#សិក្សាបិដក៤២
[៩០] #សម្មាទិដ្ឋិសូត្រ (សម្មាទិដ្ឋិ និងបុគ្គល ៤ ប្រការ)
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។
១. សមណមចលោ (សមណៈមិនរំភើប)៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីយល់ឃើញត្រូវ មានសេចក្តីត្រិះរិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការចិញ្ចឹមជីវិតត្រូវ មានព្យាយាមត្រូវ មានស្មារតីត្រូវ មានការតម្កល់ចិត្តត្រូវ (ប្រកបដោយអដ្ឋង្គិកមគ្គ)។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈមិនរំភើប យ៉ាងនេះឯង។
២. សមណបុណ្ឌរីកោ (សមណៈឈូកស)៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីយល់ត្រូវ មានសេចក្តីត្រិះរិះត្រូវ... មានការតម្កល់ចិត្តត្រូវ មានការដឹងត្រូវ មានការរួចចាកកិលេសត្រូវ តែមិនទាន់បានពាល់ត្រូវនូវវិមោក្ខ ៨ ដោយនាមកាយទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកស យ៉ាងនេះឯង។
៣. សមណបទុមោ (សមណៈឈូកក្រហម)៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីយល់ត្រូវ...បេ... មានការដឹងត្រូវ មានការរួចចាកកិលេសត្រូវ ទាំងបានពាល់ត្រូវនូវវិមោក្ខ ៨ ដោយនាមកាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកក្រហម យ៉ាងនេះឯង។
៤. សមណេសុ សមណសុខុមាលោ (សមណៈចម្រើនដោយសុខក្នុងពួកសមណៈ)៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះបើគេអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច...បេ...។
ម្នាលភិក្ខុទាំងឡាយ អ្នកផងកាលបើពោលសរសើរបុគ្គលណាថាជាសមណៈចម្រើនដោយសុខក្នុងពួកសមណៈ អ្នកផងដែលពោលសរសើរបុគ្គលនោះ ក៏ត្រូវត្រង់តថាគតហ្នឹងឯងថាជាសមណៈចម្រើនដោយសុខក្នុងពួកសមណៈ ព្រោះថា តថាគតបើគេអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច...បេ...។
ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯងរមែងមាននៅក្នុងលោក។




























No comments:
Post a Comment