អដ្ឋង្គិកមគ្គ ៨ - Monk Cambodia

អដ្ឋង្គិកមគ្គ ៨

Share This

 អដ្ឋង្គិកមគ្គ ៨

--------

១. សម្មាទិដ្ឋិ គឺ​ការ​យល់ត្រូវ, ការ​ដឹង​ក្នុង​អរិយសច្ចៈ​៤, គឺការ​​ដឹង​ថា​​អ្វី​ជា​​ទុក្ខ, ការ​​ដឹង​នូវ​មូល​​ហេតុ​ជាទី​កើត​ឡើង​នៃ​ទុក្ខ, ការ​ដឹង​​​​វិធី​​រំលត់​​ទុក្ខ, និង ការ​ដឹង​ក្នុង​​ការ​ប្រតិបត្តិ​​តាម​វិធី​រំលត់​​ទុក្ខ។

២. សម្មាសង្កប្បៈ គឺ​ការ​ត្រិះរិះត្រូវ, គឺការ​ពិចារណា​​​ក្នុង​ការ​ចេញ​ចាក​កាម, ការ​ពិចារណា​​ក្នុង​ការ​មិន​ព្យាបាទ ឬ​​ ​បៀត​បៀន​​មនុស្ស​​ដទៃ, សត្វ​ដទៃ,​ រួម​ទាំង​ខ្លួន​ឯង និង​ បរិស្ថាន​ដែល​ខ្លួន​ឯង​ និង​ មនុស្ស​សត្វ​រស់​នៅ​​​ ។

៣. សម្មាវាចា គឺ​ការ​ពោលពាក្យ​សម្តី​និយាយ​​ល្អ​ត្រឹម​ត្រូវ​ គួរ​ស្តាប់ និង ត្រូវ​តាម​កាលទេសៈ; គឺ​ចេតនា​វៀរ​ចាក​ការ​និយាយ​កុហក, ការ​និយាយ​ញុះញង់​គេ, ការ​និយាយ​ទ្រគោះ, ឬ ការ​និយាយ​រោយរាយ​ឥត​ប្រយោជន៍ ។

៤. សម្មាកម្មន្តៈ គឺ​ការ​ធ្វើ​សកម្មភាព​ ឬ ការងារ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នា ឬ​ នីតិវិធី; គឺ​ចេតនា​វៀរចាក​ការ​សម្លាប់​សត្វ, ការ​វៀរ​ចាក​ការ​លួច​ទ្រព្យ​អ្នក​ដទៃ,​ និង ការ​វៀរចាក​ការ​ប្រព្រឹត្តិធម៌​មិន​ប្រសើរ​ទាំង​ពួង ។

៥. សម្មាអាជីវៈ គឺ​​ការ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​ត្រឹម​ត្រូវ​ ស្រប​ច្បាប់​ជាតិ និង អន្តរជាតិ ឬ​​ការ​លះ​បង់​នូវ​ការ​ចិញ្ចឹម​ជីវិត​ខុស (មាន​ដូច​ជា ជំនួញ​ ៥ ​ប្រការ​ គឺ ជួញ​គ្រឿងស្រវឹង, ជួញគ្រឿងញៀន, ជួញ​មនុស្ស, ជួញ​សត្វ, ជួញ​សាស្ត្រាវុធ​នានា ។ល។), និង​​ត្រូវ​ប្រកប​របរ​ចិញ្ចឹម​ត្រឹម​ត្រូវ​តាម​ច្បាប់​រដ្ឋ និង ច្បាប់​សាសនា ។

៦. សម្មាវាយាមៈ គឺ​ការ​ព្យាយាមត្រូវ គឺ​ព្យាយាម​ញុំាង​ឆន្ទៈ​​ឲ្យ​​កើត​ឡើង, ប្រឹង​ប្រែង​ប្រារព្ធ​ព្យាយាម, ផ្គង​ចិត្ត​ទុកតាំង​ព្យាយាម​មាំដើម្បី​ញុំាង​ពួក​អកុសល​ធម៌​ដ៏​លាមក​ដែល​មិន​ទាន់​កើត​កុំឲ្យ​​កើត​ឡើង​បាន, ញុំាងឆន្ទៈ​ដើម្បី​លះ​បង់​នូវ​ពួក​អកុសល​ធម៌​ដែល​កើត​ឡើង​ហើយ, ព្យាយាម​ញុំាង​កុសល​ធម៌​ទាំង​ឡាយ​ដែល​មិន​ទាន់​កើតឲ្យ​​កើត​ឡើង, ញុំាង​ពួក​អកុសលធម៌​ដែល​កើត​ឡើង​ហើយ ឲ្យ​តាំង​នៅ​​កុំ​ឲ្យ​​ភ្លេច​ភ្លាំង​ទៅ​វិញ, ឲ្យ​​ចម្រើន​ធំទូលាយ​ពេញ​បរិបូរណ៌ ។

៧. សម្មាសតិៈ គឺ​ការ​រឭកត្រូវ, ​ការ​ពិចារណា​រឿយៗ​នូវសតិប្បដ្ឋាន ៤, គឺ​ពិចារណា​នូវ​​កាយ​ក្នុង​កាយ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំដៅ​កិលេស, មាន​ការ​ដឹង​ខ្លួន, កំចាត់​បង់​នូវ​អភិជ្ឈា ​និង ​ទោមនស្ស​ក្នុង​លោក​ចេញ, ពិចារណា​រឿយៗ​នូវ​វេទនា​ក្នុង​វេទនា, នូវ​ចិត្ត​ក្នុង​ចិត្ត, នូវ​ធម៌​ក្នុង​ធម៌​ទាំង​ឡាយ ។

៨. សម្មាសមាធិៈ គឺ​ការ​តាំងចិត្តមាំត្រូវ, ​ការ​ស្ងាត់​ចាក​អកុសល​ធម៌​ទាំង​ឡាយ បាន​ដល់​នូវ​ឈានទាំង​ឡាយ​មាន​បឋមជ្ឈាន​ជា​ដើម។

បុគ្គល​ដែល​មិន​ប្រមាថ​ហើយ​នៅ​ក្នុង​ធម្មវិន័យ ដើរ​តាម​ផ្លូវ​ប្រកប​ដោយ​អង្គ​ ៨ ​ប្រការ​ដ៏​ប្រសើរ បុគ្គល​នោះ​នឹង​អាច​លះ​បង់​កំណើត (ជាតិ), ​សង្សារ និង​ ​សម្រេច​ព្រះ​និព្វាន ដែល​ជា​ទី​បំផុត​នៃ​កង​ទុក្ខ ។

 #វត្តមុនីវង្សា #ព្រះពុទ្ធ #ព្រះធម៌ #ព្រះសង្ឃ

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter