សុជីវធម៌ សីលធម៌ និងគុណធម៌ អាចចាត់ទុកជាកន្សោមមួយនៃគុណតម្លៃ ដែលមនុស្សមិនអាចខ្វះបាន។ គ្រាន់តែថា ធម៌ទាំងបីនេះ មានតម្លៃខុសគ្នាប៉ុណ្ណោះ។
សុជីវធម៌ សំដៅលើកាយវិការសមរម្យ និងវាចាពីរោះពិសា ដែលសង្គម ទទួលស្គាល់ និងឲ្យតម្លៃ។ ឥរិយាបថ ដែលមើលទៅគប្បីភ្នែក និងពាក្យសម្តី ដែលស្តាប់ទៅមិនទើសត្រចៀក ហើយមនុស្សទូទៅក្នុងសង្គម នាំគ្នាប្រកាន់ខ្ជាប់ និងប្រព្រឹត្តជារៀងរាល់ថ្ងៃ គឺជាសុជីវធម៌។
នៅពេល យុវជនម្នាក់ ជួបចាស់ព្រឹទ្ធាចារ្យ ហើយលើកទៅសំពះ និងពោលពាក្យជម្រាបសួរ គឺហៅថា សុជីវធម៌។
ផ្ទុយមកវិញ បើបុគ្គលណា ខ្វះសុជីវធម៌ សកម្មភាពនិងពាក្យពេចន៍របស់គេ ប្រាកដជាមើលទៅឆ្គងភ្នែក និងទើសត្រចៀករបស់អ្នកដទៃជាមិនខាន។ ជាក់ស្តែង ការខាកស្តោះ និងការបោះចោលសំរាម ជាដើម នៅលើសួនច្បារ ឬទីកម្សាន្ត គឺជាទង្វើដែលខ្វះសុជីវធម៌។
បើបុគ្គលណាមួយ គ្មានសុជីវធម៌ ទង្វីឬពាក្យសម្តីរបស់គេ មិនសូវមានទម្ងន់ ដែលធ្វើឲ្យអ្នកដទៃឈឺចាប់នោះទេ ព្រោះវា គ្រាន់តែជាទង្វើ និងសម្តី ដែលមនុស្សផងគ្នា មិនសូវពេញចិត្តប៉ុណ្ណោះ។
រីឯ សីលធម៌ ហាក់សំដៅទៅលើចិត្តនិងចេតនា ជាជាងកាយវិការ និងពាក្យសម្តី។ សីលធម៌ គឺជាភាពត្រឹមត្រូវរបស់មនុស្ស ដែលប្រកាន់ខ្ជាប់ក្នុងចិត្ត ទោះជាមានអ្នកដទៃដឹង ឬមិនដឹងក៏ដោយ។ ការតាំងចិត្តថា មិនធ្វើអំពើអាក្រក់ ឬមិនប្រព្រឹត្តទង្វើមិនគប្បីណាមួយ ដែលបង្កការឈឺចាប់ដល់អ្នកដទៃ ហៅថាសីលធម៌។
ការមិនសម្លាប់ ការមិនបៀតបៀន ការមិនកុហក ការមិនប្រព្រឹត្តកាមគុណលើកូន ប្រពន្ធ និងប្តីរបស់អ្នកដទៃ គឺសុទ្ធសឹងតែជាសីលធម៌ ដែលក្នុងភាសាព្រះពុទ្ធសាសនា ហៅថាសីល។ មែនទែនទៅ សូម្បីតែ មិនធ្វើទង្វើណាមួយ ដែលប៉ះទង្គិចផ្លូវចិត្តអ្នកណាម្នាក់ ក៏ចាត់ទុកថា មានសីលធម៌ដែរ។
ពេលខ្លះ សីលធម៌ ឬអសីលធម៌ ក៏អាចបង្ហាញតាមរយៈកាយវិការ និងវាចាដែរ។
នៅពេលបុរសណាម្នាក់ មិនធ្វើទង្វើ ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នារី គឺចាត់ទុកថាបុរសនោះ មានសីលធម៌ ចំពោះនារី។ តែ បើបុរសណាម្នាក់ ហ៊ានប៉ះពាល់រាងកាយរបស់នារី ដោយមានលក្ខណៈបែបជ្រុសហួសប្រមាណ ឬក៏ប្រើពាក្យអាសអាភាសដាក់នាង ហៅថា អសីលធម៌។ អសីលធម៌ គឺនៅត្រង់ថា ទង្វើរបស់បុរសនោះ ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់នារី។
ចំណែក គុណធម៌ គឺជាចិត្តមេត្តា ដែលកើតមានចំពោះអ្នកដទៃ ហើយចង់ជួយអ្នកដទៃ តាមរបៀប ឬមធ្យោបាយណាមួយ។ អាចនិយាយត្រឡប់មកវិញថា ឲ្យតែអ្នកដទៃ ទទួលបានផលអ្វីមួយ ដែលជាអំពើល្អ អំពើជាប្រយោជន៍ ការអធ្យាស្រ័យ ឬក៏ការលើកលែងទោសពីអ្នក ហៅថាគុណធម៌។
បើ អ្នកមានទ្រព្យច្រើន ហើយលះបង់ទ្រព្យខ្លះ ដើម្បីជួយអ្នកក្រខ្សត់ ហៅថាគុណធម៌។ បើអ្នកមានចំណេះដឹង ហើយចែករំលែកចំណេះដឹងទៅឲ្យអ្នកដទៃ ព្រោះចង់ឲ្យអ្នកដទៃ មានចំណេះដឹងដូចខ្លួន ហៅថាគុណធម៌។ ឃើញអ្នកដទៃ មានទុក្ខសោក អ្នកទៅជួយរកធម្យោបាយ ដើម្បីរំសាយទុក្ខសោកនោះ ហៅថាគុណធម៌។ បុគ្គលណាម្នាក់ ធ្វើខុសចំពោះអ្នក ហើយអ្នកលើកលែងទោសឲ្យ ហៅថាគុណធម៌។
ការមានក្តីសន្តោស ការអត់ឱន និងចេតនាចង់ជួយអ្នកដទៃ គឺជាធាតុរបស់បុគ្គល ដែលមានគុណធម៌។ ការមិនច្រណែន ការមិនគុំកួន ការមិនព្យាបាទ ការមិនធ្វើបាបអ្នកដទៃ ក៏ជាធាតុរបស់បុគ្គល ដែលមានគុណធម៌ដែរ។
សុជីវធម៌ មិនអាចអាចកំណត់ថា មនុស្សល្អឬអាក្រក់បានឡើយ។ អ្នកខ្លះ មើលទៅដូចជាមានសុជីវធម៌ដែរ ដូចជាបង្ហាញ ឥរិយាបថសុភាពរាបសា ទន់ភ្លន់ ចេះគួរសម ហើយត្រឹមត្រូវសម្បើមណាស់ ប៉ុន្តែមានចិត្តឈ្នានីស និងរុកកួនអ្នកដទៃ ក៏ថាបាន។ សុជីវធម៌ គ្រាន់តែរូបភាពខាងក្រៅរបស់មនុស្សប៉ុណ្ណោះ មិនអាចកំណត់ទាំងស្រុងថាមនុស្សនោះ ជាមនុស្សល្អ ដែលមានសីលធម៌ ឬគុណធម៌ឡើយ។ មានសុជីវធម៌ តែមិនមានសីលធម៌ និងខ្វះគុណធម៌ គឺមិនទាន់គ្រប់គ្រាន់ឡើយ។
មានសីលធម៌ ទើបអាចកំណត់បានថាជាមនុស្សល្អ។ សីលធម៌ មានតម្លៃខ្ពស់ជាងសុជីវធម៌។ អ្នក ដែលមិនធ្វើអំពើអាក្រក់ដាក់អ្នកដទៃ គឺជាអ្នកដែលមានសីលធម៌ ឬហៅថាសីល។ ប៉ុន្តែ សីលធម៌ មិននិយាយដល់ការជួយអ្នកដទៃ ឬមិនជួយនោះទេ គឺនិយាយត្រឹមថា មិនធ្វើអំពើអាក្រក់ប៉ុណ្ណោះ។
ក្នុងចំណោមធម៌ទាំងបី គុណធម៌ ហាក់មានតម្លៃខ្ពស់ជាងគេ។ បុគ្គលណា ដែលមានគុណធម៌ តែងមានលក្ខណៈពីរយ៉ាង គឺទីមួយ តាំងចិត្តធ្វើទង្វើត្រឹមត្រូវជានិច្ច ដោយមិនធ្វើអំពើទុច្ចរឹតជាដាច់ខាត ហើយទីពីរ ផ្តល់ប្រយោជន៍ដល់អ្នកដទៃ។ បុគ្គលណា មិនធ្វើអាក្រក់ដាក់អ្នកដទៃ ចាត់ទុកថា មានសីលធម៌ ហើយបើចេះជួយអ្នកដទៃ គឺឈានដល់កម្រិតមួយទៀត គឺគុណធម៌។
ជារួម ឫកពាសមគួរ ហើយសម្តីចេះគោរពគេឯង ហៅថាសុជីវធម៌, តាំងចិត្តថាមិនធ្វើទង្វើដែលប៉ះពាល់អ្នកដទៃ ហៅសីលធម៌, មានក្តីសន្តោស និងជួយអ្នកដទៃ ហៅថាគុណធម៌។
ដើម្បីឲ្យសង្គមប្រកបដោយសុខដុមរមនា លុះត្រាតែមនុស្ស មានសុជីវធម៌ សីលធម៌ និងគុណធម៌។ បើខ្វះធម៌ទាំងបីប្រការនេះ មនុស្ស នឹងរស់នៅមិនចុះសម្រុងនឹងគ្នា មានទំនាស់នឹងគ្នា និងមានសេចក្តីប្រមាថចំពោះគ្នា ជាញឹកញាប់មិនខាន៕

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

ជាតិសង្គមជាតិតើសុជីវធម៌ សីលធម៌ និងគុណធម៌ ខុសគ្នាដូចម្តេច?
Share This
Tags
# វប្បធម៌ខ្មែរ
Share This
About MonkCambodia
Note: Buddha Dharma Monk, Khmer Chef ,Khmer Poem , Khmer Festival,History of Buddha, Grammar Pali, Entertainment, Education, sports, technology, Khmer food, Khmer Housewife, Khmer Literature,Buddhism and society........ ©All rights reserved by MonkCambodia 2020
រឿង ព្រះបាទត្រសក់ផ្អែម
MonkCambodiaMay 25, 2021បើមានអារម្មណ៍ថាឈឺបំពង់ក
MonkCambodiaMar 28, 2021គួរដឹង! វ៉ាក់ស៊ាំងកូវីដ-១៩នឹងមានប្រសិទ្ធភាពតិចតួច ប្រសិនបើអ្នកញុំាអាហារទាំង០៥នេះ
MonkCambodiaMar 23, 2021
Tags:
វប្បធម៌ខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment