🙏🏻ឃើញទោសវដ្ដៈ🙏🏻
🪷🪷 ជនជាបណ្ឌិតពិនិត្យហេតុការណ៍
ឃើញសត្វសង្ខារច្បាស់ណាស់មិន
ទៀង
ស្ថិតក្រោមត្រៃលក្ខណ៍មិនអាចពង្វាង
បង្វែរឱ្យល្អៀងពីច្បាប់នេះបាន។
🪷🪷 ឃើញដោយបញ្ញាថាលោកសន្មតិ
មានការជួបព្រាត់កើតស្លាប់ឥតខាន
ព្រោះទុក្ខវដ្ដអន្ទោលជាប់ប្រាណ
សត្វអម្បាលម៉ានជាប់ដានវដ្ដៈ។
🪷🪷បណ្ឌិតសង្វេគក្រៃពេកលោកអើយ
ឱសព្វសត្វអ្ហើយជួបទុក្ខប្រចក្ស
សមុទ្រទុក្ខនេះគឺទុក្ខវដ្ដៈ
មានតែយើងស្ម័គ្រចម្លងសត្តា។
🪷🪷ដើម្បីចម្លងសព្វសត្វទាំងឡាយ
យើងដាក់ចិត្តកាយបំពេញកិរិយា
គឺពុទ្ធធម៌និយាមថ្លៃថ្លា
យើងសូមប្រាថ្នាត្រាស់ជាព្រះពុទ្ធ។
🪷🪷 ឱ្យសមកម្លាំងនៃអង្គបុរស
បេះដូងយើងស្មោះដោយក្តីបរិសុទ្ធ
សង្គ្រោះសត្វលោកឱ្យបានឆ្លងផុត
ភាពជាព្រះពុទ្ធអ្នកសាងបារមី។
🪷🪷 យើងសូមសច្ចាថាជួយចម្លង
ធ្វើតាមគន្លងនៃព្រះជិនស្រី
នាមពោធិសត្វសន្សំបារមី
សូមបានរង្សីពន្លឺសព៌េជ្ញ។
🪷🪷 បុរសអ្នកឃើញទោសនៃវដ្ដៈ
ទើបតាំងចិត្តស្ម័គ្រដាក់ចិត្តកម្ទេច
នូវបញ្ចមារដែលតែងពន្លិច
សត្វលោកលង់លិចក្នុងវដ្ដសង្សារ។
🪷🪷ទុក្ខគឺជាហេតុនិព្វានជាផល
សូមសត្វបានយល់ច្បាស់ដោយបញ្ញា
ព្រះពោធិសត្វលោកមានករុណា
ទើបទ្រង់ប្រាថ្នាចម្លងសត្វលោក។
🪷🪷🪷🙏🏻🙏🏻🪷🪷🪷
បុរសជាបណ្ឌិតពិនិត្យឃើញយ៉ាងច្បាស់ថា សង្ខារទាំងពួងសុទ្ធតែមិនទៀងទាត់ និងស្ថិតនៅក្រោមច្បាប់ត្រៃលក្ខណ៍ ដែលគ្មាននរណាម្នាក់អាចគេចផុតបានឡើយ។ ដោយប្រើប្រាស់បញ្ញាពិចារណា លោកមើលឃើញថា ការជួបប្រទះ ការព្រាត់ប្រាស កើត និងស្លាប់ គឺជាទុក្ខវដ្ដអន្ទោលជាប់ប្រាណឥតខាន ដែលសត្វលោកទាំងឡាយកំពុងលង់លិច។
កាលបើបានឃើញសមុទ្រទុក្ខដ៏ធំធេងនេះ ព្រះពោធិសត្វក៏កើតមានចិត្តសង្វេគ និងមហាករុណាដ៏ក្រៃលែង ដោយតាំងចិត្តស្ម័គ្រធ្វើជាអ្នកចម្លងសត្វលោក។ ដើម្បីសម្រេចកិច្ចការនេះ លោកបានដាក់កាយចិត្តបំពេញពុទ្ធធម៌ និងប្រាថ្នាត្រាស់ដឹងជាព្រះពុទ្ធដោយចិត្តបរិសុទ្ធ។
ដោយមានការសច្ចាដើរតាមគន្លងព្រះជិនស្រី ព្រះពោធិសត្វបានតាំងចិត្តសន្សំបារមី កម្ទេចបញ្ចមារដែលពន្លិចសត្វលោកក្នុងវដ្តសង្សារ។ ព្រះអង្គយល់ច្បាស់ថា ទុក្ខគឺជាហេតុចំណែកនិព្វានគឺជាផល ទើបព្រះអង្គប្តេជ្ញាចិត្តពុះពារសង្គ្រោះសត្វលោកឱ្យបានឆ្លងផុតទៅកាន់សន្តិសុខដ៏ឧត្តម។
🪷🪷🪷🪷🪷❤️❤️🪷🪷🪷🪷🪷




























No comments:
Post a Comment