ឃរាវាសធម៌
ឃរាវាសធម៌ គឺជាធម៌ ឬច្បាប់សម្រាប់គ្រហស្ថអ្នកគ្រប់គ្រងផ្ទះ កាន់ឬប្រព្រឹត្តតាម ។ គ្រហស្ថទាំងឡាយដែលជាអ្នកគ្រប់គ្រងផ្ទះសំបែងតែងមានភរិយា បុត្រធីតាដែលជាសមាជិកនៃគ្រួសាររៀងៗខ្លួន ។ សមាជិកទាំងនោះ តែងបានចរិតខុសៗ ទោះបីអ្នកទាំងនោះមានឈាមជ័រតែមួយក៏ដោយ ។ ខ្លះមាននិស្ស័យចូលចិត្តសប្បាយ ហើយនិយាយច្រើន ខ្លះចូលចិត្តកំប្លែងលេង ក្រម៉ិចក្រមើម ខ្លះចូលចិត្តកុហកគេឯង ប្រើល្បិចគ្រប់យ៉ាង ខ្លះស្មោះត្រង់ ខ្លះចូលចិត្តស្ងប់ស្ងាត់ មិនចង់បានមានអ្វីហួសហេតុដែល ផ្ទុយពីចរិយាសម្បត្តិមាតាបិតា ។ ដូច្នេះហើយ បានជាព្រះសម្មាសម្ពុទ្ធទ្រង់បានសំដែងឃរាវាសធម៌ក្នុងគ្រួសារសម្រាប់អនុវត្តក្នុងគ្រួសារ បើនិយាយពីសេដ្ឋកិច្ចនៃពុទ្ធសាសនា មានលំដាប់ដូចតទៅ៖
ប្រយោជន៍ ៣ យ៉ាង (Three Kinds of Benefits)
១- ទិដ្ឋធម្មិកត្ថប្រយោជន៍ (The Benefit in The Present) សេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន ។
២- សម្បរាយិកត្ថប្រយោជន៍ (The Benefit here After) សេដ្ឋកិច្ចសម្រាប់ជីវិតថ្មី ។
៣- បរមត្ថប្រយោជន៍ (The Benefit Of Ultimate Reality) សេដ្ឋកិច្ចសម្រាប់ជីវិតបាននិព្វាន ។
កំណត់ចំណាំ : សាសនាឯទៀត បានត្រឹមប្រយោជន៍ ២ ទៅមិនដល់ព្រះនិព្វានទេ ។ មានតែ ពុទ្ធសាសនា មួយប៉ុណ្ណោះ ដែលបានសម្រេចដល់ប្រយោជន៍ខ្ពស់បំផុត គឺ ព្រះនិព្វាន ៕
អ្នកអានគប្បីដឹងថា សេដ្ឋកិច្ចទាំង ៣ ប្រភេទនេះ បើស្តីអំពីលំដាប់ដែលគេត្រូវធ្វើ, ត្រូវប្រកបណាមុន ណាបន្ទាប់ ណាក្រោយធាតុនេះមានខ្ទង់លេខដូចសរសេរមកហើយនេះ ។ លោកិយធម្មទាន ប្រែថា ការឲ្យធម៌ដល់មនុស្សលោក ដោយន័យថា ការឲ្យបញ្ញាការឲ្យចំណេះវិជ្ជាសម្រាប់ធ្វើឲ្យបានចំរើនក្នុងឥធលោក(លោកបច្ចុប្បន្ន)និងបរលោក(លោកខាងមុខ)បានដល់ វិជ្ជាពុទ្ធសាសនា ថ្នាក់ដំបូង ថ្នាក់កណ្តាល ថ្នាក់បំផុត វិជ្ជាអក្សរសាស្ត្រ គណិតវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។
* វិជ្ជាពុទ្ធសាសនាចែកជា ៣ ថ្នាក់ គឺ ថ្នាក់ដំបូង (ថ្នាក់ទី១), ថ្នាក់កណ្តាល (ថ្នាក់ទី២) និង ថ្នាក់បំផុត (ថ្នាក់ទី៣) ។ វិជ្ជាថ្នាក់ដំបូង បានដល់ ទិដ្ឋធម្មិកត្ថប្រយោជន៍ (ប្រយោជន៍បច្ចុប្បន្ន) មាន ៤ យ៉ាងគឺ ១) ឧដ្ឋានសម្បទា, ២) អារក្ខសម្បទា, ៣) កល្យាណមិត្តតា, និង ៤) សមជីវិតា ។ វិជ្ជាថ្នាក់កណ្តាលបានដល់ សម្បរាយិកត្ថប្រយោជន៏ (ប្រយោជន៍បរលោក) មាន ៤ យ៉ាងគឺ ១) សទ្ធសម្បទា, ២) សិលសម្បទា, ៣) ចាគសម្បទា, និង ៤) បញ្ញាសម្បទា ។ វិជ្ជាថ្នាក់បំផុតបានដល់ បរមត្ថប្រយោជន៍ គឺប្រយោជន៍ល្អិតសុខុម ឯកន្តបរមសុខ (សុខក្នុងព្រះនិព្វាន)មាន ៣ យ៉ាងគឺ អធិសីល,អធិសមាធិ, និងអធិបញ្ញា ។ ទាំង ៣ នេះហៅថា ត្រៃសិក្ខា ។
ចំណែកឯព្រះពុទ្ធសាសនាបានលើកអំពីគំនោលសីលធម៌ ដែលជាប់ទាក់ទងដល់គំនោលសេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន គឺ ៖
គំនោលសេដ្ឋកិច្ចជាន់ទាប បានដល់ការប្រៀនប្រដៅមនុស្សឱ្យខំប្រឹងតាំងខ្លួន ពង្រីកជំហរឱ្យមាំមួន រឹងប៉ឹងក្នុងឋានៈសេដ្ឋកិច្ច គឺបំពេញសេចក្តីត្រូវការរបស់មនុស្ស។ ទ្រឹស្តីនៃពុទ្ធសាសនា ដែលគេឃើញមានការទាក់ទងទៅនឹងសេដ្ឋកិច្ចផ្ទាល់ខ្លួនមនុស្សម្នាក់ៗ គ្រួសារ ឫសង្គមជាទូទៅនោះ មានដូចជាៈ ទិដ្ឋធម្មិកត្ថប្រយោជន៍ (Buddhist Economic)ប្រយោជន៍ក្នុងពេលបច្ចុប្បន្ន ប្រយោជន៍ទាន់ភ្នែក ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងនិគមឈ្មោះ កក្ករបត្តៈ របស់កោឡិយក្សត្រ ក្នុងដែន កោឡិយៈ ។ គ្រានោះ ទីឃជាណុកោឡិយបុត្រ (កោឡិយបុត្រ ឈ្មោះ ទីឃជាណុ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគរួចហើយ អង្គុយក្នុងទីសមគួរ ។ លុះទីឃជាណុកោឡិយបុត្រ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា ខ្ញុំព្រះអង្គជាគ្រហស្ថជាអ្នកគ្រប់គ្រងផ្ទះ សម្បែង បរិភោគកាម តែគ្រប់គ្រងទីដំណេកចង្អៀតចង្អល់ដោយ មានបុត្រភរិយា ត្រូវកាត្រូវការស្វែងរកទ្រព្យ ដើម្បីនឹងចិញ្ចឹមគ្រួសារ, សូមព្រះអង្គទ្រង់សំដែងនូវធម៌ណាមួយ សម្រាប់ជន ជាគ្រហស្ថក្នុងបច្ចុប្បន្ននេះ ព្រមទាំងធម៌ដែលគួរ ប្រតិបត្តិ សម្រាប់កាលក្នុងបរលោកផង។ ក្នុងគ្រានោះ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងអំពីអត្ថប្រយោជន៍ទាំងក្នងបច្ចុប្បន្ន និងក្នុងបរលោក។ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្នដើម្បីសេចក្ដីសុខក្នុងបច្ចុប្បន្នដល់កុលបុត្រ ។ ប្រយោជន៍ដែលបុគ្គលបានបំពេញ ដោយសេចក្តីខ្មីឃ្មាតហើយបានផល យ៉ាងជាក់ច្បាស់ក្នុងជាតិនេះ ហៅថា« ទិដ្ឋធម្មិកត្ថ ” ។ ទិដ្ឋធម្មិកត្ថ (ប្រយោជន៍ក្នុងពេលបច្ចុប្បន្ន) បានដល់ការរៀបចំខ្លួនឱ្យមានជំហររឹងប៉ឹង ដើម្បីរស់នៅក្នុងលោកនេះបានស្រួលបានដល់ការបង្រៀនឱ្យតាំងខ្លួននៅក្នុងភាពមាំទាំតាមផ្លូវសេដ្ឋកិច្ច។ ពុំមានពុទ្ធឱវាទណាមួយ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រដៅឱ្យ មនុស្ស និង ទេវតា មានសេចក្តីខ្ជិលឡើយ ប៉ុន្តែទ្រង់ត្រាស់សំដែងអំពីមនុស្សពាល ព្រោះកាត់បង់នូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ និងប្រយោជន៍ក្នុងលោកខាងមុខ ។ ការដោះស្រាយឲ្យរួចចាកភាពទ័លក្រ ត្រូវដោះស្រាយដោយ កម្មវិធី ២ យ៉ាង គឺ ប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុង បរលោក១ ។
ប្រយោជន៍ក្នុងលោកនេះ បានដល់ក្នុងលោកដែលកំពុងរស់នៅ មានអត្តភាពជាមនុស្សយើងត្រូវអនុវត្តប្រព្រឹត្តិតាមផ្លូវត្រឹមត្រូវតាមធម៌(ស្ថាបនាជីវិតតាមបន្ទាត់ នៃពុទ្ធសាសនា)ធ្វើតាមវិធីសាស្រ្តព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងអំពីប្រយោជន៍ក្នុងពេលបច្ចុប្បន្នមាន ៤ យ៉ាង
(The Four benefits in the present) តើដូចម្ដេច ?គឺ
១-ឧដ្ឋានសម្បទា មានន័យថា ខ្លួនយើងត្រូវព្យាយាមរកស៊ីធ្វើការងារទាំងយប់ ទាំងថ្ងៃមិនខ្ចិលច្រអូស។
២-អារក្ខសម្បទា មានន័យថា កាលយើងរកលុយកាក់បានមកហើយ ការពារភ្លើងចេះ ត្រូវចេះបែងចែកក្នុងការចំណាយប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃ មួយផ្នែកទៀតត្រូវចេះសន្សំទុកក្នុង ធនាគារ ឲ្យគង់វង្សសម្រាប់តម្កល់ទុកនៅថ្ងៃខាងមុខនៅពេលមានអាសន្នអន្ធក្រ។
៣-កល្យាណមិត្តតា មានន័យថា ត្រូវចេះសេពគប់មិត្តណាមានប្រយោជន៍សង្គ្រោះគ្នា ជួយគ្នាគ្រាមានទុក្ខលំបាក មនុស្សដែលមានសន្តានចិត្តល្អ មិនសេពគប់មនុស្សអន្ធពាល អសប្បុរស កាលបើត្រូវការនឹងសេពគប់ គួរពិនិត្យជ្រើសរើសដោយមត់ចត់ចាំរាប់គេជាមិត្ត មិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ។
៤-សមជីវិតា មានន័យថា មិនចំណាយលើស ពីចំណូល ទ្រព្យសម្បត្តិតិចក្តី ច្រើនក្តី ដែលបានមកនោះ ត្រូវលៃលកចាយវាយ តាមសមគួរ ដល់ចំនួនទ្រព្យចំណូល មិនត្រូវចំណាយឲ្យច្រើនហួសហេតុ ដោយអាការចាយវាយកញ្ជះកញ្ជាយពេកឡើយ ។ ការដឹងប្រមាណ ក្នុងចំណូលចំណាយស្មើល្អ តាមសមគួរដល់កម្លាំងទ្រព្យសម្បត្តិដែលខ្លួនមាន ដោយការចេះលៃសំចៃឲ្យសមរម្យស្មើល្អ មិនមែនចេះតែចង់ហ៊ឺហាឡូយឆាយ ហើយទូលាយដោយការចាយវាយនោះឡើយ ។
Read More
No comments:
Post a Comment