រឿងចិត្តគហបតី (ចិត្តគហបតិវត្ថុ) - Monk Cambodia

រឿងចិត្តគហបតី (ចិត្តគហបតិវត្ថុ)

Share This

 ១៤. រឿងចិត្តគហបតី (ចិត្តគហបតិវត្ថុ)

អសន្តំ ភាវនមិច្ឆេយ្យាតិ ព្រះសាស្តាកាលដែលគង់ប្រថាប់នៅក្នុង ជេតវនវិហារ ទ្រង់បានសម្ដែងនូវធម្មទេសនានេះ ដោយប្រារព្ធនូវសុធម្មត្ថេរ។ ធម្មទេសនានេះ មានប្រភពរឿងកើតឡើងនៅក្រុងមច្ឆិកាសណ្ឌ ប៉ុន្តែបានមកបញ្ចប់នៅក្រុងសាវត្ថី។

រឿងមានសេចក្ដីថា ក្នុងនគរមច្ឆិកាសណ្ឌ មានគហបតីម្នាក់ឈ្មោះ ចិត្តៈ បានឃើញព្រះមហានាមត្ថេរ (ក្នុងចំណោមព្រះបញ្ចវគ្គី) កំពុងយាងបិណ្ឌបាត ក៏កើតសេចក្ដីជ្រះថ្លាក្នុងឥរិយាបថរបស់លោក ទើបទទួលយកបាត្រនិមន្តលោកចូលក្នុងផ្ទះ រួចអង្គាសភោជនាហារ។ នៅពេលចប់ភត្តកិច្ច គហបតីបានស្ដាប់ធម្មកថា ក៏បានសម្រេចសោតាបត្តិផល មានសទ្ធាមិនញាប់ញ័រ រួចក៏មានបំណងចង់កសាងសង្ឃារាមក្នុងឧទ្យានរបស់ខ្លួនឈ្មោះ អម្ពាដកវន ទើបធ្វើការវេរប្រគេនដោយច្រូចទឹកលើព្រះហស្ថព្រះថេរៈ។ ក្នុងខណៈនោះ មហាប្រថពីក៏បានញាប់ញ័ររហូតដល់ទីបំផុតនៃទឹក ដោយដឹងថា ព្រះពុទ្ធសាសនាបានតាំងនៅមាំមួនហើយ។ មហាសេដ្ឋីបានកសាងមហាវិហារក្នុងឧទ្យាននោះ ហើយបើកទ្វារស្វាគមន៍ភិក្ខុសង្ឃដែលយាងមកពីគ្រប់ទិសទី។ ក្នុងក្រុងមច្ឆិកាសណ្ឌនោះ ក៏មានព្រះថេរៈមួយអង្គឈ្មោះ សុធម្មៈ ជាភិក្ខុអ្នកនៅប្រចាំក្នុងទីនោះ (អាវាសិកៈ)។

សម័យក្រោយមក ព្រះអគ្គសាវកទាំងពីរ (ព្រះសារីបុត្ត និងព្រះមោគ្គល្លាន) បានឮនូវគុណកថារបស់ចិត្តគហបតី ក៏មានបំណងចង់សង្គ្រោះដល់គាត់ ទើបយាងទៅកាន់ក្រុងមច្ឆិកាសណ្ឌ។ ចិត្តគហបតីកាលបើបានឮដំណឹងនេះ ក៏ធ្វើដំណើរទៅទទួលព្រះថេរៈទាំងពីរអស់ចម្ងាយកន្លះយោជន៍ រួចនិមន្តលោកចូលក្នុងវិហារ ចាត់ចែងវត្តិប្រតិបត្តិដល់ភ្ញៀវ ហើយទូលសុំថា៖ បពិត្រលោកម្ចាស់ ខ្ញុំព្រះករុណាប្រាថ្នាចង់ស្ដាប់ធម្មកថាមួយបន្តិច។ គ្រានោះ ព្រះធម្មសេនាបតី (ព្រះសារីបុត្ត) ត្រាស់ថា៖ ម្នាលឧបាសក យើងធ្វើដំណើរមកឆ្ងាយ ក៏មានសេចក្ដីនឿយហត់ដែរ ប៉ុន្តែចូរអ្នកស្ដាប់បន្តិចចុះ រួចក៏សម្ដែងធម៌ដល់គាត់។ កាលដែលកំពុងស្ដាប់ធម៌នោះឯង ចិត្តគហបតីក៏បានសម្រេចអនាគាមិផល។ គាត់ក៏ថ្វាយបង្គំព្រះអគ្គសាវកទាំងពីរ រួចនិមន្តថា៖ បពិត្រលោកម្ចាស់ សូមលោកម្ចាស់ទាំងពីរ ព្រមដោយភិក្ខុមួយពាន់អង្គ ទទួលភិក្ខាក្នុងផ្ទះរបស់ខ្ញុំព្រះករុណា នៅថ្ងៃស្អែកចុះ។ បន្ទាប់មក គាត់ក៏បានទៅនិមន្តព្រះសុធម្មត្ថេរដែលជាភិក្ខុម្ចាស់ស្រុកថា៖ បពិត្រលោកម្ចាស់ សូមលោកម្ចាស់យាងទៅជាមួយព្រះថេរៈទាំងឡាយនៅថ្ងៃស្អែកផង។

ព្រះសុធម្មត្ថេរកើតសេចក្ដីខឹងសម្បារដោយគិតថា៖ ឧបាសកនេះនិមន្តយើងតាមក្រោយគេ ទើបលោកបដិសេធ។ ទោះបីជាឧបាសកខំអង្វរករយ៉ាងណាក៏ដោយ ក៏លោកនៅតែបដិសេធដដែល។ ឧបាសកពោលថា៖ បពិត្រលោកម្ចាស់ លោកនឹងជ្រាបដោយខ្លួនឯងមិនខាន (នូវលទ្ធផលនៃទង្វើនេះ) រួចក៏ត្រឡប់ទៅផ្ទះរៀបចំមហាទានសម្រាប់ថ្ងៃស្អែក។ ចំណែកឯព្រះសុធម្មត្ថេរវិញ លុះដល់វេលាជិតភ្លឺ ក៏គិតថា៖ ចង់ដឹងណាស់ថា គហបតីនោះរៀបចំសក្ការៈថ្វាយព្រះអគ្គសាវកបែបណាខ្លះ ថ្ងៃស្អែកយើងនឹងទៅមើល។ លុះព្រឹកឡើង លោកក៏កាន់បាត្រ និងចីវរ យាងទៅកាន់ផ្ទះរបស់ចិត្តគហបតីនោះឯង។

ទោះបីជាគហបតីពោលតបថា និសីទថ, ភន្តេ (បពិត្រលោកម្ចាស់ សូមនិមន្តអង្គុយ) យ៉ាងណាក៏ដោយ ក៏លោកនៅតែប្រកែកថា នាហំ និសីទាមិ, បិណ្ឌាយ ចរិស្សាមិ (ខ្ញុំមិនអង្គុយទេ ខ្ញុំនឹងដើរបិណ្ឌបាតវិញ) រួចលោកក៏សម្លឹងមើលគ្រឿងសក្ការៈដែលគេរៀបចំថ្វាយព្រះអគ្គសាវក ដោយមានបំណងចង់បង្អាប់បង្ខូចត្រកូលរបស់គហបតី ក៏ពោលថា ឧឡារោ តេ, គហបតិ, សក្ការោ, អបិចេត្ថ ឯកញ្ញេវ នត្ថី (ម្នាលគហបតី សក្ការៈរបស់អ្នកអស្ចារ្យណាស់ ប៉ុន្តែខ្វះរបស់ម្យ៉ាង)។ គហបតីសួរថា កឹ, ភន្តេ (ខ្វះអ្វីលោកម្ចាស់?)។ លោកតបថា តិលសំគុឡិកា, គហបតី (គឺនំគ្រាប់ល្ងគហបតី)។ កាលបើត្រូវគហបតីពោលបង្អាប់តបវិញដោយឧបមារឿងក្អែក លោកក៏ខឹងសម្បារហើយពោលថា ឯសោ តេ, គហបតិ, អាវាសោ, បក្កមិស្សាមហំ (ម្នាលគហបតី នេះជាអាវាសរបស់អ្នក ចុះចំណែកខ្ញុំនឹងដើរចេញទៅហើយ) ទោះបីជាគេឃាត់អស់វារៈ ៣ ដង ក៏លោកនៅតែយាងចេញទៅកាន់សំណាក់ព្រះសាស្តា រួចក្រាបទូលនូវរឿងរ៉ាវដែលលោក និងចិត្តគហបតីបានជជែកគ្នា។

ព្រះសាស្តាត្រាស់ថា តយា ឧបាសកោ សទ្ធោ បសន្នោ ហីនេន ខុំសិតោ (អ្នកឯងបានជេរប្រមាថឧបាសកដែលមានសទ្ធាជ្រះថ្លាដោយពាក្យដ៏ទាបថោក) រួចទ្រង់ដាក់ទោសដោយបដិសារណីយកម្ម ហើយបង្គាប់ថា គច្ឆ, ចិត្តគហបតឹ ខមាបេហិ (ចូរអ្នកទៅ ហើយសុំទោសចិត្តគហបតីចុះ)។ លោកក៏ត្រឡប់ទៅទីនោះវិញ ហើយពោលថា គហបតិ, មយ្ហមេវ សោ ទោសោ, ខមាហិ មេ (ម្នាលគហបតី កំហុសនោះជារបស់ខ្ញុំពិតមែន សូមអ្នកអត់ទោសឱ្យខ្ញុំផង) ប៉ុន្តែគហបតីតបថា នាហំ ខមាមិ (ខ្ញុំមិនអត់ទោសឱ្យទេ)។ កាលបើត្រូវបដិសេធ លោកក៏មានសេចក្ដីអៀនខ្មាស ហើយមិនអាចធ្វើឱ្យគេអត់ទោសឱ្យបាន ក៏ត្រឡប់មកកាន់សំណាក់ព្រះសាស្តាវិញ។

ព្រះសាស្តា ទោះបីជាទ្រង់ជ្រាបថាឧបាសកនឹងមិនអត់ទោសឱ្យក៏ដោយ ក៏ទ្រង់ចង់ទម្លាយនូវមានៈដ៏រឹងត្អឹងរបស់លោក ទើបមិនទាន់ប្រាប់ឧបាយនៃសេចក្ដីអត់ទោសភ្លាមៗទេ ដោយទុកឱ្យលោកដើរផ្លូវចម្ងាយ ៣០ យោជន៍ត្រឡប់ទៅត្រឡប់មកសិន។ លុះលោកត្រឡប់មកវិញដោយមានៈត្រូវបន្ទាបចុះហើយ ព្រះអង្គក៏ប្រទានភិក្ខុជាអនុទូត (ភិក្ខុអ្នកដើរតាម) រួចត្រាស់ថា គច្ឆ, ឥមិនា សទ្ធឹ គន្ត្វា ឧបាសកំ ខមាបេហិ (ចូរទៅ ចូរទៅជាមួយភិក្ខុនេះ ហើយសុំទោសឧបាសកទៅ)។ ព្រះអង្គត្រាស់បន្តថា ធម្មតាជាសមណៈ មិនគួរប្រកាន់មានៈ ឬក្ដីឥស្សាថា "នេះជាវិហាររបស់ខ្ញុំ នេះជាទីលំនៅរបស់ខ្ញុំ នេះជាឧបាសករបស់ខ្ញុំ នេះជាឧបាសិការបស់ខ្ញុំ" ឡើយ ព្រោះកាលបើធ្វើបែបនេះ កិលេសមានសេចក្ដីប្រាថ្នាចង់បាន និងមានៈជាដើម មុខជានឹងចម្រើនឡើង រួចទ្រង់តភ្ជាប់អនុសន្ធិ សម្ដែងធម៌ដោយត្រាស់នូវគាថាទាំងឡាយនេះថា៖

