[២៤] លោកសូត្រ (ហេតុដែលហៅថាព្រះតថាគត)
ម្នាលភិក្ខុទាំងឡាយ លោក (គឺទុក្ខសច្ច) តថាគតបានត្រាស់ដឹងហើយ តថាគតផុតចាកលោក (គឺទុក្ខសច្ច) ហើយ ម្នាលភិក្ខុទាំងឡាយ លោកសមុទយៈ តថាគតបានត្រាស់ដឹងហើយ លោកសមុទយៈ តថាគតបានលះបង់ហើយ ម្នាលភិក្ខុទាំងឡាយ លោកនិរោធៈ តថាគតបានត្រាស់ដឹងហើយ លោកនិរោធៈ តថាគតបានធ្វើឱ្យជាក់ច្បាស់ហើយ ម្នាលភិក្ខុទាំងឡាយ លោកនិរោធគាមិនីបដិបទា តថាគតបានត្រាស់ដឹងហើយ លោកនិរោធគាមិនីបដិបទា តថាគតបានចម្រើនហើយ។
ម្នាលភិក្ខុទាំងឡាយ ហេតុដែលហៅព្រះអង្គថា តថាគត នោះ ព្រោះប្រកបដោយអត្ថន័យ ៤ យ៉ាងនេះគឺ៖
១. សព្វំ លោកំ អភិសម្ពុទ្ធំ (តថាគត បានត្រាស់ដឹងច្បាស់នូវលោកទាំងអស់)៖ អារម្មណ៍ណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដែលពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បានដល់ ស្វែងរក ត្រេចរង្គាត់រក អារម្មណ៍នោះតថាគតបានដឹងជាក់ស្តែងហើយដោយសារចិត្ត ព្រោះហេតុនោះបានជាគេហៅថា តថាគត។
២. យថាវាទី តថាវាទី [(តថាគត មានសម្តីដូចម្តេច រមែងពោលយ៉ាងនោះ) (សម្តីមិនប្រែប្រួល)]៖ តថាគតបានត្រាស់ក្នុងរាត្រីណា បរិនិព្វានក្នុងរាត្រីណា តែងពោលចរចា សម្តែងចេញនូវវាចាណា ក្នុងចន្លោះនោះ កិច្ចមានការត្រាស់ដឹងជាដើមទាំងនោះ ដូច្នោះមែន មិនមែនជាមិនមែនទេ ព្រោះហេតុនោះបានជាគេហៅថា តថាគត។
៣. យថាវាទី តថាការី (តថាគត ពោលយ៉ាងណា ក៏ធ្វើយ៉ាងនោះ)៖ តថាគត ថាយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ថាយ៉ាងនោះ ថាយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ថាយ៉ាងនោះ ហេតុនោះ ទើបបានជាគេហៅថា តថាគត។
៤. សព្វលោកេ អភិភូ [(តថាគត ជាអ្នកគ្របសង្កត់ (ឈ្នះ) នូវលោកទាំងអស់)]៖ តថាគត ជាអ្នកគ្របសង្កត់ អង់អាច ជាអ្នកឃើញពិត មានអំណាចគ្របសង្កត់លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសបាន ហេតុនោះ បានជាគេហៅថា តថាគត។
ម្នាលភិក្ខុទាំងឡាយ ព្រោះប្រកបដោយហេតុ ៤ យ៉ាងនេះឯង ទើបហៅថា តថាគត។
‘‘សព្វំ លោកំ អភិញ្ញាយ, សព្វំ លោកេ យថាតថំ;
សព្វំ លោកំ វិសំយុត្តោ, សព្វលោកេ អនូបយោ។
