ព្រះជីវកត្ថេរ / 戍博迦) ឬ (ព្រះគោភក)
«ព្រះអរហន្តបើកទ្រូង» (开心尊者)
នៅក្នុងគម្ពីរ (法住记) ព្រះអង្គជាព្រះអរហន្តលំដាប់ទី ៩ ក្នុងចំណោមព្រះអរហន្តទាំង ១៨ អង្គ។ តាមរឿងរ៉ាវក្នុងគម្ពីរពុទ្ធសាសនា ដើមឡើយព្រះអង្គជាព្រះរាជបុត្រនៃនគរមួយក្នុងប្រទេសឥណ្ឌាបុរាណ។ កាលដែលព្រះបិតាសោយទិវង្គត ព្រះរាជបល្ល័ង្កត្រូវធ្លាក់មកលើព្រះអង្គជាអ្នកស្នងរាជ្យ ប៉ុន្តែព្រះអនុជ (ប្អូនប្រុស) យល់ច្រឡំថាព្រះអង្គមានចិត្តលោភលន់ចង់បានអំណាច និងរាជសម្បត្តិ ទើបលើកទ័ពត្រៀមធ្វើគត់ព្រះជេដ្ឋា។
ដោយមិនចង់ឱ្យកើតមានសង្គ្រាមបង្ហូរឈាមរវាងបងប្អូន និងដោយចិត្តជ្រះថ្លាចង់ចេញសាងផ្នួសស្រាប់ ព្រះអង្គបានយាងចេញមកជួបព្រះអនុជដោយគ្មានអាវុធក្នុងព្រះហស្តឡើយ រួចមាននិយាយយ៉ាងស្ងប់ស្ងៀមថា៖
«ក្នុងចិត្តរបស់ខ្ញុំ គ្មានបំណងចង់បានរាជបល្ល័ង្ក ឬអំណាចលោកិយឡើយ គឺមានតែព្រះពុទ្ធ និងព្រះធម៌តែមួយគត់»
ដើម្បីបញ្ជាក់ពីភាពបរិសុទ្ធស្មោះត្រង់ ព្រះអង្គបានបើកព្រះពស្ត្រ បង្ហាញទ្រូង ស្រាប់តែលេចចេញរូបព្រះសម្មាសម្ពុទ្ធគង់នៅកណ្តាលបេះដូងរបស់ព្រះអង្គយ៉ាងអស្ចារ្យ។ ឃើញដូច្នោះ ព្រះអនុជក៏មានសេចក្តីភ្ញាក់រលឹក លះបង់ទោសៈ និងការសង្ស័យទាំងស្រុង។ ក្រោយមក ព្រះអង្គបានលះបង់រាជសម្បត្តិទាំងស្រុង ហើយយាងចូលទៅបួសក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធ រហូតសម្រេចព្រះអរហត្តផល។
អត្ថន័យត្រង់ (开-心) «បើក-ទ្រូង/បេះដូង» សំដៅលើកាយវិការដែលព្រះអង្គលាតត្រដាងទ្រូង បង្ហាញបេះដូងដែលមានព្រះពុទ្ធគង់នៅខាងក្នុង។
«សេចក្តីរីករាយ ស្រស់ស្រាយ គ្មានកង្វល់» សំដៅលើចិត្តដែលបានលះបង់មន្ទិលសៅហ្មង រួចផុតពីអន្លង់តណ្ហា ទើបកើតមានសេចក្តីសុខស្ងប់ពិតប្រាកដ។
រូបសំណាក ឬគំនូររបស់ព្រះអង្គ តែងតែបង្ហាញជារូបព្រះសង្ឃអង្គុយញញឹម ដោយព្រះហស្តទាំងពីរបើកទ្វារទ្រូងបង្ហាញព្រះពុទ្ធរូបតូចមួយនៅត្រង់បេះដូង។
រូបភាពនេះបង្កប់នូវធម៌ទេសនាយ៉ាងជ្រាលជ្រៅ ចិត្តជាពុទ្ធ ធម្មជាតិពុទ្ធ (សេចក្តីដឹង ភាពបរិសុទ្ធ និងបញ្ញា) មិនមែនស្វែងរកនៅទីឆ្ងាយក្រៅខ្លួនឡើយ គឺមានស្រាប់នៅក្នុងចិត្តរបស់មនុស្សគ្រប់រូប។ បើបុគ្គលណាជម្រះធូលីកិលេសចេញ នោះនឹងឃើញ «ព្រះពុទ្ធក្នុងចិត្ត» ដោយខ្លួនឯង។
ការ «បើកចិត្ត» បង្រៀនឱ្យមនុស្សរស់នៅដោយសុចរិតធម៌ គ្មានគំនិតពិសពុលលាក់ពុត មិនប្រកាន់អស្មិមានះ។ កាលណា ចិត្តស្អាតបរិសុទ្ធ គ្មានអាថ៌កំបាំងបាបធម៌ សេចក្តីភ័យខ្លាចក៏រលត់ទៅ សល់តែសេចក្តីសុខ និងស្នាមញញឹម (开心) ជានិច្ច។




























No comments:
Post a Comment