#សិក្សាបិដក១៩
[១៨៨] សារាណីយធម៌ (ធម៌គួររលឹក) ៦ យ៉ាង
១. ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ តម្កល់នូវកាយកម្មប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីសាមគ្គី ដើម្បីឯកីភាព (ភាពតែពួកមួយ ១)។
២. ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុតម្កល់នូវវចីកម្មប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីសាមគ្គី ដើម្បីឯកីភាព ១។
៣. ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុតម្កល់នូវមនោកម្មប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីសាមគ្គី ដើម្បីឯកីភាព ១។
៤. ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកបរិភោគមិនចែកមុខរបស់ឬបុគ្គលដោយលាភទាំងឡាយ ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅសូម្បីលាភត្រឹមតែរបស់ដែលមានក្នុងបាត្រ គឺជាអ្នកមានការបរិភោគជាសាធារណៈ ដោយសព្រហ្មចារីទាំងឡាយដែលមានសីល នេះជាធម៌គួររលឹក ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីសាមគ្គី ដើម្បីឯកីភាព ១។
៥. ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសីលស្មើគ្នាដោយសព្រហ្មចារីទាំងឡាយ ក្នុងសីលទាំងឡាយ ដែលជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរួចខ្លួន គឺមិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិនមានតណ្ហានឹងទិដ្ឋិប៉ះពាល់បាន ជាសីលប្រព្រឹត្តទៅដើម្បីសមាធិ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីសាមគ្គី ដើម្បីឯកីភាព ១។
៦. ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានសេចក្តីយល់ឃើញស្មើគ្នានឹងសព្រហ្មចារីធម៌ទាំងឡាយ ក្នុងទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ ប្រព្រឹត្តទៅដើម្បីអស់ទៅនៃទុក្ខដោយប្រពៃ ដល់អ្នកធ្វើតាមទិដ្ឋិនោះ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសាមគ្គី ដើម្បីឯកីភាព ១។



























No comments:
Post a Comment