៧៣. អសន្តំ ភាវនមិច្ឆេយ្យ,  បុរេក្ខារញ្ច ភិក្ខុសុ;

អាវាសេស ច ឥស្សរិយំ,  បូជា បរកុលេសុ ច។

ភិក្ខុពាល រមែងប្រាថ្នានូវសេចក្តីសរសើរដែលមិនមាន (ក្នុងខ្លួន) ផង, នូវការធ្វើក្នុងខាងមុខ គឺជាប្រមុខក្នុងពួកភិក្ខុផង, នូវភាពជាឥស្សរៈក្នុងអាវាសទាំងឡាយផង, នូវការបូជាទាំងឡាយក្នុងត្រកូលនៃជនទាំងឡាយដទៃផង។

៧៤. មមេវ កត មញ្ញន្តុ,  គិហិប្បព្វជិតា ឧភោ;

មមេវាតិវសា អស្សុ,  កិច្ចាកិច្ចេសុ កិស្មិចិ;

ឥតិ ពាលស្ស សង្កប្បោ,  ឥស្សា មានោ ច វឌ្ឍតិ។

ភិក្ខុពាល តែងមានសេចក្តីត្រិះរិះថា "គ្រហស្ថ និងបុព្វជិតទាំង ២ ពួក ចូរសំគាល់នូវកិច្ចដែលមនុស្សដទៃធ្វើហើយ ថាជាកិច្ចរបស់អញវិញ។ អំណាចដ៏ក្រៃលែងរបស់អញចូរមានក្នុងកិច្ចតូច ធំ ណាៗមួយ"។ (កាលបើយ៉ាងនេះ) ឫស្យា និងមានះ រមែងចម្រើន។

អធិប្បាយសេចក្ដីនៃគាថា

ក្នុងបទថា តត្ថ អសន្តន្តិ សំដៅលើភិក្ខុពាលដែលប្រាថ្នានូវសេចក្ដីសរសើរលើគុណដែលមិនមានពិតក្នុងខ្លួន ដូចជាខ្លួនជាមនុស្សគ្មានសទ្ធា តែចង់ឱ្យគេស្គាល់ថាជាអ្នកមានសទ្ធាជាដើម។ តាមន័យក្នុងវិភង្គ បុគ្គលពាលរមែងប្រាថ្នាថា៖ ឱ! ធ្វើម្ដេចឱ្យគេដឹងថា ខ្ញុំជាអ្នកមានសទ្ធា មានសីល ជាពហុស្សូត ជាអ្នកស្ងប់ស្ងាត់ ជាអ្នកមានវីរិយៈ ជាអ្នកមានសតិ មានសមាធិ មានបញ្ញា និងជាព្រះខីណាសពផងចុះ ទាំងដែលការពិតខ្លួនមិនមានគុណធម៌ទាំងនេះទាល់តែសោះ។

បទថា បុរេក្ខារន្តិ សំដៅលើបរិវារ។ ភិក្ខុពាលតែងប្រាថ្នាថា៖ ឱ! ធ្វើម្ដេចឱ្យភិក្ខុទាំងឡាយក្នុងវិហារទាំងមូល នាំគ្នាផ្ដុំចោមរោមជុំវិញខ្ញុំ ដើម្បីសាកសួរប្រស្នាផ្សេងៗចុះ។

បទថា អាវាសេសូតិ សំដៅលើអំណាចក្នុងសង្ឃិកាវាស។ ភិក្ខុពាលតែងចង់ត្រួតត្រាសេនាសនៈដ៏ល្អៗកណ្ដាលវិហារទុកឱ្យតែភិក្ខុដែលស្និទ្ធស្នាលនឹងខ្លួន រីឯភិក្ខុអាគន្តុកៈឯទៀត ខ្លួនតែងចាត់ចែងឱ្យទៅនៅតែកន្លែងអន់ៗ កន្លែងដាច់ស្រយាល ឬកន្លែងដែលមានខ្មោចលងជាដើម នេះគឺជាការចង់បានអំណាចក្នុងអាវាស។

