ្ម ឬព្រះអាទិទេពបង្កើតលោក» នៅពេលដែលពិភពលោកត្រូវបានបំផ្លាញ ហើយចាប់ផ្តើមកកើតឡើងវិញ វិមានព្រហ្មទទេស្អាតមួយបានកើតឡើងមុនគេ។ មានសត្វលោកម្នាក់អស់អាយុ/បុណ្យពីចវនៈ មកកើតក្នុងវិមានព្រហ្មនោះតែម្នាក់ឯង។


កាលណាទោលម្នាក់ឯងយូរទៅ ព្រហ្មនោះកើតសេចក្តីអផ្សុក ហើយប្រាថ្នាចង់ឲ្យមានសត្វឯទៀតមកនៅជាមួយ។ ចៃដន្យសត្វឯទៀតអស់បុណ្យ ក៏ចុះមកកើតក្នុងទីនោះដែរ។


 ព្រះព្រហ្មដំបូងនោះក៏គិតថា «អាត្មាអញជាមហាព្រហ្ម ជាម្ចាស់លើសត្វទាំងពួង ជាអ្នកបង្កើតសត្វទាំងពួង... ព្រោះអាត្មាអញប្រាថ្នាទើបសត្វទាំងនេះកើតមក»។ ចំណែកសត្វដែលមកកើតក្រោយ ក៏យល់ថាព្រះព្រហ្មដំបូងនោះជាអ្នកបង្កើតពួកខ្លួន។ ពេលសត្វទាំងនោះស្លាប់ទៅកើតជាមនុស្ស ធ្វើធម៌បានបុព្វេនិវាសានុស្សតិញ្ញាណ (រលឹកជាតិបាន) ប៉ុន្តែរលឹកបានត្រឹមជាតិដែលនៅជាមួយព្រះព្រហ្ម នោះ ក៏នាំគ្នាកត់ត្រា និងបង្រៀនតៗគ្នា (បង្កើតជាគម្ពីរ) ថាព្រះអាទិទេព ឬព្រះព្រហ្មជាអ្នកបង្កើតលោក។


តិត្ថាយតនសូត្រ (អង្គុត្តរនិកាយ តិកនិបាត) ព្រះពុទ្ធបានរាប់បញ្ចូលជំនឿដែលថា «អ្វីៗទាំងអស់កើតឡើងដោយសារការបណ្តាល ឬការបង្កើតរបស់ព្រះអាទិទេព» (ឥស្សរនិម្មិតហេតុ) ថាជា មិច្ឆាទិដ្ឋិ (សេចក្តីយល់ខុស) ព្រោះ ប្រសិនបើអ្វីៗស្រេចលើព្រះអាទិទេពបង្កើត ឬចាត់ចែងមែននោះ មនុស្សធ្វើអំពើអាក្រក់ សម្លាប់សត្វ លួចទ្រព្យ ឬធ្វើអំពើល្អ... ក៏សុទ្ធតែជាអំពើរបស់ព្រះអាទិទេពជាអ្នកធ្វើដែរ។


 ប្រសិនបើជាយ៉ាងនោះ មនុស្សនឹងលែងមាន «ឆន្ទៈ» (សេចក្តីព្យាយាម) ក្នុងការលះបង់អំពើអាក្រក់ ឬធ្វើអំពើល្អទៀតហើយ ព្រោះអ្វីៗអាស្រ័យលើអាទិទេពទាំងអស់។


មហាចុណ្ណសូត្រ និង កេវដ្ដសូត្រ មានភិក្ខុមួយរូបបានឡើងទៅសួរព្រះព្រហ្មអំពីទីបំផុតនៃមហាភូតរូប (ដី ទឹក ភ្លើង ខ្យល់)។ 


មហាព្រហ្មបាននាំភិក្ខុនោះចេញឆ្ងាយពីព្រហ្មឯទៀត ហើយសារភាពត្រង់ៗថា «ម្នាលភិក្ខុ ខ្ញុំមិនដឹងឡើយ ប៉ុន្តែខ្ញុំមិនហ៊ានប្រាប់ពួកព្រហ្មឯទៀត ព្រោះពួកនោះយល់ថា ខ្ញុំជាអ្នកដឹងទាំងអស់ ជាអ្នកបង្កើតទាំងអស់... ចូរបែរត្រឡប់ទៅទូលសួរព្រះសម្មាសម្ពុទ្ធវិញចុះ»។


ជំនួសឲ្យការជឿលើព្រះអាទិទេព ព្រះពុទ្ធបានពន្យល់ថា លោក និងសត្វលោកកើតឡើង និងប្រព្រឹត្តទៅដោយ «ច្បាប់ធម្មជាតិ នៃហេតុ និងផល» (បដិច្ចសមុប្បាទ)


«កាលបើហេតុនេះមាន ផលនេះក៏មាន កាលបើហេតុនេះកើតឡើង ផលនេះក៏កើតឡើង...>


គ្មាននរណាម្នាក់ជា «អាទិទេព» អាត់កាំងបញ្ជាជីវិតអ្នកដទៃបានឡើយ គឺ កម្ម (ការធ្វើសកម្មភាពដោយចេតនារបស់បុគ្គលខ្លួនឯង) ជាអ្នកកំណត់ជោគវាសនា។ ដូចព្រះពុទ្ធទ្រង់សម្តែងថា៖

«អត្តា ហិ អត្តនោ នាថោ» (ខ្លួនទីពឹងខ្លួន) និង «កម្មុនា វត្តតី លោកោ» (សត្វលោកប្រព្រឹត្តទៅតាមកម្ម)។


នៅក្នុងព្រះត្រៃបិដកបាលី ព្រះពុទ្ធសាសនាបានបដិសេធជំនឿលើព្រះអាទិទេពបង្កើតលោក និងបានពន្យល់ថា គម្ពីរទាំងឡាយដែលចារិកអំពីព្រះអាទិទេពបង្កើតលោក គឺកើតចេញពី សេចក្តីយល់ច្រឡំនៃព្រះព្រហ្ម និងអ្នកស្វែងរកធម៌សម័យបុរាណ ដែលមិនទាន់បានសម្រេចបញ្ញាញាណដឹងច្បាស់អំពីច្បាប់ធម្មជាតិ (បដិច្ចសមុប្បាទ និងច្បាប់កម្មផល)។


ព្រះពុទ្ធសាសនាបានពន្យល់យ៉ាងលម្អិត និងស៊ីជម្រៅបន្ថែមទៀតលើប្រធានបទ «ការលាងបាបដោយអាទិទេព» ឬ «ការលាងបាបតាមរយៈពិធីសាសនា» ដោយព្រះអង្គបានបដិសេធជំនឿនេះយ៉ាងដាច់ខាត និងបានបង្ហាញពីការពិតនៃច្បាប់ធម្មជាតិវិញ។


នៅក្នុងសម័យពុទ្ធកាល ពួកព្រាហ្មណ៍ជឿថា បាបទាំងឡាយដែលបានធ្វើរួច អាចលាងជ្រះបានដោយការអង្វរករ ឬបួងសួងសុំឱ្យព្រះអាទិទេពជួយលើកលែងទោស (លាងបាប)។  ការចុះមុជទឹកទន្លេពិសិដ្ឋ (ដូចជាទន្លេគង្គា ទន្លេពាហុកា) ដើម្បីឱ្យទឹកលាងសម្អាតបាបចេញពីកាយ និងព្រលឹង។


ព្រះពុទ្ធបានបដិសេធជំនឿទាំងពីរនេះ ដោយសម្តែងថា «គ្មានអាទិទេពណា ឬទឹកទន្លេណា អាចលាងបាប/កម្រៃស្អុយនៃចិត្តរបស់មនុស្សបានឡើយ»។


នៅក្នុង វត្ថសូត្រ ព្រាហ្មណ៍ម្នាក់ឈ្មោះ ភារទ្វាជ បានទូលសួរព្រះពុទ្ធថា តើព្រះអង្គធ្លាប់យាងទៅមុជទឹកទន្លេពាហុកាដើម្បីលាងបាបដែរឬទេ? ព្រះពុទ្ធបានត្រាស់តបវិញដោយន័យប្រៀបធៀបយ៉ាងមុតស្រួចថា «ទន្លេពាហុកា ឬឆ្នេរគយា ក៏មិនអាចលាងសម្អាតមនុស្សពាលដែលមានអំពើអាក្រក់ឱ្យស្អាតបានឡើយ។ មនុស្សពាលធ្វើបាបកម្មរួចហើយ ទោះបីមុជទឹកនោះរាល់ថ្ងៃ ក៏មិនអាចស្អាតបានដែរ។ ប្រសិនបើទឹកទន្លេអាចលាងបាបឱ្យមនុស្សបានមែននោះ ពួកអណ្តើក ក្រពើ ត្រី ឬសត្វដែលរស់នៅក្នុងទឹកទាំងប៉ុន្មាន ម៉្លេះសមបានឡើងឋានសួគ៌ទាំងអស់គ្នាបាត់ទៅហើយ!


