រឿងភិក្ខុអាគន្តុកៈ ៥០០ អង្គ - Monk Cambodia

រឿងភិក្ខុអាគន្តុកៈ ៥០០ អង្គ

Share This

 ១១. រឿងភិក្ខុអាគន្តុកៈ ៥០០ អង្គ

ព្រះសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅក្នុងព្រះជេតវនមហាវិហារ បានប្រារព្ធនូវភិក្ខុអាគន្តុកៈ ៥០០ អង្គ ហើយត្រាស់សម្ដែងនូវព្រះធម្មទេសនានេះដែលមានពាក្យផ្ដើមថា កណ្ហំ ធម្មំ វិប្បហាយ ជាដើម។

 

ឮថា ក្នុងដែនកោសល មានភិក្ខុ ៥០០ អង្គបានចូលវស្សា លុះចេញវស្សាហើយ ក៏មានបំណងថា ពួកយើងនឹងទៅជួបព្រះសាស្តា រួចក៏បានយាងទៅកាន់ព្រះជេតវនវិហារ ថ្វាយបង្គំព្រះសាស្តា ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះសាស្តាទ្រង់ជ្រាបនូវចរិត និងការប្រតិបត្តិរបស់ភិក្ខុទាំងនោះហើយ កាលនឹងសម្ដែងធម៌ ក៏បានត្រាស់នូវព្រះគាថាទាំងឡាយនេះថា៖

៨៧. កណ្ហំ ធម្មំ វិប្បហាយ,  សុក្កំ ភាវេថ បណ្ឌិតោ;

ឱកា អនោកមាគម្ម,  វិវេកេ យត្ថ ទូរមំ។

បណ្ឌិតគួរលះបង់ធម៌ខ្មៅចេញ ញ៉ាំងធម៌សឱ្យចំរើនឡើង (ដោយវិធី) ចេញចាកអាល័យគឺកាមគុណ ហើយឈមទៅរកព្រះនិព្វាន ជាធម្មជាតិមិនមានអាល័យ។

៨៨. តត្រាភិរតិមិច្ឆេយ្យ,  ហិត្វា កាមេ អកិញ្ចនោ;

បរិយោទបេយ្យ អត្តានំ,  ចិត្តក្លេសេហិ បណ្ឌិតោ។

គប្បីលៈកាមទាំងឡាយចេញ ជាអ្នកមិនមានកង្វល់ ប្រាថ្នានូវសេចក្កតីត្រេកអរក្នុងវិវេក ដែលពួកត្រេកអរបានដោយក្រនោះ បណ្ឌិតគួរញ៉ាំងខ្លួនឱ្យផូរផង់ចាកគ្រឿងសៅហ្មងចិត្ត។

៨៩. យេសំ សម្ពោធិយង្គេសុ,  សម្មា ចិត្តំ សុភាវិតំ;

អាទានបដិនិស្សគ្គេ,  អនុបាទាយ យេ រតា;

ខីណាសវា ជុតិមន្តោ,  តេ លោកេ បរិនិព្វុតា។

ចិត្តដែលបណ្ឌិតទាំងឡាយណា បានអប់រំល្អហើយក្នុងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹង បណ្ឌិតទាំងឡាយនោះៗ រមែងជាអ្នកអស់អាសវៈ មានសេចក្តីរុងរឿង បរិនិព្វានក្នុងលោក។

អធិប្បាយសេចក្តីនៃគាថា

ពាក្យថា កណ្ហំ ធម្មំ (ធម៌ខ្មៅ) សំដៅដល់អកុសលធម៌ មានកាយទុច្ចរិតជាដើម ការលះបង់នូវធម៌ខ្មៅនោះ គឺការលះបង់ឱ្យដាច់ស្រឡះ។ ពាក្យថា សុក្កំ ភាវេថ (គប្បីចម្រើនធម៌ស) សំដៅដល់ភិក្ខុជាបណ្ឌិត ចាប់តាំងពីការចេញសាងផ្នួស រហូតដល់សម្រេចអរហត្តមគ្គ គប្បីចម្រើននូវសុចរិតធម៌ មានកាយសុច្ចរិតជាដើម។ តើចម្រើនដោយរបៀបណា? ពាក្យថា ឱកា អនោកមាគម្ម ពាក្យថា ឱកៈ ប្រែថា អាល័យ (ផ្ទះសម្បែង) ពាក្យថា អនោកៈ ប្រែថា មិនមានអាល័យ គឺមានសេចក្ដីថា គប្បីចេញចាកអាល័យ មកអាស្រ័យនូវព្រះនិព្វានដែលមិនមានអាល័យ គឺគប្បីប្រាថ្នានិងចម្រើននូវធម៌នោះឯង។

ពាក្យថា តត្រាភិរតិមិច្ឆេយ្យ មានសេចក្ដីថា ក្នុងវិវេកគឺព្រះនិព្វានដែលមិនមានអាល័យ ជាទីដែលសត្វទាំងឡាយត្រេកអរបានដោយកម្រ បណ្ឌិតគប្បីប្រាថ្នានូវសេចក្ដីត្រេកអរក្នុងព្រះនិព្វាននោះ។ ពាក្យថា ហិត្វា កាមេ គឺលះបង់នូវវត្ថុកាមនិងកិលេសកាម រួចក្លាយជាអ្នកមិនមានកង្វល់ (អកិញ្ចនោ) ហើយប្រាថ្នានូវសេចក្ដីត្រេកអរក្នុងវិវេក។ ពាក្យថា ចិត្តក្លេសេហិ សំដៅដល់នីវរណធម៌ទាំង ៥ បណ្ឌិតគប្បីជម្រះខ្លួន គឺជម្រះចិត្តឱ្យស្អាតបរិសុទ្ធចាកនីវរណធម៌ទាំងនោះ។

ពាក្យថា សម្ពោធិយង្គេសុ សំដៅដល់សម្ពោជ្ឈង្គទាំងឡាយ។ ពាក្យថា សម្មា ចិត្តំ សុភាវិតំ គឺចិត្តដែលបណ្ឌិតបានចម្រើន បានធ្វើឱ្យរីកចម្រើនដោយប្រពៃ តាមរយៈហេតុនិងវិធីសាស្ត្រដ៏ត្រឹមត្រូវ។ ពាក្យថា អាទានបដិនិស្សគ្គេ ពាក្យថា អាទានៈ ប្រែថា ការកាន់មាំ (ឧបាទាន) ការលះបង់នូវការកាន់មាំនោះ ឈ្មោះថា បដិនិស្សគ្គៈ សេចក្ដីអធិប្បាយគឺថា ជនទាំងឡាយណាដែលត្រេកអរក្នុងការមិនប្រកាន់មាំ គឺមិនប្រកាន់មាំក្នុងរបស់ណាមួយដោយឧបាទានទាំង ៤។

ពាក្យថា ជុតិមន្តោ (អ្នកមានពន្លឺរុងរឿង) សំដៅដល់អ្នកដែលមានអានុភាព គឺអ្នកដែលស្ថិតនៅដោយការញ៉ាំងធម៌មានខន្ធជាដើមឱ្យភ្លឺស្វាង ដោយពន្លឺនៃអរហត្តមគ្គញាណ។ ពាក្យថា តេ លោកេ (ជនទាំងនោះក្នុងលោក) សំដៅដល់ក្នុងលោកមានខន្ធលោកជាដើម ជនទាំងនោះឈ្មោះថាបរិនិព្វានហើយ គឺបរិនិព្វានដោយសឧបាទិសេសបរិនិព្វាន ព្រោះការកម្ចាត់កិលេសវដ្ដបានចាប់តាំងពីសម្រេចអរហត្តផល និងបរិនិព្វានដោយអនុបាទិសេសបរិនិព្វាន ព្រោះការកម្ចាត់ខន្ធវដ្ដដោយការរលត់នៃចរិមចិត្ត (ចិត្តចុងក្រោយ) ជនទាំងនោះរមែងដល់នូវសភាពដែលរកបញ្ញត្តិមិនបាន ប្រៀបដូចជាអណ្ដាតភ្លើងដែលរលត់ទៅ ព្រោះអស់នូវប្រេងនិងប្រទីបយ៉ាងនោះឯង។

ក្នុងពេលបញ្ចប់ការសម្ដែងធម៌ ជនទាំងឡាយជាច្រើនបានសម្រេចនូវសោតាបត្តិផលជាដើម។

រឿងភិក្ខុអាគន្តុកៈ ៥០០ អង្គ ចប់ទី ១១។

អធិប្បាយបណ្ឌិតវគ្គ ចប់សព្វគ្រប់។

វគ្គទី ៦ ចប់។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter