#សិក្សាបិដក៤២
[៦៣] អនណសូត្រ
គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលគហបតី គិហិសុខ (សុខរបស់គ្រហស្ថ) នេះមាន ៤ យ៉ាង ដែលគ្រហស្ថអ្នកបរិភោគកាម អាស្រ័យនូវកាល តាមកាល នូវសម័យតាមសម័យ គប្បីបានសម្រេច។ សេចក្តីសុខ ៤ ប្រការដូចម្តេចខ្លះ។ គឺ៖
១. អត្ថិសុខ (សុខព្រោះចេះតែមាន) ៖ ម្នាលគហបតី កុលបុត្រក្នុងលោកនេះមានភោគៈ ដែលបានមកដោយព្យាយាម ពោលគឺសេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកម្លាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌ កុលបុត្រនោះ រមែងបានសុខ រមែងបានសោមនស្សថា ភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺសេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកម្លាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមក ដោយធម៌ របស់អាត្មាអញមាន។ ម្នាលគហបតី នេះហៅថា អត្ថិសុខ។
២. ភោគសុខ (សុខព្រោះចេះប្រើប្រាស់) ៖ ម្នាលគហបតី កុលបុត្រក្នុងលោកនេះប្រើប្រាស់នូវភោគៈទាំងឡាយផង ធ្វើបុណ្យទាំងឡាយផង ដោយភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺសេចក្តីខ្នះខ្នែង ដែលសន្សំបានមកដោយកម្លាំងដៃ មានញើសហូរចេញ ជាភោគៈ ប្រកបដោយធម៌ បានមកដោយធម៌ កុលបុត្រនោះ រមែងបានសុខ បានសោមនស្សដូច្នេះថា អាត្មាអញប្រើប្រាស់ភោគៈទាំងឡាយផង ធ្វើបុណ្យទាំងឡាយផង ដោយភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺសេចក្តីខ្នះខ្នែងដែលសន្សំបានមក ដោយកម្លាំងដៃ មានញើសហូរចេញប្រកបដោយធម៌ បានមកដោយធម៌។ ម្នាលគហបតី នេះហៅថា ភោគសុខ។
៣. អនណសុខ (សុខព្រោះមិនជំពាក់បំណុលគេ) ៖ ម្នាលគហបតី កុលបុត្រក្នុងលោកនេះ មិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី របស់បុគ្គលណាមួយ កុលបុត្រនោះ រមែងបានសេចក្តីសុខ បានសោមនស្ស ដូច្នេះថា អាត្មាអញមិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី របស់បុគ្គលណាមួយទេ។ ម្នាលគហបតី នេះហៅថា អនណសុខ។
៤. អនវជ្ជសុខ (សុខព្រោះមិនមានទោស) ៖ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ អ្នកប្រកបដោយកាយកម្ម ឥតមានទោស ប្រកបដោយវចីកម្ម ឥតមានទោស ប្រកបដោយមនោកម្ម ឥតមានទោស អរិយសាវកនោះ រមែងបានសុខ បានសោមនស្សដូច្នេះថា អាត្មាអញប្រកបដោយកាយកម្ម ឥតមានទោសទេ ប្រកបដោយវចីកម្ម ឥតមានទោសទេ ប្រកបដោយមនោកម្ម ឥតមានទោសទេ។ ម្នាលគហបតី នេះហៅថា អនវជ្ជសុខ។
ម្នាលគហបតី សេចក្តីសុខ ៤ យ៉ាងនេះឯង ដែលគ្រហស្ថអ្នកបរិភោគកាម អាស្រ័យនូវកាលតាមកាល នូវសម័យតាមសម័យហើយគប្បីបានសម្រេចដោយប្រការដូច្នេះ។
‘‘អានណ្យសុខំ ញត្វាន, អថោ អត្ថិសុខំ បរំ;
ភុញ្ជំ ភោគសុខំ មច្ចោ, តតោ បញ្ញា វិបស្សតិ។
បុគ្គលដឹងនូវសុខ ដែលមិនមានបំណុលក្តី រលឹកឃើញនូវសុខ ដែលមានភោគៈក្តី ពិចារណាឃើញនូវសុខ ដែលកំពុងប្រើប្រាស់នូវភោគៈ ដោយប្រាជ្ញាក្តី។
‘‘វិបស្សមានោ ជានាតិ, ឧភោ ភោគេ សុមេធសោ;
អនវជ្ជសុខស្សេតំ, កលំ នាគ្ឃតិ សោឡសិ’’ន្តិ។
កាលពិចារណាឃើញច្បាស់ រមែងដឹងនូវចំណែកទាំងពីរ ដោយប្រាជ្ញាដ៏ប្រពៃថា សុខ (ទាំង ៣) នុ៎ះមិនដល់នូវចំណែកមួយក្នុងចំណែកទី ១៦ របស់អនវជ្ជសុខឡើយ។




























No comments:
Post a Comment