ទោះបីជាយើងបានអានព្រះត្រៃបិដក អដ្ឋកថា ឬដីកាក៏ដោយ ប៉ុន្តែបើខ្វះភាពឈ្លាសវៃក្នុងការវែកញែក និងខៃសេចក្តី (អត្ថបដិសម្ភិទា) នោះយើងនៅតែអាចយល់ខុសដដែល។ ហេតុនេះហើយ ទើបការសិក្សាអប់រំតម្រូវឱ្យយើងមានភាពហ្មត់ចត់ និងយល់ដឹងស៊ីជម្រៅ មិនមែនគ្រាន់តែទាញយកគម្ពីរមកអានតាមចិត្តនឹកឃើញ ហើយសន្និដ្ឋានថាខ្លួនឯងយល់ត្រូវនោះទេ។ ការអានដោយគ្មានវិធីសាស្ត្រ គ្មានគ្រូអាចារ្យណែនាំ ហើយគិតថាខ្លួនយល់ត្រូវ គឺជាចំណុចខ្វះខាត និងជាបញ្ហាធំមួយដែលសង្គមអ្នកសិក្សាធម៌បច្ចុប្បន្នកំពុងជួបប្រទះ។
ពេលខ្លះ ការបកស្រាយរបស់យើងអាចនឹងលម្អៀងទៅតាមទិដ្ឋិ (ការយល់ឃើញ) ផ្ទាល់ខ្លួន។ ឧទាហរណ៍៖ បើយើងជាអ្នកនិយមខាងវិបស្សនា (វិបស្សនាយានិក) យើងច្រើនតែព្យាយាមស្វែងរក និងអានតែព្រះសូត្រណាដែលព្រះអង្គតិះដៀលជសមថៈ ហើយសរសើរតែវិបស្សនា។ ការមើលតែមួយជ្រុងបែបនេះ យូរៗទៅនាំឱ្យយើងគិតថា សមថៈមិនចាំបាច់ ទៅវិញ។
ពុទ្ធបរិស័ទខ្លះមិនទាន់យល់ច្បាស់ពីមូលហេតុ ដែលព្រះភគវន្តទ្រង់តិះដៀលសមថៈនៅក្នុងបរិបទខ្លះនោះទេ ព្រះអង្គតិះដៀល មិនមែនមានន័យថា សមថៈគ្មានប្រយោជន៍ឡើយ ប៉ុន្តែព្រះអង្គមិនចង់ឱ្យយើង ជាប់ជំពាក់ ត្រឹមតែសមថៈ (ត្រឹមតែឈាន) ដោយមិនព្រមបោះជំហានទៅរកវិបស្សនា ដើម្បីដាស់សតិឱ្យឃើញសច្ចធម៌។ ទ្រង់ឱ្យយើងយកសមថៈធ្វើជាបាតគ្រឹះ។ ក្រៅពីឃ្លាដែលតិះដៀលដើម្បីដាស់តឿន ក៏មានកន្លែងជាច្រើនរាប់មិនអស់ដែលព្រះអង្គទ្រង់សរសើរ សមថៈ យ៉ាងក្រៃលែង។ ប៉ុន្តែយើងបែរជាមើលរំលង ហើយដកស្រង់តែត្រង់កន្លែងតិះដៀល មកនិយាយតៗគ្នាថា "មិនបាច់ត្រូវការសមថៈ ឬមិនបាច់ត្រូវការសមាធិ" ទៅវិញ។
សូម្បីតែកម្រិតនៃសមាធិដែលត្រូវយកមកចម្រើនវិបស្សនា ក៏យើងនៅតែខៃសេចក្តីមិនទាន់ត្រូវដែរ។ បើផ្អែកលើគម្ពីរ វិសុទ្ធិមគ្គ និងមហាដីកា ទោះបីជាយើងមិនបានចម្រើនដល់ថ្នាក់ ឈាន(អប្បនាសមាធិ) ក៏ដោយ ក៏ការធ្វើវិបស្សនានៅតែត្រូវការកម្រិតសមាធិមួយច្បាស់លាស់។ ក្នុងគម្ពីរវិសុទ្ធិមគ្គមហាដីកា លោកបានប្រើពាក្យថា ខណិកសមាធិ ប៉ុន្តែ ខណិកសមាធិ ដែលលោកពន្យល់នៅក្នុងគម្ពីរនោះ មិនមែនមានន័យត្រឹមតែសមាធិដែលកើតឡើងមួយខណៈៗដូចដែលយើងយល់ទូទៅនោះទេ; លោកពន្យល់ថា វាជាកម្រិតសមាធិដែលមានកម្លាំងស្មើនឹង ឧបចារសមាធិ ពោលគឺចិត្តដែលស្ងប់ចាកផុតពី នីវរណធម៌ ទាំងស្រុងនៅក្នុងខណៈចិត្តនោះ។
"ឧបចារសមាធិសទិសោ ខណិកសមាធិ នីវរណវិក្ខម្ភនវសេន
(ខណិកសមាធិ មានកម្លាំងស្មើនឹងឧបចារសមាធិ ដោយអំណាច នៃការកំចាត់បង់នូវនីវរណធម៌)"
មិនថាជាសមថៈយានិក ឬវិបស្សនាយានិកទេ យើងមិនអាចអះអាងថាខ្លួនឯងត្រូវ ហើយអ្នកដទៃខុសនោះឡើយ ព្រោះឧបនិស្ស័យរបស់សត្វលោកម្នាក់ៗគឺខុសៗគ្នា៖
-បើខ្លួនជា វិបស្សនាយានិក កុំទៅរិះគន់អ្នកដែលចម្រើន សមថ:។
-បើខ្លួនជា សមថយានិក ក៏កុំទៅរិះគន់អ្នកដែលចម្រើន តែ វិបស្សនា។
អ្វីដែលសំខាន់បំផុតគឺ កុំយកឧបនិស្ស័យ ឬការចូលចិត្តផ្ទាល់ខ្លួនរបស់យើង ទៅសន្និដ្ឋានទាំងបំពានថាជា ពុទ្ធវចនៈ តែមួយគត់។ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងធម៌ទៅតាមចរិត និងឧបនិស្ស័យរបស់សត្វលោក។ អ្នកមានឧបនិស្ស័យខាងសមថៈ ក៏ចម្រើនសមថៈ ឈាន និងអភិញ្ញាទៅ; ចំណែកអ្នកដែលមានឧបនិស្ស័យម្យ៉ាងទៀត ក៏ចម្រើនទៅតាមនោះ។
ប្រសិនបើត្រូវយកតែវិបស្សនាសុទ្ធ ដោយមិនបាច់ត្រូវការសមថៈសោះមែននោះ តើព្រះសម្មាសម្ពុទ្ធ និងព្រះមហាសាវ័ក ដូចជាព្រះមហាមោគ្គល្លាន ជាដើម នឹងត្រូវខំប្រឹងបំពេញបារមីរាប់សែនកប្ប ដើម្បីចម្រើនឈានសមាបត្តិធ្វើអ្វី? ម្យ៉ាងទៀត នៅក្នុង អរិយអដ្ឋង្គិកមគ្គ (មគ្គមានអង្គ ៨) ក៏មាន សម្មាសមាធិ ដែលព្រះសារីបុត្រលោកបានខៃសេចក្តីយ៉ាងច្បាស់លាស់ថា ជាឈានទី១ ទី២ ទី៣ និងទី៤ ដែរ។ បើសមាធិ គ្មានប្រយោជន៍មែននោះ តើលោកបកស្រាយ និងរៀបចំទុកនៅក្នុងអង្គមគ្គធ្វើអ្វី?
ដូច្នេះ ការសិក្សាធម៌ត្រូវមើលឱ្យគ្រប់ជ្រុងជ្រោយ និងបកស្រាយដោយចិត្តទូលាយ ទៅតាមគោលបំណងពិតនៃពុទ្ធដីកា។
#សមាធិ #Meditation #កម្ពុជា #cambodia #សុខភាពចិត្ត #HunKhamra #Buddhism #International #Mentalhealth


























No comments:
Post a Comment