[៣៦] វស្សការព្រាហ្មណសូត្រ
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះ វស្សការព្រាហ្មណ៍ជាមហាមាត្យ ក្នុងដែនមគធៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយនឹងពាក្យដែលគួររលឹកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។
លុះវស្សការព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា៖ "បពិត្រព្រះគោតមដ៏ចម្រើន យើងខ្ញុំតែងបញ្ញត្តនូវជនដែលមានបញ្ញាច្រើនប្រកបដោយធម៌ទាំង ៤ ថាជាមហាបុរស។ ប្រកបដោយធម៌ទាំង ៤ តើដូចម្តេច? បពិត្រព្រះគោតមដ៏ចម្រើន ជនជាពហុស្សូតក្នុងលោកនេះ រមែងដឹងច្បាស់នូវសេចក្តីនៃអ្នកចេះនោះៗ ១ នៃភាសិតនោះៗ ថា នេះជាសេចក្តីនៃភាសិតនេះ ១ ជនជាអ្នកមានស្មារតី តែងនឹករលឹករឿយៗនូវកិច្ចដែលខ្លួនធ្វើយូរហើយផង នូវពាក្យដែលពោលយូរហើយផង ១ កិច្ចការទាំងឡាយណាជារបស់គ្រហស្ថ ក៏ជាអ្នកឈ្លាសវៃក្នុងកិច្ចការទាំងឡាយនោះ មិនខ្ជិល ប្រកបដោយបញ្ញាដែលជាឧបាយក្នុងកិច្ចនោះថា គួរធ្វើគួរចាត់ចែង ១។ បពិត្រព្រះគោតមដ៏ចម្រើន យើងខ្ញុំតែងបញ្ញត្តនូវជនដែលមានបញ្ញាច្រើន ប្រកបដោយធម៌ទាំង ៤ នេះឯង ថាជាមហាបុរស។ បពិត្រព្រះគោតមដ៏ចម្រើន បើព្រះអង្គសព្វព្រះពុទ្ធហឫទ័យនឹងពាក្យខ្ញុំ សូមព្រះគោតមដ៏ចម្រើនអនុមោទនាដល់ខ្ញុំចុះ បើព្រះអង្គត្រូវការហាមឃាត់ពាក្យរបស់ខ្ញុំ សូមព្រះគោតមដ៏ចម្រើនហាមឃាត់ពាក្យរបស់ខ្ញុំចុះ"។
ព្រះអង្គត្រាស់ថា៖ "ម្នាលព្រាហ្មណ៍ តថាគតមិនទទួលអនុមោទនា មិនហាមឃាត់ពាក្យរបស់អ្នកទេ។ ម្នាលព្រាហ្មណ៍ តថាគតក៏តែងបញ្ញត្តនូវបុគ្គលដែលមានបញ្ញាច្រើន ប្រកបដោយធម៌ ៤ ថាជាមហាបុរសដែរ។ ប្រកបដោយធម៌ ៤ តើដូចម្តេច? ម្នាលព្រាហ្មណ៍ បុគ្គលក្នុងលោកនេះ ជាអ្នកប្រតិបត្តិដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ពួកជនច្រើនគ្នាបានតម្កល់ហើយក្នុងផ្លូវដ៏ប្រសើរ គឺកល្យាណធម៌នឹងកុសលធម៌ ១ បុគ្គលនោះប្រាថ្នាដើម្បីត្រិះរិះនូវវិតក្កៈណា ក៏ត្រិះរិះនូវវិតក្កៈនោះបាន មិនប្រាថ្នាដើម្បីត្រិះរិះនូវវិតក្កៈណា ក៏មិនត្រិះរិះនូវវិតក្កៈនោះ ១ ប្រាថ្នាដើម្បីសម្រេចនូវគំនិតណា ក៏សម្រេចនូវគំនិតនោះ មិនប្រាថ្នាដើម្បីសម្រេចនូវគំនិតណា ក៏មិនសម្រេចនូវគំនិតនោះឡើយ ១ បុគ្គលជាអ្នកបានដល់នូវចេតោវសី ក្នុងផ្លូវវិតក្កៈទាំងឡាយ ជាអ្នកបានមិនបាច់ប្រាថ្នា បានដោយមិនលំបាក បានដោយមិនក្រ នូវឈានទាំង ៤ ដែលកើតក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន បានធ្វើឱ្យជាក់ច្បាស់សម្រេចនូវចេតោវិមុត្តិ នឹងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយក្នុងបច្ចុប្បន្ននេះ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ១។ ម្នាលព្រាហ្មណ៍ តថាគតតែងបញ្ញត្តនូវជនដែលមានបញ្ញាច្រើន ប្រកបដោយធម៌ទាំង ៤ នេះឯង ថាជាមហាបុរស"។
វស្សការព្រាហ្មណ៍ ក៏ថ្លែងការសរសើរនិងទទួលយកធម៌នេះជាសុភាសិត។ ព្រះអង្គបានព្យាករដល់វស្សការព្រាហ្មណ៍ថា ព្រះអង្គទ្រង់បានប្រតិបត្តិនិងសម្រេចធម៌ទាំង ៤ យ៉ាងនេះដោយខ្លួនឯងរួចហើយ។
‘‘យោ វេទី សព្វសត្តានំ, មច្ចុបាសា បមោចនំ;
ហិតំ ទេវមនុស្សានំ, ញេយ្យធម្មំ បកាសយិ;
យញ្ច ទិស្វា ច សុត្វា ច, បសីទតិ ពហុជ្ជនោ។
‘‘មគ្គាមគ្គស្ស កុសលោ, កតកិច្ចោ អនាសវោ;
ពុទ្ធោ អន្តិមសារីរោ, មហាបុរិសោតិ វុច្ចតិ’’។
បុគ្គលណា ជាអ្នកដឹងនូវឧបាយជាគ្រឿងរួចអំពីអន្ទាក់នៃមច្ចុមារ របស់ពួកសត្វទាំងពួង ប្រកាសនូវញេយ្យធម៌ ជាប្រយោជន៍ដល់ទេវតា និងមនុស្សទាំងឡាយ ជនច្រើនបានឃើញ បានស្តាប់បុគ្គលណាហើយជ្រះថ្លា បុគ្គលណាជាអ្នកឈ្លាសវៃនូវមគ្គ និងមិនមែនមគ្គ មានសោឡសកិច្ចធ្វើស្រេចហើយ មិនមានអាសវៈ ដឹងនូវសច្ចៈទាំង ៤ មានសរីរៈតាំងនៅក្នុងទីបំផុត តថាគតហៅបុគ្គលនោះថាជាមហាបុរស។



























No comments:
Post a Comment