បុគ្គលណា ដឹងច្បាស់នូវលោកទាំងអស់ ដឹងច្បាស់ក្នុងលោកទាំងអស់តាមពិត ផុតចាកលោកទាំងអស់ មិនមានការកពូនក្នុងលោកទាំងអស់។
‘‘ស វេ សព្ពាភិភូ ធីរោ, សព្វគន្ថប្បមោចនោ;
ផុដ្ឋ’ស្ស បរមា សន្តិ, និព្វានំ អកុតោភយំ។
បុគ្គលនោះឯងជាអ្នកប្រាជ្ញ គ្របសង្កត់នូវអារម្មណ៍ទាំងអស់បាន ជាអ្នករួចចាកគន្ថៈទាំងអស់ ព្រះនិព្វានបុគ្គលនោះពាល់ត្រូវហើយ ព្រះនិព្វានមិនមានភ័យមកពីណាទេ។
‘‘ឯស ខីណាសវោ ពុទ្ធោ, អនីឃោ ឆិន្នសំសយោ;
សព្វកម្មក្ខយំ បត្តោ, វិមុត្តោ ឧបធិសង្ខយេ។
បុគ្គលនោះជាខីណាសវៈ បានត្រាស់ដឹងហើយ ជាអ្នកមិនមានទុក្ខ អ្នកកាត់ផ្តាច់នូវសេចក្តីសង្ស័យហើយ ដល់នូវការអស់ទៅនៃកម្មទាំងអស់រួចស្រឡះ ក្នុងធម៌ជាគ្រឿងអស់ទៅនៃឱបធិក្កិលេស។
‘‘ឯស សោ ភគវា ពុទ្ធោ, ឯស សីហោ អនុត្តរោ;
សទេវកស្ស លោកស្ស, ព្រហ្មចក្កំ បវត្តយី។
បុគ្គលនោះជាភគវន្តអ្នកត្រាស់ដឹង បុគ្គលនេះជាសីហៈ មិនមានបុគ្គលដទៃស្មើ ញុំាងចក្រដ៏ប្រសើរឱ្យប្រព្រឹត្តទៅក្នុងលោកព្រមទាំងទេវលោក។
‘‘ឥតិ ទេវា មនុស្សា ច, យេ ពុទ្ធំ សរណំ គតា;
សង្គម្ម តំ នមស្សន្តិ, មហន្តំ វីតសារទំ។
ពួកទេវតា និងពួកមនុស្ស ដែលបានដល់ព្រះពុទ្ធជាទីរលឹក តែងនាំគ្នាមកនមស្ការព្រះតថាគតនោះ អ្នកមានគុណធំប្រាសចាកសេចក្តីញញើតញញើម ដោយប្រការដូច្នេះឯង។
‘‘ទន្តោ ទមយតំ សេដ្ឋោ, សន្តោ សមយតំ ឥសិ;
មុត្តោ មោចយតំ អគ្គោ, តិណ្ណោ តារយតំ វរោ។
តថាគតមានខ្លួនទូន្មានល្អហើយ ប្រសើរជាងពួកបុគ្គលអ្នកទូន្មានខ្លួន ពុទ្ធឥសីដែលមានចិត្តស្ងប់រម្ងាប់ហើយ ប្រសើរជាងពួកបុគ្គលអ្នកទូន្មានខ្លួន តថាគតមានចិត្តផុតស្រឡះហើយ ខ្ពង់ខ្ពស់ជាងពួកបុគ្គលអ្នកមានចិត្តផុតស្រឡះហើយ តថាគតឆ្លងផុតហើយប្រសើរជាងពួកបុគ្គលអ្នកឆ្លង។
‘‘ឥតិ ហេតំ នមស្សន្តិ, មហន្តំ វីតសារទំ;
សទេវកស្មឹ លោកស្មឹ, នត្ថិ តេ បដិបុគ្គលោ’’តិ។
ពួកទេវតា និងមនុស្ស តែងនាំគ្នាមកនមស្ការ តថាគតនោះមានគុណដ៏ធំ ប្រាសចាកសេចក្តីញញើតញញើម ដោយប្រការដូច្នេះ។ ក្នុងលោកនេះព្រមទាំងទេវលោក មិនមានបុគ្គលប្រៀបនឹងតថាគតបានទេ។



























No comments:
Post a Comment