ឧព្វរីវគ្គ ទី ២
[១៣] រឿងសំសារមោចកប្រេត ទី ១ (ប្រេតដែលរួចចាកសង្សារទុក្ខ)
(បិដក.៥៦/ទំព័រ.២១)
(ព្រះសារីបុត្តសួរថា) ម្នាលស្រីស្គម មានឆ្អឹងជំនីរគោម នាងស្រីអាក្រាត មានរូបអាក្រក់ក្រៃពេក មានខ្លួនស្គាំស្គម មានខ្លួនរវាមដោយសរសៃ នាងជាអ្វី មកឋិតនៅទីនេះ។
(នាងប្រេតតបថា) បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំជាស្រីប្រេតដល់នូវសេចក្ដីទុក្ខ ជាយមលោកសត្វ ស្លាប់អំពីមនុស្សលោកនេះហើយ បានទៅកាន់បេតលោក ព្រោះធ្វើបាបកម្ម។
ចុះអំពើអាក្រក់ ដែលនាងបានធ្វើដោយកាយ វាចា ចិត្ត តើដូចម្ដេច នាងទៅកាន់បេតលោក អំពីមនុស្សលោកនេះ ព្រោះវិបាកនៃកម្មដូចម្ដេច។
បពិត្រលោកដ៏ចំរើន បិតាមាតា ឬពួកញាតិ ជាអ្នកអនុគ្រោះដល់ខ្ញុំ គប្បីដឹកនាំខ្ញុំថា នាងចូរមានចិត្តជ្រះថ្លាឱ្យទានដល់ពួកសមណព្រាហ្មណ៍ (ដូច្នេះ) ពុំមានឡើយ។ ខ្ញុំទើបបានជាស្រីអាក្រាតមានសភាពយ៉ាងនេះ តែត្រាច់ទៅអស់ ៥០០ ឆ្នាំ ចាប់ដើមអំពីឆ្នាំនេះទៅ ទំពាស៊ីដោយសេចក្ដីស្រេកឃ្លានផង ដោយចំណង់ផង នេះជាផលនៃបាបកម្មរបស់ខ្ញុំ។ បពិត្រលោកម្ចាស់ ខ្ញុំមានចិត្តជ្រះថ្លា សូមថ្វាយបង្គំលោកម្ចាស់ បពិត្រលោកម្ចាស់ អ្នកមានព្យាយាម មានអនុភាពធំ សូមលោកអនុគ្រោះខ្ញុំ សូមលោកឱ្យទេយ្យធម៌ណានីមួយ ឧទ្ទិសដល់ខ្ញុំផង បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់ដោះខ្ញុំឱ្យរួចអំពីទុគ្គតិផងចុះ។
ព្រះសារីបុត្តនោះ ជាអ្នកអនុគ្រោះ ទទួលស្ដាប់ពាក្យស្រីប្រេតនោះ ថាសាធុដូច្នេះ ហើយ បានប្រគេននូវពំនូតបាយ នូវសំពត់ប្រមាណប៉ុនបាតដៃផង និងទឹកដែលគួរក្រេបផឹកមួយផ្តិលដល់ភិក្ខុទាំងឡាយរួចហើយ ឧទ្ទិសទក្ខិណាទានដល់ស្រីប្រេតនោះ វិបាកក៏កើតឡើងក្នុងលំដាប់ដែលឧទ្ទិសហើយ ភោជនាហារ និងសំពត់ស្លៀកពាក់ និងទឹកដែលគួរក្រេបផឹក ក៏កើតឡើង នេះជាផលនៃទក្ខិណា លំដាប់នោះ ស្រីប្រេតនោះ ជាស្រីស្អាត ស្លៀកពាក់សំពត់ស្អាតទ្រទ្រង់នូវសំពត់ដ៏ឧតម្ភជាងសំពត់ដែលកើតក្នុងដែនកាសី មានគ្រឿងវត្ថាភរណៈដ៏វិចិត្រ ចូលទៅរកព្រះសារីបុត្រ។
(ព្រះសារីបុត្រសួរថា) ម្នាលទេវធីតា នាងមានសម្បុរល្អ ភ្លឺសព្វទិសដូចជាផ្កាយព្រឹក។ សម្បុររបស់នាងប្រាកដដូច្នោះហេតុអ្វី ផលនៃសេចក្ដីសុចរិតសម្រេចដល់នាងក្នុងពេលនេះដោយហេតុអ្វី បានភោគៈទាំងឡាយណានីមួយដែលជាទីពេញចិត្ត កើតឡើងដល់នាង។ ម្នាលទេវធីតា ដ៏មានអានុភាពច្រើន យើងសូមសួរនាង នាងកាលកើតជាមនុស្ស បានធ្វើបុណ្យដូចម្ដេច នាងមានអានុភាពភ្លឺផ្លេក ទាំងសម្បុររបស់នាងក៏ភ្លឺសព្វទិស យ៉ាងនេះ ដោយបុញ្ញកម្ម ដូចម្តេច។
(ប្រេតតបថា) ព្រះអង្គសាវ័ក ជាអ្នកប្រាជ្ញក្នុងលោក ប្រកបដោយសេចក្តីករុណា បានឃើញនូវខ្ញុំជាស្រីស្គម មានសម្បុរលឿង មានសេចក្តីស្រេកឃ្លាន ជាស្រីអាក្រាត មានសម្បុរស្បែកកគ្រោតគ្រាត ដល់នូវសេចក្តីទុក្ខលំបាក ហើយបានប្រគេនពំនូតបាយផង សំពត់ប្រមាណប៉ុនបាតដៃផង ទឹកគួរផឹកប្រមាណមួយផ្តឹលផង ដល់ភិក្ខុទាំងឡាយ ហើយបានឧទ្ទិស (នូវទក្ខិណាទានដល់ខ្ញុំ)។
សូមលោកឃើញផលពំនូតបាយចុះ ខ្ញុំជាស្រីបាននូវកាមតាមចំណង់ បរិភោគនូវភត្តអស់មួយពាន់ឆ្នាំ ប្រកបដោយម្ហូបមានរសជាអនេក។ សូមលោកឃើញនូវវិបាកនៃសំពត់ប្រមាណប៉ុនបាតដៃ ប្រាកដដូចម្តេច បពិត្រលោកម្ចាស់ដ៏ចំរើន សំពត់សម្រាប់ស្លៀកពាក់ សំពត់ទាំងអស់នោះ តែងសំយុតចុះមកអំពីអាកាស សំពត់ណាដែលជាទីពេញចិត្ត ខ្ញុំក៏ស្លៀកពាក់នូវសំពតនោះ។ សូមលោកឃើញនូវវិបាកនៃទឹកផឹកប្រមាណមួយផ្តិល ប្រាកដដូចម្តេច ស្រះបោក្ខរណីក៏ជ្រៅ មានជ្រុង ៤ ដែលបុញ្ញកម្មនិម្មិតល្អហើយ មានទឹកថ្លា មានកំពង់រាបស្មើ មានទឹកត្រជាក់ មានក្លិនក្រអូបដេរដាសដោយផ្កាបទុម និងឧប្បល។ ខ្ញុំនោះ រីករាយ លេងសប្បាយ ឥតមានភ័យពីទីណាៗ ឡើយ បពិត្រលោកដ៏ចំរើន ខ្ញុំមកដើម្បីថ្វាយបង្គំលោក ជាអ្នកប្រាជ្ញ ប្រកបដោយសេចក្តីករុណា ក្នុងលោក។
ចប់ រឿងសំសារមោចកប្រេត ទី ១

























No comments:
Post a Comment