នាងប្រេតសីកូន ៥ (បញ្ចបុត្តខាទកាបេតីវត្ថុ)
កាលដែលព្រះបរមសាស្តាគង់នៅវត្តជេតពន នាក្រុងសាវត្ថី ព្រះអង្គបានត្រាស់សម្តែងរឿងរ៉ាវរបស់នាងប្រេតសីកូន ៥ នេះ។
មានស្ត្រីមេផ្ទះម្នាក់រស់នៅក្នុងភូមិមួយក្បែរក្រុងសាវត្ថី នាងជាស្ត្រី អារ (មិនអាចមានកូនបាន)។ សាច់ញាតិរបស់នាងបាននិយាយថា ពួកយើងនឹងរកប្រពន្ធមួយទៀតឱ្យប្តីរបស់អ្នក ប៉ុន្តែនាងមិនយល់ព្រមឡើយ។ លុះពេលនាងឮរឿងនេះញឹកញាប់ពេក នាងក៏ប្រាប់ប្តីឱ្យយកប្រពន្ធថ្មីចុះ ដើម្បីកុំឱ្យដាច់ត្រកូល។ ប៉ុន្តែពេលប្រពន្ធថ្មីនោះមានផ្ទៃពោះ ស្ត្រីជាប្រពន្ធដើមដែលអារនោះ ក៏មានសេចក្តីច្រណែនឈ្នានីសយ៉ាងខ្លាំង ដោយគិតថា បើវាបានកូននេះ វានឹងក្លាយជាម្ចាស់ផ្ទះនេះមិនខាន។ ក្រោមការគ្រប់សង្កត់អកុសលនៃសេចក្តីច្រណែន នាងក៏រកវិធីលាយថ្នាំ និងធ្វើឱ្យប្រពន្ធថ្មីនោះរលូតកូន។
ប្រពន្ធទី២ នោះក៏បានប្រាប់ម្តាយរបស់ខ្លួន។ ម្តាយនាងបានហៅសាច់ញាតិមកជុំគ្នា ហើយអ្នកគ្រប់គ្នាក៏ចោទប្រកាន់ស្ត្រីជាប្រពន្ធដើមថា នាងឯងជាអ្នកសម្លាប់កូននៅក្នុងផ្ទៃរបស់វា ។ ប្រពន្ធដើមប្រកែកថា ខ្ញុំមិនមានកំហុសទេ ។ ពួកសាច់ញាតិនិយាយថា បើនាងមិនមានកំហុសទេ ត្រូវស្បថមក ។ នាងក៏ហ៊ានស្បថថា ប្រសិនបើខ្ញុំមានកំហុសមែននោះ សូមឱ្យខ្ញុំក្លាយជាប្រេតស្រាតននលគោក មានរូបរាងអាក្រក់ មានក្លិនស្អុយរលួយចេញពីមាត់ មានរុយរោមជុំជិត ព្រមទាំងសូមឱ្យខ្ញុំកើតកូន ៥ នាក់នៅពេលព្រឹក ហើយស៊ីពួកវាទាំងអស់ ហើយនៅពេលល្ងាចក៏កើតកូន ៥ នាក់ទៀត ហើយស៊ីពួកវាទាំងអស់ទៀតចុះ។
មិនយូរប៉ុន្មាន នាងក៏ស្លាប់ទៅ ហើយបានទៅកើតជាប្រេតដ៏កម្សត់នៅក្នុងព្រៃក្បែរភូមិនោះឯង។ នៅពេលនោះ មានព្រះថេរៈ ៨ អង្គ ដែលកំពុងធ្វើដំណើរទៅកាន់ក្រុងសាវត្ថី បាននិមន្តមកដល់ព្រៃក្បែរភូមិនោះ ដើម្បីសម្រាកក្រោមម្លប់ និងឆាន់ទឹក។ ពេលនោះ នាងប្រេតក៏បានបង្ហាញខ្លួនឱ្យព្រះថេរៈទាំងនោះឃើញ ហើយព្រះថេរៈមួយអង្គក្នុងចំណោមនោះ ក៏បានសួរនាងថា៖
នាងស្រាតននលគោក មានរូបរាងអាក្រក់ ដង្ហើមរបស់នាងមានក្លិនស្អុយរលួយ ហើយមានរុយរោមជុំជិត។ តើនាងជានរណា ដែលមកឈរនៅទីនេះ?