បទថា បូជា បរកុលេសុ ចាតិ សំដៅលើការចង់បានការបូជាក្នុងត្រកូលអ្នកដទៃ (មិនមែនត្រកូលញាតិ) ដោយគិតថា៖ ឱ! ធ្វើម្ដេចឱ្យពួកអ្នកទាំងនេះ ប្រគេនបច្ច័យដល់តែខ្ញុំម្នាក់ឯង កុំប្រគេនដល់អ្នកដទៃឡើយ។

បទថា មមេវ កត មញ្ញន្តូតិ សំដៅលើការចង់បានមុខមាត់ក្នុងកិច្ចការនានា ទោះបីជាការសាងសង់រោងឧបោសថ ឬនវកម្មអ្វីក៏ដោយ ភិក្ខុពាលតែងចង់ឱ្យទាំងគ្រហស្ថ និងបព្វជិតយល់ថា កិច្ចការទាំងអស់នេះ គឺសម្រេចទៅបានដោយសារតែអាស្រ័យលោកគ្រូ (គឺរូបខ្ញុំ) តែម្នាក់គត់។

បទថា មមេវាតិវសា អស្សូតិ គឺចង់ឱ្យគ្រប់គ្នាឋិតនៅក្រោមបង្គាប់ខ្លួន ទោះបីជាការដាក់រទេះ ការប្រើគោ ការប្រើកាំបិតចាំងឈើ រហូតដល់ការដាំទឹកយាគូបន្តិចបន្តួច ក៏ត្រូវតែសុំអនុញ្ញាតពីខ្លួនជាមុនដែរ។

បទថា ឥតិ ពាលស្សាតិ បញ្ជាក់ថា ភិក្ខុណាដែលមានសេចក្ដីប្រាថ្នា និងសេចក្ដីត្រិះរិះបែបនេះ ភិក្ខុនោះនឹងមិនអាចចម្រើនក្នុងវិបស្សនា ឬមគ្គផលឡើយ មានតែតណ្ហា និងមានៈ ៩ យ៉ាង ប៉ុណ្ណោះដែលនឹងចម្រើនឡើង ដូចជាទឹកសមុទ្រដែលជោរឡើងនៅពេលព្រះចន្ទរះដូច្នោះឯង។

ក្នុងពេលបញ្ចប់ទេសនា មហាជនជាច្រើនបានសម្រេចសោតាបត្តិផលជាដើម។

ផលសម្រេចនៃរឿង

ចំណែកឯព្រះសុធម្មត្ថេរ កាលបើបានស្ដាប់ឱវាទនេះហើយ ក៏កើតសេចក្ដីសំវេគ ថ្វាយបង្គំព្រះសាស្តា រួចធ្វើប្រទក្សិណ ដើរត្រឡប់ទៅជាមួយភិក្ខុអនុទូត ដើម្បីទៅសម្ដែងអាបត្តិ និងសុំទោសចិត្តគហបតីដល់ផ្ទះ។ ចិត្តគហបតីក៏បានអត់ទោសឱ្យដោយពោលថា៖ បពិត្រលោកម្ចាស់ ខ្ញុំអត់ទោសឱ្យលោកម្ចាស់ហើយ ប្រសិនបើខ្ញុំមានកំហុសអ្វី សូមលោកម្ចាស់អត់ទោសឱ្យខ្ញុំវិញផង។ ព្រះសុធម្មត្ថេរតាំងនៅក្នុងឱវាទរបស់ព្រះសាស្តា មិនយូរប៉ុន្មាន ក៏បានសម្រេចអរហត្តផល ព្រមដោយបដិសម្ភិទា។

ចិត្តគហបតី ក៏មានបំណងចង់ទៅគាល់ព្រះសាស្តាដែរ។ គាត់បានរៀបចំរទេះ ៥០០ គ្រឿង ពេញទៅដោយស្បៀងអាហារ និងគ្រឿងសក្ការៈ រួចប្រាប់ដល់ភិក្ខុសង្ឃ ភិក្ខុនីសង្ឃ និងឧបាសក ឧបាសិកា ឱ្យធ្វើដំណើរទៅជាមួយគ្នា។ ក្នុងចម្ងាយផ្លូវ ៣០ យោជន៍នោះ ពួកទេវតាបានមកជួយបម្រើផ្គត់ផ្គង់អាហារទិព្វដល់មហាជនទាំង ៣ ពាន់នាក់នោះរាល់យោជន៍ រហូតដល់ពួកគេមិនដែលខ្វះខាតអ្វីសោះ។

កាលដែលទៅដល់ក្រុងសាវត្ថី ព្រះសាស្តាទ្រង់មានពុទ្ធដីកានឹងព្រះអានន្ទថា៖ អានន្ទ អើយ ថ្ងៃនេះចិត្តគហបតីនឹងមកដល់ដើម្បីថ្វាយបង្គំតថាគត ហើយនឹងមានបាដិហារិយ៍គឺភ្លៀងផ្កា ៥ ពណ៌ ធ្លាក់ចុះមកកម្ពស់ត្រឹមជង្គង់ ក្នុងរង្វង់ ៨ ករីស (ប្រហែល ១៦ ហិចតា) ជុំវិញទីនោះ។ មហាជនបានឮដំណឹង ក៏នាំគ្នាទៅចាំមើលយ៉ាងច្រើនកុះករ។

ចិត្តគហបតីបានដើរចូលទៅតាមពុទ្ធវិថី រួចលូនចូលទៅក្នុងចន្លោះព្រះរស្មី ៦ ពណ៌ ឱបកជើងទាំងពីររបស់ព្រះសាស្តា រួចក្រាបថ្វាយបង្គំ។ ក្នុងខណៈនោះ ភ្លៀងផ្កាក៏ធ្លាក់ចុះមកយ៉ាងអស្ចារ្យតាមពុទ្ធដីកា។ ចិត្តគហបតីបានស្នាក់នៅបម្រើព្រះសាស្តា និងភិក្ខុសង្ឃអស់រយៈពេល ១ ខែ ដោយប្រើតែគ្រឿងសក្ការៈដែលទេវតា និងមនុស្សនាំមកថ្វាយ រហូតដល់រទេះទាំង ៥០០ គ្រឿងរបស់គាត់ដែលជញ្ជូនមកពីផ្ទះនោះ នៅតែពេញប្រៀបដដែល មិនទាន់បានដកយកមកប្រើសោះ។ គាត់ក៏បានសុំអនុញ្ញាតពីព្រះសាស្តា ដើម្បីទុករបស់ទាំងនោះនៅទីនោះ រួចនឹងត្រឡប់ទៅផ្ទះវិញ។

ព្រះសាស្តាត្រាស់នឹងព្រះអានន្ទត្ថេរថា ម្នាលអានន្ទ អ្នកចូរធ្វើទីកន្លែងមួយឱ្យទំនេរសម្រាប់ឧបាសកចុះ។ ព្រះថេរៈក៏បានធ្វើតាមពុទ្ធដីការនោះ។ ឮថា កប្បិយភូមិ ត្រូវបានអនុញ្ញាតឱ្យដល់ចិត្តគហបតី។ ឧបាសកព្រមដោយបរិវារជាមនុស្ស ៣ ពាន់នាក់ ដែលមកជាមួយគ្នា ក៏បាននាំយករទេះដ៏ទទេស្អាតទាំងនោះ ត្រឡប់ទៅតាមផ្លូវវិញ។ គ្រានោះ ពួកទេវតា និងមនុស្សបាននាំគ្នាផ្អើលឆោឡោឡើងថា បពិត្រលោកម្ចាស់ លោកម្ចាស់ធ្វើដំណើរត្រឡប់ទៅវិញដោយរទេះទទេមិនសមគួរឡើយ រួចក៏នាំគ្នាជញ្ជូនរតនៈ ៧ ប្រការ បំពេញក្នុងរទេះទាំងនោះឱ្យពេញប្រៀប។ គាត់ក៏បានធ្វើដំណើរត្រឡប់ទៅវិញ ដោយចិញ្ចឹមមហាជនតាមផ្លូវ ដោយគ្រឿងសក្ការៈដែលខ្លួនបាននាំមកតាំងពីដើមនោះឯង។

ព្រះអានន្ទត្ថេរក្រាបបង្គំទូលសួរព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន ឧបាសកនេះកាលដែលធ្វើដំណើរមកកាន់សំណាក់ព្រះអង្គ ក៏ប្រើពេលអស់មួយខែ ស្នាក់នៅទីនេះក៏អស់មួយខែ ក្នុងកាលកន្លងមកនេះ គាត់បានប្រគេនមហាទានដល់ភិក្ខុសង្ឃដោយគ្រឿងសក្ការៈដែលទេវតា និងមនុស្សនាំមកថ្វាយជានិច្ច ឥឡូវនេះគាត់ធ្វើឱ្យរទេះទាំង ៥០០ គ្រឿងទំនេរ រួចនឹងត្រឡប់ទៅវិញក្នុងរយៈពេលមួយខែទៀត ប៉ុន្តែពួកទេវតា និងមនុស្សបែរជាជញ្ជូនរតនៈ ៧ ប្រការ មកដាក់បំពេញរទេះទាំង ៥០០ គ្រឿងឱ្យពេញទៅវិញ។ គាត់ក៏នឹងត្រឡប់ទៅវិញ ដោយចិញ្ចឹមមហាជនដោយគ្រឿងសក្ការៈដែលខ្លួននាំមកនោះដដែល។ បពិត្រព្រះអង្គដ៏ចម្រើន តើសក្ការៈនេះ កើតមានដល់គាត់តែក្នុងកាលដែលគាត់មកកាន់សំណាក់ព្រះអង្គ ឬក៏កើតមានដល់គាត់ក្នុងគ្រប់ទីកន្លែងដែលគាត់ទៅ? ព្រះសាស្តាត្រាស់ថា ម្នាលអានន្ទ សក្ការៈនេះកើតមានដល់គាត់ មិនថាតែក្នុងកាលដែលមករកតថាគត ឬទៅកាន់ទីណាក៏ដោយ។ ព្រោះថាឧបាសកនេះជាអ្នកមានសទ្ធាជ្រះថ្លា ជាអ្នកបរិបូរណ៍ដោយសីល បុគ្គលដែលមានសភាពបែបនេះ មិនថាទៅដល់ទីកន្លែងណា រមែងមានលាភសក្ការៈកើតឡើងក្នុងទីនោះៗជានិច្ច រួចព្រះអង្គក៏ត្រាស់សម្ដែងនូវគាថាក្នុងបកិណ្ណកវគ្គថា៖

សទ្ធោ សីលេន សម្បន្នោ,  យសោ ភោគសមប្បិតោ;

យំ យំ បទេសំ ភជតិ,  តត្ថ តត្ថេវ បូជិតោតិ។

បុគ្គលអ្នក មានសទ្ធា បរិបូណ៌ដោយសីល ស្កប់ស្កល់ដោយយស និងភោគសម្បត្តិ គប់រកប្រទេសណាៗ គេតែង បូជាក្នុងប្រទេសនោះៗ។

សេចក្ដីអធិប្បាយនៃគាថានោះ នឹងមានប្រាកដក្នុងបកិណ្ណកវគ្គនោះឯង។ កាលបើព្រះសាស្តាត្រាស់យ៉ាងនេះហើយ ព្រះអានន្ទត្ថេរក៏បានទូលសួរនូវបុព្វកម្មរបស់ចិត្តគហបតី។ គ្រានោះ ព្រះសាស្តាទ្រង់សម្ដែងប្រាប់ថា៖

ម្នាលអានន្ទ ចិត្តគហបតីនេះ បានធ្វើនូវអភិនីហារក្នុងសំណាក់ព្រះបទុមុត្តរសម្មាសម្ពុទ្ធ រួចអន្ទោលស្លាប់កើតក្នុងទេវលោក និងមនុស្សលោកអស់មួយសែនកប្ប។ ក្នុងកាលនៃព្រះកស្សបសម្មាសម្ពុទ្ធ គាត់បានកើតក្នុងត្រកូលព្រានព្រៃ។ លុះចម្រើនវ័យឡើង ថ្ងៃមួយកាលដែលមេឃកំពុងបង្អុរភ្លៀង គាត់បានកាន់លំពែងចូលទៅក្នុងព្រៃដើម្បីសម្លាប់សត្វ កាលដែលកំពុងសម្លឹងរកមើលសត្វ ក៏បានឃើញភិក្ខុមួយអង្គគង់ធ្វើសមណធម៌ក្នុងចន្លោះភ្នំមួយដែលមិនបានរៀបចំ។ គាត់គិតថា លោកម្ចាស់អង្គនេះ គង់ធ្វើសមណធម៌តែម្នាក់ឯង យើងគួរតែនាំយកភត្តាហារមកប្រគេនលោក រួចក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញ។ គាត់បានឱ្យគេចំអិនសាច់ដែលរកបានពីម្សិលមិញលើចង្ក្រាន និងឱ្យគេចំអិនភត្តាហារ រួចកាលដែលដើរមក ក៏បានជួបភិក្ខុដទៃទៀតដែលកំពុងបិណ្ឌបាត ទើបទទួលយកបាត្ររបស់លោកទាំងនោះមកនិមន្តឱ្យគង់លើអាសនៈដែលបានរៀបចំ រួចប្រគេនភិក្ខាដល់លោក ហើយប្រាប់អ្នកដទៃថា អ្នករាល់គ្នា ចូរជួយខ្នះខ្នែងបម្រើលោកចុះ។

បន្ទាប់មក គាត់ក៏យកភត្តាហារនោះច្រកក្នុងកញ្ចប់ស្លឹកឈើ កាលដែលដើរមកតាមផ្លូវ ក៏បានបេះផ្កាព្រៃប្លែកៗជាច្រើនច្រកក្នុងកញ្ចប់ស្លឹកឈើដែរ។ លុះទៅដល់កន្លែងដែលព្រះថេរៈគង់នៅ ក៏ពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់មេត្តាសង្គ្រោះដល់ខ្ញុំព្រះករុណាផង រួចក៏ទទួលយកបាត្រមកដាក់ភត្តាហារឱ្យពេញ រួចដាក់លើដៃព្រះថេរៈ ហើយយកផ្កាទាំងនោះមកបូជា រួចតាំងក្ដីប្រាថ្នាថា បពិត្រលោកម្ចាស់ រសនៃបិណ្ឌបាតនេះ ព្រមដោយការបូជាផ្កា បានញ៉ាំងចិត្តរបស់ខ្ញុំឱ្យរីករាយយ៉ាងណា សូមឱ្យក្នុងគ្រប់ៗជាតិដែលខ្ញុំកើតទៅ មានគ្រឿងសក្ការៈរាប់ពាន់មុខតាមមកបម្រើញ៉ាំងចិត្តរបស់ខ្ញុំឱ្យរីករាយយ៉ាងនោះដែរ និងសូមឱ្យមានភ្លៀងផ្កា ៥ ពណ៌ បង្អុរចុះមកក្នុងទីដែលខ្ញុំទៅដល់ផងចុះ។

គាត់បានធ្វើកុសលរហូតដល់អស់អាយុ ក៏ទៅកើតក្នុងទេវលោក មានភ្លៀងផ្កាទិព្វធ្លាក់ចុះមកកម្ពស់ត្រឹមជង្គង់ក្នុងទីដែលគាត់កើត។ សូម្បីក្នុងជាតិចុងក្រោយនេះ ទាំងក្នុងថ្ងៃដែលគាត់កើត ទាំងក្នុងថ្ងៃដែលគាត់មកកាន់សំណាក់តថាគតនេះ ការបង្អុរចុះនៃភ្លៀងផ្កា ការនាំមកនូវគ្រឿងសក្ការៈមហាសាល និងការបំពេញរទេះដោយរតនៈ ៧ ប្រការ សុទ្ធតែជាផលសម្រេចនៃកម្មដែលគាត់បានធ្វើនោះឯង។

រឿង ចិត្តគហបតី ចប់។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter