ព្រះអង្គម្ចាស់ ពោធិរាជកុមារ អាភ័ព្វគ្មានបុត្រ
(ដកស្រង់ចេញពី៖ ធម្មបទអដ្ឋកថា ក្នុងរឿង កម្មវិបាក)
កាលនោះ ព្រះអង្គម្ចាស់ ពោធិរាជកុមារ បានសាងសង់ប្រាសាទដ៏វិចិត្រមួយមានឈ្មោះថា កោកនទ។ ក្នុងថ្ងៃសម្ពោធឆ្លងប្រាសាទ ព្រះអង្គបានទូលនិមន្តព្រះសម្មាសម្ពុទ្ធជាម្ចាស់ យាងមកទទួលភត្តាហារ និងសូត្រមន្តចម្រើនព្រះបរិត្ត។ដោយសារព្រះអង្គម្ចាស់ប្រាថ្នាចង់បានបុត្រជាខ្លាំង ព្រះអង្គក៏បានបញ្ជាឱ្យគេក្រាលសំពត់សខ្ចីតាំងពីមាត់ច្រកចូល រហូតដល់ខាងក្នុងប្រាសាទ រួចអធិដ្ឋានក្នុងព្រះទ័យថា៖ «ប្រសិនបើទូលបង្គំមានវាសនាបានបុត្រទុកបន្តវង្សត្រកូលមែននោះ សូមព្រះសម្មាសម្ពុទ្ធមេត្តាជាន់លើសំពត់សនេះ ហើយយាងចូលក្នុងប្រាសាទចុះ»។
ប៉ុន្តែ កាលបើព្រះពុទ្ធជាម្ចាស់យាងមកដល់ ព្រះអង្គបែរជាឈប់នៅមាត់ទ្វារ ហើយត្រាស់បង្គាប់ឱ្យព្រះអានន្ទប្រមូលសំពត់សទាំងនោះចេញ ទើបព្រះអង្គយាងចូល។ កាលដែលព្រះអង្គម្ចាស់ទូលសួរពីហេតុផល ព្រះពុទ្ធជាម្ចាស់ក៏បានពន្យល់អំពី "ផលកម្ម" ដ៏ធ្ងន់ធ្ងរពីអតីតជាតិរបស់អ្នកទាំងពីរ៖
រឿងរ៉ាវនៃកម្មពៀរ៖
កាលពីជាតិមុន ព្រះអង្គម្ចាស់ និងមហេសី បានធ្វើដំណើរតាមសំពៅ ប៉ុន្តែជាអកុសល សំពៅនោះបានលិចកណ្តាលមហាសមុទ្រ។ អ្នកទាំងពីរបានហែលទៅកើយកោះមួយ ហើយស្នាក់នៅទីនោះ។ ដោយសារគ្មានអាហារអ្វីបរិភោគ អ្នកទាំងពីរបាននាំគ្នាចាប់សត្វស្លាបតូចៗមកសម្លាប់ និងយកពងសត្វមកដុតបរិភោគដើម្បីចិញ្ចឹមជីវិតអស់កាលជាយូរអង្វែង។
ដោយសារអកុសលកម្មដែលបាន «សម្លាប់ជីវិតកូនសត្វ និងបំផ្លាញពងសត្វ» យ៉ាងច្រើនសន្ធឹកសន្ធាប់ដោយគ្មានចិត្តមេត្តាបែបនេះហើយ ទើបជាតិកាលនេះ ព្រះអង្គម្ចាស់ត្រូវក្លាយជាមនុស្សអាភ័ព្វ មិនអាចមានបុត្រសូម្បីតែម្នាក់ ទោះបីជាមានបុណ្យស័ក្តិខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ។
ហេតុនេះ សប្បុរសជនទាំងឡាយអើយ! សូមមេត្តាពិចារណាឱ្យបានដិតដល់ រាល់រង្វង់នៃអំពើ (កម្ម) មិនថាការគិត ការនិយាយ ឬការធ្វើ ព្រោះផលកម្មតែងតាមលងបន្លាចយើងដូចស្រមោលអន្ទោលតាមប្រាណដូច្នោះឯង។
រៀបរៀងដោយ៖ ព្រះភិក្ខុ រិទិយគម សុធម្មាភិវង្ស
សូមអនុមោទនា
អត្ថបទបកប្រែ និងកែសម្រួលពីភាសាស្រីលង្កា
#សមាធិ #Meditation #កម្ពុជា #cambodia #សុខភាពចិត្ត #HunKhamra #Buddhism #International #Mentalhealth


























No comments:
Post a Comment