សម័យមួយ ព្រះពុទ្ធអង្គទ្រង់គង់ក្នុងនិគ្រោធារាម នៃដែនសក្កៈ - Monk Cambodia

សម័យមួយ ព្រះពុទ្ធអង្គទ្រង់គង់ក្នុងនិគ្រោធារាម នៃដែនសក្កៈ

Share This

 សម័យមួយ ព្រះពុទ្ធអង្គទ្រង់គង់ក្នុងនិគ្រោធារាម  នៃដែនសក្កៈ។ ដោយដឹងថាព្រះសម្មាសម្ពុទ្ធទ្រង់គង់ទីនោះ ព្រះនាងមហាបជាបតិគោតមី (ម្តាយមីងរបស់ព្រះពុទ្ធ ហើយក៏ជាម្តាយចិញ្ចឹមរបស់ព្រះអង្គដែរ ព្រោះព្រះមាតាទ្រង់បានសោយទីវង្គតពេលទ្រង់ប្រសូត្របាន៧ថ្ងៃ) បានយកសំពត់ដែលព្រះនាងរវៃត្បាញដោយដៃឯង ទៅប្រគេនព្រះមានព្រះភាគ។ ពេលនោះព្រះពុទ្ធក៏មានបន្ទូលទៅព្រះនាងគោតមី ថា បពិត្រព្រះនាង សូមព្រះនាងប្រគេនសំពត់នេះទៅសង្ឃវិញទៅ កាលបើព្រះនាងបានប្រគេនចំពោះសង្ឃហើយ បៀបដូចបូជាចំពោះតថគតដូច្នោះដែរ។ ប៉ុន្តែព្រះនាងគោតមីនៅតែទទូចសុំឲ្យព្រះពុទ្ធទទួលយកសំពត់នោះដល់ទៅបីដង ប៉ុន្តែព្រះពុទ្ធនៅតែប្រាប់ទៅព្រះនាងវិញដូចមុន។

គ្រានោះព្រះអានន្ទក៏បានជួយនិយាយសុំឲ្យព្រះពុទ្ធទទួលយកសំពត់ពីព្រះនាងគោតមី  ព្រះមានព្រះភាគក៏បានត្រាស់ពន្យល់ពីអានិសង្សនៃទានដូចខាងក្រោម :

ព្រះអង្គបានចាត់ថ្នាក់ទានជា១៤ប្រភេទ មាន៖

១-ការថ្វាយទានចំពោះ ព្រះសម្មាសម្ពុទ្ធ

២-ការថ្វាយទានចំពោះ ព្រះបច្ចេកពុទ្ធ

៣-ការថ្វាយទានចំពោះ ព្រះអរហន្ត

៤-ការថ្វាយទានចំពោះ លោកអ្នកកំពុងប្រតិបត្តិដើម្បីធ្វើឱ្យជាក់ច្បាស់នូវអរហត្តផល

៥-ការថ្វាយទានចំពោះ ព្រះអនាគាមី

៦-ការថ្វាយទានចំពោះ លោកអ្នកកំពុងប្រតិបត្តិដើម្បីអនាគាមិផល

៧-ការថ្វាយទានចំពោះ ព្រះសកទាគាមី

៨-ការថ្វាយទានចំពោះ លោកអ្នកកំពុងប្រតិបត្តិដើម្បីសកទាគាមិផល

៩-ការថ្វាយទានចំពោះ ព្រះសោតាបន្និ៍

១០-ការថ្វាយទានចំពោះ លោកអ្នកកំពុងប្រតិបត្តិដើម្បីសោតាបត្តិផល

១១-ការថ្វាយទានចំពោះ បុគ្គលក្រៅពីព្រះពុទ្ធសាសនា ដែលជាអ្នកប្រាសចាកកាម (តាបស ឬអ្នកមានសីលក្រៅសាសនា)

១២-ការថ្វាយទានចំពោះ បុថុជ្ជនអ្នកមានសីល

១៣-ការថ្វាយទានចំពោះ បុថុជ្ជនអ្នកទុស្សីល (គ្មានសីល)

១៤-ការឲ្យទានចំពោះ សត្វតិរច្ឆាន ។

ការឱ្យទានដល់សត្វតិរច្ឆាន ឱ្យផល ១០០, ឱ្យដល់បុគ្គលទុស្សីល ឱ្យផល ១០០០ ឱ្យដល់បុថុជ្ជនមានសីលឱ្យផល១សែន ឱ្យដល់អ្នកក្រៅសាសនាដែលប្រាសចាកកាម ឱ្យផល១សែនកោដិ ។ ឲ្យផលរាប់មិនអស់ ចំពោះការធ្វើទានធ្វើចំពោះបុគ្គលដែលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល។ ហើយឲ្យផលរាប់មិនអស់កើនទ្វេៗដងរហូតចំពោះទានដែលធ្វើតាមលំដាប់ថ្នាក់រហូតដល់ព្រះអរហន្ត និងព្រះសម្មាសម្ពុទ្ធ។

ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ជាក់ច្បាស់ថា ការធ្វើទានចំពោះសង្ឃជារួមមិនចំពោះ (សង្ឃគតទាន) គឺទទួលផលច្រើនអនេកអនន្តលើសលុបជាងការប្រគេនចំពោះសង្ឃជាបុគ្គលម្នាក់ៗ។ ដូច្នេះហើយទើបទ្រង់សុំឲ្យព្រះនាងគោតមីប្រគេនសំពត់ដែលទ្រង់ធ្វើដោយដៃនោះចំពោះសង្ឃដើម្បីបានអានិសង្សធំធេង។

ចំពោះភាពបរិសុទ្ធនៃទានក៏មាន៤យ៉ាងដែរ ហើយអានិសង្សដែលទទួលបានក៏មានទំហ៑ំខុសគ្នាដែរ រវាងអ្នកឲ្យ(ទាយក) និងអ្នកទទួល(បដិគ្គាហកៈ)  :

(១)-ទាយកបរិសុទ្ធ តែបដិគ្គាហកមិនបរិសុទ្ធ៖ គឺអ្នកឲ្យមានសីល ប៉ុន្តែអ្នកទទួលគ្មានសីល (ទានបរិសុទ្ធបានតែខាងភាគីអ្នកឲ្យ )។

(២)-បដិគ្គាហកបរិសុទ្ធ តែទាយកមិនបរិសុទ្ធ៖ អ្នកឱ្យគ្មានសីល (បានទ្រព្យមកដោយមិនសុចរិត ចិត្តមិនជ្រះថ្លា) ប៉ុន្តែអ្នកទទួលជាអ្នកមានសីលធម៌ខ្ពស់ (ទានបរិសុទ្ធតែខាងអ្នកទទួល)។

(៣)-ទាយកក៏មិនបរិសុទ្ធ បដិគ្គាហកក៏មិនបរិសុទ្ធ៖ ទាំងអ្នកឱ្យនិងអ្នកទទួលសុទ្ធតែគ្មានសីលធម៌ និងចិត្តមិនបរិសុទ្ធ (ទានមិនបរិសុទ្ធទាំងសងខាង)។

(៤)-ទាយកក៏បរិសុទ្ធ បដិគ្គាហកក៏បរិសុទ្ធ៖ អ្នកឱ្យមានសីល ទ្រព្យកើតដោយសុចរិត មានចិត្តជ្រះថ្លា ហើយអ្នកទទួលក៏ជាអ្នកមានសីលធម៌ ឬជាព្រះអរិយបុគ្គល (ទានបរិសុទ្ធទាំងសងខាង ដែលជាទានឧត្តម ប្រកបដោយផលច្រើនក្រៃលែង)។

(បិដកលេខ២៨ ទំព័រ២១៤-២៣០)


--------------------------------


ប្រភពៈ Tara Om

រូបភាពៈ យល់ដឹងអំពីព្រះពុទ្ធសាសនា

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter