ព្រះ​ត្រៃបិដក​ ១៦/[៦៨] អបរិហានិយធម៌ ៧ យ៉ាងសម្រាប់គ្រប់គ្រងរដ្ឋ - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ព្រះ​ត្រៃបិដក​ ១៦/[៦៨] អបរិហានិយធម៌ ៧ យ៉ាងសម្រាប់គ្រប់គ្រងរដ្ឋ

Share This

 ព្រះ​ត្រៃបិដក​ ១៦/[៦៨] អបរិហានិយធម៌ ៧ យ៉ាងសម្រាប់គ្រប់គ្រងរដ្ឋ

សម័យនោះឯង ព្រះអានន្ទមានអាយុ ឋិតនៅអំពីខាងក្រោយព្រះមានព្រះភាគ កំពុងពាត់ (បក់) ថ្វាយព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ និងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី មានការប្រជុំគ្នារឿយៗ មានការប្រជុំគ្នាដោយច្រើន ដូច្នេះដែរឬ។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដំណឹងនេះថា ពួកស្តេចក្នុងដែនវជ្ជី មានការប្រជុំគ្នារឿយៗ មានការប្រជុំគ្នាដោយច្រើនដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងមានការប្រជុំរឿយៗ មានការប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើនតែងមានប្រាកដដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ អស់កាលត្រឹមណោះ។

ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ចក្នុងដែនវជ្ជី ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ចក្នុងដែនវជ្ជីដូច្នេះដែរ។ ម្នាលអានន្ទ បើពួកវជ្ជីក្សត្រិយ៍នឹងព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ចក្នុងដែនវជ្ជី អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើនតែងមានប្រាកដដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យមិនមានឡើយ អស់កាលត្រឹមណោះ។

ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍មិនបញ្ញត្តច្បាប់ដែលពួកស្តេចពីដើមមិនបានបញ្ញត្ត មិនដកច្បាប់ដែលបានបញ្ញត្តរួចហើយ កាន់តាមប្រព្រឹត្តតាមច្បាប់ក្នុងដែនវជ្ជីអំពីបូរាណដែលបានបញ្ញត្តរួចហើយ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍មិនបញ្ញត្តច្បាប់ដែលពួកសេ្តចពីដើមមិនបានបញ្ញត្ត មិនដកច្បាប់ដែលបានបញ្ញត្តរួចហើយ កាន់តាមប្រព្រឹត្តតាមច្បាប់ក្នុងដែនវជ្ជីអំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណាដូច្នេះដែរ។ ម្នាលអានន្ទ បើពួកវជ្ជីក្សត្រិយ៍នឹងមិនបញ្ញត្តច្បាប់ដែលស្តេចពីដើមមិនបានបញ្ញត្តហើយ មិនដកច្បាប់ដែលបានបញ្ញត្តរួចហើយ កាន់តាមប្រព្រឹត្តតាមច្បាប់ក្នុងដែនវជ្ជីអំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើនតែងមានប្រាកដដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យមិនមានឡើយ អស់កាលត្រឹមណោះ។

ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ ធ្វើសក្ការៈ គោរព រាប់អាន បូជាពួកវជ្ជីក្សត្រិយ៍ដែលមានព្រះជន្មច្រើនជាង និងជឿពាក្យ ដែលគួរស្តាប់របស់ពួកក្សត្រិយ៍ដែលមានព្រះជន្មច្រើនទាំងនោះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍តែងធ្វើសក្ការៈ គោរព រាប់អាន បូជាពួកវជ្ជីក្សត្រិយ៍ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងជឿពាក្យដែលគួរស្តាប់របស់ពួកក្សត្រិយ៍ ដែលមានព្រះជន្មច្រើនទាំងនោះថាជាពាក្យគួរស្តាប់ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកវជ្ជីក្សត្រិយ៍នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាពួកវជ្ជីក្សត្រិយ៍ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងជឿពាក្យគួរស្តាប់របស់ពួកក្សត្រិយ៍ដែលមានព្រះជន្មច្រើនទាំងនោះ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើនតែងមានប្រាកដដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យមិនមានឡើយ អស់កាលត្រឹមណោះ។

ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ មិនកំហែងបង្ខំពួកស្រីក្នុងត្រកូល ពួកកុមារីក្នុងត្រកូលឱ្យនៅរួម ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍មិនកំហែងបង្ខំពួកស្រីក្នុងត្រកូល ពួកកុមារីក្នុងត្រកូលឱ្យនៅរួមដូច្នេះដែរ។ ម្នាលអានន្ទ បើពួកវជ្ជីក្សត្រិយ៍នឹងមិនកំហែងបង្ខំពួកស្រីក្នុងត្រកូល ពួកកុមារីក្នុងត្រកូលឱ្យនៅរួម អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើនតែងមានប្រាកដដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យមិនមានឡើយ អស់កាលត្រឹមណោះ។

ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ តែងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយក្នុងដែនវជ្ជីរបស់ពួកអ្នកដែនវជ្ជីដែលនៅខាងក្នុងនគរក្តី ខាងក្រៅនគរក្តី និងមិនធ្វើគ្រឿងបូជាប្រកបដោយធម៌ដែលគេធ្លាប់ថ្វាយឱ្យសាបសូន្យទៅ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍តែងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយក្នុងដែនវជ្ជីរបស់ពួកអ្នកដែនវជ្ជីដែលនៅខាងក្នុងនគរក្តី ខាងក្រៅនគរក្តី និងមិនធ្វើគ្រឿងបូជាប្រកបដោយធម៌ដែលគេធ្លាប់ថ្វាយធ្លាប់ធ្វើដល់ចេតិយទាំងនោះឱ្យសាបសូន្យទៅដូច្នេះដែរ។ ម្នាលអានន្ទ បើពួកវជ្ជីក្សត្រិយ៍នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយក្នុងដែនវជ្ជី និងមិនធ្វើគ្រឿងបូជាប្រកបដោយធម៌ដែលគេធ្លាប់ថ្វាយឱ្យសាបសូន្យទៅ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើនតែងមានប្រាកដដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យមិនមានឡើយ អស់កាលត្រឹមណោះ។

ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ បានចាត់ចែងត្រឹមត្រូវនូវការរក្សាការពារ និងការគ្រប់គ្រងប្រកបដោយធម៌ក្នុងអរហន្តទាំងឡាយ ដោយបំណងថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយដែលមិនទាន់មកក៏សូមឱ្យមកកាន់ដែនរបស់យើង ព្រះអរហន្តទាំងឡាយដែលមកស្រាប់ហើយក៏សូមឱ្យគង់នៅជាសុខក្នុងដែនរបស់យើង ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍បានចាត់ចែងដោយត្រឹមត្រូវនូវការរក្សាការពារ និងការគ្រប់គ្រងប្រកបដោយធម៌ក្នុងព្រះអរហន្តទាំងឡាយដូច្នេះដែរ។ ម្នាលអានន្ទ បើពួកវជ្ជីក្សត្រិយ៍នឹងចាត់ចែងដោយត្រឹមត្រូវនូវការរក្សាការពារ និងការគ្រប់គ្រងប្រកបដោយធម៌ក្នុងព្រះអរហន្តទាំងឡាយ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើនតែងមានប្រាកដដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យមិនមានឡើយ អស់កាលត្រឹមណោះ។

No comments:

Post a Comment

Flag Counter