នាងប្រេតឆ្លើយថា៖ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះករុណាគឺជាប្រេត ជាអ្នករស់នៅក្នុងលំនៅរបស់យមរាជ។ ខ្ញុំព្រះករុណាបានប្រព្រឹត្តអំពើបាប ទើបត្រូវមកកើតក្នុងភពប្រេតនេះ។ នៅពេលព្រឹក ខ្ញុំព្រះករុណាកើតកូន ៥ នាក់ ហើយនៅពេលល្ងាចកើតកូន ៥ នាក់ទៀត។ ខ្ញុំស៊ីពួកវាទាំងអស់ តែក្រពះខ្ញុំនៅតែមិនឆ្អែតដដែល។ បេះដូងខ្ញុំក្តៅក្រហាយដោយសេចក្តីស្រេកឃ្លាន និងបញ្ចេញផ្សែង។ ខ្ញុំព្រះករុណាមិនមានសូម្បីទឹកសម្រាប់ផឹក។ សូមព្រះអង្គទតមើលចុះ ថាតើខ្ញុំព្រះករុណាត្រូវរងទុក្ខវេទនាយ៉ាងណាទៅ។
ព្រះថេរៈឮដូច្នេះ ក៏សួរនាងថា៖ ៥. តើនាងបានប្រព្រឹត្តអំពើបាបអ្វីដោយកាយ វាចា និងចិត្តមែនទេ? តើនាងបានធ្វើកម្មអ្វី ទើបត្រូវមកស៊ីសាច់កូនរបស់ខ្លួនឯងយ៉ាងនេះ?
នាងប្រេតក៏រៀបរាប់ពីកម្មរបស់ខ្លួនប្រាប់ព្រះថេរៈថា៖ . ប្រពន្ធទី២ របស់ប្តីខ្ញុំមានផ្ទៃពោះ។ ខ្ញុំបានរៀបចំផែនការអាក្រក់ប្រឆាំងនឹងនាង។ ខ្ញុំខ្លួនឯងជាអ្នកលាយថ្នាំទម្លាក់កូនក្នុងផ្ទៃរបស់នាងដោយចិត្តអាក្រក់ អកុសល។ ពេលនោះ ទារកក្នុងផ្ទៃទើបតែមានអាយុ ២ ខែប៉ុណ្ណោះ ឈាមក៏ចាប់ផ្តើមហូរចេញមក។ ពេលនោះ ម្តាយរបស់នាងដោយសេចក្តីខឹងសម្បារ ក៏នាំសាច់ញាតិមកជួបខ្ញុំ។ គាត់បានចាប់បង្ខំឱ្យខ្ញុំស្បថ និងបានជេរប្រទេចខ្ញុំ។ . ខ្ញុំព្រះករុណាបាននិយាយកុហក និងហ៊ានស្បថនូវពាក្យសម្បថដ៏អាក្រក់ថា ប្រសិនបើខ្ញុំជាអ្នកធ្វើរឿងនេះមែន សូមឱ្យខ្ញុំស៊ីសាច់កូនខ្លួនឯងចុះ។ ដោយសារតែផលកម្មទាំងពីរ គឺការធ្វើឱ្យរលូតកូន និងការនិយាយកុហក ទើបធ្វើឱ្យខ្ញុំព្រះករុណាត្រូវមកស៊ីសាច់កូនខ្លួនឯង ដែលប្រឡាក់ដោយឈាមនៃអតីតកាលយ៉ាងដូច្នេះឯង។
បន្ទាប់ពីបានរៀបរាប់ពីផលកម្មរបស់ខ្លួនរួច នាងប្រេតក៏បាននិយាយទៅកាន់ព្រះថេរៈថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះករុណាធ្លាប់ជាប្រពន្ធរបស់មេគ្រួសារនៅក្នុងភូមិនេះឯង។ ដោយសារសេចក្តីច្រណែនឈ្នានីស ខ្ញុំក៏បានប្រព្រឹត្តអំពើបាប ដែលនាំឱ្យខ្ញុំត្រូវមកកើតជាប្រេតបែបនេះ។ សូមព្រះអង្គមេត្តាអនុគ្រោះនិមន្តទៅកាន់ផ្ទះរបស់មេគ្រួសារនោះចុះ គាត់នឹងប្រគេនចង្ហាន់ដល់ព្រះអង្គ។ ប្រសិនបើព្រះអង្គឧទ្ទិសចំណែកបុណ្យពីការធ្វើទាននោះមកឱ្យខ្ញុំ ខ្ញុំព្រះករុណានឹងបានរួចផុតពីភពដ៏សែនរងទុក្ខនេះជាមិនខាន ។
ដោយក្តីមេត្តាករុណា ព្រះថេរៈក៏បាននិមន្តទៅកាន់ផ្ទះរបស់មេគ្រួសារនោះ ដើម្បីទទួលបិណ្ឌបាត។ ពេលបានឃើញព្រះថេរៈ មេគ្រួសារនោះដោយសេចក្តីជ្រះថ្លា ក៏បានចូលទៅជិត ទទួលយកបាត្រ រៀបចំកន្លែងគង់ និងប្រគេនចង្ហាន់ដ៏ប្រណីតដល់ព្រះអង្គ។ បន្ទាប់មក ព្រះថេរៈបានប្រាប់មេគ្រួសារនោះអំពីហេតុការណ៍ដែលបានកើតឡើង ហើយក៏បានឧទ្ទិសចំណែកបុណ្យនោះទៅឱ្យនាងប្រេត។ ភ្លាមៗនោះ នាងប្រេតក៏បានរួចផុតពីសេចក្តីទុក្ខវេទនា និងទទួលបានសម្បត្តិទិព្វដ៏ច្រើនសន្ធឹកសន្ធាប់ ហើយនៅយប់នោះ នាងក៏បានបង្ហាញខ្លួនឱ្យមេគ្រួសារជាអតីតប្តីនោះបានឃើញ។
ក្រោយមក ព្រះថេរៈក៏បាននិមន្តទៅកាន់ក្រុងសាវត្ថី ហើយបានក្រាបទូលរឿងរ៉ាវទាំងនេះថ្វាយព្រះបរមសាស្តា។ ព្រះបរមសាស្តាបានយករឿងនេះជាដើមហេតុ រឿងរាវដែលកើតឡើង ដើម្បីសម្តែងធម៌ទេសនាប្រោសដល់បរិស័ទដែលបានជួបជុំគ្នានៅទីនោះ។ នៅពេលបញ្ចប់ធម្មទេសនា អ្នកស្តាប់ទាំងឡាយមានសេចក្តីរន្ធត់តក់ស្លុតយ៉ាងខ្លាំង ហើយប្តេជ្ញាចិត្តលះបង់ចោលនូវសេចក្តីច្រណែនឈ្នានីស និងសេចក្តីកំណាញ់ស្វិតស្វាញ។ តាមរយៈរឿងរ៉ាវនេះ ធម្មទេសនារបស់ព្រះអង្គពិតជាផ្តល់អត្ថន័យ និងប្រយោជន៍យ៉ាងជ្រាលជ្រៅដល់មហាជនទាំងឡាយ។




























No comments:
Post a Comment