[១២៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥសិតនមិគទាយវ័ន ទៀបក្រុងពារាណសី - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

[១២៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥសិតនមិគទាយវ័ន ទៀបក្រុងពារាណសី

Share This

 [១២៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥសិតនមិគទាយវ័ន ទៀបក្រុងពារាណសី។


ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ហៅពួកបញ្ចវគ្គិយភិក្ខុ។បេ។

 ទ្រង់ត្រាស់ដូច្នេះថា


ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ខ្លួនទេ។


ម្នាលភិក្ខុទាំងឡាយ បើរូបនេះ ជារបស់ខ្លួន រូបនេះនឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ


បុគ្គលគប្បីបាន (នូវអំណាច) ក្នុងរូបថា រូបរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ រូបរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។


ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ខ្លួន  ព្រោះហេតុណា ព្រោះហេតុនោះ បានជារូបចេះតែប្រព្រឹត្តទៅដើម្បីអាពាធ


បុគ្គលមិនបាន (នូវអំណាច) ក្នុងរូបថា រូបរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ រូបរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។


ម្នាលភិក្ខុទាំងឡាយ វេទនាមិនមែនជារបស់ខ្លួនទេ។


ម្នាលភិក្ខុទាំងឡាយ បើវេទនានេះជារបស់ខ្លួន វេទនានេះ នឹងមិនប្រព្រឹត្តទៅដើម្បីអាពាធឡើយ


បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវេទនាថា វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនារបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ <១៥៥>


ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាវេទនាចេះតែប្រព្រឹត្តទៅដើម្បីអាពាធ


បុគ្គលមិនបាន (នូវអំណាច) ក្នុងវេទនាថា  វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនារបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។


ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនមែនជារបស់ខ្លួនទេ។


ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយមិនមែនជារបស់ខ្លួនទេ។


ម្នាលភិក្ខុទាំងឡាយ បើសង្ខារនេះជារបស់ខ្លួន សង្ខារនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ


បុគ្គលគប្បីបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សង្ខារទាំងឡាយ របស់អាត្មាអញ ចូរជាយ៉ាងនេះចុះ សង្ខារទាំងឡាយរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។


ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាសង្ខារទាំងឡាយ ចេះតែប្រព្រឹត្តទៅដើម្បីអាពាធ


បុគ្គលមិនបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សង្ខារទាំងឡាយរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ សង្ខារទាំងឡាយរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។


ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមិនមែនជារបស់ខ្លួនទេ។ <១៥៦>


ម្នាលភិក្ខុទាំងឡាយ បើវិញ្ញាណនេះ ជារបស់ខ្លួន វិញ្ញាណនឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ


បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។


ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាវិញ្ញាណចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ


បុគ្គលមិនបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។


ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាលហេតុនោះ ដូចម្តេច រូបទៀង ឬមិនទៀង។


មិនទៀងទេ ព្រះអង្គ។


ចុះរូបណាមិនទៀង រូបនោះជាទុក្ខឬជាសុខ។


ជាទុក្ខ ព្រះអង្គ។


ចុះរូបណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា អ្នកទាំងឡាយ គួរយល់ឃើញនូវរូបនោះថា

ន៎ុះរបស់អាត្មាអញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។


មិនគួរយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។ វេទនា <១៥៧>


សញ្ញា សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។


មិនទៀងទេ ព្រះអង្គ។


ចុះវិញ្ញាណណា មិនទៀង វិញ្ញាណនោះជាទុក្ខឬជាសុខ។


ជាទុក្ខ ព្រះអង្គ។


ចុះវិញ្ញាណណា ដែលមិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា អ្នកទាំងឡាយ គួរយល់ឃើញនូវវិញ្ញាណនោះថា


នុ៎ះរបស់អាត្មាអញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬទេ។


មិនគួរយល់ឃើញយ៉ាងនេះទេ ព្រះអង្គ។


ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី 


ឬរូបណា ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី រូបទាំងអស់នោះ គ្រាន់តែជារូបប៉ុណ្ណោះ 


បុគ្គលគួរឃើញនូវរូបន៎ុះ ដោយបញ្ញាដ៏ប្រពៃតាមពិតយ៉ាងនេះថា 

នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។


វេទនាណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ <១៥៨>


ឬវេទនាណា ដែល មានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី វេទនាទាំងអស់នោះ គ្រាន់តែជាវេទនាប៉ុណ្ណោះ


បុគ្គលគួរឃើញនូវវេទនាន៎ុះដោយបញ្ញាដ៏ប្រពៃតាមពិតយ៉ាងនេះថា 

នុ៎ះមិនមែនរបស់អាត្មាអញ

នុ៎ះមិនមែនជាអញ

នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។


សញ្ញាណានីមួយ សង្ខារទាំងឡាយណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី សង្ខារទាំងអស់នោះ គ្រាន់តែជាសង្ខារប៉ុណ្ណោះ


បុគ្គលគប្បីឃើញនូវសង្ខារនុ៎ះដោយបញ្ញាដ៏ប្រពៃតាមពិតយ៉ាងនេះថា 

នុ៎ះមិនមែនរបស់អាត្មាអញ 

នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។


វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណទាំងអស់នោះ គ្រាន់តែជាវិញ្ញាណប៉ុណ្ណោះ


បុគ្គលគួរឃើញនូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ <១៥៩> 


ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង កាលបើបានឃើញយ៉ាងនេះ 


រមែងនឿយណាយក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង


កាលបើនឿយណាយ រមែងប្រាសចាកតម្រេក តែងផុតស្រឡះ ព្រោះប្រាសចាកតម្រេក។


កាលបើចិត្តផុតស្រឡះហើយ ប្រាជ្ញាក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។


ព្រះអរិយសាវ័កនោះដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបាននៅរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។


លុះព្រះមានព្រះភាគទ្រង់ត្រាស់ភាសិតនេះហើយ។


ពួកបញ្ចវគ្គិយភិក្ខុ ក៏ពេញចិត្ត ត្រេកអរចំពោះភាសិត នៃព្រះមានព្រះភាគ។


កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់វេយ្យាករណ៍នេះហើយ ចិត្តរបស់បញ្ចវគ្គិយភិក្ខុ ក៏ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់។


បិដក ភាគ៣៣ ទំព័រ១៥៥ ដល់១៦០

No comments:

Post a Comment

Flag Counter