កាឡការាមសូត្រ (ព្រះពុទ្ធសម្តែងនៅកាឡការាម) - Monk Cambodia

កាឡការាមសូត្រ (ព្រះពុទ្ធសម្តែងនៅកាឡការាម)

Share This

 [២៥] កាឡការាមសូត្រ (ព្រះពុទ្ធសម្តែងនៅកាឡការាម)

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកាឡការាម ជិតក្រុងសាកេត​​​​។ ក្នុងទីនោះ ព្រះមានព្រះភាគទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ​​​​។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ​​​​។ ទើបព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា៖

ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ណា ដែលលោកព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វព្រមទាំងសមណព្រាហ្មណ៍និងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស បានឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បានដល់ ស្វែងរក ពិចារណារឿយៗ ដោយចិត្ត តថាគតដឹងច្បាស់នូវអារម្មណ៍នោះ​​​​។ ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ណាដែលលោកព្រមទាំងទេវលោក មារលោក ព្រហ្មលោកនិងពពួកសត្វព្រមទាំងសមណព្រាហ្មណ៍និងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស បានឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់បានដល់ ស្វែងរក ពិចារណារឿយៗ ដោយចិត្ត តថាគតដឹងនូវអារម្មណ៍នោះ ឯអារម្មណ៍នោះ តថាគតដឹងប្រាកដហើយ អារម្មណ៍នោះមិនឋិតនៅក្នុងតថាគតទេ (គឺតថាគតមិនស្អិតស្ងើបប្រកាន់មាំដោយតណ្ហានិងទិដ្ឋិឡើយ)​​​​។

ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ណា ដែលលោកព្រមទាំងទេវលោក... បានឃើញ ឮ ពាល់ត្រូវដឹងច្បាស់ បានដល់ ស្វែងរក ពិចារណារឿយៗ ដោយចិត្ត៖

ប្រសិនបើតថាគតពោលថា អាត្មាអញដឹងនូវអារម្មណ៍នោះ (ដោយអំណាចប្រកាន់មាំ) ពាក្យនោះគប្បីជាពាក្យកុហករបស់តថាគត​​​​។

ប្រសិនបើតថាគតពោលថា អាត្មាអញដឹងខ្លះ មិនដឹងខ្លះនូវអារម្មណ៍នោះ ពាក្យនោះគប្បីជាពាក្យកុហកដែរ​​​​។

ប្រសិនបើតថាគតពោលថា អាត្មាអញមិនមែនដឹង មិនមែនជាមិនដឹង នូវអារម្មណ៍នោះ ពាក្យនោះគប្បីជាទោសរបស់តថាគត​​​​​។

ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតមិនមានសេចក្តីប្រកាន់មាំ តាមរយៈ ទិដ្ឋិវិសេស ឬវិញ្ញាណកិច្ច ៤ យ៉ាង គឺ៖

១. ទិដ្ឋំ (អារម្មណ៍ដែលឃើញដោយចក្ខុ)៖ តថាគត មិនសម្គាល់នូវអារម្មណ៍ដែលមហាជនឃើញហើយថា គួរឃើញ ព្រោះបានឃើញ មិនសម្គាល់នូវអារម្មណ៍ដែលមហាជនមិនឃើញ មិនសម្គាល់នូវអារម្មណ៍ដែលមហាជនគប្បីឃើញ មិនសម្គាល់នូវបុគ្គលអ្នកឃើញ​​​​។

២. សុតំ (អារម្មណ៍ដែលឮដោយសោតៈ)៖ តថាគត មិនសម្គាល់នូវសំឡេងដែលមហាជនឮហើយថា គួរឮ ព្រោះបានឮ មិនសម្គាល់នូវសំឡេងដែលមហាជនមិនបានឮ ហើយមិនសម្គាល់នូវសំឡេងដែលមហាជនត្រូវឮ មិនសម្គាល់នូវបុគ្គលអ្នកឮសំឡេង​​​​។