ព្រះអង្គបានបញ្ជាក់ថា «ការលាងបាបពិតប្រាកដ» គឺ ការលាងចិត្តឱ្យស្អាតបរិសុទ្ធពី លោភៈ (សេចក្តីលោភ) ទោសៈ (សេចក្តីខឹង) និងមោហៈ (សេចក្តីវង្វេង)។


 ការវាវៀងមិនធ្វើបាបថ្មីទៀត (រក្សាសីល)។ ទឹកស្អាតពិតប្រាកដ គឺ «សីល និងបញ្ញា» មិនមែនជាទឹកទន្លេឡើយ។


ព្រះពុទ្ធសាសនាពន្យល់តាម «ច្បាប់កម្មផល» កម្មជាសកម្មភាពផ្ទាល់ខ្លួន (អត្តកតំ បាបំ) នៅក្នុង ធម្មបទ ព្រះពុទ្ធទ្រង់សម្តែងថា៖

«អត្តនា ហិ កតំ បាបំ អត្តនា សំកិលិស្សតិ អត្តនា អកតំ បាបំ អត្តនា វ វិសុជ្ឈតិ»


(បុគ្គលធ្វើបាបដោយខ្លួនឯង ក៏សៅហ្មងដោយខ្លួនឯង បុគ្គលមិនធ្វើបាបដោយខ្លួនឯង ក៏បរិសុទ្ធដោយខ្លួនឯង។ សេចក្តីបរិសុទ្ធ និងមិនបរិសុទ្ធ ជាជោគវាសនាផ្ទាល់ខ្លួន អ្នកដទៃមិនអាចធ្វើឱ្យអ្នកដទៃបរិសុទ្ធបានឡើយ។)


 បាប មិនមែនជា «រមាស» ឬ «ធូលី» ដែលនៅលើស្បែក ដែលអាចឱ្យអ្នកផ្សេង (ឬអាទិទេព) មកជូត ឬជម្រះចេញបានឡើយ។

 បាប គឺជា ស្នាមថាមពលអាក្រក់នៃចិត្ត (ចេតនា) ដែលបានប្រព្រឹត្តរួច។ ពេលធ្វើអំពើអាក្រក់ ចិត្តជាអ្នកទទួលផលសៅហ្មងនោះភ្លាមៗ។ ដូច្នេះ គ្មានអាទិទេពណាអាចចូលមកលុបលាង «ចេតនា» ដែលបានកើតឡើងរួចហើយនោះបានឡើយ។


ប្រសិនបើអាទិទេពលាងបាបបាន ច្បាប់ធម្មជាតិនឹងរញ៉េរញ៉ៃ

ប្រសិនបើព្រះអាទិទេពអាចលាងបាប ឬលើកលែងទោសឱ្យមនុស្សបានតាមចិត្ត ខ្វះយុត្តិធម៌៖ មនុស្សដែលធ្វើអំពើឃោរឃៅ គ្រាន់តែបួងសួង ឬធ្វើពិធីអង្វរករអាទិទេព ក៏អាចជម្រះទោសបាន ចំអែកឯជនរងគ្រោះមិនទទួលបានយុត្តិធម៌។ មនុស្សនឹងមិនខ្លាចក្នុងការធ្វើអាក្រក់ឡើយ ព្រោះគេគិតថា «ធ្វើបាបចុះ ចាំឱ្យព្រះអាទិទេពលាងបាបឱ្យតាមក្រោយ»។


ទោះបីជា មិនមានការ «លាងបាប» ដោយអាទិទេព ឬដោយពិធីសាសនាក៏ដោយ ប៉ុន្តែមនុស្ស អាចកែប្រែខ្លួន និងកាត់បន្ថយឥទ្ធិពលនៃបាបបាន តាមរយៈការកសាងអំពើល្អឱ្យច្រើនលើសលប់។ ព្រះអង្គុលិមាល លោកធ្លាប់ជាចោរកាប់សម្លាប់មនុស្សជិត ១០០០ នាក់។ 


ប៉ុន្តែនៅពេលលោកភ្ញាក់រលឹក លះបង់អាវុធ មកសុំបួស និងប្រពឹត្តធម៌យ៉ាងតឹងរ៉ឹង លោកបានសម្រេចជាព្រះអរហន្ត។

 ព្រះពុទ្ធបានប្រៀបធៀបថា បើផលបាបដូចជា អំបិលមួយវែកប្រសិនបើគេបោះវាទៅក្នុង ពែងទឹកតូចមួយ (ប្រៀបដូចជាមនុស្សមានបុណ្យ/សេចក្តីល្អតិច) ទឹកនោះនឹងប្រៃខ្លាំង មិនអាចផឹកបានឡើយ (ត្រូវទទួលទុក្ខទោសធ្ងន់ធ្ងរ)។


 ប៉ុន្តែប្រសិនបើគេបោះអំបិលមួយវែកដដែលនោះ ទៅក្នុង ទន្លេដ៏ធំល្វឹងល្វើយ (ប្រៀបដូចជាមនុស្សដែលខំប្រឹងសាងបុណ្យ សីល និងបញ្ញាធំធេង) ជាតិប្រៃនោះនឹងរលាយបាត់ មិនអាចធ្វើឱ្យទឹកទន្លេប្រៃបានឡើយ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter