ការថ្វាយបង្គំរបស់ព្រះសក្កទេវរាជ
នាថ្ងៃមួយ ព្រះសក្កទេវរាជ (ស្តេចនៃទេវតា) បានត្រៀមព្រះកាយដើម្បីយាងទៅទស្សនាឧទ្យានសួគ៌។ មុននឹងចុះពីវិមានវេជយន្តដើម្បីឡើងរាជរថ ព្រះអង្គបានផ្គុំព្រះហស្ថថ្វាយបង្គំទៅកាន់ទិសទាំងបួន។
កាលដែលបានឃើញហេតុការណ៍នោះ មាតលីទេវបុត្រ (អ្នកបររថ) ក៏ទូលសួរថា៖
"បពិត្រព្រះទេវិន្ទ្រ! ពួកអ្នកមានវិជ្ជាទាំងបី (ត្រៃវេទ) មនុស្សលោកទាំងឡាយ ព្រះមហាក្សត្រ ព្រះចតុលោកបាលទាំងបួន និងពួកទេវតាដែលមានយសស័ក្តិសិទ្ធិ សុទ្ធតែថ្វាយបង្គំព្រះអង្គ។ ចុះហេតុអ្វីបានជាព្រះអង្គ ដែលជាទីគោរពរបស់សព្វសត្វ បែរជាផ្គុំព្រះហស្ថថ្វាយបង្គំទៅកាន់ទិសទាំងបួនវិញ? តើព្រះអង្គថ្វាយបង្គំនរណាដែរ?"
ខណៈនោះ ព្រះសក្កទេវរាជក៏មានព្រះរាជឱង្ការថា៖
"អហញ្ច សិលសម្បន្នេ - ចិររត្តសមាហិតេ,
សម្មា បព្វជិតេ វន្ទេ - ព្រហ្មចរិយ បរាយនេ។
យេ គហដ្ឋា បុញ្ញករា - សីលវន្តោ ឧបាសកា
ធម្មេន ទារំ បោសេន្តិ - តេ នមស្សាមិ មាតលី។"
"ម្នាលមាតលី! យើងថ្វាយបង្គំចំពោះអ្នកបួសដ៏ឧត្តមទាំងឡាយ ដែលមានសីលល្អ រក្សាចិត្តឱ្យស្ងប់ស្ងាត់បានយូរអង្វែង និងប្រព្រឹត្តព្រហ្មចរិយៈធម៌។
យើងក៏ថ្វាយបង្គំចំពោះគ្រហស្ថ និងឧបាសក ឧបាសិកាទាំងឡាយ ដែលជាអ្នកមានសីល តែងតែធ្វើបុណ្យកុសល និងចិញ្ចឹមប្រពន្ធកូនដោយធម៌ (ដោយសុចរិត)"។
(សក្កសំយុត្ត)
ក្នុងលោកនេះ ការការពារដ៏ស័ក្តិសិទ្ធិបំផុតមិនមែនកើតចេញពីការបន់ស្រន់ ឬសំណែនសក្ការៈនោះទេ ប៉ុន្តែវាគឺជា "រស្មីនៃគុណធម៌" ដែលភាយចេញពីខ្លួនអ្នក។ តាមពិតទៅ ពួកទេវតាមិនបានស្វែងរកមនុស្សដែលពូកែអង្វរករឡើយ តែលោកស្វែងរកមនុស្សដែលមានចរិតមារយាទស្របនឹង "ធម៌"។
ដើម្បីទទួលបានការបីបាច់រក្សាពីពពួកទេវតា អ្នកគ្រាន់តែប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ យ៉ាង៖
• រស់ដោយភាពស្មោះត្រង់៖ បង្កើតទ្រព្យសម្បត្តិដោយញើសឈាម និងភាពសុចរិត។
• សាងភាពកក់ក្តៅ៖ មើលថែមាតាបិតា និងគ្រួសារដោយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ។
• រក្សាចិត្តឱ្យស្អាត៖ ប្រកាន់ខ្ជាប់នូវសីលធម៌ និងមិនបៀតបៀនអ្នកដទៃ។
នៅពេលអ្នកមានគុណធម៌ពេញខ្លួន អ្នកនឹងក្លាយជាបុគ្គលដ៏មានតម្លៃ ដែលសូម្បីតែស្តេចនៃទេវតាក៏ត្រូវឱនព្រះសិរសាថ្វាយបង្គំដែរ។ ចងចាំថា៖ «កាលណាអ្នករស់នៅក្នុងធម៌ ធម៌នឹងក្លាយជាខែលការពារអ្នកដោយឯកឯង»។
"ចូរធ្វើខ្លួនឱ្យក្លាយជាមនុស្សម្នាក់ ដែលសូម្បីតែមេឃដីក៏កោតសរសើរ។"
បកប្រែ និងកែសម្រួលពីភាសាស្រីលង្កា
#សមាធិ #Meditation #កម្ពុជា #cambodia #សុខភាពចិត្ត #HunKhamra #Buddhism #International #Mentalhealth


























No comments:
Post a Comment