[២០] រឿងចូឡសេដ្ឋិប្រេត ទី ៨
(បិដក.៥៦/ទំព័រ.៤២)
(ព្រះបាទអជាតសត្រូវទ្រង់សួរថា) បពិត្រលោកដ៏ចំរើន លោកជាបព្វជិត[1]មានកាយអាក្រាត ស្គាំងស្គម ហេតុអ្វីបានជាលោកទៅកាន់ទីណាតែក្នុងវេលារាត្រី សូមលោកប្រាប់ហេតុនោះដល់ខ្ញុំ ខ្ញុំនឹងអាចចាត់ចែងទ្រព្យទាំងពួងតាមអធ្យាស្រ័យនៃលោក។
(ប្រេតតបថា) ក្រុងពារាណសី មានកិត្តិសព្ទល្បីទៅក្នុងទីឆ្ងាយ ខ្ញុំជាគហិបតីមានទ្រព្យច្រើនក្នុងក្រុងពារាណសីនោះ ជាអ្នកកំណាញ់មិនឱ្យទាន មានចិត្តជាប់នៅក្នុងអាមិសៈដល់នូវយមវិស័យ (បេតលោក) ដោយភាវៈទ្រុស្តសីល។ ខ្ញុំជាបុគ្គលជានិច្ច ព្រោះអំពីអំពើអាក្រក់នោះ ទើបទៅរកញាតិ ជាហេតុនឹងបានអាមិសៈតិចតួច (ពួកមនុស្សណា) មិនឱ្យទាន មិនជឿថាផលទានមានក្នុងលោក (មនុស្សទាំងនោះតែងតែកើតជាប្រេត រងទុក្ខធ្ងន់ដូចជាខ្លួនខ្ញុំ)។ ចំណែកធីតារបស់ខ្ញុំ ពោលរឿយៗថា អាត្មាអញនឹងឱ្យទានដល់បិតា ដល់ធីតាក៏បានឱ្យព្រាហ្មណ៍ទាំងឡាយបរិភោគភោជនដែលខ្លួនតាក់តែង ខ្ញុំទៅកាន់អន្ធកវិន្ទនគរ ដើម្បីបរិភោគនូវផលទាននោះ។
ព្រះបាទអជាតសត្រូវ បានត្រាស់សួរទៅប្រេតនោះថា អ្នកបានទទួលផលទាន (ដែលធីតារបស់អ្នកបានតាក់តែងឱ្យហើយ) នោះគឺគប្បីត្រឡប់វិលវិញឆាប់ យើងនឹងធ្វើការបូជា (ដល់អ្នក) បើមានហេតុ អ្នកចូរប្រាប់ហេតុនោះដល់យើង យើងនឹងស្តាប់ពាក្យប្រកបដោយហេតុ ដែលគួរជឿ។
ប្រេតនោះពោលដូច្នោះហើយ បានទៅកាន់អន្ធកវិន្ទនគរនោះ ពួកព្រាហ្មណ៍បរិភោគភត្ត តែងជាអ្នកមិនគួរដល់បទក្ខិណា (ព្រោះជាព្រាហ្មណ៍ទ្រុស្តសីល) ខាងក្រោយមក ប្រេតនោះក៏ទៅនគររាជគ្រឹះវិញ ក៏ប្រាកដចំពោះព្រះភក្រ្ត ព្រះបាទអជាតសត្រូវ ជាធំជាងជន។
ព្រះបាទរាជាបានទតឃើញប្រេតមកហើយ ត្រាស់សួរថា យើងនឹងឱ្យអ្វី អ្នកជាបុគ្គលឆ្អែតអស់កាលយូរដោយហេតុណា បើហេតុនោះមាន អ្នកចូរប្រាប់ដល់យើង។
បពិត្រមហារាជ សូមព្រះអង្គអង្គាសព្រះពុទ្ធផង ព្រះសង្ឃផង ដោយបាយទឹក និងចីវរ ហើយសូមឧទ្ទិសនូវទក្ខិណាទាននោះ ដើម្បីប្រយោជន៍ដល់ខ្ញុំ ខ្ញុំគប្បីជាបុគ្គលឆ្អែតឆ្អល់អស់កាលយូរ ដោយប្រការយ៉ាងនេះ។
ក្នុងកាលនោះ ព្រះរាជាស្តេចចុះចាកប្រាសាទនោះ ហើយថ្វាយនូវទានមានឱជារសរកប្រមាណមិនបាន ដោយព្រះហស្តព្រះអង្គឯង ដល់ព្រះសង្ឃ ហើយក្រាបទូលអំពីទានដែលបានធ្វើចំពោះតថាគត ហើយឧទ្ទិសនូវទក្ខិណាទានដល់ប្រេត។
ប្រេតនោះ ដែលព្រះរាជាបូជាហើយ ក៏រុងរឿងក្រៃពេកប្រាកដចំពោះក្នុងទីចំពោះព្រះភក្រ្តនៃព្រះរាជាជាធំជាងជន ពោលថា ខ្ញុំព្រះអង្គជាយក្ស សម្រេចនូវឫទ្ធិដ៏ឧត្តម រកមនុស្សមានរិទ្ធិប្រាកដស្មើនឹងខ្ញុំគ្មាន។ សូមព្រះអង្គទ្រង់ទតមើល នូវអានុភាពរបស់ខ្ញុំរកប្រមាណមិនបាននេះ ទានដ៏ឧត្តមដែលព្រះអង្គឧទ្ទិសហើយឱ្យចំពោះសង្ឃ បពិត្រមនុស្សទេព ខ្ញុំព្រះអង្គជាបុគ្គលឆ្អែតស្កប់ស្កល់ ដោយវត្ថុទាំងឡាយច្រើនរឿយៗ សព្វកាល ក៏បាននូវសេចក្តីសុខ ឥឡូវសូមលាទៅ។
ចប់ រឿងចូឡសេដ្ឋិប្រេត ទី ៨
[1]. បានជាព្រះបាទអជាតសត្រូវ ទ្រង់សួរប្រេតនោះយ៉ាងនេះ ព្រោះទ្រង់ឃើញក្បាលប្រេតនោះត្រងោលដូចអ្នកបួស (អដ្ឋកថា)។

























No comments:
Post a Comment