[៤] រឿងបិដ្ឋធីតលិកប្រេត ទី ៤
(បិដក.៥៦/ទំព័រ.០៣)
១០. ‘‘យំ កិញ្ចារម្មណំ កត្វា, ទជ្ជា ទានំ អមច្ឆរី;
បុព្វបេតេ ច អារព្ភ, អថ វា វត្ថុទេវតា។
(ព្រះសម្ពុទ្ធទ្រង់សម្តែងថា) បុគ្គលមិនមានសេចក្តីកំណាញ់ គួរធ្វើនូវហេតុណាមួយឱ្យជាអារម្មណ៍ហើយគប្បីឱ្យទាន គឺប្រារព្ធនូវបុព្វបុរសទាំងឡាយមានមាតាបិតាជាដើម ដែលរំលាយខន្ធទៅកាន់បរលោកហើយ ឬនូវទេវតាទាំងឡាយដែលអាស្រ័យនៅក្នុងទីទាំងឡាយមានទីផ្ទះជាដើម
១១. ‘‘ចត្តារោ ច មហារាជេ, លោកបាលេ យសស្សិនេ;
កុវេរំ ធតរដ្ឋញ្ច, វិរូបក្ខំ វិរូឡ្ហកំ;
តេ ចេវ បូជិតា ហោន្តិ, ទាយកា ច អនិប្ផលា។
នូវស្តេចធំទាំង ៤ ដែលរក្សាលោក ជាអ្នកមានយសបរិវារ គឺព្រះបាទធតរដ្ឋ ១ វិរូបក្ខ ១ វិរុឡ្ហកៈ ១ និងកុវេរៈ ១ ហើយឱ្យនូវទានចុះ។ ជនទាំងឡាយមានស្តេចធំជាដើមនោះ ឈ្មោះថាជាបុគ្គលដែលទាយកបានបូជាហើយ ឯអ្នកឱ្យមិនមែនជាមិនមានផលឡើយ។
១២. ‘‘ន ហិ រុណ្ណំ វា សោកោ វា, យា ចញ្ញា បរិទេវនា;
ន តំ បេតស្ស អត្ថាយ, ឯវំ តិដ្ឋន្តិ ញាតយោ។
ការយំក្តី សោកសៅក្តី ខ្សឹបខ្សួលណាដទៃក្តី បុគ្គលមិនគប្បីធ្វើទេ កិច្ចមានយំសោកជាដើមនោះ មិនជាប្រយោជន៍ដល់អ្នកដែលទៅកាន់បរលោកឡើយ ញាតិទាំងឡាយក៏ឋិតនៅយ៉ាងនោះដដែល។
១៣. ‘‘អយញ្ច ខោ ទក្ខិណា ទិន្នា, សង្ឃម្ហិ សុប្បតិដ្ឋិតា;
ទីឃរត្តំ ហិតាយស្ស, ឋានសោ ឧបកប្បតី’’តិ។
ចំណែកទក្ខិណាទានដែលបុគ្គលបានឱ្យហើយនេះឯង ជាទានតម្កល់ទុកល្អក្នុងព្រះសង្ឃ រមែងសម្រេចផលដើម្បីជាប្រយោជន៍ដល់ញាតិដែលទៅកាន់លោកខាងនាយនោះអស់កាលជាយូរអង្វែង។
ចប់ រឿងបិដ្ឋធីតលិកប្រេត ទី ៤។




























No comments:
Post a Comment