#សិក្សាបិដក៤២
[៨៩] #សំយោជនសូត្រ (គ្រឿងចងភ្ជាប់)
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះរមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។
១. សមណមចលោ (សមណៈមិនរំភើប)៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសោតាបន្នបុគ្គល មិនបានធ្លាក់ចុះក្នុងអបាយជាធម្មតា ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ ព្រោះអស់សញ្ញោជនៈ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈមិនរំភើប យ៉ាងនេះឯង។
២. សមណបុណ្ឌរីកោ (សមណៈឈូកស)៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសកទាគាមិបុគ្គល ព្រោះអស់សញ្ញោជនៈ ៣ ទាំងមានរាគៈ ទោសៈ មោហៈស្រាលស្តើង មកកាន់លោកនេះម្តងទៀត ទើបធ្វើនូវទីបំផុតនៃទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកស យ៉ាងនេះឯង។
៣. សមណបទុមោ (សមណៈឈូកក្រហម)៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាឱបបាតិកៈកំណើត រលត់កិលេសក្នុងទីនោះ មិនបានត្រឡប់ចាកលោកនោះមកវិញទេ ព្រោះអស់ឱរម្ភាគិយសញ្ញោជនៈទាំង ៥។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកក្រហម យ៉ាងនេះឯង។
៤. សមណេសុ សមណសុខុមាលោ (សមណៈចម្រើនដោយសុខក្នុងពួកសមណៈ)៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឱ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈចម្រើនដោយសុខ ក្នុងពួកសមណៈ យ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះរមែងមាននៅក្នុងលោក។




























No comments:
Post a Comment