[៧៧] កុសិនារាសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចគង់នៅនាចន្លោះដើមសាលព្រឹក្សទាំងគូក្នុងសាលវននៃស្តេចមល្លៈទាំងឡាយ ជាទីបត់ចូលទៅក្នុងក្រុង ជិតនគរកុសិនារា ក្នុងសម័យជិតបរិនិព្វាន។
ក្នុងទីនោះ ព្រះដ៏មានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទូលព្រះដ៏មានព្រះភាគថា ករុណាព្រះអង្គ។
ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីសង្ស័យ ឬសេចក្តីរង្កៀសចិត្តក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តី មានដល់ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសួរមកចុះ កុំឱ្យមានសេចក្តីក្តៅក្រហាយស្តាយក្រោយ ថា ព្រះសាស្តារបស់យើងគង់នៅក្នុងទីចំពោះមុខ ពួកយើងមិនបានទូលសួរព្រះដ៏មានព្រះភាគចំពោះព្រះភក្រ្តសោះ។
កាលព្រះដ៏មានព្រះភាគត្រាស់យ៉ាងនេះហើយ ពួកភិក្ខុទាំងនោះក៏នៅស្ងៀម។ ព្រះដ៏មានព្រះភាគត្រាស់នឹងពួកភិក្ខុជាគម្រប់ពីរដងទៀត...
ព្រះដ៏មានព្រះភាគត្រាស់នឹងពួកភិក្ខុជាគម្រប់ ៣ ដងទៀតថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីសង្ស័យ ឬសេចក្តីរង្កៀសចិត្ត ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តី មានដល់ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរសួរមកចុះ កុំមានសេចក្តីក្តៅក្រហាយស្តាយក្រោយថា ព្រះសាស្តារបស់យើងគង់នៅក្នុងទីចំពោះមុខ ពួកយើងមិនបានទូលសួរព្រះដ៏មានព្រះភាគ ចំពោះព្រះភក្រ្តសោះ។ ភិក្ខុទាំងនោះ នៅស្ងៀមអស់វារៈជាគម្រប់ ៣ ដងទៀត។
លំដាប់នោះ ព្រះដ៏មានព្រះភាគត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនហ៊ានសួរ ព្រោះមានសេចក្តីគោរពក្នុងព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុជាសំឡាញ់ ចូរប្រាប់ភិក្ខុជាសំឡាញ់ផងគ្នាចុះ។
កាលព្រះដ៏មានព្រះភាគត្រាស់យ៉ាងនេះហើយ ពួកភិក្ខុទាំងនោះក៏នៅស្ងៀម។
លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា អស្ចារ្យណាស់ព្រះអង្គ ចំឡែកណាស់ព្រះអង្គ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានសេចក្តីជ្រះថ្លាក្នុងពួកភិក្ខុនេះដោយប្រការយ៉ាងនេះ។ សេចក្តីសង្ស័យ ឬសេចក្តីរង្កៀសចិត្ត ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តី ក្នុងពួកភិក្ខុទាំងនេះ មិនមានដល់ភិក្ខុមួយរូបឡើយ។
ម្នាលអានន្ទ អ្នកពោលតាមសេចក្តីជ្រះថ្លាពិត ម្នាលអានន្ទ តថាគតក៏មានសេចក្តីដឹងក្នុងដំណើរនោះដែរថា សេចក្តីសង្ស័យ ឬរង្កៀសចិត្តក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តី ក្នុងពួកភិក្ខុទាំងនេះ មិនមានដល់ភិក្ខុមួយរូបឡើយ។
ម្នាលអានន្ទ ព្រោះថា បណ្តាភិក្ខុទាំង ៥០០ រូបនេះ ភិក្ខុណាដែលមានគុណជាន់ទាបជាងគេ ភិក្ខុនោះគង់ជាសោតាបន្នៈ មិនធ្លាក់ចុះទៅក្នុងអបាយទេ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។




























No comments:
Post a Comment