🍃តតិយបាបធម្មសូត្រ ទី៩
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវបុគ្គលមានធម៌អាក្រក់ផង នូវ បុគ្គលមានធម៌អាក្រក់ក្រៃលែង ជាងបុគ្គលមានធម៌អាក្រក់ផង នូវបុគ្គលមានធម៌ល្អផង នូវបុគ្គលមានធម៌ល្អ ក្រៃលែងជាងបុគ្គលមានធម៌ល្អផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្ដាប់នូវពាក្យនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌អាក្រក់ តើដូចម្ដេច។
ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ។បេ។ មានសេចក្ដីឃើញខុស ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌អាក្រក់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌អាក្រក់ ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការសម្លាប់សត្វផង។បេ។ មានសេចក្ដីឃើញខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញខុសផង។
ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌អាក្រក់ ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌ល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ មានសេចក្ដីឃើញត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌ល្អ។
ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌ល្អ ក្រៃលែងជាងបុគ្គលមានធម៌ល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងកិរិយាវៀរចាកបាណាតិបាតផង។បេ។ មានសេចក្ដីឃើញត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញត្រូវផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌ល្អ ក្រៃលែងជាងបុគ្គលមានធម៌ល្អ។
____________
អង្គុត្តរនិកាយ ចតុក្កនិបាត (ព្រះត្រៃបិដក ភាគទី៤៣)

























No comments:
Post a Comment