៣. មុតំ (អារម្មណ៍ដែលពាល់ត្រូវ ដឹងដោយឃានៈ ជិវ្ហា និងកាយ)៖ តថាគត មិនសម្គាល់នូវអារម្មណ៍ដែលមហាជនពាល់ត្រូវហើយថា គួរពាល់ត្រូវ ព្រោះបានពាល់ត្រូវ មិនសម្គាល់នូវអារម្មណ៍ដែលមហាជនមិនពាល់ត្រូវហើយ មិនសម្គាល់នូវអារម្មណ៍ដែលមហាជនគប្បីពាល់ត្រូវ មិនសម្គាល់នូវបុគ្គលអ្នកពាល់ត្រូវ​​​​។

៤. វិញ្ញាតំ (អារម្មណ៍ដែលដឹងច្បាស់ដោយមនោ)៖ តថាគត មិនសម្គាល់នូវអារម្មណ៍ដែលមហាជនដឹងច្បាស់ហើយថា គួរដឹងច្បាស់ ព្រោះបានដឹងច្បាស់ មិនសម្គាល់នូវអារម្មណ៍ដែលមហាជនមិនដឹងច្បាស់ មិនសម្គាល់នូវអារម្មណ៍ដែលមហាជនត្រូវដឹងច្បាស់ មិនសម្គាល់នូវបុគ្គលអ្នកដឹងច្បាស់​​​​។

ម្នាលភិក្ខុទាំងឡាយ តថាគតជា តាទិបុគ្គល (បុគ្គលដែលមានចិត្តនឹងធឹងមិនប្រែប្រួល) ប្រាកដដូចនោះ ក្នុងធម៌គឺអារម្មណ៍ទាំងឡាយ ដែលមហាជនត្រូវឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ តថាគតហៅថា តាទិបុគ្គលឯទៀតមិនថ្លៃថ្នូរផង មិនវិសេសវិសាលផង ជាងតថាគត ជាតាទិបុគ្គលនោះដោយប្រការដូច្នេះឡើយ​​​​។

‘‘យំ កិញ្ចិ ទិដ្ឋំវ សុតំ មុតំ វា,    

អជ្ឈោសិតំ សច្ចមុតំ បរេសំ;

ន តេសុ តាទី សយសំវុតេសុ,  

សច្ចំ មុសា វាបិ បរំ ទហេយ្យ​​​​។

អារម្មណ៍ណាមួយដែលពួកជនបានឃើញក្តី បានឮក្តី បានពាល់ត្រូវក្តី ដឹងច្បាស់ក្តី អារម្មណ៍នោះពួកជនដទៃសម្គាល់ថាជារបស់ពិតហើយប្រកាន់មាំ​​​​។ បណ្តាពួកជន សង្រួមដោយខ្លួនឯង ព្រះតថាគតជាតាទិបុគ្គល មិនគប្បីជឿពាក្យដទៃដែលពិតក្តី មិនពិតក្តី (គឺព្រះអង្គឃើញច្បាស់ដោយសាមញ្ញញាណផ្ទាល់ខ្លួន)​​​​។

‘‘ឯតញ្ច សល្លំ បដិកច្ច ទិស្វា,

អជ្ឈោសិតា យត្ថ បជា វិសត្តា;

ជានាមិ បស្សាមិ តថេវ ឯតំ,

អជ្ឈោសិតំ នត្ថិ តថាគតាន’’ន្តិ​​​​។

ពួកសត្វឃើញសរគឺទិដ្ឋិនោះមុនបំផុត ហើយជ្រុលជ្រប់ជាប់នៅក្នុងអារម្មណ៍ណា តថាគតដឹងច្បាស់ ឃើញច្បាស់នូវសរគឺអារម្មណ៍នោះដូច្នោះ សេចក្តីជ្រុលជ្រប់ដោយសរគឺទិដ្ឋិនោះ មិនមានដល់ព្រះតថាគតទាំងឡាយឡើយ​​​​។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter