នៅក្នុងគម្ពីរអដ្ឋកថា និងធម្មបទដ្ឋកថាមានរឿងមួយដំណាលថា :
កាលពីអតីតកាល មានឧបាសកម្នាក់ ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា តែងតែទៅវត្តស្ដាប់ធម៌ រក្សាសីល និងធ្វើទានជាប្រចាំ។ ផ្ទុយទៅវិញ ស្រ្តីជាភរិយា គឺជាមនុស្សដែលមានចិត្តកំណាញ់មិនដែលធ្វើទាន មិនដែលរក្សាសីល ឬស្តាប់ធម៌អ្វីឡើយ ព្រមទាំងនិយាយរអ៊ូរទាំហាមឃាត់ប្ដីមិនឱ្យធ្វើបុណ្យទានថែមទៀតផង ដោយយល់ថាការឱ្យទាន ធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិ។
ថ្ងៃមួយ បុរសជាប្ដីបានពិចារណាឃើញថា ខ្លួនមានអាយុចាស់បន្តិចម្ដងៗហើយ កូនប្រុសរបស់ខ្លួនក៏ដល់អាយុគួរបានបួសដែរ ទើបគាត់សម្រេចចិត្តបបួលកូនប្រុសឱ្យបួសជាសាមណេក្នុងសំណាក់ព្រះពុទ្ធសាសនាដើម្បីយកបុណ្យកុសលទុកទៅបរលោក។ ពេលប្រាប់ប្រពន្ធ ស្រ្តីជាប្រពន្ធមិនព្រមហើយប្រឆាំងយ៉ាងខ្លាំង ដោយសារស្តាយកម្លាំងកូនដែលត្រូវនៅជួយការងារ។ ប៉ុន្តែ ដោយសារការតាំងចិត្តដ៏មុតមាំរបស់ស្វាមី និងចិត្តជ្រះថ្លាចង់បំពេញផ្នួសរបស់កូនប្រុសផង ទើបកូនប្រុសនោះត្រូវបាននាំយកទៅបួសជាសាមណេក្នុងសំណាក់ព្រះភិក្ខុសង្ឃបានសម្រេច។
ទោះបីជាកូនបានបួសជាសាមណេហើយក៏ដោយ ក៏ម្តាយរូបនោះមិនដែលទៅវត្តមើលកូន មិនដែលថ្វាយបង្គំព្រះ ឬធ្វើទានអ្វីបន្តិចសោះឡើយ រហូតដល់ថ្ងៃស្លាប់។
ដោយសារតែកម្មអកុសលចិត្តរបស់គាត់ដែលកំណាញ់មិនដែលធ្វើបុណ្យ ធ្វើទានសោះពេញមួយជីវិត ធ្វើឱ្យវិញ្ញាណរបស់គាត់ស្លាប់ទៅក៏ទៅកើតក្នុង អបាយភូមិ (ឋាននរក)។
នៅពេលធ្លាក់ទៅឋាននរក នាយយមបាល បានចាប់គាត់មកសួរចម្លើយដើម្បីពិនិត្យមើលក្រែងមានកុសលកម្មដែលគាត់បានសាងកន្លងមក ៖
យមបាលសួរថា៖ "នែនាង! កាលដែលនាងនៅជាមនុស្សនាងមានបានធ្វើទាន រក្សាសីល ឬធ្វើកុសលអំពើល្អអ្វីខ្លះដែរទេ?"
ស្ត្រីនោះតបដោយភ័យខ្លាចថា៖ "ទានម្ចាស់! ខ្ញុំមិនដែលបានធ្វើទាន មិនដែលរក្សាសីល ឬធ្វើបុណ្យអ្វីបន្តិចសោះឡើយពេញមួយជីវិតរបស់ខ្ញុំ"។
ពេលនោះ ពួកយមបាលក៏ត្រៀមនឹងយកគាត់ទៅទម្លាក់ចុះក្នុងរណ្តៅនរកមួយថ្នាក់ទៀតដែលរងទុក្ខវេទនាយ៉ាងខ្លាំង។ ភ្លាមនោះ យមបាលក៏បានលាន់មាត់សួរម្តងទៀតដោយក្រឡេកមើលប្រវត្តិរបស់គាត់ថា៖
យមបាលសួរ៖ "នែនាង គិតឱ្យច្បាស់មើល៍ តើកាលពីនៅជាមនុស្ស នាងធ្លាប់មានសាច់ញាតិ ឬអ្នកណាដែលបានបួសក្នុងព្រះពុទ្ធសាសនាដែរឬទេ?"
ស្ត្រីនោះក៏នឹកឃើញឡើង ហើយប្រញាប់តបថា៖ "ឱ! ខ្ញុំចាំបានហើយ! ខ្ញុំមានកូនប្រុសម្នាក់ ឪពុករបស់គេបានយកទៅបួសជាសាមណេ ខ្ញុំមិនសូវពេញចិត្តទេ ប៉ុន្តែគេក៏បានបួសជាសាមណេរមែន"។
ពេលដែលស្ត្រីនោះនិយាយរៀបរាប់ពីរឿងកូនបួសភ្លាម ហេតុការណ៍អស្ចារ្យក៏បានកើតឡើង៖ មហាកុសលដែលកើតចេញពីការដែលកូនប្រុសបានបួសជាសាមណេរ បានជះឥទ្ធិពលយ៉ាងខ្លាំងភ្លាមៗ ធ្វើឱ្យកម្លាំងបាបក្នុងអបាយភូមិត្រូវរលាយ។
ពួកយមបាលក៏បានដោះលែងស្ត្រីនោះ
នាំយកវិញ្ញាណរបស់ស្ត្រីនោះឱ្យរួចចាកទុក្ខវេទនា ទៅចាប់កំណើតកើតជាទេពធីក្នុង ទេវលោក (ឋានសួគ៌)។
ដោយសារមានរឿងដូច្នេះហើយ ទើបអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទតែងនាំកូនប្រុសមកបួសពេលកូនពេញវ័យ។



























No comments:
Post a Comment